អានតួអត្ថបទ
ប៉ាគីស្ថាន

តុលាការ​ប៉ាគីស្ថាន​ដោះលែង​ជន​សង្ស័យ​ជា​មេក្លោង​ភេរវកម្ម​ម្នាក់

មេក្លោង​ភេរវកម្ម​ម្នាក់ ​ដែល​ត្រូវ​គេ​សង្ស័យ​ថា​ ជា​អ្នក​បញ្ជា​ឲ្យ​ធ្វើ​ភេរវកម្ម​នៅ​ក្រុង​បុមបៃ ​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០០៨ ​ត្រូវ​បាន​តុលាការ​ជាន់​ខ្ពស់​ក្រុង ​ឡាហរ ​របស់​ប៉ាគីស្ថាន ​ធ្វើ​ការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ ​ក្រោម​ការ​បង់​ប្រាក់​ធានា។ រឿង​ក្តី​ដ៏​ចម្រូង​ចម្រាស​នេះ ​ជា​ប្រភព​ដែល​បាន​បន្ថែម​ការ​គំគួន​នឹង​គ្នា​ កាន់​តែ​ខ្លាំង​រវាង​រដ្ឋាភិបាល​ប៉ាគីស្ថាន ​និង​ឥណ្ឌា ​ដែល​កន្លង​មក​ ឥណ្ឌា​បាន​ចោទ​ប៉ាគីស្ថាន​ថា​ ព្យាយាម​ការពារ​ភេរវករ ​ដែល​ធ្លាប់​បាន​ធ្វើ​ការ​វាយ​ប្រហារ​នៅ​ក្រុង​បុមបៃ​ ប្រទេស​ឥណ្ឌា ​ហើយ​ដែល​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​ ជិត​២០០​នាក់។

សណ្ឋាគារ​ Tah Mahal នៅក្រុងបុមបៃ ត្រូវភ្លើង​ឆេះ​បំផ្លាញ បន្ទាប់ពី​រងការ​វាយប្រហារ​ដោយ​គ្រាប់​បែក នៅ​ថ្ងៃទី ២៦ វិច្ចិកា ឆ្នាំ​២០០៨
សណ្ឋាគារ​ Tah Mahal នៅក្រុងបុមបៃ ត្រូវភ្លើង​ឆេះ​បំផ្លាញ បន្ទាប់ពី​រងការ​វាយប្រហារ​ដោយ​គ្រាប់​បែក នៅ​ថ្ងៃទី ២៦ វិច្ចិកា ឆ្នាំ​២០០៨ AFP PHOTO/ Lorenzo TUGNOLI
ផ្សាយពាណិជ្ជកម្ម

ជន​ឈ្មោះ ​Zakiur Rehman Lakhvi ​អាយុ​៥៥​ឆ្នាំ ​ជា​ជនជាតិ​ប៉ាគីស្ថាន។ ជន​នេះ ​ត្រូវ​ជាប់​ជា​ជន​សង្ស័យ ​ថា​ជា​មេក្លោង​ ដែល​នៅ​ពី​ក្រោយ​ការ​ធ្វើ​ភេរវកម្ម​នៅ​ក្រុង​បុបបៃ ​ប្រទេស​ឥណ្ឌា ​កាល​ពី​ថ្ងៃ​ទី ​២៦​ ខែ​វិច្ឆិកា ​ឆ្នាំ​២០០៨។ ភេរវកម្ម​ដ៏​កាច​សាហាវ​នេះ ​បាន​សម្លាប់​ជិវិត​មនុស្ស​១៦៦​នាក់ ​និង​ជា​ច្រើន​នាក់​ទៀត​ រង​របួស​ធ្ងន់។

 
ឥណ្ឌា​ដែល​ជា​ប្រទេស​រង​គ្រោះ​ បាន​ដាក់​ការ​សង្ឃឹម​យ៉ាង​ខ្លាំង​ ទៅ​លើ​តុលាការ​ប៉ាគីស្ថាន ​ក្នុង​ការ​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ។ ប៉ុន្តែ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​ ៩ ​មេសា​ តុលាការ​ជាន់ខ្ពស់​ប្រចាំ​ក្រុង​ឡាហរ ​ភាគ​ខាង​កើត​ប៉ាគីស្ថាន​ បាន​ធ្វើ​ការ​ដោះលែង ​ជន​ជាប់​ចោទ​ ឲ្យ​នៅ​ក្រៅ​ឃុំ ​ដោយ​តម្រូវ​ឲ្យ​ជន​ជាប់​ចោទ បង់​ប្រាក់​ធានា​ពីរ​លើក ​ដែល​គិត​ជា​សរុប​មាន​ចំនួន ​ប្រមាណ​ជា ២ម៉ឺន​ដុល្លារ។

តាម​ពិត​ទៅ ​រឿង​ក្តី​របស់​ជន​សង្ស័យ​នេះ ​ត្រូវ​បាន​តុលាការ​ប៉ាគីស្ថាន​ រុញ​ចុះ​រុញ​ឡើង ​ម្តង​ចាប់​ដាក់​ឃុំ ​ម្តង​ដោះលែង​ ជា​ច្រើន​ដង​ណាស់​មក​ហើយ។ ជាក់​ស្តែង​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​ទៅ ​តុលាការ​បាន​សម្រេច​ដោះលែង​ជន​នេះ ​ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​ បាន​សម្រេច​មិន​ព្រម​ដោះលែង ​ដោយសារ​ជន​នេះ ​មាន​ប្រវត្តិ​ជា​មេក្រុម​ភេរវកម្ម​ជ្រុល​និយម។ បន្ទាប់​ពី​មាន​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ឥណ្ឌា​ សុំ​ឲ្យ​ចាប់​ជន​នេះ​ដាក់​ឃុំ ​តុលាការ​ប៉ាគីស្ថាន ​បាន​សម្រេច​ឃុំ​ជន​សង្ស័យ​ទុក  ​ហើយ​បន្ទាប់​មក​ ក៏​ដោះលែង​វិញ​សាជាថ្មី។

សូម​បញ្ជាក់​ផង​ដែរ​ថា ​ជន​ជាប់​ចោទ​ឈ្មោះ​ Zakiur Rehman Lakhvi ​ត្រូវ​បាន​ឥណ្ឌា​ចោទ​ថា ​ជា​សមាជិក​សកម្ម​ ក្នុង​ក្រុម​ Lashkar-e-Taïba ​ដែល​ជា​ផ្នែក​មួយ​របស់​ក្រុម​គេញ​សម្ងាត់​ របស់​ប៉ាគីស្ថាន។ ​ឥណ្ឌា​សង្ស័យ​ថា ​ក្រុម​នេះ ​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​ធ្វើ​ភេរវកម្ម​ ជា​ច្រើន​លើក​នៅ​ឥណ្ឌា ​ដូច​ជា​ករណី​ភេរវកម្ម​ នៅ​ក្រុង​បុមបៃ​ជាដើម។ ប៉ុន្តែ​តុលាការ​ប៉ាគីស្ថាន​បាន​ឆ្លើយ​តប​មក​វិញ​ថា ​ឥណ្ឌា​គ្មាន​ភស្តុតាង​ណា​ច្បាស់​លាស់ ​ដើម្បី​ធ្វើ​ការ​ដាក់​កំហុស​ លើ​ជន​សង្ស័យ​នេះ​ទេ។

ទោះ​បី​ជា​យ៉ាងណា​ ​លោក​ Naveed Rasool ​អគ្គ​រដ្ឋអាជ្ញា​ប៉ាគីស្ថាន​ បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន ​AFP ​ថា ​ក្រុម​ការងារ​លោក​ កំពុង​តែ​ស្វែងរក​វិធី​ ​ដើម្បី​ចាត់​សេចក្តី​សម្រេច​របស់​តុលាការ​ទុក​ជា​មោឃៈ។ គេ​មិន​អាច ទុក​មនុស្ស​ដែល​គេ​ដឹង​យ៉ាង​ច្បាស់​ ថា​ធ្លាប់​ចូលរួម​ជាមួយ​ក្រុម​ភេរវកម្ម​ដ៏​សាហាវ ​ឲ្យ​នៅ​ក្រៅ​ឃុំ​ដូច្នេះ​បាន​ទេ។ ដោយឡែក​ រដ្ឋាភិបាល​ឥណ្ឌា​បាន​សម្តែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ ចំពោះ​សេចក្តី​សម្រេច​របស់​តុលាការ​ប៉ាគីស្ថាន​​ ហើយ​សេចក្តី​សម្រេច​នេះ ​នឹង​រិតតែ​អុជ​កំហឹង​រវាង​ប៉ាគីស្ថាន​និង​ឥណ្ឌា ​ឲ្យ​នៅ​ឆេះ​ក្តៅ​ងំ​តទៅ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ