អានតួអត្ថបទ
ចិន-តៃវ៉ាន់

ចិនដីគោក និង​ចិនតៃវ៉ាន់​មិន​ចុះ​សម្រុង​គ្នា​ជុំវិញ​បរាជ័យ​របស់​ជប៉ុន​ក្នុង​សង្រ្គាមលោក​លើក​ទី២

នៅ​ថ្ងៃទី៣ កញ្ញា​ខាង​មុខ រដ្ឋាភិបាល​ចិនដីគោក​នឹង​រៀបចំ​មហាក្បួន​ព្យុះហយាត្រា​យោធា​មួយ​នៅ​ទីលាន​ធានអាន់មេន​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី៧០ នៃ​បរាជ័យ​របស់​ប្រទេស​ជប៉ុន​នៅ​ក្នុង​សង្រ្គាមលោក​លើកទី២ ឆ្នំា ១៩៤៥។ នៅ​ដើម​សប្តាហ៍​នេះ ទីក្រុង​ប៉េកំាង​បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​នូវ​បញ្ជី​ឈ្មោះ​ថ្នាក់ដឹកនំា​បរទេស​ដែល​នឹង​ត្រូវ​ចូលរួម​នៅ​ក្នុង​មហា​ក្បួនព្យុះហយាត្រា​យោធា។ តែ​ពេល​នេះ ពោល​ប៉ុន្មាន​ថ្ងៃ​មុន​ការ​រៀបចំ​ក្បួន​ព្យុះហយាត្រា សង្រ្គាម​ពាក្យ​សម្តី​បាន​និង​កំពុង​ផ្ទុះ​ឡើង​យ៉ាង​ផុសផុល​រវាង​ចិនដីគោក និង​ចិន​តៃវ៉ាន់​ជុំវិញ​បរាជ័យ​របស់​ជប៉ុន​កាល​ពី ៧០ឆ្នំា​មុន។

លោក Ma Ying-jeou ប្រធានាធិបតី​តៃវ៉ាន់
លោក Ma Ying-jeou ប្រធានាធិបតី​តៃវ៉ាន់ Reuters
ផ្សាយពាណិជ្ជកម្ម

តើ​អ្នក​ណា​ដែល​បាន​ធ្វើ​ឲ្យ​ជប៉ុន​ចាញ់​សង្រ្គាមលោក​លើកទី២ កាល​ពី​៧០ឆ្នំា​មុន?។ នេះ​ជា​សំណួរ​មួយ​ដែល​ចិនដីគោក និង​ចិនតៃវ៉ាន់​មិន​បាន​ផ្តល់​ចម្លើយ​ដូច​គ្នា​ទេ ឬ​អាច​និយាយ​បែប​ម្យ៉ាង​ទៀត​ថា មិន​បាន​យល់ស្រប​គ្នា​ទាល់​តែ​សោះ។ សម្រាប់​ចិនដីគោក​នៅ​ទីក្រុង​ប៉េកំាង កម្លំាងទ័ព​ចិន​កុម្មុយនិស្ត​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ជ័យជំនះ​ប្រឆំាង​នឹង​កងទ័ព​ជប៉ុន​ក្នុង​ឆ្នំា ១៩៤៥។ តែ​សម្រាប់​ចិនតៃវ៉ាន់​នៅ​ទីក្រុង​តៃប៉ិក​វិញ​បាន​យល់​ឃើញ​ថា គឺ​កងទ័ព​ចិនជាតិនិយម​កូមីនតង់​ឯណោះ​ទេ​ដែល​ជា​អ្នក​ធ្វើ​ឲ្យ​ជប៉ុន​ចាញ់​សង្រ្គាមលោក​លើកទី២ ហើយ​បន្ទាប់​មក កងទ័ព​ចិនជាតិនិយម​កូមីនតង់​ទំាង​អស់​ក៏​បាន​រត់ភៀសខ្លួន​ទៅ​ជ្រកកោណ​ក្នុង​ទឹកដី​តៃវ៉ាន់ ក្រោយ​ពី​ចាញ់សង្រ្គាម​ស៊ីវិល​ក្នុង​ឆ្នំា ១៩៤៩។

គឺ​ការ​មិន​ចុះ​សម្រុង​គ្នា​ទាក់ទង​នឹង​បរាជ័យ​របស់​ជប៉ុន​ក្នុង​សង្រ្គាមលោក​លើក​ទី២ នេះ​ហើយ​បាន​ជា​នៅ​ថ្ងៃ​សុក្រ ទី២៨ សីហា រដ្ឋាភិបាល​តៃវ៉ាន់​បាន​អំពាវនាវ​ដល់​ឥស្សរជន​តៃវ៉ាន់ និង​អតីត​ទាហាន​តៃវ៉ាន់​ទំាង​អស់​កុំ​ឲ្យ​ចូលរួម​ទស្សនា​ក្បួន​ព្យុះហយាត្រា​រៀបចំ​ដោយ​ចិនដីគោក​នៅ​ទីលាន​ធានអាន់មេន​ក្នុង​ទីក្រុង​ប៉េកំាង​នា​ថ្ងៃទី៣ កញ្ញា​ខាង​មុខ។ រីឯ​ក្រសួង​ការពារជាតិ​តៃវ៉ាន់​ថែម​ទំាង​បាន​ធ្វើ​សំណូមពរ​ដល់​អតីត​ទាហាន​ជើងចាស់​តៃវ៉ាន់​កុំ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ចិនដីគោក​ក្នុង​ថ្ងៃ​រៀបចំ​ក្បួនព្យុះហយាត្រា​នោះ​ទៀត​ផង។

លោក​ឆាល ឆេន អ្នកនំាពាក្យ​របស់​ប្រធានាធិបតី​តៃវ៉ាន់​បាន​ថ្លែង​ថា ប្រជាជន​តៃវ៉ាន់​ត្រូវ​តែ​ស្តាប់ និង​ទទួល​យក​មតិ​របស់​មជ្ឈដ្ឋាន​សាធារណៈ​ដែល​មិន​អាច​ទទួល​យក​សកម្មភាព​រៀបចំ​ដោយ​ចិនដីគោក​ពេល​នេះ​ទេ។ អ្វី​ជា​ការ​កត់សម្គាល់ ប្រតិកម្ម​របស់​រដ្ឋាភិបាល​តៃវ៉ាន់​ពេល​នេះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​មនុស្សជំនិត​របស់​អតីត​ប្រធានាធិបតី​តៃវ៉ាន់​លាន ចាន់​បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​លាន ចាន់​មាន​គម្រោង​ទៅ​ចូលរួម​នៅ​ក្នុង​ក្បួនព្យុះហយាត្រា​ក្នុង​ទីក្រុង​ប៉េកំាង និង​គ្រោង​ជួប​សន្ទនា​ជាមួយ​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​នា​ឱកាស​នោះ។

សូម​ជម្រាប​ជូន​ថា នៅ​ក្នុង​មហាក្បួន​ព្យុះហយាត្រា​នៅ​ទីលាន​ធានអាន់មេន ក្រុង​ប៉េកំាង​នា​ថ្ងៃទី៣ កញ្ញា​ខាង​មុខ រដ្ឋាភិបាល​ចិនដីគោក​បាន​ត្រៀម​ដង្ហែ​ទាហាន​ចំនួន ១២ ០០០នាក់ និង​បញ្ចេញ​យន្តហោះ​ចម្បំាង​នៅ​លើ​អាកាស​ចំនួន ២០០គ្រឿង។ គម្រោង​រៀបចំ​មហាក្បួន​ព្យុះហយាត្រា​យោធា​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​ដែល​ចិន​ចង់​បង្ហាញ​សាច់ដុំ​យោធា​ចំពោះ​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ