អានតួអត្ថបទ
យន្តហោះ​ម៉ាឡេស៊ីMH17

រុស្ស៊ី​វេតូ​ប្រឆាំង​មិន​ឲ្យ​បង្កើត​តុលាការ​ជំនុំជម្រះ​អ្នកទទួល​ខុសត្រូវ​ធ្វើ​ឲ្យ​ផ្ទុះធ្លាក់​យន្តហោះ​ម៉ាឡេស៊ី

នៅថ្ងៃពុធទី ២៩​កក្កដា ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​បាន​បន្ត​កិច្ចប្រជុំ និង​អនុម័ត​គម្រោង សេចក្តីសម្រេចស្តីពី​ការបង្កើតសាលាក្តីពិសេស​អង្គការសហប្រជាជាតិ ដើម្បីជំនុំជម្រះ​អ្នកដែល​ទទួលខុសត្រូវ​លើមហន្តរាយ​នៃយន្តហោះMH17របស់ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី Airlines ដែលបានត្រូវគេបាញ់ធ្លាក់​កាលពីថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៤នៅភាគខាងកើត​ប្រទេសអ៊ុយក្រែន។ 

រុស្ស៊ី​វេតូ ប្រឆាំង​មិន​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ចេញ​សេចក្តី​សម្រេច​បង្កើត​តុលាការ​កាត់ទោស​អ្នកទទទួល​ខុសត្រូវ​លើ​ការបាញ់​ធ្លាក់​យន្តហោះ MH17
រុស្ស៊ី​វេតូ ប្រឆាំង​មិន​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ចេញ​សេចក្តី​សម្រេច​បង្កើត​តុលាការ​កាត់ទោស​អ្នកទទទួល​ខុសត្រូវ​លើ​ការបាញ់​ធ្លាក់​យន្តហោះ MH17 REUTERS/Mike Segar
ផ្សាយពាណិជ្ជកម្ម

ការបង្កើត​តុលាការ​អន្តរជាតិ​មួយនេះ មិនមែន​ជា​ការទាមទារ​តែ​ប្រទេស​ម៉ាឡេស៊ី​តែម្នាក់​ប៉ុណ្ណោះទេ ប៉ុន្តែ ក៏​ជា​ការទាមទារ​ដោយ​ប្រទេស​ហូឡង់ អូស្ត្រាលី បែលហ្ស៊ិក និងអ៊ុយក្រែន​ផងដែរ។ ប្រទេស​ទាំងនេះ​ត្រូវបាន​គាំទ្រ​ដោយ​ទីក្រុងឡុងដ៍ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុង​ប៉ារីស​ដែល​បាន​ចោទប្រកាន់​ក្រុមឧទ្ទាម​អ៊ុយក្រែន​គាំទ្រ​រុស្ស៊ី និងផ្គត់ផ្គង់​ដោយរុស្ស៊ីថា បាន​បំផ្លាញ​យន្តហោះ​MH17នេះ។

 
រីឯ ប្រទេសរុស្ស៊ី​បានជំទាស់​តាំងពី​ដំបូង​ម្ល៉េះ ចំពោះ​ការបង្កើត​តុលាការ​នេះ និង​បាន​អំពាវនាវ​ឲ្យ​បញ្ចប់​ការស៊ើបអង្កេត​លើ​ការធ្លាក់យន្តហោះ​នេះ​ជាមុនសិន។ ហើយ រុស្ស៊ី​ក៏បាន​ស្នើទៅ​ទីក្រុង ញូវយ៉ក នូវ​គម្រោង​សេចក្តី​សម្រេចថ្មី​មួយ​ផ្សេងទៅវិញ ដែលក្នុងនោះ​មិនមាន និយាយ​ពីការបង្កើត តុលាការ​នោះទេ ដោយគ្រាន់តែ​ស្នើ ពន្លឿន​ការអង្កេត​ធ្វើឡើង ដោយក្រុម​ប្រទេស​ចំនួនប្រាំ (ហូឡង់ អូស្រ្តាលី បែលហ្ស៊ិក, ម៉ាឡេស៊ី, អ៊ុយក្រែន) តែប៉ុណ្ណោះ។ គម្រោង​សេចក្តីសម្រេច​ស្នើ​ដោយ​ក្រុងម៉ូស្គូ នេះ​ទទួល​បាន​ការគាំទ្រពី វេណេស៊ុយអេឡា និង​ប្រទេស​ចិន។ ឯ ការព្យាយាម​ចរចា ដើម្បី​ច្របាច់​បញ្ចូល​គ្នា រវាង​គម្រោងនេះ និង​ការបង្កើត​សាលាក្តី​ពិសេស រហូតមក​ដល់ពេលនេះ​ត្រូវ​បានបរាជ័យ។

ទន្ទឹមនឹង​នោះ កាលពីថ្ងៃពុធ តាមខ្សែ​ទូរស័ព្ទលោក​នាយករដ្ឋមន្ត្រី ប្រទេស​ហូឡង់លោក Mark Rutte បានជំរុញ លោកប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀរពូទីន​ឱ្យ​ទទួល​យក​ការបង្កើត​សាលាក្តី​ពិសេស​អង្គការសហប្រជាជាតិនេះ តែ​មិនបាន​សម្រេច។ ក្នុងសេចក្តី​ថ្លែងការណ៍​មួយ​របស់វិមានក្រេមឡាំង លោកពូទីន​បានគូស​បញ្ជាក់ថា៖ "ប្រទេសរុស្ស៊ី​នៅតែបន្ត​ជឿថា ការបង្កើតតុលាការ​មួយបែបនេះ គឺមិនមែន​ជាវិធី​ដ៏ល្អ​បំផុត​ឆ្ពោះ​ទៅមុខ​នោះទេ"។

ទីបំផុតទៅ នៅ​ល្ងាច​ថ្ងៃ​ពុធ ការបោះឆ្នោត ដោយក្រុមប្រឹក្សសន្តិសុខ​បានប្រព្រឹត្ត​ទៅ​ដោយ បាន​លទ្ធផល​១១សម្លេងគាំទ្រ ៣សម្លេង​អនុបវាទ(ចិន អង់ហ្គោឡា និង​វេណេស៊ុយអេឡា) និង១​សម្លេង​ប្រឆាំង​របស់​រុស្ស៊ី​ដែល​ប្រើ​សិទ្ធិវេតូ មិន​ឲ្យ​សេចក្តីសម្រេចនេះ​ត្រូវបានអនុម័ត គឺដូចជា​អ្វី​ដែល​លោកខាងលិច​បានគិតទុក​មុន​រួចជាស្រេច។

គួររំលឹកថា សោកនាដកម្ម ជើងហោះហើរ MH17 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី Airlines កាលពី ខែកក្កដាឆ្នាំ២០១៤ កន្លងទៅ នៅភាគខាង​កើត​ប្រទេសអ៊ុយក្រែន សម្លាប់មនុស្ស​ចំនួន២៩៨នាក់​ដោយ រួមទាំង​អ្នកបម្រើការ​លើ​យន្តហោះ​ផងដែរ ហើយដែល​ក្នុងនោះ​អ្នកដំណើរ​ភាគច្រើន​សញ្ជាតិ​ហូឡង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ