អានតួអត្ថបទ
ឥណ្ឌា-ប៉ាគីស្ថាន

នាយករដ្ឋមន្រ្តី ឥណ្ឌា និង​ប៉ាគីស្ថាន​ព្រមព្រៀង រួមគ្នា ប្រយុទ្ធប្រឆាំង​នឹង​អំពើភេរវកម្ម

ឥណ្ឌា និង​ប៉ាគីស្ថាន ដែល​ជា​បងប្អូន​សត្រូវនឹង​គ្នា អស់​រាប់ទសវត្សរ៍មកហើយ បាន​បើក​ធ្វើ​ជំនួប​ទ្វេភាគី នៅក្រៅ​ក្របខ័ណ្ឌនៃ​ជំនួប​កំពូល នៅក្នុង​ទឹកដី​រុស្ស៊ី។ នៅថ្ងៃ​សុក្រ​ទី ១០ កក្កដា នាយករដ្ឋមន្រ្តី​ឥណ្ឌា លោក​ណារិនដ្រា ម៉ូឌី បាន​ឆ្លើយ​យល់ព្រម​ទៅចូលរួម ក្នុង​កិច្ចប្រជុំ​ប្រទេស​អាស៊ី​ខាងត្បូង ដែល​ប៉ាគីស្ថាន​រៀបចំ​ធ្វើ នៅ ឆ្នាំ២០១៦។ 

នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​ទទួល​ជួប​ដោយ​នាយករដ្ឋមន្រ្តី​ឥណ្ឌា ជាលើក​ទី ១ នៅក្រុង​ញូវដេលី ខែ​ឧសភា ២០១៤
នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​ទទួល​ជួប​ដោយ​នាយករដ្ឋមន្រ្តី​ឥណ្ឌា ជាលើក​ទី ១ នៅក្រុង​ញូវដេលី ខែ​ឧសភា ២០១៤ REUTERS/Adnan Abidi
ផ្សាយពាណិជ្ជកម្ម

ប្រមុខដឹកនាំ​ឥណ្ឌា និង​ប៉ាគីស្ថាន បាន​ជួប​ពិភាក្សា ទ្វេភាគី នៅក្រៅ ក្របខ័ណ្ឌ កិច្ចប្រជុំ​កំពូល​នៃ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ ដែល​បើក​ធ្វើ នៅថ្ងៃ​សុក្រ​នេះ នៅ​ទីក្រុង​អ៊ូហ្វារ ប្រទេស​រុស្ស៊ី។ កិច្ចប្រជុំ​កំពូល​ឆ្នាំនេះ កត់សំគាល់​ដោយ​ការចូល​ជា​សមាជិក​របស់​ប្រទេស​ឥណ្ឌា និង​ប៉ាគីស្ថានទៅ​ក្នុង​អង្គការ​សហប្រតិបត្តិការ​សៀងហៃ ដែល​បង្កើតឡើង​ដោយ​ចិន និង​រុស្ស៊ី និង​ប្រទេស​អាស៊ី​កណ្តាល​៤​ទៀត ក្នុង​គោលដៅ​រក្សា​សន្តិសុខ​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​ជិតខាង។

 
នាយករដ្ឋមន្រ្តី​ឥណ្ឌា លោក​ណារិនដ្រា ម៉ូឌី​បាន​ជួប​នាយករដ្ឋន្រ្តី​ប៉ាគីស្ថាន ជាលើកទី១ នៅឆ្នាំ ២០១៤ នៅពេល នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន លោក​ណាវ៉ា ស្ហារីហ្វ ត្រូវ​បាន​អញ្ជើញ ឲ្យ​ចូលរួម នៅក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក ក្នុង​ក្រុង​ញូវដេលី។

តាមសេចក្តី​ថ្លែងការណ៍​រួមគ្នា ដែល​ចេញផ្សាយ នៅក្រោយ​ជំនួប​ទ្វេភាគី នៅថ្ងៃ​សុក្រ នាយករដ្ឋមន្រ្តី​ឥណ្ឌា បាន​យល់ព្រម ទៅតាមការអញ្ជើញ របស់​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន ទៅ​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​កំពូល​ប្រទេស​អាស៊ី​ខាងត្បូង ដែល​ត្រូវរៀបចំ​ធ្វើ នៅ​ទីក្រុង​អ៊ីស្លាម៉ាបាដ នៅ​ឆ្នាំ២០១៦។ បើសិន​លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា ធ្វើដំណើរ​ពិតមែន​ទៅប៉ាគីស្ថាន នោះ​វា​ជាលើក​ទីមួយ ក្នុង​ប្រវត្តិសាស្រ្ត ដែល​នាយករដ្ឋមន្រ្តី​ឥណ្ឌា ធ្វើដំណើរ​ទៅ​ជាន់​ទឹកដី​ប៉ាគីស្ថាន ដែល​ធ្លាប់ និង​នៅ​តែ​ជាប្រទេស សត្រូវ គ្រោះថ្នាក់​របស់​ឥណ្ឌា។

នៅក្នុង​សេចក្តីថ្លែងការណ៍ រួមគ្នា ឥណ្ឌា និង​ប៉ាគីស្ថាន​បាន​ព្រមព្រៀងគ្នា នឹង​ដោះស្រាយ​រាល់​បញ្ហា​ខ្វែងគំនិតគ្នា ជាពិសេស ជម្លោះ​ប្រដាប់អាវុធ នៅ​តាមព្រំដែន​រវាង​ប្រទេស​ទាំងពីរ។ តាម​អនុរដ្ឋមន្រ្តី​ការបរទេស ឥណ្ឌា ដែល​ជា​អ្នកអាន​សេចក្តី​ថ្លែងការណ៍រួម លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា និង​ប៉ាគីស្ថាន​បាន​យល់ស្រប​គ្នា ឲ្យ​មាន​កិច្ចប្រជុំ​ថ្នាក់​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ របស់​ប្រទេស​ទាំងពីរ នៅ​ទីក្រុង​ញូវដេលី ដើម្បី​និយាយ​ពី​ការប្រយុទ្ធ​ប្រឆាំង​រួមគ្នា​នឹង​អំពើ​ភេរវនិយម។ ដើម្បី​បង្ហាញ​សមានចិត្ត​នឹងគ្នា ទៅវិញ ទៅមក ឥណ្ឌា និង​ប៉ាគីស្ថាន បាន​ប្រកាស​ថា នៅក្នុង​១៥​ទៀត គេ​នឹង​ដោះលែង ឲ្យ​មាន​សេរីភាព អ្នកនេសាទ ដែល​ប្រទេស​ទាំងពីរ​បាន​ចាប់ដាក់ឃុំ រៀងខ្លួន ជាយូរ​មក​ហើយនោះ។

ក្នុង​រយៈពេល ៦០​ឆ្នាំ ឥណ្ឌា និង​ប៉ាគីស្ថាន មហាអំណាច នុយក្លេអ៊ែរ ធ្វើសង្រ្គាម​បង្ហូរឈាម​នឹង​គ្នា បីដង និង​នៅ​តែ​ប្រឈមមុខ​ដាក់គ្នា ដោយសារ​តំបន់​ដ៏​ចម្រូងចម្រាស់ កាស្មៀរ។

ឥណ្ឌា​បាន​លុបចោល​ជំនួប​ជាច្រើន ជាមួយ​ប៉ាគីស្ថាន ដោយសារ​តែ​បញ្ហាចម្រូងចម្រាស​នៅ​តំបន់​កាស្មៀរ។ នៅ​ខែ​សីហា ឆ្នាំ២០១៤ រដ្ឋមន្រ្តីការបរទេស​ឥណ្ឌា បាន​លុប​ចោល​ដំណើរទស្សនកិច្ច​ទៅ​ប៉ាគីស្ថាន បន្ទាប់​ពី​ឥណ្ឌា រិះគន់ មិនពេញចិត្ត នឹង​ការដែល​ប្រមុខយោធា​ប៉ាគីស្ថាន ធ្វើដំណើរ​ទៅជួប​ក្រុម​ឧទ្ទាម​បះបោរ អ៊ីស្លាមជ្រុលនិយម ដែល​ឥណ្ឌា ចោទប្រកាន់ថា ជា​ក្រុម​ទាមទារ​ផ្តាច់ទឹកដី នៅ​តំបន់​កាស្មៀរ។

កាលពីថ្ងៃ ព្រហស្បតិ៍​នេះទៀត គឺ​នៅ​មួយ​ថ្ងៃ មុន​ដែល​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ជួប​ជាមួយ​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន ការប្រយុទ្ធ​បាន​ផ្ទុះ​ឡើង នៅ​តំបន់​កាស្មៀរ ដោយ​ឥណ្ឌា​បាន​ចោទ​ខ្មាន់កាំភ្លើង ប៉ាគីស្ថាន​ថា ជា​អ្នកបាញ់​សម្លាប់​ទាហាន​យាម​ព្រំដែន​ឥណ្ឌា​ម្នាក់។

ទំនាក់ទំនង​ការទូត ឥណ្ឌា និង​ប៉ាគីស្ថាន ត្រូវ​បាន​កាត់ផ្តាច់ នៅក្រោយ ព្រឹត្តិការណ៍​ភេរវកម្ម សម្លាប់​មនុស្ស ជាង ១៦០​នាក់ នៅ​ទីក្រុង​ប៊ុមបៃ ដែល​ភាគច្រើន ជា​ប្រជាជន​ឥណ្ឌា។ ឥណ្ឌា​ចោទ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ប៉ាគីស្ថាន ថា ជា​អ្នក​នៅ​ពី​ក្រោយ​ក្រុមប្រដាប់​អាវុធ ដែល​ធ្វើ​ភេរវកម្ម នៅ​ប៊ុមបៃ។ ប៉ាគីស្ថាន​បាន​បដិសេធ និង​បាន​បង្ហាញ​ភាពស្អាតស្អំ​របស់ខ្លួន តាមរយៈ ការចាប់ឃុំ​ខ្លួន មេគំនិត រៀបចំ​ភេរវកម្មនៅ​ប៊ុមបៃ Zaki ur-Rehman Lakhvi។ ឥណ្ឌា បាន​ទាមទារ​ឲ្យ​ប៉ាគីស្ថាន​ធ្វើ​បត្យាប័ន មេគំនិត​ធ្វើ​ភេរវកម្ម ប៉ុន្តែ ប៉ាគីស្ថាន​វិញ​បដិសេធ ហើយ​មិនតែ​ប៉ុណ្ណោះ នៅ​ខែ​មេសា​កន្លងទៅ តុលាការ​ប៉ាគីស្ថាន​ទើប​បាន​សម្រេច​​ដោះលែង មេភេរវជនZaki ur-Rehman Lakhvi ឲ្យនៅ​ក្រៅឃុំ ដោយ​មាន​លក្ខខណ្ឌ​ទៀត។ ជំហរ​មិន​ច្បាស់លាស់​របស់​ប៉ាគីស្ថាន ធ្វើ​ឲ្យ​ឥណ្ឌា លែង​ជឿ​ទុកចិត្ត​លើ​ការស្មោះត្រង់​របស់​ប៉ាគីស្ថាន។

លើសពីនោះ ទំនាក់ទំនង​ស្អិតល្មួត ប៉ាគីស្ថាន និង​ចិន​ដែល​ជាគូប្រជែង​ឥទ្ធិពល របស់​ឥណ្ឌា នៅ​តំបន់​អាស៊ី រឹត​តែ​ធ្វើ​ឲ្យ​ឥណ្ឌា នៅ​មិនស្រណុក ទាល់​តែ​សោះ។ ថ្មីៗនេះ កងទ័ព​ឥណ្ឌា​មិនលាក់ទេ ការព្រួយបារម្ភ​របស់ខ្លួន បន្ទាប់ពី​ឃើញ​ប៉ាគីស្ថាន​អនុញ្ញាត​ឲ្យ​នាវាមុជទឹក ចិនចូលចត​ជាង​មួយ​សប្តាហ៍ ក្នុង​ដែនទឹក​របស់ខ្លួន។ សម្រាប់​ឥណ្ឌា វត្តមាន​នាវាមុជទឹក​ចិន នៅក្បែរ​ចុងច្រមុះ​របស់​ឥណ្ឌា​យ៉ាងដូច្នេះ គឺបញ្ជាក់​ការគំរាមកំហែង​របស់​ចិន យ៉ាងប្រាកដ ទៅ​លើ​សន្តិសុខ​ជាតិ​ឥណ្ឌា។

ប៉ាគីស្ថាន​វិញ ក៏​មិន​នៅ​សុខស្រួល​ដែរ នៅពេល​ឃើញ មេដឹកនាំ​ឥណ្ឌា ចេះ​តែ​ទៅធ្វើ​ទស្សនកិច្ច ផ្តល់ជំនួយ ដល់​អាហ្វហ្កានីស្ថាន ដែល​ជាប្រទេស​ជិតខាង​របស់​ប៉ាគីស្ថាន និង​ដែល​ប៉ាគីស្ថាន​ចាត់ទុក​ថា ជា​សំបុក ក្រុមភេរវជន ដែល​គំរាមកំហែង​សន្តិសុខ​ប៉ាគីស្ថាន។

កាលៈទេសៈ ភូមិសាស្រ្ត​និយោបាយ រុញ​បាគីស្ថាន និង​ឥណ្ឌា ឲ្យ​ចូល​តុចរចា
តាមអ្នកជំនាញ​ខ្លះ បើគ្មាន​ចិន និង​អាមេរិក នោះ ឥណ្ឌា និងប៉ាគីស្ថាន នឹង​មិនអាច​ត្រលប់​មក​និយាយ​ចរចា​នឹង​គ្នា​ទេ។ ចិន ទោះជា​កំពុង​ប្រជែង​ជាមួយ​ឥណ្ឌា ប៉ុន្តែ ចង់​ចាប់​ដៃ ប៉ាគីស្ថាន ដែល​ស្ថិតនៅ​ក្រោមឥទ្ធិពល ជំនួយ​របស់​ខ្លួន ឲ្យ​ទៅ​ត្រូវរ៉ូវ​ជាមួយ​ឥណ្ឌា ដើម្បី ហេតុផល​សន្តិសុខ​ក្នុង​តំបន់ ជាពិសេស ដើម្បី ទប់ទល់​នឹង​ការកើនឡើង នៃ​ក្រុម​ភេរវនិយម ដែល​ចិន​បារម្ភថា នឹងអាច​ធ្វើដំណើរ​ចេញពី​អាហ្វហ្កានីស្ថាន ចូល​ទៅ​ខេត្ត​ស៊ីនជាំង​របស់​ចិន​នោះ។ ចិន​ចង់​ឲ្យ​ប៉ាគីស្ថាន ស្រុះស្រួល​ជាមួយ​ឥណ្ឌា ក៏​ព្រោះតែ​ដឹងថា ឥណ្ឌា នេះ មាន​ឥទ្ធិពល ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​អាមេរិក និង​អាហ្វហ្កានីស្ថាន​នេះ​ឯង។ អាមេរិក​វិញ បានជំរុញ​ឥណ្ឌា សម្ព័ន្ធមិត្ត ឲ្យ​ទៅ​ត្រូវរ៉ូវ​ជាមួយ​ប៉ាគីស្ថាន ដើម្បីអូសទាញ​ប៉ាគីស្ថាន កុំ​ឲ្យ​ទៅនៅ​ក្រោម​ឥទ្ធិពល​របស់​ចិន​ខ្លាំងពេក។

ឥណ្ឌា​ផ្ទាល់ ​ដឹង​ច្បាស់ថា មិនងាយ​នឹង​ជានា ដោយស្រួល ជាមួយ​ប៉ាគីស្ថាន ដោយសារ​ជម្លោះ​ទឹកដី នៅ​កាស្មៀរ។ ប៉ុន្តែ ចងមិត្ត ជា​ជាង​ចងសត្រូវ។ ចរចា​ជាមួយ​ប៉ាគីស្ថាន នឹង​ជួយ​សម្រាល​ភាពតានតឹង នៅព្រំដែន ដែល​នឹង​ធ្វើ​ឲ្យ​ឥណ្ឌាឈប់​ឈឺក្បាល និង​ដកឃ្លា​មក​គិត​សម្រុក​តែ​បោះពួយ​ផ្នែកសេដ្ឋកិច្ច និង​បង្កើន យុទ្ធសាស្រ្ត​ពង្រីកដែន​ឥទ្ធិពល​របស់​ឥណ្ឌា នៅក្នុង​ពិភពលោក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ