អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ជប៉ុន៖គម្រោង​កំណែទម្រង់​ទីផ្សារ​ការងារ​កំពុង​ក្លាយ​ជា​ប្រធានបទ​តស៊ូមតិ​យ៉ាង​ខ្លំាង​នៅ​ក្នុង​សភា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ជប៉ុន សភា​បាន​ផ្តើម​ជជែក​លើ​គម្រោង​កំណែទម្រង់​ទីផ្សារ​ការងារ​ដ៏​ចម្រូងចម្រាស។ នៅ​ក្នុង​សេចក្តីព្រាងច្បាប់​ថ្មី​ស្តីពី​ទីផ្សារការងារ រដ្ឋាភិបាល​មាន​គម្រោង​លប់​ចោល​ការងារ​បន្ថែម​ម៉ោង​ចំពោះ​អ្នកធ្វើការងារ​រូប​ណា​ដែល​ទទួល​បាន​ប្រាក់ខែ​ច្រើន​ជាង ៨៧ ០០០ដុល្លារ​ក្នុង​មួយ​ឆ្នំា។ នៅ​ក្នុង​ប្រទេស​ជប៉ុន អត្រា​នៃ​ចំនួន​អ្នកធ្វើការងារ​ដែល​ទទួល​បាន​ប្រាក់ខែ​ជាង ៨៧ ០០០ដុល្លារ​ក្នុង​មួយ​ឆ្នំា​មាន​ប្រមាណ​ជា ៣,៩% នៃ​ប្រជាជន​សកម្ម​ជប៉ុន​ទំាង​អស់។ តើ​វិធានការ​របស់​រដ្ឋាភិបាល​ជប៉ុន​មាន​គោលដៅ​អ្វី​ខ្លះ?

នាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe
នាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe REUTERS/Toru Hanai
ផ្សាយពាណិជ្ជកម្ម

« ធ្វើ​ការ​ច្រើន បាន​លុយ​ច្រើន » នេះ​ជា​សុភាសិត​ទូទៅ​សម្រាប់​មនុស្ស​គ្រប់​ប្រទេស​ទំាង​អស់​ក្នុង​លោក មិន​ថា​នៅ​អាស៊ី ឬ​មួយ​ក៏​នៅ​អឺរ៉ុប​ទេ។ តែ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​ទៀត ចំនួន​ម៉ោង​ធ្វើ​ការ​​ប្រចំា​សប្តាហ៍​កំណត់​ដោយ​ច្បាប់ និង​ម៉ោង​បន្ថែម​ក្រៅ​ពិត​ជា​មិន​ដូច​គ្នា​ទេ។ ជាក់ស្តែង​នៅ​ក្នុង​ប្រទេស​បារំាង ចំនួន​ម៉ោង​ធ្វើ​ការ​ប្រចំា​សប្តាហ៍​ផ្លូវការ​មាន ៣៥ម៉ោង ចំណែក​នៅ​ក្នុង​ប្រទេស​ជប៉ុន គឺ​មាន​ដល់​ទៅ ៤០ម៉ោង​ឯណោះ​ក្នុង​មួយ​សប្តាហ៍។ នៅ​អឺរ៉ុប និយោជិក​មាន​ទំនៀមទម្លាប់​ឲ្យ​តែ​ដល់​ម៉ោង​ភ្លាម ចេញ​ទៅ​ផ្ទះ​ភ្លែត ទោះ​បី​ជា​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ​មិន​ទាន់​ចប់​សព្វ​គ្រប់​ក៏​ដោយ។ រីឯ​ទំនៀមទម្លាប់​វប្បធម៌​នៅ​អាស៊ី​វិញ និយោជិក​សុខចិត្ត​បន្ត​ថែម​ម៉ោង​បន្តិចបន្តួច​ដោយ​មិន​គិត​លុយ ព្រោះ​ការ​ដល់​ម៉ោង​ភ្លាម ងើប​ចេញ​ភ្លែត​ជា​រឿង​មិន​ល្អមើល និង​អាច​ត្រូវ​បាន​ចៅហ្វាយ​សម្គាល់​ទុក។

តាម​តួលេខ​ផ្តល់​ដោយ​អង្គការ​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឲ្យ​ដឹង​ថា មាន​និយោជិក​ជប៉ុន​ប្រមាណ​ជា ២២,៣% ពោល​មាន ១នាក់​ក្នុង​ចំណោម​៥នាក់​បាន​ធ្វើ​ការ​លើស​ពី ៥០ម៉ោង ឬ​មួយ​ក៏​ច្រើន​ជាង​នេះ​ក្នុង​មួយ​សប្តាហ៍។ នៅ​ក្នុង​សេចក្តីព្រាងច្បាប់​ថ្មី​ស្តីពី​ការងារ រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្រ្តី​ស្ហ៊ីនហ្សូ អាបេ​មាន​គម្រោង​លប់ចោល​ប្រាក់ខែ​សម្រាប់​ការងារ​បន្ថែម​ម៉ោង​ចំពោះ​និយោជិក​ណា​ដែល​ទទួល​បាន​ប្រាក់ខែ​លើស​ពី ៨៧ ០០០ដុល្លារ​ក្នុង​មួយ​ឆ្នំា។ គោលនយោបាយ​របៀប​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា គឺ​ដើម្បី​បង្កើន​ប្រសិទ្ធិភាព​ការងារ និង​អនុញ្ញាត​ឲ្យ​និយោជិក​គ្រប់គ្រង​បាន​ល្អ​នូវ​ពេល​វេលា​ធ្វើ​ការ​របស់​ខ្លួន ពោល​រហ័សរហួន​បញ្ចប់​ការងារ​ដើម្បី​អាច​ចេញ​ទៅ​ផ្ទះ​មុន​ម៉ោង។

គំនិត​ផ្តួចផ្តើម​របៀប​នេះ​របស់​រដ្ឋាភិបាល​អាច​នឹង​ទទួល​បាន​ការ​គំាទ្រ​ពី​សហព័ន្ធនិយោជក់​ដែល​ចង់​បង្វែរ​លុយ​ពី​ការងារ​បន្ថែម​ម៉ោង​ទៅ​បំពេញ​ឲ្យ​និយោជិក​ណា​ដែល​បំពេញ​ការងារ​បាន​ល្អ ប្រកប​ដោយ​គុណភាព និង​ស្វិតស្វាញ ជាជាង​ឲ្យ​និយោជិក​ណា​ដែល​ចំណាយ​ពេល​ច្រើន​នៅ​កន្លែង​ធ្វើ​ការ តែ​គ្មាន​សាច់ការ។ ទន្ទឹម​គ្នា​នេះ សម្រាប់​និយោជិក​ណា​ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​វិធានការ​ថ្មី​នេះ ហើយ​អាច​បន្ត​ធ្វើ​ការងារ​បន្ថែម​ម៉ោង​ដើម្បី​ទទួល​បាន​ប្រាក់​បន្ថែម​នោះ សហព័ន្ធនិយោជក់​ក៏​ចង់​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​កម្រិត​តម្លៃប្រាក់​ធ្វើ​ការ​បន្ថែម​ម៉ោង​ដែរ។ ក៏​ប៉ុន្តែ និង​អ្វី​ដែល​ក្រុមសហជីព និង​ក្រុមគណបក្សប្រឆំាង​កំពុង​សម្តែង​ក្តីព្រួយបារម្ភ​របស់​ខ្លួន​ជា​ពន់ពេក​នោះ គឺ​ខ្លាច​តែ​ទៅ​ថ្ងៃ​ខាង​មុខ ការងារ​បន្ថែម​ម៉ោង​នឹង​លែង​ទទួល​បាន​ប្រាក់​ថ្នូរ​ទៀត​ឡើយ ពោល​គឺ​ធ្វើ​ឲ្យ​ថៅកែ​ទទេ​តែ​ម្តង។ ក្រុមសហជីព និង​ក្រុម​គណបក្សប្រឆំាង​បាន​រម្លឹក​ប្រាប់​ជា​ថ្មី​ពី​ប្រភព​កំណើត​នៃ​ការងារ​បន្ថែម​ម៉ោង​ដែល​ជា​សំណូមពរ​ចង់​ឲ្យ​មាន​យ៉ាង​ទទូច​ពី​ថៅកែ។

នៅ​ជប៉ុន ច្បាប់​ការងារ​បាន​កំណត់​ឲ្យ​មាន​ថ្ងៃ​ឈប់​សម្រាក​ប្រចំា​ឆ្នំា​សម្រាប់​និយោជិក​ម្នាក់ៗ​ចំនួន ១៨ថ្ងៃ។ តែ​ជា​ទូទៅ​គេ​សង្កេត​ឃើញ​ថា ប្រជាជន​ជប៉ុន​កម្រ​នឹង​ឈប់​សម្រាក​ណាស់ ព្រោះ​ចង់​ធ្វើ​ការ​ដើម្បី​បាន​លុយ​បន្ថែម។ ជាក់ស្តែង​ក្នុង​ឆ្នំា ២០១៣ មាន ១៦% នៃ​និយោជិក​ធ្វើ​ការ​ពេញ​ម៉ោង​មិន​បាន​យក​ថ្ងៃ​ឈប់​សម្រាក​ទាល់​តែ​សោះ ទោះ​បី​ជា ១ថ្ងៃ​ក៏​គ្មាន​ដែរ ពោល​សុខ​ចិត្ត​យក​ពេល​ទៅ​ធ្វើ​ការ​ដើម្បី​បាន​លុយ​បន្ថែម។ គឺ​ផ្តើម​ចេញ​ពី​ទង្វើ​នេះ​ហើយ​ដែល​បាន​បង្ក​ឲ្យ​មាន​កំណើន​បញ្ហា​សុខភាព រហូត​ដល់​ស្លាប់​ជីវិត​ដោយសារ​តែ​ធ្វើ​ការ​ហួសកម្លំាង។ ជាក់ស្តែង​ក្នុង​ឆ្នំា ២០១៣ មាន​មនុស្ស​ស្លាប់​ដោយ​ធ្វើ​ការ​ច្រើន​ជ្រុល​ចំនួន ១៩៦នាក់។

តែ​ចំនួន​អ្នក​ស្លាប់​អាច​មាន​ច្រើន​ជាង​​នេះ ព្រោះ​គេ​ពិបាក​នឹង​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ដើម្បី​រក​ភស្តុតាង​ដែល​បញ្ជាក់​ថា អ្នកស្លាប់​នោះ​បាន​ស្លាប់​ដោយ​ធ្វើ​ការ​ច្រើន​ពេក។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ក្នុង​សេចក្តីព្រាងច្បាប់​ស្តីពី​ការងារ​ដែល​សភា​ជប៉ុន​កំពុង​ជជែក​គ្នា​ពេល​នេះ មាន​វិធានការ​តឹងតែង​ចំាបាច់​មួយ​ចំនួន​ត្រូវ​បាន​ដាក់​ចេញ រួម​មាន ចំនួន​ម៉ោង​ការងារ​បន្ថែម​ត្រូវ​កំណត់​ក្នុង​មួយ​ខែៗ ឬ​មួយ​ក៏​និយោជិក​ត្រូវ​តែ​យក​ថ្ងៃ​ឈប់​សម្រាក​ប្រចំាឆ្នំា​ដែល​ច្បាប់​បាន​កំណត់​យ៉ាង​តិច ៥ថ្ងៃ​ក្នុង​មួយ​ឆ្នំា។ យ៉ាង​ណា​ក៏​ដោយ  នយោជិក​មាន​សិទ្ធិ​ក្នុង​ការ​ជ្រើស​យក​ប្រព័ន្ធ​ថ្មី​ស្តីពី​ការងារ ឬ​មួយ​ក៏​បន្ត​រក្សា​ទុក​ប្រព័ន្ធ​ចាស់​សព្វថ្ងៃ។

អ្វី​ជា​ការ​កត់សម្គាល់ ពិត​មែន​តែ​គណបក្ស​របស់​លោក​អាបេ​មាន​សម្លេង​ភាគច្រើន​នៅ​សភា​ក៏​ដោយ ក៏​គេ​មិន​ប្រាកដ​ថា​សេចក្តីព្រាងច្បាប់​ថ្មី​ស្តីពី​ការងារ​នឹង​អាច​អនុម័ត​បាន​ដែរ។ នៅ​ពេល​កាន់​អំណាច​ចន្លោះ​ពី​ឆ្នំា ២០០៥-២០០៦ លោក​អាបេ​ធ្លាប់​បាន​ស្នើ​ឡើង​នូវ​សេចក្តីព្រាង​ច្បាប់​ស្រដៀង​គ្នា​នេះ​ម្តង​ហើយ តែ​ដោយ​មាន​ការ​ជំទាស់​ខ្លំាង​ពេក​ពី​ក្រុមប្រឆំាង លោក​អាបេ​ក៏​បាន​បោះចោល​បាត់​ទៅ។ តំាង​ពី​ការ​វិលត្រឡប់​មក​កាន់​អំណាច​ជា​ថ្មី​ក្នុង​ឆ្នំា ២០១២ លោក​អាបេ​ក៏​បាន​ស្នើ​គម្រោង​នេះ​ចំនួន​ពីរ​លើក​ហើយ​ដែរ។ នៅ​លើក​នេះ​ទៀត ក៏​នៅ​មិន​ទាន់​ដឹង​ចេញ​រួច ឬ​ក៏​អត់​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ