ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/08 12h00 GMT
អាស៊ី

ឥណ្ឌូណេស៊ី៖​អង្គការ​រដ្ឋអ៊ីស្លាម​ជា​អ្នក​ចេញ​លុយ​បង្ក​ភេរវកម្ម​ក្នុង​ទីក្រុង​ហ្សាការតា

media  
មេប៉ូលិស​ឥណ្ឌូណេស៊ី លោក​បាដ្រូឌីន ហៃទី REUTERS/Darren Whiteside

នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ២ថ្ងៃ​ក្រោយ​អំពើ​ភេរវកម្ម​ក្នុង​ទីក្រុង​ហ្សាការតា​ដែល​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ២នាក់ បូក​នឹង​ភេរវជន ៥នាក់ ព្រម​ទាំង​របួស​ជាង ២០នាក់​មក ការ​ស៊ើបអង្កេត​បាន និង​កំពុង​បន្ត​ទៅ​មុខ។ ប៉ូលិស​ឥណ្ឌូណេស៊ី​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍ ទី១៦ មករា​ពី​ការ​ចាប់​បាន​មនុស្ស​សង្ស័យ​ចំនួន ១២នាក់ និង​ការ​រឹបអូស​បាន​សម្ភារៈ​ជា​ច្រើន​ទៀត។ ទន្ទឹម​គ្នា​នេះ ប៉ូលិស​ក៏​បាន​បញ្ជាក់​ជា​ផ្លូវការ​ពី​ចេញ​លុយ​របស់​អង្គការ​រដ្ឋអ៊ីស្លាម​នា​ការ​វាយប្រហារ​ក្នុង​ទីក្រុង​ហ្សាការតា​កាល​ពី ២ថ្ងៃ​មុន។

មនុស្ស​សង្ស័យ​ដែល​បាន​ឃាត់​ខ្លួន​ទាំង ១២នាក់​មិន​មែន​មាន​តែ​នៅ​ក្នុង​ទីក្រុង​ហ្សាការតា​តែ​មួយ​ទេ តែ​ត្រូវ​បាន​កម្លាំង​ប៉ូលិស​ចុះ​ប្រតិបត្តិការ​ចាប់​ខ្លួន​នៅ​តាម​តំបន់​ជា​ច្រើន​ទូទាំង​ប្រទេស។ តែ​ប៉ូលិស​មិន​បាន​លំអិត​ពី​អត្តសញ្ញាណ​របស់​ជន​ចាប់​ខ្លួន​ម្នាក់ៗ​ទេ។ ក្រៅ​ពី​ចាប់​បាន​មនុស្ស​សង្ស័យ ប៉ូលិស​ក៏​រឹបអូស​បាន​សម្ភារៈ​ជា​ច្រើន​ប្រភេទ​ផ្សេង​ទៀត​ដែល​ប្រើ​សម្រាប់​ផលិត​ជាតិ​ផ្ទុះ ពិសេស​ប្លង់​គម្រោង​វាយប្រហារ​ដែល​ក្រុម​ភេរវជន​ត្រៀម​នឹង​ធ្វើ​នៅ​ទីកន្លែង​ផ្សេង​ទៀត​ក្នុង​ទីក្រុង​ហ្សាការតា។

មេ​ប៉ូលិស​ឥណ្ឌូណេស៊ី​លោកបាដ្រូឌីន ហៃទី​បាន​ថ្លែង​ថា ក្នុង​ចំណោម​មនុស្ស​សង្ស័យ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង ១២នាក់ មាន​ម្នាក់​បាន​សារភាព​ថា ខ្លួន​បាន​ទទួល​លុយ​ពី​អង្គការ​រដ្ឋអ៊ីស្លាម​ដើម្បី​បង្ក​ភេរវកម្ម​ក្នុង​ទីក្រុង​ហ្សាការតា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៤ មករា​កន្លង​ទៅ។ តាម​លោក​បាដ្រូឌីន ហៃទី ទឹកប្រាក់​ដែល​អង្គការ​រដ្ឋអ៊ីស្លាម​បាន​ប្រគល់​ឲ្យ​នោះ​ត្រូវ​បាន​ផ្ទេរ​ជា​ច្រើន​ដំណាក់ការ និង​ដែល​ម្តងៗ​មាន​ចំនួន​ដល់​ទៅ ៤ ៥០០អឺរ៉ូ។ អ្វី​ដែល​ក្រុមអ្នកស៊ើបអង្កេត​កំពុង​ស្រាវជ្រាវ​ចង់​ដឹង​បន្ថែម​នោះ​គឺ​ថា តើ​ពួក​ភេរវជន​បាន​ចាយ​លុយ​ទាំង​នោះ​របៀប​ណា និង​ចំណាយ​ទៅ​លើ​អ្វី​ខ្លះ។

ទន្ទឹម​គ្នា​នេះ ប៉ូលិស​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ផង​ដែរ​ថា លុយ​របស់​អង្គការ​រដ្ឋអ៊ីស្លាម​ត្រូវ​បាន​ប្រគល់​តាម​រយៈ​ចលនា​អ៊ីស្លាម​និយមជ្រុល​ក្នុង​ស្រុក​មួយ​ឈ្មោះ Katibah Nusantara ដែល​មេកើយ​ជា​ជនជាតិ​ឥណ្ឌូណេស៊ី​ឈ្មោះ​បារូម ណាអ៊ីម​ដែល​សព្វថ្ងៃ​កំពុង​រស់នៅ​ក្នុង​ទឹកដី​ស៊ីរី។ ដោយឡែក ប៉ូលិស​​ក៏​​បាន​ប្រកាស​ឲ្យ​ដឹង​ផង​ដែរ​ពី​ការ​រក​ឃើញ​អត្តសញ្ញាណ​របស់​ភេរវជន​ទាំង ៥នាក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​អំពើ​ភេរវកម្ម ក្នុង​នោះ មាន ២នាក់​ទើប​បាន​បញ្ចប់​ទម្ងន់​ទោស​នៅ​ក្នុង​ពន្ធនាគារ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ