ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/09 12h00 GMT
អាស៊ី

ឥណ្ឌា​បោះ​ដៃ​រក​ទ្វីប​អាហ្រ្វិក​ដើម្បី​ប្រជែង​នឹង​កំណើន​ឥទ្ធិពល​របស់​ចិន

media  
ជំនួបកំពូល​ឥណ្ឌា អាហ្រ្វិក​លើកទី៣ បាន​ចាប់​ផ្តើម​បើក​ធ្វើ​នៅ​ក្នុង​ទីក្រុង​ញូដែលី​ថ្ងៃទី២៦ តុលា ២០១៥ MEA, New Delhi

ចាប់​ពី​ថ្ងៃ​ចន្ទ ទី២៦ ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី២៩ តុលា ជំនួបកំពូល​ឥណ្ឌា អាហ្រ្វិក​លើក​ទី៣ បាន​ចាប់​ផ្តើម​បើក​ធ្វើ​នៅ​ក្នុង​ទីក្រុង​ញូដែលី។ ជា​លើកទី១​នៅ​ក្នុង​ជំនួបកំពូល​ឥណ្ឌា អាហ្រ្វិក​ឆ្នំា​នេះ ប្រទេស​អាហ្រ្វិក​ទំាង ៥២ប្រទេស​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូល​រួម និង​ដែល​ក្នុង​នោះ មាន​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ជាង ៤០នាក់​បាន​បញ្ជាក់​ពី​វត្តមានផ្ទាល់​របស់​ខ្លួន។ បើ​គិត​តំាង​ពី​ឆ្នំា ១៩៨៣ មក នេះ​ជា​លើក​ដំបូង​បង្អស់​ដែល​ឥណ្ឌា​បាន​ទទួល​ថ្នាក់ដឹកនំា​បរទេស​យ៉ាង​ច្រើន​សម្បើម​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន។ កម្មវត្ថុ​របស់​ឥណ្ឌា គឺ​ព្យាយាម​ដណ្តើម​ទ្វីបអាហ្រ្វិក​ដែល​កំពុង​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ចិន។

វា​មិនមែន​ជា​រឿង​ចៃដន្យ​ទេ​ដែល​ឥណ្ឌា​បាន​កោះអញ្ជើញ​ប្រទេស​អាហ្រ្វិក​ទំាង​អស់​ឲ្យ​ចូលរួម​នៅ​ក្នុង​ជំនួបកំពូល​ឥណ្ឌា អាហ្រ្វិក​លើកទី៣ ពេល​នេះ។ មិនចែដន្យ​ព្រោះ​ទីក្រុង​ញូដែលី​​បាន​យល់​យ៉ាង​ច្បាស់​ពី​សក្តានុពល និង​ប្រយោជន៍​សេដ្ឋកិច្ច​នៅ​ក្នុង​ទ្វីបអាហ្រ្វិក​ដែល​ឥណ្ឌា​មិន​អាច​បន្ត​ធ្វើ​ព្រងើយកន្តើយ​ដោយ​ទុក​បណ្តោយ​ឲ្យ​ចិន​សោយរាជ្យ​តែ​ម្នាក់​ឯង​ទៀត​ឡើយ។ នៅ​ក្នុង​ន័យ​នេះ លោក​រដ្ឋមន្រ្តី​ការទូត​ឥណ្ឌា​បាន​ថ្លែង​សាទរ​ពេញ​មាត់​ចំពោះ​សក្តានុពល​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក​សព្វថ្ងៃ។

យោង​តាម​លោក​នាយករដ្ឋមន្រ្តី​ម៉ូឌី ជំនួបកំពូល​ឥណ្ឌា អាហ្រ្វិក​ឆ្នំា​នេះ​គឺ​ជា​មហាជំនួប​ថ្នាក់ដឹកនំា​អាហ្រ្វិក​នៅ​ក្រៅ​ទ្វីបអាហ្រ្វិក ព្រោះ​ជា​ជំនួបកំពូល​ដែល​ចូលរួម​ដោយ​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​អាហ្រ្វិក​ជាង ៤០នាក់ ព្រម​ទំាង​គណៈប្រតិភូ​ជិត ១ ០០០នាក់​ផ្សេង​ទៀត។ ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​អាហ្រ្វិក​ជាង ៤០នាក់​នឹង​ទៅ​ដល់​ប្រទេស​ឥណ្ឌា​នៅ​ថ្ងៃ​ពុធ ទី២៨ តុលា ពោល​មួយ​ថ្ងៃ​មុន​បើក​ជំនួបកំពូល និង​បន្ត​ដោយ​ជំនួប​ទ្វេភាគី​ជាមួយ​លោក​ម៉ូឌី។

គោលដៅ​របស់​ឥណ្ឌា គឺ​ព្យាយាម​ដណ្តើម​ទ្វីបអាហ្រ្វិក​ដែល​កំពុង​​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ចិន​ដោយ​សន្យា​ទទួល​យក​ទ្វីបអាហ្រ្វិក​ធ្វើ​ជា​ដៃគូ​អភិវឌ្ឍន៍​ស្មើ​ភាព និង​មាន​ការ​គោរព​គ្នា​ទៅ​វិញ ទៅ​មក។ អ្វី​ដែល​ទីក្រុង​ញូដែលី​កំពុង​សម្លឹង​ខ្លំាង​ជាង​​គេ​នោះ គឺ​ធនធាន​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​ទ្វីបអាហ្រ្វិក និង​ដែល​ឥណ្ឌា​ត្រូវ​ការ​ដើម្បី​យក​ទៅ​ចិញ្ចឹម​បំប៉ន​សេដ្ឋកិច្ច​របស់​ខ្លួន។ គួរ​ជម្រាប​ជូន​ថា កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ឥណ្ឌា និង​អាហ្រ្វិក​នៅ​មាន​កម្រិត​តិចតួច​ណាស់​បើ​ធៀប​នឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ចិន និង​អាហ្រ្វិក។

នៅ​ឆ្នំា ២០១៤ កន្លង​ទៅ ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ចិន និង​អាហ្រ្វិក​មាន​ទឹកប្រាក់​ដល់​ទៅ ២០០ ០០០លានដុល្លារ។ រីឯ​រវាង​ឥណ្ឌា និង​អាហ្រ្វិក​វិញ​បាន​កើន​បន្តិច​ពី ៣ ០០០ លានដុល្លា​ក្នុង​ឆ្នំា ២០០០ ដល់ ៧ ០០០លានដុល្លារ​ក្នុង​ឆ្នំា ២០១៤។ កាល​ពី​ជំនួបកំពូល​ចំនួន ២លើក​ចុងក្រោយ ឥណ្ឌា​បាន​យល់ព្រម​លុបចោល​ពន្ធគយ​លើ​ទំនិញ​នំា​ចូល​ពី​បណ្តា​ប្រទេស​អាហ្រ្វិក​ក្រីក្រ​ចំនួន ២១ ប្រទេស និង​បាន​ផ្តល់​ប្រាក់កម្ចី​ចំនួន ៦ ៨០០លានដុល្លារ​ដល់​បណ្តា​ប្រទេស​អាហ្រ្វិក​មិន​សូវ​ជឿនលឿន​ទំាង​នោះ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ