អានតួអត្ថបទ
ប៉ាគីស្ថាន

ប៉ាគីស្ថាន​កាន់ទុក្ខ​ទូទាំង​ប្រទេស​បន្ទាន់​ពីរង​ភេរវកម្ម​ដ៏​ធ្ងន់ធ្ងរ​លើ​បុព្វជិត​អ៊ីស្លាម​ឈីអ៊ីត

ក្រុង​ហ្ស៊ីកាពួ ​ភាគ​ខាងត្បូង​ប្រទេស​ប៉ាគីស្ថាន ​បាន​រង​ការ​វាយប្រហារ​ភេរវកម្ម​យ៉ាង​ធ្ងន់ធ្ងរ កាល​ពី​​ថ្ងៃ​សុក្រទី ៣០ មករា។ ភេរវកម្ម​បាន​កើតឡើង នៅ​ក្នុង​វិហារ​អ៊ីស្លាម​និកាយ​ឈីអ៊ីត ក្នុង​ពេល​ដែល​កំពុង​មាន​មនុស្ស​ជា​ច្រើន កំពុង​សូត្រធម៌ ​ហើយ​បាន​សម្លាប់​ជីវិត​មនុស្ស​ចំនួន ៦១​នាក់។ ក្រោយ​ហេតុការណ៍​នេះ ប្រជាជន​ប៉ាគីស្ថាន​និកាយ​ឈីអ៊ីត ​បាន​នាំ​គ្នា​ដើរ​តាម​ផ្លូវ កាន់ទុក្ខ​ដល់​អ្នក​ស្លាប់ ​ព្រម​ទាំង​ ថ្កោល​ទោស​ ដល់​ក្រុម​ភេវករ​អ៊ីស្លាម​ជ្រុល​និយម។

អ្នក​រង​របួស ដោយសារ​គ្រាប់​បែក នៅ​ក្នុង​វិហារម៉ូស្កេ ក្នុងក្រុង ហ្ស៊ីកាពួ កាលពីថ្ងៃ ៣០ មករា ២០១៤
អ្នក​រង​របួស ដោយសារ​គ្រាប់​បែក នៅ​ក្នុង​វិហារម៉ូស្កេ ក្នុងក្រុង ហ្ស៊ីកាពួ កាលពីថ្ងៃ ៣០ មករា ២០១៤ REUTERS/Amir Hussain
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​សុក្រ ​ពេល​ល្ងាច គឺ​ជា​ពេល​ដែល​បុព្វជិត​កាន់​សាសានា​អ៊ីស្លាម ជួបជុំ​គ្នា​នៅ​តាម​បណ្តា​វិហារ​ម៉ូស្កេ ដើម្បី​ធ្វើ​ពិធី​សូត្រធម៌។ ពូក​ភេរវករ​បាន​ជ្រើស​យក​ពេល​វេលា​នេះ ​ដើម្បី​ដាក់​បំផ្ទុះ​គ្រាប់បែក ដែល​ធ្វើ​ឲ្យ​មាន​អ្នក​រងគ្រោះ​ ច្រើន​បំផុត។ ថ្ងៃ​សុក្រ ទី៣០ មករា វិហារ​ម៉ូស្កេ ​អ៊ីម៉ាំបាហ្កា ​នៅ​ក្រុង ហ្ស៊ីកាពួ ចំងាយ​ប្រមាណ​ជា​៤៧០ គីឡូមែត្រ ពីក្រុង​ការ៉ាឈី ​ភាគ​ខាងត្បូង ​ប្រទេស​ប៉ាគីស្ថាន ​បាន​រង​ការ​វាយ​ប្រហារ​គួរ​ឲ្យ​តក់ស្លុត។

 
ភេរវករ​ម្នាក់ បាន​បន្លំ​ខ្លួន​ចូល​ទៅ​ក្នុង​វិហារ​ម៉ូស្កេ​អ៊ីស្លាម​និកាយ​ឈីអ៊ីត ដោយ​មាន​ពាក់​ខ្សែ​ក្រវ៉ាត់​ រុំ​ទៅ​ដោយ​គ្រាប់បែក​ ជា​ច្រើន​គ្រាប់។ ក្នុង​គ្រាប់​បែក​នោះ​ទៀតសោត គឺ​បង្កប់​ទៅ​ដោយ អម្បែង ​និង​កំទេច​ដែក​ជា​ច្រើន។ មនុស្ស​៦១ ​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត និង​ជា​ច្រើន​នាក់​ផ្សេងទៀត​ បាន​រង​របួស​ធ្ងន់។ ចាប់​តាំង​ពី​ថ្ងៃសៅរ៍ ​ម្សិលមិញ​មក ​ប្រទេស​ប៉ាគីស្ថាន​ទាំងមូល ​បាន​ស្ថិត​នៅ​ក្រោម​ការ​កាន់ទុក្ខ។ សាលារៀន ​ទីផ្សារ និង​ការិយាល័យ​ជា​ច្រើន ​ត្រូវ​បិទទ្វារ​មួយ​រយៈ ​ដើម្បី​ចូលរួម​កាន់ទុក្ខ​នេះ។ ប្រជាជន​ប៉ាគីស្ថាន ​ដែល​កាន់​សាសនា​អ៊ីស្លាម​និកាយ​ឈីអ៊ីត ​បាន​ថ្កោលទោស​ការ​វាយ​ប្រហារ​នេះ ហើយ​បាន​ដើរ​តាម​ផ្លូវ ទាមទារ​ឲ្យ​កម្ទេច​ក្រុម​ភេរវករ​ ដែល​នៅ​ពី​ក្រោយ ការ​វាយ​ប្រហារ​ ដ៏​សាហាវ​នេះ។

ភ្លាមៗ ​ក្រោយ​ហេតុការណ៏​នេះ​ ក្រុម​ភេរវកម្ម​និយម  ឈ្មោះ​ជុនឌូឡាហ​(Jundullah) បាន​ចេញ​មុខ មក​ទទួល​ស្គាល់​ថា ពួកវា​ជា​អ្នក​បញ្ជា​ ឲ្យ​ធ្វើ​ភេរវកម្ម​អត្តឃាត​នេះ។ ក្រុម​នេះ ជា​ក្រុម​ភេរវនិយម​អ៊ីស្លាម​និកាយ​ស៊ុនីត ​ដែល​កន្លង​មក​មិន​សូវ​មាន​គេ​ស្គាល់​ទេ ​ហើយ​ពួក​នេះ ​បាន​ករកើត​ឡើង តាម​រយៈ​បណ្តាញ​ របស់​ពួក​តាលីបង់។ អ្នក​នាំពាក្យ​របស់​ក្រុម​នេះ​ បាន​ថ្លែង​ឲ្យ​ដឹង​ថា ពួកវា​បាន​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ អ្នក​កាន់​សាសនា​អ៊ីស្លាម​និកាយ​ឈីអ៊ីត ព្រោះ​ថា​ពួក​ឈីអ៊ីត បាន​ដើរ​ខុស​គន្លង ​ផ្ទុយ​ពី​ច្បាប់​របស់​សាសនា​អ៊ីស្លាម។ ទោះ​បី​ជា​យ៉ាងណា លោក​នាយក​រដ្ឋមន្រ្តី ​ប៉ាគីស្ថាន ​ណាវ៉ាហ្ស ឆារីហ្វ ​បាន​ថ្លែង​ថា ​លោក​ប្តេជ្ញា ត្រូវ​កម្ទេច​ពួក​ភេរវករ ឲ្យ​បាន ​ទោះ​បី​ជា​ត្រូវ​ចំណាយ​ប៉ុន្មាន​ក៏​ដោយ។

សូម​បញ្ជាក់​ផង​ដែរ​ថា ប៉ាគីស្ថាន​មាន​ប្រជាជន​ជាង​២០០លាន​នាក់ ​ដែល​ក្នុង​នោះ ​ភាគ​ច្រើន​លើស​លប់ ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​ និកាយ​ស៊ុនីត។ អ្នក​កាន់​សាសនា​អ៊ីស្លាម​និកាយ​ឈីអ៊ីត មាន​ត្រឹម​២០​ភាគរយ​ប៉ុណ្ណោះ។ កន្លង​មក មិន​ថា ​ប្រជាជន​ប៉ាគីស្ថាន​ ​ដែល​កាន់​សាសនា ​កាតូលិក រឺ​អ៊ីស្លាម​ឈីអ៊ីត តែងតែ​រង​ការ​វាយ​ប្រហារ​ភេរវកម្ម​ជានិច្ច។ ពួក​ភេរវករ​អ៊ីស្លាម​ស៊ុនីត ​តែងតែ​ធ្វើការ​បំផ្ទុះ​គ្រាប់បែក ស្ទើរ​មិន​លោះ​ថ្ងៃ​ឡើយ។ បើ​និយាយ​ពី​ការ​កាន់ទុក្ខ​ ទូទាំង​ប្រទេស ​ក្រោយ​ហេតុការណ៍​ភេរវកម្ម​វិញ ប៉ាគីស្ថាន ​កាន់ទុក្ខ​ស្ទើរ​តែ​រៀងរាល់​ថ្ងៃ​ទៅ​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ