អានតួអត្ថបទ
ថៃ

បាតុកម្ម​ប្រឆាំង​ឯកអគ្គរដ្ឋទូត​អាមេរិក​នៅប្រទេស​ថៃ

ប្រជាជន​ថៃ​ប្រមាណ ២០០​នាក់ នៅថ្ងៃ​សុក្រ​នេះ​បាន​ប្រមូល​គ្នា ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​អាមេរិក ក្នុង​ទីក្រុង​បាងកក។ បាតុករ ដែល​ដឹកនាំ​ដោយ​ព្រះសង្ឃ​ថៃ​មួយអង្គ បាន​ស្រែក​ប្រឆាំង​ឯកអគ្គរដ្ឋទូត​អាមេរិក​ដែល​បាន​លើកឡើង​ពីការកើនឡើង​នៃ​ការចាប់​ដាក់ឃុំ​មនុស្ស នៅ ប្រទេស​ថៃ ក្នុង​បទ​ចោទ​ប្រកាន់ រំលោភ​ច្បាប់​ជេរប្រមាថ​ព្រះមហាក្សត្រ។ 

ប្រជាជន​ថៃ ដែល​គាំទ្រ​រាជានិយម​ធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​អាមេរិក​ក្នុង​ក្រុង​បាងកក ថ្ងៃទី ២៧​វិច្ឆិកា ២០១៥
ប្រជាជន​ថៃ ដែល​គាំទ្រ​រាជានិយម​ធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​អាមេរិក​ក្នុង​ក្រុង​បាងកក ថ្ងៃទី ២៧​វិច្ឆិកា ២០១៥ ©NICOLAS ASFOURI / AFP
ផ្សាយពាណិជ្ជកម្ម

“កុំលូកដៃ​ចូលក្នុង​កិច្ចការផ្ទៃក្នុង​របស់​ថៃ។ យើង​ស្រឡាញ់​ព្រះមហាក្សត្រ​ជាង​ជីវិត​យើង​ទៅ​ទៀត"។ នេះ​ជា​អក្សរ​ដែល​អ្នកកាសែត​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP​ឃើញមាន​សរសេរ​នៅ​លើ​បដា​របស់​បាតុករ ថៃ ដែលរួម គ្នា​តវ៉ា​នៅមុខ​ស្ថានទូត​អាមេរិក ក្នុង​ទីក្រុង​បាងកក។ បាតុកម្ម​នៅ​ថ្ងៃ​សុក្រ​នេះ​ធ្វើឡើង​ដើម្បី​ប្រតិកម្ម​ប្រឆាំង​ឯកអគ្គរដ្ឋទូត​អាមេរិក លោក​Glyn T Davies ដែល​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោក​មាន​ការព្រួយ​បារម្ភ​ពី​ការដាក់ទោស​រយៈពេល​វែងៗ​ទៅលើ​ប្រជាជន ដែល​ត្រូវ​តុលាការ​យោធា​ថៃ ចោទ​ក្នុង​បទ​រំលោភ​ច្បាប់​ជេរប្រមាថ​ព្រះមហាក្សត្រ។ លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ បាន​បន្ថែមថា “យើង​គិត​ថា គ្មាន​នរណា​ម្នាក់ ដែល​ត្រូវចាប់​ដាក់​ពន្ធនាគារ ដោយសារ​តែ​បាន​សំដែង​បញ្ចេញមតិ​របស់ខ្លួន​ដោយ​សន្តិភាព​នោះទេ”។

 
នៅ​មុខ​ក្រុម​បាតុករ​ស្លៀកពាក់​ពណ៌​លឿង ដែល​ផ្តុំគ្នា នៅ​មុខ​ស្ថានទូត​អាមេរិក ព្រះសង្ឃ​ថៃ លួង ពូពុដា អ៊ីសារ៉ា បាន​អាន​លិខិត​ថ្កោលទោស​សំដី​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ​ប្រទេស​ថៃ។ “អាមេរិក​គ្មានសិទ្ធិ គ្មាន​អំណាច លូកដៃ​ចូល​ក្នុង​កិច្ចការ​របស់​ថៃ។ ថៃ​មិនមែន​ជា​ទាសករ​របស់​អាមរិកទេ។ ព្រះមហាក្សត្រ​ជា​និមិត្តរូប​ជាទី​សក្ការៈ ខ្ពង់ខ្ពស់ ដែល​ប្រជាជន​ថៃ​ត្រៀម​នឹង​បូជា​ជីវិត​ដើម្បី​ការពារ”។

ព្រះសង្ឃ​អ៊ីសារ៉ា ត្រូវ​បាន​គេ​ស្គាល់​មុខ​ជា​មេដឹកនាំ​ចលនា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស៊ីវិល របស់​លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត ក្នុង​មហាបាតុកម្ម ដែល​ត្រូវ​បិទបញ្ចប់​ដោយ​រដ្ឋប្រហារ និងការចូល​កាន់​អំណាច​របស់​ក្រុមយោធា នៅ​ឆ្នាំ ២០១៤។ លោក​នាយករដ្ឋមន្រ្តី​ប្រាយុទ្ធ ចាន់អូចា ដែល​បាន​បោះបង់​ឯកសណ្ឋាន មេទ័ព​ថៃ ដើម្បី​ចូល​ដឹកនាំ​រដ្ឋាភិបាល​អន្តរកាល នៅថ្ងៃ​សុក្រ​នេះ​បាន​ចាក់សាំង​បន្ថែម​លើ​ភ្លើង ដោយ​លោក​បាន​និយាយ​ថា អ្វីៗ​គឺ​ស្ថិតនៅលើ​ឯកអគ្គរដ្ឋទូត​អាមេរិក។ ប្រតិកម្ម​ទៅ​នឹង​ការថ្លែង​របស់លោក Glyn T Davies ​លោក​នាយករដ្ឋមន្រ្តី​ថៃ​បាន​និយាយ​ថា លើកក្រោយៗ ទូត​អាមេរិក​មិនចាំបាច់​បញ្ជូន​មនុស្ស​ឲ្យ​មកនិយាយ​ពី​ការដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​លោក​នោះ​ទេ។

នៅមុន​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល ចេញមក​ពីការបោះឆ្នោត អាមេរិក​និង​ថៃធ្លាប់​ជា​សម្ព័ន្ធ​មិត្ត​យោធា​នឹង​គ្នា។ ប៉ុន្តែ ទំនាក់​ទំនង​ការទូត​អាមេរិក និង​ថៃ បាន​ជួប​ភាពតានតឹង នៅក្រោយ​អាមេរិក​រិះគន់​ជាញយដង ការអនុវត្ត​ច្បាប់​ជេរប្រមាថ​ព្រះមហាក្សត្រ សម្រាប់​ចាប់ដាក់​ឃុំ​ក្រុមប្រឆាំង។ អាមេរិក​នៅ​បាន​ទាមទារ​ឲ្យ​ថៃ​វិល​ត្រលប់​មក​ផ្លូវ​ប្រជាធិបតេយ្យត តាមរយៈ​ការបោះឆ្នោត សេរី។ ការរិះគន់​មិនឈប់ឈរ​របស់​អាមេរិក​បាន​រុញច្រាន​រដ្ឋាភិបាល​ថៃ ទៅ​ខិតចូល​ចិន នៅពេល​គេ​ឃើញ លោកនាយករដ្ឋមន្រ្តី​ថៃ ប្រាយុទ្ធ ចាន់អូចារ ធ្វើទស្សនកិច្ច​ជាច្រើន​ទៅ​ប្រទេស​ចិន នៅក្រោយ​ធ្វើ​រដ្ឋប្រហារ ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ