អានតួអត្ថបទ
អាកាសធាតុ

ខួប២០ឆ្នាំ​ នៃ​ពិធីសារ​ក្រុង​ក្យូតូ​ មូលដ្ឋាន​គ្រិះ​នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​អាកាសធាតុ

ស្របពេលដែលថ្ងៃស្អែក គឺជាថ្ងៃរំលឹកខួប២ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីអាកាសធាតុ នៅថ្ងៃទី ១១ ​ធ្នូនេះ គឺជាថ្ងៃខួបគំរប់២០ឆ្នាំ នៃការចុះហត្ថលេខា លើពិធីសារក្រុងក្យូតូ។ ពិធីសារនេះ គឺអត្ថបទដំបូង​គេបង្អស់ ដែលបានកំណត់ពីការសន្យាចូលរួម កាត់បន្ថយឧស្ម័នពុល ដែលជាមូលហេតុចំបង ដល់ការ​កើនឡើងនូវកំដៅផែនដី ព្រមទាំងការប្រែប្រួលអាកាសធាតុ។ ថ្វីបើមិនគ្រប់គ្រាន់ តែពិធីសារនេះ បាន​ចាក់គ្រិះ​រឹងមាំ ជំរុញឲ្យប្រទេសទាំងអស់ មិនថាមាន មិនថាក្រ ឲ្យគិតគូរអំពីផលអវិជ្ជមាន ដែល​បណ្តាល​​​មក ពីការកើនឡើងនូវកំដៅភពផែនដី។

សកម្មជន​​បរិស្ថាន ​មានកង់ និង​រថយន្ត​ប្រើ​អាគុយ​ ​នៅ​ក្រុង​ក្យូតូ ​​ដង្ហែរ​រំលឹក​ខួប​២០ឆ្នាំ នៃពិធីសារក្យួតូ ​ឆ្នាំ​១៩៩៧។
សកម្មជន​​បរិស្ថាន ​មានកង់ និង​រថយន្ត​ប្រើ​អាគុយ​ ​នៅ​ក្រុង​ក្យូតូ ​​ដង្ហែរ​រំលឹក​ខួប​២០ឆ្នាំ នៃពិធីសារក្យួតូ ​ឆ្នាំ​១៩៩៧។ TORU YAMANAKA / AFP
ផ្សាយពាណិជ្ជកម្ម

ថ្ងៃទី​១១ ធ្នូ ឆ្នាំ១៩៩៧ នៅទីក្រុងក្យូតូ ប្រទេសជប៉ុន ប្រទេសឧស្សាហកម្មជឿនលឿន ៣៨ប្រទេស​ បានចុះហត្ថលេខារួមគ្នា សន្យាកាត់បន្ថយការបញ្ចេញឧស្ម័នពុល ចំនួន៥% ដោយប្រៀបធៀបទៅកម្រឹតឧស្ម័នពុលនៅឆ្នាំ១៩៩០។ ក៏ប៉ុន្តែនៅឆ្នាំ២០១២ ប្រទេសហត្ថលេខីទាំងអស់ បានឈានរហូតទៅកាត់បន្ថយ ដល់ទៅ២០%។

ជាមួយពិធីសារក្រុងក្យូតូ (Protocole de Kyoto) វាជាប្រវត្តិសាស្ត្រហើយ ដែលពិភពលោក បានទទួលស្គាល់ថា ពិតជាមានការប្រែប្រួលអាកាសធាតុ ដែលបណ្តាលមកពីផែនដីឡើងសីតុណ្ហភាព។ ហើយការឡើងសីតុណ្ហាភាព ជុំ​វិញផែនដីនេះ គឺបណ្តាលមក​ពីឧស្ម័នពុល ដែលហ៊ំព័ទ្ធជុំវិញផែនដីយើង។ ឧស្ម័នពុលទាំងនោះ គឺកើតចេញពីសកម្មភាពឧស្សាហកម្ម ចំហេះធ្យូងថ្ម និងប្រេងឥន្ធនៈ ជាដើម។

លោក Hikaru Kobayashi អតីតអ្នកសម្របសម្រួលសន្និសីទក្រុងក្យូតូនេះ បានលើកឡើងថា ជោគជ័យសម្រេចបានពិធីសារក្រុងក្យូតូ វាគឺជាលើកទីមួយហើយ​ ដែលប្រទេសមានឧស្សាហកម្មជឿនលឿនទាំងអស់ បានបំពេញតួនាទី និងបានបើកផ្លូវ ឲ្យប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតដើរតាមក្រោយ  ដើម្បីរួមគ្នា កាត់បន្ថយឧស្ម័នពុល ដែលជាប្រភពនៃការកើនឡើងកំដៅផែនដី។ ១៨ឆ្នាំក្រោយមក នៅទីក្រុងប៉ារីស ឆ្នាំ២០១៥ ពិភពលោកទាំងមូល ទាំងប្រទេសអ្នកមាន ទាំងប្រទេសអ្នកក្រ បានរួមគ្នា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីអាកាសធាតុ ដែលមានកម្មវត្ថុ កុំឲ្យសីតុណ្ហភាពផែនដី ឡើងលើសពី២°c នៅឆ្នាំ២០៥០។

ក៏ប៉ុន្តែ ២០ឆ្នាំមកនេះ ថ្វីបើប្រទេសហត្ថលេខីពិធីសារក្រុងក្យូតូ បានប្រឹងប្រែងយ៉ាងណាក្តី តែវានៅតែមានកំរិត ដោយសារតែចិន និងសហរដ្ឋអាមេរិក មិនបានចូលរួមនោះទេ។ មហាអំណាចសេដ្ឋកិច្ចទាំង២ គឺជាប្រទេសបញ្ចេញឧស្ម័នពុលច្រើនជាងគេបង្អស់។ លោក Nebojsa Nakicenovic អ្នកស្រាវជ្រាវផ្នែកថាមពល នៅសកលវិទ្យាល័យទីក្រុងវីយែន បានលើកឡើងថា “ពិធីសារក្រុងក្យូតូ ជាមូលដ្ឋានគ្រិះល្អពេក តែយើងបានខាតពេលអស់២០ឆ្នាំ ដោយសារតែគ្មានការសាមគ្គី ពីប្រទេសធំៗដូចជាអាមេរិក និងចិន។ ពីពេលនេះទៅ យើងនៅសល់ពេលមិនច្រើនទេ ដើម្បីសង្រ្គោះផែនដីយើង។ មិនត្រឹមតែប៉ុណ្ណោះ វាជារឿងកាន់តែសោកស្តាយទៅទៀត ដែលសហរដ្ឋអាមេរិក ដឹកនាំដោយរដ្ឋាភិបាលលោកដូណាល់ ត្រាំ បានសម្រេចដកខ្លួន ចេញពីកិច្ចព្រមព្រៀងក្រុងប៉ារីស ស្តីពីអាកាសធាតុ”៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ