អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កាហ្សាក់ស្ថាន​ទើប​សាទរ​ចំពោះ​អាណត្តិ៥ឆ្នាំ​ទៀត​នៃ​ប្រធានាធិបតី​ខ្លួន

ចុះផ្សាយ​នៅ​ថ្ងៃ៖

គឺ​ថ្ងៃទី២៩ មេសា​កន្លង​ទៅ​ដែល​លោក Noursultan Nazarbayev កាន់​អំណាច​បាន​២៦ឆ្នាំ​មក​ហើយ​នៅ​កាហ្សាក់ស្ថាន​តំបន់​អាស៊ីកណ្តាល​បាន​ទទួល​សច្ចាប្រណិធាន​ឡើង​កាន់​តំណែងកំពូល​នេះ​សម្រាប់​៥ឆ្នាំ​ទៀត។ ពិធី​ដ៏​ឧឡារឹក​នេះ​បាន​ប្រព្រឹត្ត​ទៅ​រំលង​តែ ៣ថ្ងៃ​សោះ ក្រោយ​ពី​គាត់​បាន​ឈ្នះ​ឆ្នោត​ជាថ្មី​ដោយ​សម្លេង​គាំទ្រ​ដល់​ទៅ ៩៧,៧៥% នៃ អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​ក្នុង​អត្រា​ដល់ ៩៥,២២%ឯណោះ។

លោក​ប្រធានាធិបតី​កាហ្សក់ស្ថាន Noursultan Nazarbayev
លោក​ប្រធានាធិបតី​កាហ្សក់ស្ថាន Noursultan Nazarbayev Reuters
ផ្សាយពាណិជ្ជកម្ម

ជោគជ័យ​ដ៏​សម្បើម​នេះ​កើត​មាន​ឡើង ដោយសារ​ប្រជាជន​មាន​ជំនឿ​ទុក​ចិត្ត​លើ​យុទ្ធសាស្ត្រ​គាត់​ខាង​ប្រែ​រដ្ឋឯករាជ្យ​ថ្មី​នេះ​ឲ្យ​ទៅ​ទល់​ឆ្នាំ២០៥០ ក្លាយ​ទៅ​ជា​រដ្ឋ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​អភិវឌ្ឍ​ចំនួន ៣០​នាំមុខ​គេ​នៅ​ក្នុង​លោក។ កាលណា​គេ​និយាយ​អំពី​អតីត​សាធារណរដ្ឋ​សូវៀត​នេះ​ដែល​សម្បូណ៌​ទៅ​ដោយ​ធនធាន​ធម្មជាតិ​គេ​ច្រើន​ប្រើ​ពាក្យ “ ភូមិសាស្ត្រ​សេដ្ឋកិច្ច “ជាង​ពាក្យ “ ភូមិសាស្ត្រ​នយោបាយ”។ ជា​ការ​កត់សម្គាល់ ពី​ក្នុង​ចំណោម ៥សាធារណរដ្ឋ​ដែល​ស្ថិត​នៅ​តំបន់​អាស៊ីកណ្តាល​ក្នុង​លំហ​អតីត​សហភាពសូវៀត ពិត​ជា​កាហ្សាក់ស្ថាន​ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្លាំង​ជាង​គេ។

ជាក់ស្តែង ខាង​ទំហំ​ផលិតផលសរុប​ក្នុង​ស្រុក​ហៅ​កាត់​ថា ផ.ស.ស. តួលេខ​ដែល​សម្គាល់​កាហ្សាក់ស្ថាន គឺ ២៣១.៨៧០ លានដុល្លារ លើស​ពី​អ៊ូសបេគីស្ថាន​ជាង​២ដង​ដែល​មាន​ទឹកប្រាក់ ១០១.០០០លានដុល្លារ និង​៥ដងកន្លះ​លើស​ពី​តួគ្មេនីស្ថាន​ដែល​ក៏​សម្បូរ​ឧស្ម័ន​ធម្មជាតិ និង​ប្រេងឆៅ​ដែរ ប៉ុន្តែ មាន​ផ.ស.ស. តែ ៤១.៨៥០លានដុល្លារ។ ចំណែក​តាហ្ស៊ីគីស្ថាន និង​កៀហ្ស៊ីស៊ីស្ថាន​នីមួយៗ មាន​ផលិតផលសរុប​ក្នុង​ស្រុក​មិនដល់ ១០.០០០លានដុល្លារ​ផង។

ទាក់ទង​នឹង​រូប​លោកប្រធានាធិបតី​កាហ្សក់ស្ថាន Noursultan Nazarbayev គួរ​និយាយ​ថា ឥឡូវ​គាត់​មាន​អាយុ​៧៤ឆ្នាំ​ហើយ។ តាម​ពិត ស្រប​នឹង​រដ្ឋធម្មនុញ្ញ​កាហ្សក់ស្ថាន បុគ្គល​តែ​ម្នាក់​អាច​កាន់​តំណែងកំពូល​នេះ មិន​ត្រូវ​លើស​ពី​២អាណត្តិ​ជាប់ បាន​ន័យ​ថា មិន​អាច​លើស​ពី ១០ឆ្នាំ​ឡើយ។ ប៉ុន្តែ​សម្រាប់​រូប​គាត់ គឺ​ករណី​ពិសេស​ដោយ​កាល​ពី​ឆ្នាំ២០១០ រដ្ឋសភា​បាន​អនុម័ត​ដោយ​សម្លេង​ជា​ឯកច្ឆន្ទ​នូវ​សេចក្តីសម្រេច​បំពាក់​ជូន​គាត់​នូវ​ឋានៈ​ជា “បិតាជាតិ”។ ឋានៈ​នេះ​បើក​ផ្លូវ​ឲ្យ​គាត់​អាច​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ប៉ុន្មាន​ដង​ក៏​បាន​ដែរ។ មិន​តែ​ប៉ុណ្ណោះ ឋានៈ​នេះ​ផ្តល់​ដល់​រូប​គាត់ និង​បណ្តា​សមាជិក​គ្រួសារ​គាត់​នូវ​អភ័យឯកសិទ្ធិ​ពេញ​មួយ​ជីវិត ដោយ​មិន​អាច​ត្រូវ​តាម​ដាន​ផ្តន្ទាទោស​អ្វី​ណា​តាម​ផ្លូវតុលាការ​ឡើយ។

ថ្លែង​សុន្ទរកថា បន្ទាប់​ពី​ពិធី​ទទួល​ពាក្យ​សម្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​ជា​ថ្មី លោក Nazarbayev ចង្អុល​ឲ្យ​ឃើញ​ថា ការ​ដែល​ប្រជាជន​ម្ចាស់ឆ្នោត​គាំទ្រ និង​ទុក​ចិត្ត​លើ​ការ​ដឹកនាំ​របស់​គាត់ គឺ​រំលេច​មក​នូវ​ភាព​រួម​សម្បាច់​គ្នា​ជា​ធ្លុង​មួយ​របស់​កាហ្សាក់ស្ថាន​ជំនះ​លើ​រាល់​ឧបសគ្គ​ណា​ក៏​ដោយ​ដែល​អាច​កើត​មាន​នៅ​លើ​ផ្លូវ​អភិវឌ្ឍន៍​របស់​ខ្លួន។ គាត់​ចាត់​ទុក​
អំណាច​គាត់​លើក​នេះ​ថា ជា “ដំណាក់ទី២​នៃ​ការអភិវឌ្ឍន៍” ដែល​ឈរ​លើ​ការ​ស៊ីជម្រៅ​ឧស្សូបនីយកម្ម​ត​ទៅ​ទៀត ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​យុទ្ធសាស្ត្រ​ដែល​គាត់​ដាក់​ឈ្មោះ​ថា “ផែនការ​ប្រជាជាតិ” ឆ្ពោះ​ទៅ​ប្រែ​រដ្ឋឯករាជ្យ​ថ្មី​នេះ​ក្នុង​៣ទសវត្សរ៍​កន្លះ​ទៀត ក្លាយ​ជា​រដ្ឋ​ស្ថិត​ក្នុង​ចំណោម ៣០ប្រទេសអភិវឌ្ឍ​នាំ​មុខ​គេ​នៅ​ក្នុង​លោក។

ប៉ុន្តែ​នៅ​លើ​ផ្លូវ​នេះ តាម​មតិ​គាត់ កាហ្សាក់ស្ថាន​ត្រូវ​ប្រឈម​ទល់​នឹង​ការ​គម្រាម​ចំនួន​៥ គឺទី១ តួឯកថ្មីៗ​ស្ថិត​នៅ​ក្រៅ​ប្រព័ន្ធ​ដែល​លើ​ឆាកពិភពលោក​ប្រើ​លិទ្ធិភេរវនិយម និង​អំពើហិង្សា ទី២ ការ​បន្ត​ទៅ​នៃ​ភាព​ច្របូកច្របល់​ក្នុង​សេដ្ឋកិច្ច​ពិភពលោក​បណ្តាល​មក​ពី​ទណ្ឌកម្ម​សង្គ្រាម​រូបិយវត្ថុ សង្គ្រាម​ពាណិជ្ជកម្ម ទី៣ ការ​ប្រែប្រួល​ធាតុអាកាស​លើ​ភពផែនដី​ដែល​ហែហម​ទៅ​ដោយ​ផលវិបាក​មិន​អាច​ទស្សន៍ទាយ​បាន ទី៤ តំបន់​អាស៊ីកណ្តាល​អាច​ក្លាយ​ជា​ដែនចំណី​នៃ​ការ​ពុះចែក​គ្នា​រវាង​មហាអំណាច​ក្នុង​លោក និងទី៥ វិបត្តិ​​អសណ្តាប់ធ្នាប់ និង​អស្ថិរភាព​នៃ​សេដ្ឋកិច្ច​ពិភពលោក។

លោក Nazarbayev អំពាវនាវ​ក្រុមហ៊ុន​អន្តរជាតិ​ដែល​គ្រាក់ៗ​ឲ្យ​បន្ត​ធ្វើ​វិនិយោគ​ទៅ​ក្នុង​ឧស្សាហកម្ម​កែច្នៃ​របស់​ប្រទេស​គាត់​ដើម្បី​ឲ្យ​ផលិតផល​កាហ្សាក់ស្ថាន​មាន​លទ្ធភាព​កាន់​តែ​ទូលំទូលាយ ហូរ​ចូល​ទីផ្សារ​ពិភពលោក។ នៅ​តាម​មុខ​ព្រួញ​នេះ​ គាត់​កត់​សម្គាល់​ថា គឺ​រូប​គាត់​ជា​អ្នក​បាន​ផ្តើម​គំនិត​ឲ្យ​បង្កើត​បាន​ជា សហភាពសេដ្ឋកិច្ច​អឺរ៉ុប អាស៊ី​ដែល​មាន​រុស្ស៊ី កាហ្សាក់ស្ថាន បេឡារុស អាមេនី និង​កៀហ្ស៊ីស៊ីស្ថាន​ជា​សមាជិក។

លោក Nazarbayev តែង​ស្មោះស្ម័គ្រ​នឹង​រុស្ស៊ី​ហើយ​មិន​មែន​ចៃដន្យ​ទេ​ដែល​ពី​ក្នុង​ចំណោម​បណ្តាជន ១៨លាននាក់​នៅ​កាហ្សាក់ស្ថាន មាន​ជាតិរុស្ស៊ី​រស់នៅ​ចំនួន​ដល់​ទៅ ២៣,៧% ។ ពិត​ជា​លោក Nazarbayev ដែល​កាល​ពី​ឆ្នាំ ១៩៩៧ បាន​រើ​រដ្ឋធានី​កាហ្សាក់ស្ថាន​ចេញ​ពី​ក្រុង Alma-Ata នៅ​ប៉ែក​ខាងត្បូង​ប្រទេស​មក​តាំង​នៅ​ក្រុង Astana ប៉ែក​ខាងជើង​តំបន់​រស់នៅ​ក្នុង​ភាគ​ច្រើន គឺ​ដោយ​អ្នកស្រុកជាតិ​រុស្ស៊ី។ គឺ​នៅ​ប៉ែកខាងជើង​នេះ​ដែល​កាហ្សាក់ស្ថាន​មាន​ព្រំដែន​វែង​បំផុត​ជាប់​នឹង​រុស្ស៊ី​ប្រវែង​ដល់​ទៅ ៧.០០០គ.ម.។ ចំណុច​មួយ​គួរ​ឲ្យ​កត់សម្គាល់​គឺ​ថា និស្សិត​នៅ​កាហ្សាក់ស្ថាន​ត្រូវ​តែ​ចេះ ៣ភាសា​ខាន​មិន​បាន គឺ​ភាសា​កាហ្សាក់ ភាសារុស្ស៊ី និង​ភាសា​អង់គ្លេស។ ហើយ​ថ្ងៃ១ ឧសភា​នេះ ដែល​ជា​ទិវាពលកម្ម​អន្តរជាតិ តាម​ការ​រំលឹក​ឲ្យ​ដឹង​នៃ​លោក​ប្រធានាធិបតី Nazarbayev មាន​ឈ្មោះ​ជា​ផ្លូវការ​ថា ទិវាឯកភាពប្រជាជនកាហ្សាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ