ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 30/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 30/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 29/08 12h00 GMT
Asia

កូរ៉េខាងជើង​បាន​បាញ់​គ្រាប់មីស៊ីល​ជា​ថ្មី ទោះបី​ទទួល​ទ័ណ្ឌកម្ម​អន្តរជាតិ

media  
កូរ៉េខាងជើង​បាន​បាញ់​គ្រាប់មីស៊ីល​ជា​ថ្មី ទោះបី​ទទួល​ទ័ណ្ឌកម្ម​អន្តរជាតិ Reuters

កូរ៉េខាងជើង​បន្ត​ផ្គើនសហគមន៍​អន្តរជាតិ​ដោយ​បាន​ធ្វើ​ការ​បាញ់​សាកល្បង​ជា​ថ្មី​នូវ​គ្រាប់មីស៊ីល​ចម្ងាយ​ជិត​ចំនួន ៥គ្រាប់​នៅ​ថ្ងៃ​ចន្ទ ទី២១ មីនា​នេះ។ សេនាធិការដ្ឋាន​កូរ៉េខាងត្បូង​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួន​ថា គ្រាប់មីស៊ីល​ទាំង​នោះ​ត្រូវ​បាន​បាញ់​ចេញ​ពី​ប៉ែកខាងត្បូង​នៃ​ស្រុក​ហាំហ៊ុង និង​ហោះ​បាន​ចម្ងាយ ២០០គីឡូម៉ែត្រ មុន​នឹង​ធ្លាក់​ចូល​ក្នុង​សមុទ្រ​ជប៉ុន។

ជា​រឿង​មួយ​ច្រំដែល តែ​ការ​ដែល​កូរ៉េខាងជើង​បាន និង​កំពុង​បន្ត​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ ឬ​មួយ​ក៏​បាញ់​សាកល្បង​គ្រាប់មីស៊ីល​ចម្ងាយ​ជិត ឆ្ងាយ​បាន​បង្ក​ឲ្យ​បរិយាកាស​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ​មិន​ល្អ​ទាល់​តែ​សោះ។ គ្រាន់​តែ​នៅ ៣ខែ​ដើម​ឆ្នាំ ២០១៦ នេះ របប​ក្រុង​ព្យុងយ៉ាង​បាន​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ និង​បាញ់​គ្រាប់មីស៊ីល​ចំនួន ៤ដង ក្នុង​ថ្ងៃទី៦ មករា ថ្ងៃទី៧ កុម្ភៈ ថ្ងៃទី១៨ មីនា និង​នៅ​ថ្ងៃ​ចន្ទ ទី២១ មីនា​នេះ។ គ្រាប់មីស៊ីល​បាញ់​ថ្ងៃ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​គ្រាប់មីស៊ីល​ចម្ងាយ​ជិត តែ​គេ​នៅ​មិន​ទាន់​ដឹង​ពី​ប្រភេទ​គ្រាប់មីស៊ីល​នោះ​នៅ​ឡើយ​ទេ។

យ៉ាង​ណា​ក៏​ដោយ ទង្វើ​ផ្គើន​សហគមន៍​អន្តរជាតិ​របស់​របប​ក្រុង​ព្យុងយ៉ាង​ប្រហែល​ជា​មិន​មែន​ចប់​ត្រឹម​នេះ​ទេ ព្រោះ​មនុស្ស​ខ្លាំង​គឹម ជុនអ៊ុន​ធ្លាប់​បាន​ប្រកាស​ឲ្យ​ដឹង​ពី​គម្រោង​ធ្វើ​ការ​បំផ្ទុះ​សាកល្បង​នូវ​គ្រាប់​ក្បាល​នុយក្លេអ៊ែរ​នា​ពេល​ឆាប់ៗ​ខាង​មុខ។ ជា​ការ​ពិត លើក​ណា​ក៏​ដូច​ជា​លើក​ណា​ដែរ ទង្វើ​ផ្គើន​សហគមន៍​អន្តរជាតិ​របស់​កូរ៉េខាងជើង​តែងតែ​ទទួល​បាន​ការ​ថ្កោលទោស និង​ដាក់​ទ័ណ្ឌកម្ម​ពី​ប្រទេស​បស្ចិមលោក​ក៏​ដូច​ពី​សហគមន៍​អន្តរជាតិ។ ជាក់ស្តែង​នៅ​ដើម​ខែ​មីនា​នេះ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​បាន​ដាក់​ទ័ណ្ឌកម្ម​ចាស់ដៃ ដោយ​រឹតត្បិត​ពាណិជ្ជកម្ម​ផ្លូវសមុទ្រ និង​ការ​នាំ​ចេញ​ផលិតផល​រ៉ែ។
 
នៅ​ក្នុង​ការ​បាញ់​សាកល្បង​គ្រាប់មីស៊ីល​ជា​ថ្មី​ថ្ងៃ​នេះ ក្រុមប្រឹក្សាសន្តិសុខ​បាន​ថ្កោលទោស​ជា​ថ្មី ដោយ​ចាត់​ទុក​ជា​ការ​រំលោភបំពាន​លើ​សេចក្តីសម្រេចចិត្ត​របស់​អន្តរជាតិ តែ​នៅ​មិន​ទាន់​មាន​វិធានការ​ថ្មី​អ្វី​ទេ។ នៅ​កូរ៉េខាងត្បូង​វិញ លោកស្រី​ប្រធានាធិបតី​ប៉ាក់ គុនហេ​ដែល​បាន​រួមប្រជុំ​ក្រុមទីប្រឹក្សា​របស់​លោកស្រី​ថ្ងៃ​នេះ​បាន​និយាយ​ពី​ពេលវេលា​ស្លាប់រស់​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ។ ចំណែក​អ្នកនាំពាក្យ​ក្រសួង​បង្រួបបង្រួម​កូរ៉េ​នៅ​ក្រុង​សេអ៊ូល​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បាន​ត្រៀមខ្លួន​គ្រប់បែប​យ៉ាង​ដើម្បី​ប្រឈម​ទប់​នឹង​ការ​សាកល្បង​នុយក្លេអ៊ែរ​ជា​ថ្មី​របស់​កូរ៉េខាងជើង​នា​ពេល​ឆាប់ៗ​ខាង​មុខ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ