អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​សិង្ហបុរី​អាច​ដក​ខ្លួន​រួច​ពី​ការដឹកនាំ ដោយ​បក្ស​តែ​មួយ ដែរ​ឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានាធិបតី​សិង្ហបុរី បាន​ប្រកាស​រំលាយ​រដ្ឋសភា កាលពី​ថ្ងៃ​អង្គារ ទៅ​តាម​ការស្នើ​សុំ​របស់​នាយក​រដ្ឋមន្រ្តី បច្ចុប្បន្ន លោក​លី សៀនឡុង ជា​កូនប្រុស​ច្បង​របស់​ស្ថាបនិក សិង្ហបុរី លោក​លី ក្វាន់យូ ដែល​ទើប​ចែកឋាន ទៅ កាលពី​ខែ​មីនា​កន្លងទៅ។ ការបោះឆ្នោត​មុន​កំណត់ នឹង​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​ទី ១១​ខែ កញ្ញា ខាងមុខ។ ចាប់តាំងពី​ឆ្នាំ ១៩៥៩​មក គណបក្ស​សកម្មភាព​ប្រជាជន របស់​លោក​នាយករដ្ឋមន្រ្តី លី សៀនឡុង ឈ្នះឆ្នោត​រហូត និង​ក្តោបក្តាប់ អំណាច តែ​ម្នាក់​ឯង នៅ​សិង្ហបុរី។ គេ​រំពឹង​ថា គណបក្ស​កាន់អំណាច​នឹង​ឈ្នះឆ្នោត ជាថ្មី នាំមុខ គណបក្ស​ប្រឆាំង​តូចៗ។ បើសិន គណបក្ស​កាន់អំណាច​នៅ​តែ​អាច​ឈ្នះឆ្នោត ដដែល ជា​ដដែល ហេតុអ្វី​បាន​ជា​ថ្នាក់ដឹកនាំ​របស់​បក្ស​នេះ ប្រកាស​រៀបចំ​ការបោះឆ្នោត​មុន កាល​កំណត់​ធ្វើអ្វី? 

នាយករដ្ឋមន្រ្តី​សិង្ហបុរី​សុំ​ឲ្យ​ប្រធានាធិបតី​រំលាយ​សភាដើម្បី​បោះឆ្នោត​មុន​កាល​កំណត់​ថ្ងៃ​ទី ១១​កញ្ញា ២០១៥
នាយករដ្ឋមន្រ្តី​សិង្ហបុរី​សុំ​ឲ្យ​ប្រធានាធិបតី​រំលាយ​សភាដើម្បី​បោះឆ្នោត​មុន​កាល​កំណត់​ថ្ងៃ​ទី ១១​កញ្ញា ២០១៥ © REUTERS/Edgar Su/Files
ផ្សាយពាណិជ្ជកម្ម

លោក​នាយករដ្ឋមន្រ្តី លី សៀនឡុង មាន​អាណត្តិ​ដឹកនាំ​សិង្ហបុរី ដល់​ឆ្នាំ ២០១៧។ ប៉ុន្តែ លោក​បាន​ទាមទារ​ឲ្យ​មាន​ការបោះឆ្នោត​មុន​កាលកំណត់។ លោក​លី សៀនឡុង ដឹង ប្រាកដ​ក្នុង​ចិត្ត​ថា គណបក្ស​សកម្មភាព​ប្រជាជន​របស់​ឪពុកលោក ដែល​ក្តោបក្តាប់​អំណាច នៅ​សិង្ហបុរី ជាង ៥០​ឆ្នាំមក​ហើយនោះ នឹង​ឈ្នះឆ្នោត ជាថ្មី ដោយ​គ្មាន​សង្ស័យ។ ឈ្នះឆ្នោត ដឹកនាំ​រដ្ឋាភិបាល​អាណត្តិ​ថ្មី មិនមែន​ជារឿង​លំបាក ដែល​នាយករដ្ឋមន្រ្តី​លី សៀនឡុង ធ្វើ​មិនបាន​នោះទេ។ ហើយ​ដោយ​ពិតទៅ នោះ​ក៏​មិនមែន​ជា​ទិសដៅ ដែល​លោក​ចាក់ផ្តោត អារម្មណ៍​នោះដែរ។

 
អ្វី​ដែល​លោកកូនប្រុស​របស់​ស្ថាបនិក​សិង្ហបុរី​ផ្តោត​ចង់​បាន គឺ ការកសាង​កេរ្តិ៍ឈ្មោះ​ផ្ទាល់ខ្លួន នៅ​ពេល​​អស់​ពី​ឪពុក​ទៅ។ ត្រូវដឹងថា លោក​នាយក​រដ្ឋមន្រ្តីលី សៀនឡុង ទទួល​ប្រជាប្រិយភាព ក៏​ដោយសារ​ឪពុក។ រហូត​មក ទោះ​ជា​ក្លាយខ្លួន ជា​នាយក​រដ្ឋមន្រ្តី ដឹកនាំ​សិង្ហបុរី ប៉ុន្តែ លោក​លី សៀនឡុង ស្ថិតនៅ​ក្រោម​ម្លប់​ឥទ្ធិពល ប្រជាប្រិយ​របស់​ឪពុក គឺ​លោក​លី ក្វាន់យូ ដែល​ប្រជាជន​សិង្ហបុរី ចាត់ទុក​ជា​វីរបុរស និង​បិតា ដឹកនាំ​សិង្ហបុរី ឲ្យ​ស្គាល់​ភាពរុងរឿង រហូត​ក្លាយ​ជា​ខ្លា​អាស៊ី នាពេល​បច្ចុប្បន្ន។ នៅ​មុន​ទទួល​មរណភាព កាលពី​ខែ មីនា លោក​លី ក្វាន់យូ បើទោះបី​ជា​ចូល​និវត្តន៍ ប៉ុន្តែ នៅ​តែ​មាន​ឥទ្ធិពល ទៅលើ​អ្នកដឹកនាំ​នយោបាយ​នៅ​សិង្ហបុរី ដែល​មាន​ផងដែរ នាយក​រដ្ឋមន្រ្តី លី សៀនឡុង ដែល​ជា​កូនប្រុស។

លី ក្វាន់យូ នៅ​តែ​ជា​វីរបុរស​របស់​សិង្ហបុរី។ ប្រជាជន​សិង្ហបុរី វ័យចំណាស់​ដែល​ធ្លាប់​រស់នៅ​ក្រោម​ការដឹកនាំ​របស់​លោក​លី ក្វាន់យូ នឹង​បន្ត​ជួយ​គាំទ្រ គណបក្ស​សកម្មភាព​ប្រជាជន​របស់​លោក រហូត​ទៅ។ ប៉ុន្តែ អ្វី​ដែល​គណបក្ស​កាន់អំណាច​ព្រួយបារម្ភ នោះ​គឺ​យុវជន​សិង្ហបុរី ដែល​កើតក្រោយ​សម័យ​សិង្ហបុរី​បាន​ទទួល​ឯករាជ្យ​ពី​សហព័ន្ធ​ម៉ាឡេស៊ី នាឆ្នាំ ១៩៦៥។ យុវជន​ទាំងនោះ​ស្រេកឃ្លាន សេរីភាព និងលែង​ចង់​ឲ្យ​មាន​គណបក្ស​តែមួយ ​កាន់អំណាច ដឹកនាំ​សិង្ហបុរី។ គឺ​យុវជន​សិង្ហបុរី ដែល​នាយករដ្ឋមន្រ្តី​លី សៀនឡុង សំឡឹង ចង់អូសទាញ​មក​គាំទ្រ​ខ្លួន។ នៅក្នុង​ខួប​៥០ឆ្នាំ​នៃ​ឯករាជ្យ​សិង្ហបុរី លោក​លី សៀនឡុង បាន​អំពាវនាវ​ទៅកាន់​មហាជន​ថា៖ “ប្រសិន​បើ​អ្នកមាន​មោទនភាព​នឹង​អ្វី​ដែល​យើង​បាន​សម្រេច​រួមគ្នា ក្នុង​៥០​ឆ្នាំ​កន្លងមក ហើយ​និង​គាំទ្រ អ្វី​ដែល​យើង​ចង់​ធ្វើ បន្ត ទៅ​៥០​ឆ្នាំ​ខាងមុខ ដូច្នេះ សូម​គាំទ្រ​ខ្ញុំ គាំទ្រ​ក្រុម​របស់​ខ្ញុំ”។

ក្រៅតែ​ពី​ចង់​អូសទាញ​សំឡេង​គាំទ្រ សម្រាប់​ខ្លួន​ផ្ទាល់ កូនប្រុស​របស់​វីរបុរស​សិង្ហបុរី​ចង់​ផង​ដែរ ប្រើ ការបោះឆ្នោត​មុនកាលកំណត់ ដើម្បី ធ្វើ​ជា​តេស្ត​ វាស់ស្ទង់ សំឡេង​គាំទ្រ​របស់​គណបក្ស​ប្រឆាំង ដែល​ធ្លាប់​បាន​សំឡេង​គាំទ្រ​ច្រើន នៅ​កាល​បោះឆ្នោត ឆ្នាំ ២០១១។ កាលណោះ គណបក្ស​សកម្មភាព​ប្រជាជន ទទួល​បាន​សំឡេង​ឆ្នោត គាំទ្រ ត្រឹម ៦០​ភាគរយ ជា​ចំនួន​ដែល​ទាប​បំផុត ក្នុង​ប្រវត្តិ​របស់ខ្លួន។ ទោះ​ជា​សំឡេង​ឆ្នោត​គាំទ្រ​ធ្លាក់​ចុះ ប៉ុន្តែ ប្រព័ន្ធឆ្នោត ដែល​តាក់តែង​ឡើង​ដោយ​គណបក្ស​កាន់អំណាច បាន​ធ្វើ​ឲ្យ​គណបក្ស​នេះ នៅ​តែ​គ្រប់គ្រង​អាសនៈ ដល់​ទៅ ៨០ ក្នុង​ចំណោម​អាសនៈ​សរុប ចំនួន ៨៧ នៅ​សភា។

ការបោះឆ្នោត​មុនកាល​កំណត់​លើកនេះ ធ្វើឡើង​ផងដែរ នៅចំពេល​ដែល​ប្រជាជន​សិង្ហបុរី មិន​សប្បាយ​ចិត្ត ដោយសារ​ទំនិញ​ឡើងថ្លៃ និង​លំហូរ​ចូល​នៃ​ជនបរទេស ដែល​ធ្វើ​អន្តោប្រវេសន៍ មករស់នៅ​សិង្ហបុរី។ ប្រជាជន​ម្ចាស់ស្រុក​បាន​ចេញមុខ ប្រឆាំង​ជន​អន្តោប្រវេសន៍ ដែល​ពួកគេ​ចោទថា បាន​ចូលមក​ដណ្តើម​ការងារ និង​សេវា​សង្គម សុខភាព ពួក​ប្រជាជន​ម្ចាស់ស្រុក។ ប៉ុន្តែ តាម​អ្នកវិភាគ​ខ្លះ គណបក្ស​ប្រឆាំង​ដែល​នៅ​តែ​បែកបាក់ មិន​រួមគ្នា​ជា​ធ្លុងមួយ មិនទំនង​នឹង​ទាញ​យក​ដែល​កូដ​អប្រជាប្រិយភាព​របស់​រដ្ឋាភិបាល មក​ធ្វើ​ជា​ប្រយោជន៍​របស់ខ្លួន​នោះទេ។ ចង់ ឬ​មិនចង់ គណបក្ស​សកម្មភាព​ប្រជាជន​របស់​លោក​លី សៀនឡុង កូនប្រុស​របស់​លោក​លី ក្វាន់យូ នឹង​អាច​បន្ត​គ្រប់គ្រង​តែ​ម្នាក់ឯង យូរ​អង្វែង​តទៅទៀត នៅ​សិង្ហបុរី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ