អានតួអត្ថបទ

ប្រតិបត្តិការ​សង្រ្គោះ​ស្មុគស្មាញ​ក្នុង​គ្រោះ​រញ្ជួយដី​លើកទី២​នៅ​នេប៉ាល់

មិនដល់​៣សប្តាហ៍​ផង ក្រោយ​ពី​​រងគ្រោះ​ដោយ​គ្រោះរញ្ជួយដី​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​រហូតដល់​ទៅ​ជាង ៨ពាន់​នាក់ នេប៉ាល់​បាន​រងគ្រោះ​ដោយ​ការ​រញ្ជួយដី​ដ៏ធំ​មួយ​ទៀត​ ​កម្រិត ៧,៣​រ៉ិចទ័រ កាលពីថ្ងៃ​អង្គារ។ គ្រោះរញ្ជួយដីថ្មីនេះ​បាន​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​ជាង ៨០នាក់ ហើយ​ប្រតិបត្តិការ​សង្រ្គោះ​ត្រូវ​បាន​គេ​ចាប់ផ្តើម​បើក​ធ្វើឡើងវិញ ក៏ប៉ុន្តែ កំពុងតែ​ជួប​នឹង​បញ្ហា​ស្មុគស្មាញ​ខ្លាំង។

អគារ​នៅ​នេប៉ាល់​​ដែល​រងការខូចខាត​ដោយ​គ្រោះរញ្ជួយដី​ ៧,៣រ៉ិចទ័រ កាលពីថ្ងៃអង្គារ ១២ឧសភា ២០១៥
អគារ​នៅ​នេប៉ាល់​​ដែល​រងការខូចខាត​ដោយ​គ្រោះរញ្ជួយដី​ ៧,៣រ៉ិចទ័រ កាលពីថ្ងៃអង្គារ ១២ឧសភា ២០១៥ REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

 

បញ្ហា​ស្មុគស្មាញ​នៃ​ប្រតិបត្តិការ​សង្រ្គោះ​ក្នុង​សង្រ្គោះ​រញ្ជួយដី​ថ្មីនេះ គឺ​ដោយសារ​តែ​ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជួន​ ដែល​ត្រូវ​ទទួលរងការខូចខាត​ស្រាប់​ក្នុងគ្រោះរញ្ជួយដី​ កាល​ពី​ថ្ងៃ​ទី២៥​មេសា ត្រូវ​រងការ​ខូចខាត​កាន់តែ​ខ្លាំង​ថែម​ទៀត ដែល​ធ្វើ​ឲ្យ​ក្រុម​សង្រ្គោះ​ពិបាក​នឹង​ធ្វើ​ដំណើរ​ទៅជួយ​ជនរងគ្រោះ។

កាលពីថ្ងៃ​អង្គារ​ឧទ្ធម្ភាគចក្រ​មួយគ្រឿង​របស់​កងម៉ារីន​អាមេរិក ដែល​មាន​ដឹក​ទាហាន​អាមេរិក ៦នាក់ និង​ទាហាន​នេប៉ាល់ ២នាក់ បាន​បាត់​ការទាក់ទង នៅ​ក្នុង​ពេល​កំពុង​ដឹកជញ្ជូន​ជំនួយ​ទៅ​ជួយ​ជនរងគ្រោះ​ក្នុង​តំបន់​រញ្ជួយដី។ ប្រតិបត្តិការ​ស្វែងរក​ឧទ្ធម្ភាគចក្រ​នេះ​ត្រូវ​បាន​បើក​ធ្វើ ទាំង​តាម​ផ្លូវគោក និង​ផ្លូវអាកាស​ តាំង​ពី​ល្ងាច​ថ្ងៃ​អង្គារ រហូត​មក​ទល់​នឹង​ល្ងាច​ថ្ងៃ​ពុធ​នេះ ក៏ប៉ុន្តែ គេ​នៅតែ​មិន​មាន​តម្រ៉ុយ​ណាមួយ​នៅឡើយ។

គួរបញ្ជាក់ថា ការរញ្ជួយដី​កាល​ពីថ្ងៃអង្គារ​ម្សិលមិញ​នេះ មាន​ចំណុច​រញ្ជួយ​ស្ថិត​នៅ ប្រមាណ​ជា ៧៦គីឡូម៉ែត្រ​ខាង​កើត​រដ្ឋធានី​កដ្ឋមណ្ឌូ ក៏ប៉ុន្តែ កម្លាំង​រញ្ជួយ​បាន​សាយភាយ​រហូតទៅដល់​ទីក្រុង​ញូវដេលី​ប្រទេស​ឥណ្ឌា ហើយ​ព្រមទាំង​ធ្វើ​ឲ្យ​រលំបាក់អគារ​រហូត​ដល់​តំបន់ទីបេ​ក្នុង​ប្រទេស​ចិន។ គ្រោះរញ្ជួយដីលើកទី២​នេះ​ក៏​បាន​សម្លាប់​មនុស្ស នៅ​ទីបេ និង​នៅ​ប៉ែក​ខាងជើង​ប្រទេស​ឥណ្ឌា​ផងដែរ។ គិតជាសរុប ការរញ្ជួយ​ដី​ទាំងពីរ​លើកនេះ​បាន​សម្លាប់​មនុស្ស​រហូតដល់​ទៅ​ជាង ៨ពាន់​នាក់។

ក្រុម​អ្នក​វិទ្យាសាស្រ្ត​ជាច្រើន​បាន​អះអាង​ថា ការរញ្ជួយដី​កាល​ពីថ្ងៃ​អង្គារ​នេះ កើតឡើង​ពី​ឥទ្ធិពល​នៃ​ការ​រញ្ជួយដី​លើកទី១ កាល​ពីថ្ងៃ​ទី២៥​មេសា ហើយ​ថា ការរញ្ជួយដី​ខ្លាំង​កម្រិត​លើស​ពី ៧រ៉ិចទ័រ អាច​នឹង​កើតមាន​ឡើង​ជាថ្មី​ទៀត​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ ​នៅក្នុង​ប្រទេស​​នេប៉ាល់ ឬ​នៅ​ក្នុង​តំបន់​ក្បែរៗ​នោះ គ្រាន់តែ​គេ​មិន​អាច​ដឹង​មុន​ថា​វា​នឹង​កើតឡើង​នៅ​ពេលណា​ពិតប្រាកដ​តែប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ