អានតួអត្ថបទ
ថៃ

តុលាការ​ថៃ​បើកសវនាការ​កាត់ទោស​អ្នកកាសែត​ពីបទ​បរិហាកេរ្តិ៍

តុលាការ​ថៃ​បាន​ចាប់បើក​សវនាការ​នៅថ្ងៃ​អង្គារ​នេះ ដើម្បី​ជំនុំជម្រះ​អ្នក​កាសែត​អូស្រ្តាលី​ម្នាក់ និង​សហការី​ថៃ​ម្នាក់ ដោយ​ចោទប្រកាន់​ពីបទ​បរិហាកេរ្តិ៍ ជុំវិញ​ការ​ចុះផ្សាយ​ថា មន្រ្តី​កងទ័ព​ថៃ​មាន​ជាប់ពាក់ព័ន្ធ​នឹង​បណ្តាញ​ជួញដូរ​មនុស្សខុសច្បាប់។ ដំណើរការ​កាត់ទោស​ដែល​ទទួលរងនូវ​ការ​បរិហារ​រិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​អង្គការ​សិទ្ធិមនុស្ស និង​ពី​សំណាក់​អ.ស.ប ហើយ​សវនាការ​កាត់ទោស​នេះ​ក៏​មាន​ការ​តាមដាន​មើល​យ៉ាងយកចិត្ត​ទុកដាក់​ផងដែរ​ពី​សំណាក់​អ្នក​សារព័ត៌មាន​ជាតិ​និង​អន្តរជាតិ អង្គការ​សិទ្ធិមនុស្ស ក៏ដូចជា​មន្រ្តី​ស្ថានទូត​អូស្រ្តាលី។

លោក​អាឡាន ម៉ូរីសុន និង​លោកស្រី​ជុតិមា សាឌីសាត្យាន អ្នក​កាសែត​ដែល​កំពុង​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពីបទ​បរិហាកេរ្តិ៍​នៅ​តុលាការ​ថៃ
លោក​អាឡាន ម៉ូរីសុន និង​លោកស្រី​ជុតិមា សាឌីសាត្យាន អ្នក​កាសែត​ដែល​កំពុង​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពីបទ​បរិហាកេរ្តិ៍​នៅ​តុលាការ​ថៃ Reuters
ផ្សាយពាណិជ្ជកម្ម

លោក​អាឡាន ម៉ូរីសុន (Alan Morison) និង​សហការី​ជនជាតិថៃ លោកស្រី ជុតិមា ស៊ីដាសាត្យាន (Chutima Sidasathian) ត្រូវ​ប្រឈមមុខ​នឹង​ទោស​ជាប់ពន្ធនាគារ​ ២ឆ្នាំ ពីបទ​បរិហារកេរ្តិ៍ និង​​៥ឆ្នាំ​ទៀត ពីបទ​រំលោភ​លើ​ច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត។

អង្គហេតុដែល​នាំ​ឲ្យ​មាន​ការចោទប្រកាន់​នេះ គឺ​ការ​ចុះផ្សាយ​អត្ថបទ​ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣ ដោយ​ដកស្រង់​ប្រភព​ចេញ​ពី​អត្ថបទ​ស៊ើបអង្កេត​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters បង្ហាញ​ពី​ការ​ជាប់ពាក់ព័ន្ធ​របស់​មន្រ្តី​កងទ័ព​ជើងទឹកថៃ នៅ​ក្នុង​បណ្តាញ​ជួញដូរ​ជនជាតិ​រ៉ូហ៊ីងយ៉ា​មក​ពី​ភូមា។

អត្ថបទ​ស៊ើបអង្កេត​របស់ Reuters នេះ ត្រូវ​បាន​គេ​ផ្តល់រង្វាន់ Pulitzer ដែល​ជា​រង្វាន់​កម្រិត​ខ្ពស់​បំផុត​នៅលើ​ពិភពលោក ក្នុង​​វិស័យព័ត៌មាន​ ហើយ​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ដែល​ជា​ម្ចាស់​អត្ថបទ​ដើម​ក៏​មិន​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ធ្វើការ​ចោទប្រកាន់​នោះដែរ ដោយ​ចោទប្រកាន់​តែ​ទៅលើ​អ្នក​កាសែត​ទាំងពីររូប ដែល​ធ្វើការ​ឲ្យ​សារព័ត៌មាន​តូចតាច​ក្នុងស្រុក ឈ្មោះ​ថា Puketwan។

ឧត្តម​ស្នងការ​អ.ស.ប​ទទួល​បន្ទុក​សិទ្ធិមនុស្ស​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ថ្ងៃ​អង្គារ​នេះ អំពាវនាវ​ឲ្យ​តុលាការ​ថៃ​ដក​ការចោទប្រកាន់​លើ​អ្នក​កាសែត​ទាំងពីរ​រូប ដោយ​បាន​លើកឡើង​ថា “​សិទ្ធិសេរីភាព​សារព័ត៌មាន ដោយ​រួមមាន​​សិទ្ធិសេរីភាព​របស់​អ្នក​កាសែត​ក្នុងការ​បំពេញ​ការងារ​របស់​ខ្លួន​ដោយ​គ្មាន​ការ​ភ័យខ្លាច គឺ​ជា​សិទ្ធិ​ដ៏សំខាន់​បំផុត” ដែល​រដ្ឋាភិបាល​ត្រូវ​តែ​ធានា​ឲ្យ​បាន។

អង្គការ​សិទ្ធិមនុស្ស ដូចជា អង្គការ Human Right Watch និង​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters sans frontières) បាន​ចោទប្រកាន់​កងទ័ព​ជើងទឹកថៃ​ថា​កំពុងតែ​ប្រើប្រាស់​តុលាការ ដើម្បី​បំបិទ​មាត់​អ្នក​កាសែត​តូចតាច។ ចំណែក​ឯ​សមាគម​ការពារ​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​របស់​អាមេរិក ឈ្មោះ PEN American Center វិញ បាន​រិះគន់​របបសឹកថៃ​​ថា ពួកគេ​ “គួរតែ​យក​កម្លាំង​ថាមពល​របស់​ពួកគេ​ទៅ​ផ្តោត​លើ​ការ​បង្រ្កាប​ករណី​រំលោភ​សិទ្ធិមនុស្ស​ប្រព្រឹត្ត​​ដោយ​​មន្រ្តី​កងទ័ព​ជើងទឹក​របស់​ខ្លួន ជាជាងព្យាយាម​លាក់បាំង​តាមរយៈ​ការ​បំបិទ​មាត់​អ្នក​កាសែត”។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ ការ​ជំនុំជម្រះ​លើ​អ្នក​កាសែត​ទាំងពីរ​រូប​ត្រូវ​បាន​ធ្វើឡើង នៅ​ក្រោយ​ពេល​ដែល​គេ​បាន​រកឃើញ​រណ្តៅ​សាកសព​ជាច្រើន ដែល​គេ​សង្ស័យ​ថា​ជា​រណ្តៅសាកសព​ជនជាតិ​រ៉ូហ៊ីងយ៉ា​រងគ្រោះ​ដោយ​ការ​ជួញដូរ​មនុស្ស ហើយ​របបសឹក​ខ្លួនឯង​ផ្ទាល់​ក៏​បាន​​ទទួល​ស្គាល់​ថា មាន​មន្រ្តី​ជាន់ខ្ពស់​ថៃ​ជាច្រើន​មាន​ជាប់ពាក់ព័ន្ធ​នឹង​បណ្តាញ​ជួញដូរ​មនុស្ស​នេះ។

គួរបញ្ជាក់​ថា សវនាការ​លើ​រូបលោក​​អាឡាន ម៉ូរីសុន និង​លោកស្រី​ជុតិមា ស៊ីដាសាត្យាន នឹង​ត្រូវ​បើក​ធ្វើ​​​រយៈពេល ៣ថ្ងៃ ហើយ​ក្រោយ​ពី​បញ្ចប់​សវនាការ ចៅក្រម​នឹង​ត្រូវ​ចេញ​សេចក្តីសម្រេច​នៅ​ក្នុង​រយៈពេល​យ៉ាងយូរ ៣០ថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ