ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/07 12h00 GMT
អាស៊ី

អង្គការ​សុខភាព​ពិភពលោក៖ សាច់សត្វ​នឹង​បង្ក​ឲ្យ​កើត​មាន​ជម្ងឺមហារីក

media តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក ចេញ​ថ្ងៃទី ២៦​តុលា សាច់ក្រហម​ជា​ភ្នាក់ងារ​បង្ក​ឲ្យ​កើត​រោគមហារីក allocine.fr/screenshot RFI

សាច់គោ សាច់ជ្រូក សាច់​ក្រក ឬ​សាច់​គោ​ងៀត គឺ​ជា​ប្រភព​ធ្វើ​ឲ្យ​កើត​ជម្ងឺ​មហារីក។ តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក ចេញផ្សាយ កាលពី​ថ្ងៃ​ចន្ទ បរិភោគ​សាច់ គោ ច្រើន​នឹង​ធ្វើ​ឲ្យ​គេ​ប្រឈម​នឹង​ការកើត​ជម្ងឺ​មហារីក។ របាយការណ៍​របស់​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​ត្រូវ​បាន​ក្រុមប្រទេស​ផលិត​សាច់ រុញច្រាន​ចោល​ទាំងស្រុង។

 

នៅក្នុង​របាយការណ៍​របស់​ទីភ្នាក់ងារ​ជម្ងឺមហារីក​នៃ​អង្គការ​សុខភាព​ពិភពលោក រាល់​សាច់​ដែល​គេ​ច្នៃ យក​ទៅ​ធ្វើ​ជា​សាច់ក្រក សាច់ងៀត​គោ និង​សាច់​ផ្សេងទៀត លើកលែង​តែ​សាច់​សត្វ​ស្លាប ចេញ នឹង​បង្ក​ឲ្យ​កើតមាន​រោគមហារីក។ ដោយ​ផ្អែក​ទៅលើ​ការសិក្សា​ជាង ៨០០ ទីភ្នាក់ងារ​ជម្ងឺមហារីក​របស់​អង្គការ​សុខភាព​ពិភពលោក បាន​ចាត់ចូល​សាច់ដែល​គេ​យកទៅ​ច្នៃ ដូចជា​សាច់ក្រក​ជាដើម ទៅក្នុង​ប្រភេទ​ភ្នាក់ងារ ដែល​អាច​បង្ក​ឲ្យ​កើតមាន​ជម្ងឺ​មហារីក។ ចំណែក​សាច់ជ្រូក ឬ​សាច់​កូនគោ វិញ ស្ថិតនៅ​ក្នុងចំណាត់​ថ្នាក់​ប្រភេទ​សាច់សត្វ ដែល​អាច​បង្ក​រោគ​មហារីក។ តាមរបាយការណ៍ របៀប​ចំអិន ដោយ​ប្រើ​ភ្លើង​ខ្លាំង និង​របៀប​រក្សា​ទុក​សាច់ ដើរតួ​សំខាន់​ក្នុង​ការរួម​ចំណែក​ធ្វើ​ឲ្យ​មនុស្ស​ងាយ​កើត​រោគមហារីក។

 
តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក ជម្ងឺ​មហារីក ដែល​អាច​បណ្តាល​មក​ពី​ការបរិភោគ​សាច់ មាន​ជម្ងឺមហារីក​លំពែង មហារីក​ពោះវៀនធំ និង​មហារីក​ក្រពេញ ប្រូស្តាត។ ការសិក្សា​ជាច្រើន​បាន​បង្ហាញ​ថា ការបរិភោគ​សាច់​ដែល​គេ​យកទៅច្នៃ ដូចជា សាច់ក្រក ឬ​សាច់ងៀត ប្រមាណ ៥០​ក្រាម ក្នុង​មួយ​ថ្ងៃ និង​ជា​រៀង​រាល់​ថ្ងៃ នឹង​ធ្វើ​ឲ្យ​គេ​ប្រឈម​នឹង​គ្រោះថ្នាក់​កើត​ជម្ងឺមហារីក​ពោះវៀនធំ ដល់​ទៅ ១៨ភាគរយ។ ចំណែក​ការបរិភោគ​សាច់ស្រស់ ជារៀងរាល់​ថ្ងៃ ប្រមាណ ១០០​ក្រាម នឹង​អាច​ឲ្យ​គេ​ប្រឈម​ដល់​ទៅ ១៧ភាគរយ។

តាម​ការវាយតម្លៃ​របស់​ស្ថាប័ន​ស្រាវជ្រាវ​ឯករាជ្យ​មួយ មនុស្ស​ប្រមាណ ៣៤ ០០០​នាក់​បាន​ស្លាប់​ដោយ​ជម្ងឺ​មហារីក ដែល​បណ្តាល​មកពី​ចំណីអាហារ ​សំបូរ​ដោយ​សាច់​ដែល​បាន​មកពី​ការកែច្នៃ គឺ​នៅ​តិច​ស្រា និង​បារី ជាដើម ដែល​ធ្វើ​ឲ្យ​មនុស្ស​១លាន​នាក់​ស្លាប់​ជារៀងរាល់ឆ្នាំ ដោយសារ​ជម្ងឺមហារីក។

កន្លងមក គេ​ធ្លាប់​រកឃើញ ទំនាក់ទំនង​រវាង​រោគមហារីក ជាមួយ​សាច់គោ ឬ​សាច់​ដែល​គេ​យកទៅច្នៃ។ ប៉ុន្តែ នេះ​ជា​លើក​ទីមួយ ដែល​អង្គការ​សុខភាព​ពិភពលោក​ចេញផ្សាយ​ពី​របាយការណ៍ ព្រមាន​ពីការបរិភោគ​សាច់គោ។ តាម​អ្នក​សរសេរ​របាយការណ៍ បើទោះបី​ជា​ការបរិភោគ​សាច់គោ អាច​ធ្វើ​ឲ្យ​គេកើត​រោគមហារីក ប៉ុន្តែ គេ​ក៏​មិន​ផ្តល់​ដំបូន្មាន​ឲ្យ​មនុស្ស​បរិភោគ​តែ​បន្លែ​ដែរ។ សាច់គោ​ជា​ប្រភព​ផ្តល់​ប្រូតេអ៊ីន ជាតិដែក ស័ង្កសី និង​វីតាមីន បេ។

ក្រុម​ប្រទេស​ធំៗ ដែល​ផលិត និង​នាំចេញ​សាច់គោ ដូចជា​អូស្ត្រាលី អាមេរិក ឬ​បារាំង ជា​ដើម បាន​ប្រតិកម្ម រុញច្រាន​ចោល របាយការណ៍​របស់​អង្គការសុខភាព​ពិភពលោក។ បារាំង ដែល​ជាប្រទេស​អឺរ៉ុប​ផលិត​សាច់​ច្រើន​ជាងគេ​បាន​និយាយ​ថា គេ​មិន​បាន​ជំរុញ ឲ្យ​បរិភោគ​តែ​សាច់សុទ្ធ នោះទេ។ គេ​ត្រូវការ​តុល្យភាព​ក្នុង​ចំណី​អាហារ ពោលគឺ​សាច់ និង​បន្លែ ដើម្បី​មាន​សុខភាព​ល្អ។ អូស្ត្រាលីវិញ ដែល​ជា​ប្រទេស​នាំចេញ​សាច់គោ​ច្រើន​ជាងគេ​ក្នុង​ពិភពលោក បាន​ចាត់ទុក ការប្រៀបធៀប សាច់ ទៅ​នឹង​បារី ដែល​ជា​ប្រភព​បង្ក​ឲ្យ​មាន​រោគមហារីក គឺជា​រឿង​អាក្រក់អាក្រីមួយ។ សម្រាប់​អូស្ត្រាលី បើសិន គេ​នាំគ្នា​តម ធ្វើតាម​ការណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក នោះ គេ​នឹងត្រូវ​ត្រលប់​ទៅរស់នៅ​ក្នុង​ល្អាងភ្នំ​ដូច​សម័យ​បុរេប្រវត្តិ​ហើយ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ