អានតួអត្ថបទ
ចិន-បារំាង

ប្រធានាធិបតីចិន​ចង់​បង្កើន​ទំនាក់ទំនង​បារំាង ចិន​ឲ្យ​បាន​រឹងមំា និង​យូរអង្វែង

លោក​នាយករដ្ឋមន្រ្តី​បារំាង​ម៉ាណុយអែល វ៉ាល្ស (Manuel Valls) កំពុង​បន្ត​ទស្សនកិច្ច​ក្នុង​ប្រទេស​ចិន។ បន្ទាប់​ពី​បាន​ជួប​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​ចិន​លី ខឺជំាង លោក​វ៉ាល្ស​ក៏​បាន​ជួប​សន្ទនា​ជាមួយ​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​ក្នុង​ទីក្រុង​ប៉េកំាង​នា​រសៀល​ថ្ងៃ​សុក្រ ទី៣០ មករា។ នៅ​ក្នុង​ជំនួប​ជាមួយ​លោក​វ៉ាល្ស លោក​ស៊ី ជីនពីង​បាន​បញ្ជាក់​ថា ទំនាក់ទំនង​រវាង​បារំាង និង​ចិន​ត្រូវ​បាន​ពង្រឹង​ឡើង​យ៉ាង​លឿន​គួរ​ឲ្យ​កត់សម្គាល់។ ដោយឡែក​ក្នុង​ថ្ងៃ​សុក្រ​ដដែល លោក​នាយករដ្ឋមន្រ្តី​បារំាង និង​លោក​នាយករដ្ឋមន្រ្តី​ចិន​បាន​បើក​សម្ភោធ​រួម​គ្នា​នូវ​រូបសំណាក​ឧត្តមសេនីយ​បារំាង​ដឺហ្គោល (de Gaulle)។

លោក​នាយករដ្ឋមន្រ្តី​បារំាង Manuel Valls និង​សមភាគីចិន​លោក Li Keqiang
លោក​នាយករដ្ឋមន្រ្តី​បារំាង Manuel Valls និង​សមភាគីចិន​លោក Li Keqiang Reuters
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​វិមានប្រជាជន​នៃ​ទីលាន​ជៀនអាន់មេន​ស្ថិត​ក្នុង​ទីក្រុង​ប៉េកំាង​ដែល​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​បាន​ទទួល​ជួប​សំណេះសំណាល​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​បារំាង​ម៉ានុយអែល វ៉ាល្ស។ ជា​ថ្មី​ម្តង​ទៀត និង​តំាង​នាម​ឲ្យ​ប្រជាជន​ចិន​ទំាង​អស់ លោក​ស៊ី ជីនពីង​បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ជាមួយ​ពលរដ្ឋ​បារំាង​ដែល​បាន​ទទួល​រង​អំពើភេរវកម្ម​កាល​ពី​ដើម​ខែ​មករា​នេះ។ គឺ​ជា​ភេរវកម្ម​វាយប្រហារ​លើ​ទីស្នាក់ការ​របស់​ទស្សនាវដ្តី​ត្លុកកំប្លែង Charlie Hebdo ក្នុង​ទីក្រុង​ប៉ារីស​ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន ១២នាក់ ក្នុង​នោះ​មាន​អ្នកកាសែត Charlie Hebdo ចំនួន ៨នាក់។ លោក​ស៊ី ជីនពីង​បាន​បន្ថែម​ថា ប្រទេស​ចិន​បាន​គំាទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​បារំាង​ក្នុង​ការ​ប្រយុទ្ធប្រឆំាង​នឹង​ភេរវនិយម ក៏​ដូច​ជា​រក្សា​សន្តិសុខជាតិ និង​ថា លោក​ចង់​ឲ្យ​ទំនាក់ទំនង​ឧភតោភាគី​បារំាង ចិន​កាន់​តែ​រឹងមំា និង​មាន​ដំណើរ​ទៅ​មុខ​កាន់​តែ​ឆ្ងាយ។

ជា​ចម្លើយ​តប​វិញ​ជា​មួយ​នឹង​ស្នាម​ញញឹម និង​ការ​ចាប់​រលាក់ដៃ​ជាមួយ​លោក​ស៊ី ជីនពីង លោក​ម៉ានុយអែល វ៉ាល្ស​បាន​ថ្លែង​អំណរគុណ​ចំពោះ​លោក​ស៊ី ជីនពីង​រួច​បន្ថែម​ថា ប្រធានាធិបតី​បារំាង ខ្លួន​លោក​ផ្ទាល់ និង​ក្រសួង​ការបរទេស​បារំាង​មាន​ចិត្ត​រំភើប​ក្រៃលែង​ចំពោះ​សារ​ចូលរួម​សាមគ្គីភាព​ដែល​ចិន​បាន​ផ្ញើ​ចំពោះ​បារំាង​នៅ​ក្រោយ​ភេរវកម្ម។ អ្វី​ដែល​លោក​វ៉ាល្ស​បាន​លើក​សរសើរ​នៅ​ចំពោះ​មុខ​លោក​ជីនពីង​នោះ គឺ​វត្តមាន​ឯកអគ្គរដ្ឋទូត​ចិន​ប្រចំា​ក្រុង​ប៉ារីស​ជាមួយ​នឹង​ថ្នាក់ដឹកនំា​បរទេស​ផ្សេង​ទៀត​នៅ​ក្នុង​ក្បួន​បាតុកម្ម​សម្តែង​សាមគ្តីភាព​ប្រឆំាង​នឹង​ភេរវនិយម​នៅ​ប៉ារីស។

គួរ​រម្លឹក​ជូន​ថា នៅ​ក្រោយ​ភេរវកម្ម​វាយប្រហារ Charlie Hebdo លោក​ស៊ី ជីនពីង​បាន​ផ្ញើ​សារ​ចូលរួមរំលែក​ទុក្ខ​ទៅ​កាន់​​លោក​ប្រមុខរដ្ឋ​បារំាង​ហ្រ្វង់ស័រ ហូឡង់​ដោយ​លោក​ស៊ី ជីនពីង​បាន​ចាត់​ទុក​ភេរវនិយម​ថា ជា​សត្រូវ​រួម​របស់​មនុស្សជាតិ​ទំាងមូល។ បន្ទាប់​ពី​ជួប​ជាមួយ​លោក​ប្រមុខរដ្ឋ​ចិន លោក​ប្រមុខ​រដ្ឋាភិបាល​បារំាង​ក៏​បាន​ទទួល​ជួប​ដោយ​លោក​ប្រធាន​រដ្ឋសភា​ចិន​ដែរ។ បន្ទាប់​ក្នុង​ថ្ងៃ​សុក្រ​ដដែល លោក​វ៉ាល្ស និង​លោក​នាយករដ្ឋមន្រ្តី​ចិន​បាន​បើក​សម្ភោធ​រួម​គ្នា​នូវ​រូបសំណាក​ឧត្តមសេនីយ​បារំាង​ដឺហ្គោល​ធ្វើ​ពី​សំរិទ្ធ​ដែល​ដាក់​តម្កល់​ក្នុង​សារៈមន្ទីរជាតិ​នៅ​ក្រុង​ប៉េកំាង។ ចូរ​កុំ​ភ្លេច​ថា ឧត្តមសេនីយ​បារំាង​ដឺហ្គោល គឺ​ជា​ថ្នាក់ដឹកនំា​បស្ចិមលោក​តែ​ម្នាក់​គត់​ដែល​បាន​ចេញ​មុខ​ទទួល​ស្គាល់​ចិនប្រជាមានិត​ជា​ផ្លូវការ​កាល​ពី​ថ្ងៃទី២៧ មករា ឆ្នំា ១៩៦៤ ចំ​ពេល​ដែល​ពិភពលោក​ស្ថិត​ក្នុង​សង្រ្គាមត្រជាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ