អានតួអត្ថបទ
អូស្ត្រាលី-ភេរវកម្ម

អូស្ត្រាលី​អំពាវនាវ​ឲ្យ​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត

នាយករដ្ឋមន្រ្តី​អូស្ត្រាលី តូនី អាបូត នៅថ្ងៃ​ព្រហស្បតិ៍​ទី ១១ មិថុនា ​បាន​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​នៅ អាស៊ី ប៉ាស៊ីហ្វិក​ចូលរួម​ជាមួយ​គ្នា​ដើម្បី​វាយកម្ចាត់​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម។ ទីក្រុង​ស៊ីដនី របស់​អូស្ត្រាលី នៅថ្ងៃ​នេះ និង​ថ្ងៃ​សុក្រ​ស្អែក ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​កំពូល ថ្នាក់​តំបន់ ស្តីពី​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម ដែល​មាន​ការចូលរួម​ពី​រដ្ឋមន្រ្តី​មក​ពី​២៥​ប្រទេស និង​ក្រុមហ៊ុន​អ៊ីនធ័រនែត Google Facebook Twitter។ 

លោក​នាយករដ្ឋមន្រ្តី​អូស្ត្រាលី តូនី អាបូត
លោក​នាយករដ្ឋមន្រ្តី​អូស្ត្រាលី តូនី អាបូត ©REUTERS/Andrew Meares
ផ្សាយពាណិជ្ជកម្ម

ប្រធានបទ​សំខាន់ នៃ​កិច្ចប្រជុំ​កំពូល​ថ្នាក់​តំបន់ នៅ​អូស្ត្រាលី នៅថ្ងៃ​នេះ គឺ​ផ្តោតទៅលើ​ការសហការ​ជាមួយ​ក្រុមហ៊ុន​អ៊ីនធ័រនែត និង​សង្គម​ស៊ីវិល​នេះ​តែម្តង ដែល​តាមពិត​ដើរតួនាទី​សំខាន់ ក្នុង​ការផ្សព្វផ្សាយ ទប់ស្កាត់​យុវជន នៅ​អាស៊ី កុំ​ឲ្យ​ចាញ់​ឃោសនា ជឿ​តាម​មនោគមវិជ្ជា របស់​ពួក​ជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម។ រដ្ឋមន្រ្តី មក​ពី​ប្រទេស ចំនួន ២៥ ដូចជា ជប៉ុន ម៉ាឡេស៊ី វៀតណាម នូវែលហ្សេឡង់ និង​ក្រុមហ៊ុន​សំខាន់ៗ ដូចជា Google Facebook twitter ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​នៅក្នុង​សន្និសីទ​កំពូល​រយៈពេល​២​ថ្ងៃ នៅទីក្រុង​ស៊ីដនី។

 
តាម​រដ្ឋមន្រ្តី​យុត្តិធម៌​អូស្ត្រាលី ក្រុមភេរវនិយម ជាពិសេស​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម បាន​ប្រើ​អ៊ីនធ័រនែត បណ្តាញ​សង្គម​ហ្វេសប៊ុក ដើម្បី បំផុសបំផុល​មនោគមវិជ្ជា អ៊ីស្លាម​ជ្រុលនិយម និង​រើសបញ្ចូល​ទាហាន​បរទេស ទៅ​ក្នុង​ជួរកងទ័ព​របស់​ខ្លួន។ ដូច្នេះ សម្រាប់​នាយក​រដ្ឋមន្រ្តី​អូស្ត្រាលី តូនី អាបូត ការការពារ​ដ៏​មាន​ប្រសិទ្ធិភាព ទប់ទល់នឹង​ក្រុមភេរវនិយម គឺ​ការនិយាយ​ផ្សព្វផ្សាយ និង​បញ្ចុះបញ្ចូលថា ក្រុម​នេះ គ្មាន​អនាគត​រុងរឿង​នោះទេ។ អាច​និយាយ​ក្នុង​ន័យ​មួយទៀតថា អូស្ត្រាលី​ចង់​វាយប្រហារ​ទៅលើ​យុទ្ធសាស្រ្ត​របស់​ក្រុមជីហាត​ដែល​បាន​ប្រើ​បណ្តាញ​សង្គម ដើម្បី​អូសទាញ​សមាជិក​ទ័ព​របស់ខ្លួន។

កិច្ចប្រជុំ​កំពូល​ថ្នាក់​តំបន់ នៅ​អូស្ត្រាលី ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត ធ្វើឡើង នៅ​មួយ​ថ្ងៃ​ក្រោយ​ប្រធានាធិបតី អាមេរិក លោក​បារ៉ាក់ អូបាម៉ា​ប្រកាស​បញ្ជូន​ទ័ព​អាមេរិកាំង ៤៥០​នាក់ បន្ថែមទៀត សម្រាប់​ទៅ​ផ្តល់​ប្រឹក្សា និង​បណ្តុះបណ្តាល​ទាហាន​អ៊ីរ៉ាក់ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ជីហាត ក្នុង​ទឹកដី អ៊ីរ៉ាក់។ ជាសរុប អាមេរិក​បាន​បញ្ជូន​អ្នកជំនាញ​យោធា ជាង ៣៥៥០​នាក់ ឲ្យ​ទៅ​ផ្តល់​ប្រឹក្សា​យុទ្ធសាស្រ្ត​យោធា ដល់​កងទ័ព​អ៊ីរ៉ាក់ និង​ក្រុមប្រដាប់​អាវុធ ក្នុង​តំបន់​គ្រប់គ្រង​ដោយ​ពួកស៊ុននីត អ៊ីរ៉ាក់។

ជំនួប​កំពូល​ប្រភេទ​នេះ​ត្រូវ​បាន​រៀបចំ​ម្តងហើយ នៅ​ទីក្រុង​វ៉ាស៊ីនតោន កាលពី​ខែ​កុម្ភៈ ដើម​ឆ្នាំ ២០១៥។ កាលណោះ កិច្ចប្រជុំ​កំពូល មិន​បាន​សម្រេច ចេញ​វិធានការ​ជាក់ស្តែង ណាមួយ ដើម្បី ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាតទេ។ ប្រធានាធិបតី​អាមេរិក លោក​បារ៉ាក់ អូបាម៉ា​ផ្ទាល់​គ្រាន់តែ​ត្រឹម​ស្នើ​សុំ​ឲ្យ​ប្រទេស​ដែល​ចូលរួម ធ្វើ​យ៉ាងណា​ទប់ស្កាត់​កុំ​ឲ្យ​ក្រុមជីហាត អាច​រើស​ទាហាន​បរទេស ឲ្យ​ទៅ​ប្រយុទ្ធ​ក្នុង​ក្រុម​របស់ខ្លួន​តែប៉ុណ្ណោះ។

អូស្ត្រាលី​ជា​ផ្ទាំងស៊ីប​របស់​ក្រុម​ភេរវនិយម
អូស្ត្រាលី​បាន​ប្រកាស​ចាត់ទុក​គំរាមកំហែង​ពី​ក្រុមភេរវនិយម នៅក្នុង​កម្រិតខ្ពស់ បន្ទាប់ពី​មាន​អំពើភេរវកម្ម ទៅលើ​ហាង​កាហ្វេ មួយ នៅ ទីក្រុង​ស៊ីដនី កាលពី​ខែ​ចុងឆ្នាំ។ ជា​បន្តបន្ទាប់ អាជ្ញាធរ​អូស្ត្រាលី បាន​ប្រកាស​ឲ្យ​ដឹង​ពីការកម្ចាត់ទាន់ពេលវេលា​ផែនការ​ធ្វើភេរវកម្ម​ក្នុង​ទឹកដី​អូស្ត្រាលី។ អូស្ត្រាលី​រងអំពើភេរវកម្ម។ នេះ​មិនមែន​ជារឿងថ្មី និង​ភ្ញាក់ផ្អើល​សម្រាប់អូស្ត្រាលី។ អូស្ត្រាលី ដែល​មាន​ប្រជាជន​ស្លាប់​បាត់​ជីវិត​ច្រើន​ជាងគេ នៅក្នុង​អំពើ​ភេរវកម្ម នៅ​កោះបាលី ប្រទេស​ឥណ្ឌូណេស៊ី ឆ្នាំ ២០០២ បាន​ផ្តើម​យុទ្ធនាការ​ប្រយុទប្រឆាំង នឹង​ក្រុមភេរវកម្ម ដោយ​បាន​ចូលរួម​ជាមួយ​សម្ព័ន្ធមិត្ត​អាមេរិក ធ្វើ​សង្រ្គាម​នៅក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន និង​អ៊ីរ៉ាក់។

អូស្ត្រាលី​នៅ​បាន​បន្ត​ចូលរួម​ជាមួយ​អាមេរិក អាមេរិក នៅក្នុង​ប្រតិបត្តិការ​យោធា វាយប្រហារ​តាម​ផ្លូវអាកាស​ទៅលើ​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម ក្នុង​ប្រទេស​អ៊ីរ៉ាក់។ ចង់ ឬ​មិន​ចង់ អូស្ត្រាលី​បាន​ក្លាយ​ជា​សត្រូវ​របស់​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម។ ដើម្បី វាយបក​វិញ ក្រុមជីហាត​នេះ​បាន​ធ្វើការ​ឃោសនា តាម​អ៊ីនធ័រនែត ដើម្បី អំពាវនាវ​ឲ្យ​អ្នកកាន់សាសនា​អ៊ីស្លាម នៅ​ក្នុង​ប្រទេស​អូស្ត្រាលី សងសឹក​ឲ្យ​ខ្លួន។

រដ្ឋាភិបាល​អូស្ត្រាលី​ធ្លាប់​បាន​ប្រកាស​ថា មាន​ជនជាតិ​អូស្ត្រាលី​ជាង​១០០​នាក់កំពុង​ប្រយុទ្ធ​ឲ្យ​ក្រុម​ជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម នៅ​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់។ ដើម្បី​ទប់ស្កាត់​ចលនា​ជីហាតនិយម ក្នុងទឹកដី​អូស្ត្រាលី រដ្ឋាភិបាល​បាន​ពង្រឹង​ច្បាប់​ប្រឆាំង​ភេរវកម្ម ដែល​នៅក្នុង​នោះ ការធ្វើដំណើរ ដោយ​គ្មាន​មូលហេតុ ទៅ​តំបន់​ដែល​គ្រប់គ្រង​ដោយ​ក្រុមជីហាត ត្រូវ​ចាត់ទុក ជាអំពើភេរវកម្ម។ ថ្មីៗនេះទៀត រដ្ឋាភិបាល​អូស្ត្រាលី​កំពុង​ផ្តើម​ពិចារណា​ដក​សញ្ជាតិ​ពី​ជនជាតិ​អូស្ត្រាលី ដែល​មាន​សញ្ជាតិពីរ និង​ដែល​ត្រូវ​គេ​ដឹងថា កំពុង​ប្រយុទ្ធ​បម្រើ​ប្រយោជន៍​ឲ្យ​ក្រុមជីហាត។ ធ្វើ​ដូច្នេះ គឺ​ទប់ស្កាត់​កុំ​ឲ្យ​ក្រុមទាំងនោះ​ត្រលប់​ចូលមក​ធ្វើ​ភេរវកម្ម​ក្នុងទឹកដី​អូស្ត្រាលីវិញ។

តើអាស៊ី​នឹង​អាចរងគ្រោះថ្នាក់​ពី​ក្រុមជីហាត?
បើ​មើល​ទៅលើ​ទីតាំង​ភូមិសាស្រ្ត គេ​អាច​គិតថា អាស៊ី​ស្ថិតនៅ​ឆ្ងាយណាស់​ពីក្រុមជីហាត ដែល​កំពុង​ពង្រីក​ដែនដី​គ្រប់គ្រង​ក្នុងទឹកដី​ស៊ីរី និង​អ៊ីរ៉ាក់។ ប៉ុន្តែ ជាក់ស្តែង គេរកឃើញថា ទាហាន​បរទេស នៅក្នុង​ក្រុមជីហាត ប្រមាណ ១០០០​នាក់​មាន​ប្រភព​មក​ពី អាស៊ី ប៉ាស៊ីហ្វិក។ នេះបើតាម​មន្រ្តី​យោធា​ជាន់ខ្ពស់​អាមេរិក។ នៅក្នុងកិច្ចប្រជុំ​ថ្នាក់តំបន់​ស្តីពី​សន្តិសុខ កាលពី​ថ្ងៃ​ឧសភា មុន នាយករដ្ឋមន្រ្តី​សិង្ហបុរី​ផ្ទាល់​បាន​និយាយថា អាស៊ី​អាគ្នេយ៍​បាន​ក្លាយ​ជា​ទីតាំង​គន្លឹះ​ដែល​ក្រុមជីហាត​ប្រើ​ដើម្បី​រើសបញ្ចូល​សមាជិក​របស់ខ្លួន។ តាម​នាយករដ្ឋមន្រ្តី​សិង្ហបុរី យុវជន​ឥណ្ឌូណេស៊ី ជាង ៥០០​នាក់ កំពុង​ប្រយុទ្ធ​ជាមួយ​ក្រុមជីហាត។ អាជ្ញាធរ​សិង្ហបុរី រកឃើញ​ផងដែរថា មាន​ជនជាតិ​ម៉ាឡេស៊ី និង​សិង្ហបុរី​ជាច្រើន​នាក់​ទៀត ដែល​បាន​ចេញដំណើរ​ទៅប្រយុទ្ធ​កៀកស្មា​នឹង​ក្រុមជីហាត នៅ​ស៊ីរី។

បើទោះបី​ជា​គ្មាន​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម ប្រទេស​នៅ​អាស៊ី​ធ្លាប់​ស្គាល់​រង​អំពើភេរវកម្ម រួចទៅហើយ ជាពិសេស នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី និង​ហ្វីលីពីន ជាទី​ដែល​មាន​ពួកឧទ្ទាម​អ៊ីស្លាម​ជ្រុលនិយម ទាមទារ​ផ្តាច់​ទឹកដី​ពី​រដ្ឋាភិបាល។ នៅ​ឥណ្ឌូណេស៊ី ក្រុម ជេម៉ា អ៊ីស្លាមីយ៉ាស ជាក្រុមអ៊ីស្លាមជ្រុលនិយម ដែល​បាន​បង្ក​អំពើ​ភេរវកម្ម ទៅតាម​ការអំពាវនាវ​របស់​ក្រុមអាល់កៃដា ដើម្បី​ប្រឆាំង​នឹង​ប្រយោជន៍​លោក​ខាងលិច ឧទាហរណ៍ ដូចជា​នៅ កោះបាលី ជាដើម។ នៅ​ ហ្វីលីពីន ក្រុម​អាប៊ូ សាយ៉ាវ​ល្បី​ខាង​ចាប់​ជំរិត​មនុស្ស​យកលុយ និង​ធ្វើ​ចលនា​ប្រឆាំង​នឹង​រដ្ឋាភិបាល​រាប់ទសវត្សរ៍​មកហើយ។

ក្រុមអាប៊ូ សាយ៉ាវ បាន​ប្រកាស​ភ្ជាប់ខ្លួន ទៅនឹង​ក្រុមជីហាត នៃ​អង្គការ​រដ្ឋអ៊ីស្លាម នៅក្រោយ​ក្រុមនេះ​បាន​ប្រកាស​បង្កើត​រដ្ឋអ៊ីស្លាម​ក្នុង​ទឹកដីស៊ីរី និង​អ៊ីរ៉ាក់។ ក្រុមអាប៊ូ សាយ៉ាវ​ធ្វើដូច្នេះ ដើម្បី ទាមទារ​ការចាប់អារម្មណ៍ ពី​រដ្ឋាភិបាល​ហ្វីលីពីន។ នៅ​ម៉ាឡេស៊ី វិញ ក្រុមអ៊ីស្លាម​ជ្រុលនិយម ដែល​ដាក់​ឈ្មោះ​ខ្លួនឯង​ថា កាទីបា នូសាតារា ចង់​យក​គំរូតាម​ក្រុមជីហាត ដោយ​ចង់​បង្កើត​រដ្ឋអ៊ីស្លាម មួយ​នៅ​តំបន់​អាស៊ី ពោល​គឺ​អាច​លាតសន្ធឹង​ពី​សិង្ហបុរី ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី។ លើកលែង​តែ​ក្រុម​អ៊ីស្លាម​ប្រដាប់អាវុធ នៅ​ម៉ាឡេស៊ី ក្រុមអ៊ីស្លាម​ជ្រុលនិយម​នៅ​ឥណ្ឌូណេស៊ី ឬ​ហ្វីលីពីន ចង់​បង្កើត​រដ្ឋអ៊ីស្លាម ដោយ​ប្រើ​យុទ្ធសាស្រ្ត​ស្រទន់ គឺ​ប្រើ​មនោគមវិជ្ជា ប៉ុន្តែ មិនអាច​ប្រើ​អាវុធ ដណ្តើម​ដូចក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម​នោះទេ។ មូលហេតុ​នៅត្រង់ថា ចលនា​អ៊ីស្លាម​ជ្រុលនិយម នៅអាស៊ី នៅ​ខ្វះធនធាន​ថវិកា ហើយ​មិនតែ​ប៉ុណ្ណោះ ត្រូវ​រងការវាយប្រហារ ខ្ទប់​ជាប់​ជានិច្ច​ពី​រដ្ឋាភិបាលម្ចាស់ស្រុក។ ដរាបណា ប្រទេស នៅ​អាស៊ី នៅ​ជួប​ស្ថិរភាព​នយោបាយ គ្មាន​ការបែកបាក់ ផ្ទៃក្នុង គ្មាន​ការវាយប្រហារ​ទៅលើ​ប្រយោជន៍​អ្នកកាន់​សាសនា​អ៊ីស្លាម នោះ ចលនា​ជ្រុលនិយម ក៏​មិនងាយ​មាន​លទ្ធភាព​ប្រមូលមនុស្ស​ឲ្យ​ធ្វើ​សង្រ្គាម ដូចដែល​ពួកជីហាត កំពុង​ធ្វើ​នៅក្នុង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់នោះដែរ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ