អានតួអត្ថបទ
ចិន

កាសែត៖ ចិន​នឹង​មាន​សិទ្ធិ​វេតូ នៅក្នុង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី

កាសែត​អាមេរិកាំង Wall Street journal របស់​អាមេរិក​បាន​ចុះផ្សាយ នៅ​ថ្ងៃ​​អង្គារ​ទី ៩​មិថុនា ​​ថា ប្រទេស​ចិន ដែល​ជា​មេគំនិត​បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី នឹង​មាន​សិទ្ធិ​វេតូ នៅក្នុង​ការសម្រេចចិត្ត​សំខាន់​ៗ​របស់​ធនាគារ។ តាម​គម្រោង លក្ខន្តិកៈ​របស់​ធនាគារ នឹង​ត្រូវ​សរសេរ​ចប់​រួចរាល់ និង​ចុះ​ហត្ថលេខា​យល់ព្រមពី សមាជិក​ទាំង​៥៧ ប្រទេស នៅ​ចុងខែ​មិថុនានេះ។ តាម​ក្រសួង​សេដ្ឋកិច្ច​ចិន ធនាគារ​អាស៊ី វិនិយោគ ហេដ្ឋា​រចនាសម្ព័ន្ធ នឹង​អាច​ចាប់​ដំណើរការ នៅ​មុន​ដំណាច់​ឆ្នាំ ២០១៥នេះ។  

អនុរដ្ឋមន្រ្តី ចិន (ពាក់​វ៉ែនតា) លោក​Shi Yaobin​ជជែក​ជាមួយ​ភាគី​អឺរ៉ុប ជុំវិញ សេចក្តី​ព្រាង​លក្ខន្តិកៈ​របស់​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី នៅ​ទីក្រុង​សិង្ហបុរី ថ្ងៃទី ២០​ឧសភា ២០១៥
អនុរដ្ឋមន្រ្តី ចិន (ពាក់​វ៉ែនតា) លោក​Shi Yaobin​ជជែក​ជាមួយ​ភាគី​អឺរ៉ុប ជុំវិញ សេចក្តី​ព្រាង​លក្ខន្តិកៈ​របស់​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី នៅ​ទីក្រុង​សិង្ហបុរី ថ្ងៃទី ២០​ឧសភា ២០១៥ © REUTERS/Edgar Su
ផ្សាយពាណិជ្ជកម្ម

តាម កាសែត អាមេរិកាំង Wall Street journal ដែល​បាន​ដកស្រង់​សំដី​របស់​អ្នកស្និទ្ធ​នឹង​ឯកសារ គឺ នៅក្នុង​លក្ខន្តិកៈ​របស់​ធនាគារ ការសម្រេចចិត្ត​ធំៗ នៅក្នុង​ធនាគារ វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី នឹង​ផ្តល់​អាទិភាព​ទៅ​ឲ្យចិន រួម​ទាំង​សិទ្ធិ​ធ្វើ​វេតូ ដើម្បី​ប្រឆាំង​នឹង​ការសម្រេច​ណាមួយ របស់​ក្រុមប្រឹក្សា​រដ្ឋបាល។

 
ចិន​ដាក់​ទុន​វិនិយោគ ៣០​ពាន់​លាន​ដុល្លារ គឺ​ស្មើ ៣០ភាគរយ នៃ​ទុន​សរុប​របស់​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី។ កន្លងមក ក្នុង​គោលដៅ ទាក់ទាញ​ប្រទេស​ផ្សេងទៀត ឲ្យ​ចូលរួម​វិនិយោគ​ក្នុង​ធនាគារ​របស់ខ្លួន ទីក្រុង​ប៉េកាំង បាន​ប្រកាស​ហើយ​ថា ខ្លួន​មិន​ចង់​បាន​សិទ្ធិ​ធ្វើ​វេតូ​នោះទេ។ គឺ​នយោបាយ​បើកចំហរ និង​ការមិន​ចង់​បាន​សិទ្ធិ​ផ្តាច់មុខ របស់​ចិន នៅក្នុង​ស្ថាប័ន​ធនាគារ​ថ្មី​នោះហើយ ដែល​បាន​ទាក់ទាញ ប្រទេស​ដល់​៥៧​ប្រទេស ជាពិសេស បណ្តា​ប្រទេស​អឺរ៉ុប ឲ្យ​ទៅ​ចូលរួម​បោះទុន​វិនិយោគ​ក្នុង​ធនាគារ​ចិន។

បើសិន ជា​ដំណឹង​ចុះផ្សាយ នេះ​ជារឿងពិត គេ​នឹង​អាច​ចោទ​សំណួរ​ថា តើ​ចិន​មាន​ធ្វើ​អ្វី​ខុសប្លែក​ពី​អាមេរិក ទៅ? ចិន​ធ្លាប់​រិះគន់​ពី​អាមេរិក ដែល​តែង​តែ​ប្រើ​សិទ្ធិ​វេតូ នៅ​ក្នុង​ការសម្រេច​របស់​ធនាគារ​ពិភពលោក និង​មូលនិធិរូបិយវត្ថុ​អន្តរជាតិ ដែល​អាមេរិក​មាន​ទុន​វិនិយោគ​ច្រើនជាងគេ។

ចិន និង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ទើប​រីកលូតលាស់ ធ្លាប់​បាន​ទាមទារ​ជា​ច្រើន​លើក ដើម្បី​ឲ្យ​គេ​ធ្វើ​កំណែទម្រង់ នៅក្នុង​ស្ថាប័ន​ហិរញ្ញប្បទាន ពិភពលោក​ទាំងពីរ ជា​ពីសេស នៅ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ពោល​គឺ​ចិន​ចង់​ឲ្យ​មាន​ការចែករំលែក​អំណាច មិនមែន​មាន​តែ​អាមេរិក ជា​អ្នក​មាន​សិទ្ធិ​ផ្តាច់មុខ​តែម្នាក់ឯង នោះទេ។ ប៉ុន្តែ ការទាមទារ​រាល់​របស់​ចិន ទទួល​បរាជ័យ ដោយសារ​តែ​សភា​របស់​អាមេរិក តែងតែ​បោះឆ្នោត ប្រឆាំង​មិន​ឲ្យ​គេ​ធ្វើ​កំណែទម្រង់ នៅក្នុង​ស្ថាប័ន​អន្តរជាតិ ទាំងពីរ​ដែល​រហូតមក​ដល់ពេល​នេះ ស្ថិតនៅក្នុង​កណ្តាប់ដៃ គ្រប់គ្រង​របស់​អាមេរិក។

ទីក្រុង​ប៉េកាំង​ធ្លាប់​បាន​អះអាងថា គេ​បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី មិនមែន​បង្កើតឡើង ដើម្បី ធ្វើ​ជា​សត្រូវ ប្រកួតប្រជែង​ជាមួយ​ធនាគារ​ពិភពលោក ឬ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ដែល​មាន​រួចស្រាប់ ហើយ ដែល​ដឹកនាំ​ដោយ​អាមេរិក​និង​ជប៉ុន​នោះ​ទេ។ ប៉ុន្តែ សម្រាប់​ជួយ​បំពេញ​ការខ្វះខាត​ទុន​វិនិយោគ ខាង​ផ្នែក​ហេដ្ឋា​រចនាសម្ព័ន្ធ ដែល​អាស៊ី​កំពុង​ជួបប្រទះ។ នេះ​ជា​ដំណឹង​ល្អ ព្រោះថា អាស៊ី នៅ​ខ្វះខាត​ទុន​វិនិយោគ​ច្រើនណាស់។ តាម​ធនាគារ​អភិវឌ្ឍ​អាស៊ី អាស៊ី​ត្រូវការ​ទុន​ ប្រមាណ ៨ពាន់ ពាន់​លាន​ដុល្លារ សម្រាប់​វិនិយោគ​លើ​ហេដ្ឋា​រចនាសម្ព័ន្ធ ទូរគមនាគមន៍ និង​ថាមពលពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០២០។ ធនាគារ​អភិវឌ្ឍន៍​អាស៊ី ដែល​មាន​ទុន​វិនិយោគ​ផ្តាច់មុខ​របស់​ជប៉ុន និង​អាមេរិក តែម្នាក់ឯង​មិន​អាច​ឆ្លើយតប​នឹង​តម្រូវការ​នៅ​អាស៊ី​បានទេ។

ព្រួញមួយ បាញ់​បាន​សត្វពីរ
តាំងពី​ដំបូងទី អាមេរិក​មើលឃើញថា ចិន​ចង់​ប្រើ​ធនាគារ​ទើប​បង្កើតថ្មី ដើម្បី ប្រជែង​នឹង​ស្ថាប័ន​អន្តរជាតិ​ដែល​មាន​ស្រាប់ ដែល​ដឹកនាំ​ដោយ​អាមេរិក និង​ជប៉ុន ដូចជា​ធនាគារ​ពិភពលោក មូលនិធិរូបិយវត្ថុ​អន្តរជាតិ និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ជាដើម។ ទីក្រុង​វ៉ាស៊ីនតោន អាមេរិក​ធ្លាប់​បាន​ព្រមាន​ទុកមុន​ថា ធនាគារ​ដែល​ចិន បង្កើតថ្មី នឹង​ខ្វះ​តម្លាភាព ហើយ​និង​ផ្តល់ទុន​ដោយ​មិន​ខ្វល់ មិន​ទាមទារ​ដាក់គំនាប​ឲ្យ​រដ្ឋាភិបាល​ប្រទេស​កូនបំណុល ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស ដូចដែល​ធនាគារ​ពិភពលោក​តែងតែ​ធ្វើ​នោះទេ។ ប៉ុន្តែ ការព្រមាន​របស់​អាមេរិក​នៅតែ​មិនអាច​ទប់ស្កាត់​សម្ព័ន្ធមិត្ត​របស់​អាមេរិក ដូចជា​អង់គ្លេស អាល្លឺម៉ង់ កូរ៉េខាងត្បូង ឬ​អូស្ត្រាលី ដែល​បាន​ប្រកាស​ជា​បន្តបន្ទាប់ ចូលរួមដាក់​ទុន​វិនិយោគ​ក្នុង​ធនាគារ​របស់​ចិន។

ក្រៅតែ​ពី​ប្រកួតប្រជែង​នឹង​ធនាគារ​របស់​ពិភពលោក អាមេរិក​ផ្ទាល់​បារម្ភ​ថា ចិន​នឹង​អាច​យក​ធនាគារ​វិនិយោគហេដ្ឋា​រចនាសម្ព័ន្ធ ទៅ​បម្រើ​ផលប្រយោជន៍​ភូមិសាស្រ្ត​នយោបាយ​របស់ខ្លួន។ ចិន​កំពុង​ធ្វើ​នយោបាយ ពង្រីកឥទ្ធិពល​របស់ខ្លួន ដោយ​បាន​ផ្តើម​សាងសង់​ផ្លូវ​គមនាគមន៍ ពីរ មួយ ឆ្ពោះទៅ​ភ្ជាប់ អឺរ៉ុប និង​មួយទៀត សំដៅ​អាស៊ី​ខាងលិច។ តាម​ការគន់គូរ​របស់​អ្នកជំនាញ​សេដ្ឋកិច្ច ចិន នឹង​អាច​អូសទាញ​យក​ទុន​វិនិយោគ​របស់​ធនាគារ ដែល​ទើប​បង្កើតថ្មី ទៅ​បម្រើ​នយោបាយ​សាងសង់ ផ្លូវ​សូត្រ Silk road ដែល​ចិន ចង់​ភ្ជាប់ទៅ​អឺរ៉ុប និង​អាស៊ី​ខាងលិច​នោះឯង។ មួយវិញទៀត បើទោះបី​ជា​ធនាគារ​វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ នឹង​ត្រូវផ្តល់​ទៅ​ឲ្យ​អាស៊ី​ពិតមែន ប៉ុន្តែ ចិន ក្នុងនាម​ជា​អ្នកដាក់ទុន​ច្រើន​ជាងគេ​នៅក្នុង​ធនាគារ នឹង​មាន​សិទ្ធិ​ច្រើន អាច​ដាក់​កំណត់ ទាមទារ​ឲ្យ​អ្នកមក​ខ្ចីទុន ត្រូវ​តែ​ទទួល​យក ទាំង​បច្ចេកវិទ្យា វត្ថុធាតុដើម ឬ​រួម​ទាំង​មនុស្សធ្វើការ​របស់​ចិន សម្រាប់​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ។ ធ្វើដូច្នេះ គឺ​ជួយ​ដល់​សេដ្ឋកិច្ច​របស់​ចិន​ច្រើនណាស់ ព្រោះថា ចិន​បាន​នាំចេញ​ទាំង​ធនធាន​មនុស្ស និង​វត្ថុធាតុ​ដើម​របស់​ចិន ដូចជា​ស៊ីម៉ង់ ដែក ដែល​ចិន កំពុង​មានច្រើន​លើស​តម្រូវការ​ក្នុង​ស្រុក។

ជារួម តាមរយៈ ធនាគារ​វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​នឹង​អាច​ឲ្យ​ចិន​ចំណេញ​នយោបាយ​ពីរ គឺ​មួយ​ដើម្បី​ប្រកួតប្រជែង​ដណ្តើម​ឥទ្ធិពល​ពី​អាមេរិក​ដែល​ធ្លាប់​តែ​ដើរតួនាទី​ផ្តាច់មុខ នៅក្នុង​ស្ថាប័ន​អន្តរជាតិ និង​មួយទៀត ចិន​អាច​យក​ធនាគារ​ថ្មី​ទៅ​បម្រើ​ផលប្រយោជន៍ សេដ្ឋកិច្ច​ផ្ទាល់​របស់​ចិន។ អាច​និយាយ​បាន​ថា វិនិយោគ ហេដ្ឋា​រចនាសម្ព័ន្ធ​អាស៊ី គឺ​វិនិយោគ លើ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ចិន​នេះឯង៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ