ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT
អាស៊ី

អាមេរិក និង​អសប ថ្កោលទោស​ថៃ ដែល​ចាប់បញ្ជូន​ជនជាតិ​អ៊ុយហ្គួរ​ទៅ​ឲ្យ​ប្រទេស​ចិន

media  
បាតុករ​តួកគីដែល​មាន​សមាន​ចិត្ត​ជួយ​ជនជាតិ​អ៊ុយហ្គួរ ស្រែក​បរិហារ រិះគន់​ថៃ ដែល​ចាប់បញ្ជូន​ជនជាតិ​អ៊ុយហ្គួរ និយាយ​ភាសា​តួកគី ទៅ​ឲ្យ​ប្រទេស​ចិន ©REUTERS/Umit Bektas

រដ្ឋាភិបាលថៃ កាលពី​ថ្ងៃ​សុក្រ ទី ១០​កក្កដា បាន​ប្រកាស​បិទ​ទ្វារ ជា​បណ្តោះអាសន្ន ស្ថានទូត និង​កុងស៊ុល​របស់ខ្លួន ប្រចាំ នៅ​តួកគី។ កាលពី​យប់​ថ្ងៃពុធ ក្រុមបាតុករ​តួកគី​ប្រឆាំង​ចិន បាន​លើក​គ្នា ទៅ​ដុត វាយបំផ្លាញ កុងស៊ុល​ថៃ នៅ​ក្រុង​អ៊ីស្តង់ប៊ូល បន្ទាប់​ពី​អាជ្ញាធរ​ថៃ បាន​ប្រកាស​ថា ខ្លួន​បាន​បញ្ជូន​ជនជាតិ​អ៊ុយហ្គួរ ១០០​នាក់ទៅ ឲ្យ​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ពុធ។ ចំណាត់ការ​របស់​រដ្ឋាភិបាល​ថៃ បាន​ទទួលការថ្កោលទោស រិះគន់​ពី​អង្គការ​សហប្រជាជាតិ និង​សហរដ្ឋអាមេរិក។

 

អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ថៃ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រថា ស្ថានទូត និង​កុងស៊ុល​ត្រូវ​បិទ​ជា​បណ្តោះអាសន្ន និង​រង់ចាំមើល​ស្ថានការណ៍​វិវឌ្ឍ ទៅមុខ នៅក្នុង​ប្រទេស​តួកគី។ យ៉ាងណាក៏ដោយ រដ្ឋាភិបាល​ថៃ បាន​អំពាវនាវ​ឲ្យ​ប្រជាជន​របស់ខ្លួន ប្រុងប្រយ័ត្ន​ខ្លួនជានិច្ច ក្នុង​ពេល​ធ្វើដំណើរ នៅ​ប្រទេស​តួកគី។

 
កាលពីថ្ងៃ យប់​ថ្ងៃ​ពុធ បាតុករ​តួកគី បាន​លើកគ្នា​ទៅ​ដុត វាយបំផ្លាញ​កុងស៊ុល ថៃ នៅ​ទីក្រុង​អ៊ីស្តង់ប៊ូល បន្ទាប់ពី​ពួកគេ​បាន​ដំណឹងថា រដ្ឋាភិបាល​ថៃ បាន​បញ្ជូន​ជនជាតិ​អ៊ុយហ្គួរ និយាយ​ភាសា​តួកគី ទៅ​ប្រទេស​ចិន។ នៅ​តួកគី ប្រជាជន ធ្វើ​បាតុកម្ម​ប្រឆាំង​ចិន ដែល​គេ​ចោទ​ថា បានបិទ​សិទ្ធិ សេរីភាព ខាងសាសនា និង​វប្បធម៌ ទៅលើ​ប្រជាជន​អ៊ុយហ្គួរ នៅ​ខេត្ត​ស៊ីនជាំង។

នៅថ្ងៃ​ព្រហស្បតិ៍ ជាលើក​ទី​១ អ្នកនាំពាក្យ​រដ្ឋាភិបាល​ ថៃ បាន​និយាយ​ថា គេ​បាន​បញ្ជូន​ជនជាតិ​អ៊ុយហ្គួរ ១០០​នាក់​ទៅ​ប្រទេស​ចិន។ ចិន​ដែល​បើ​តាម​អ្នកនាំពាក្យ រដ្ឋាភិបាល បាន​ធានា​ថា ជនជាតិ​អ៊ុយហ្គួរ​នឹង​ត្រូវ​ដោះលែង បើសិន​គេ​មិនរកឃើញ​មាន​កំហុស។ ចំណាត់ការ​របស់​របបសឹក​ថៃ បាន​ទទួល​ការរិះគន់ និង​ថ្កោសទោស ពី​អង្គការ​សិទ្ធិមនុស្ស អង្គការ​សហប្រជាជាតិ និង​ជាពិសេស សហរដ្ឋអាមេរិក ដែល​បាន​សំដែង​ការខកចិត្ត នឹង​រដ្ឋាភិបាល​ថៃ។ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​អាមេរិក គេ​បាន​សរសេរ​ថា អាមេរិក​ថ្កោលទោស ថៃ ដែល​បាន​ចាប់បញ្ជូន​ទាំង​បង្ខំ ជនជាតិ​អ៊ុយហ្គួរ​ទៅ​ប្រទេស​ចិន ជាទី ដែល​ពួកគេ​នឹង​ប្រឈមនឹង​ការធ្វើបាប ពី​អាជ្ញាធរ។

អ្នកនាំពាក្យ​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក ផ្នែក​សិទ្ធិមនុស្ស និយាយ​ថា ការបញ្ជូន​ជនជាតិ​អ៊ុយហ្គួរ ដោយ​បង្ខំ គឺ​ខុស​នឹង​ច្បាប់​អន្តរជាតិ ដែល​បានហាម​មិន​ឲ្យ​គេ​ចាប់បញ្ជូន​មនុស្ស​មួយក្រុម​ទៅ​កន្លែង​មួយ ដែល​ពួកគេ​អាច​ប្រឈមនឹង​ការរំលោភ​សិទ្ធិមនុស្ស។ នៅ​ថ្ងៃ​សុក្រ អ្នកនាំពាក្យ រដ្ឋាភិបាល​ថៃ និយាយថា មន្រ្តី​ជាន់ខ្ពស់​នឹង​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន នៅ​សប្តាហ៍​ខាងមុខ ដើម្បី ផ្ទៀងផ្ទាត់ តាមដានមើល​ជនជាតិ​អ៊ុយហ្គួរ ​ដែល​ទើប​ត្រូវ​គេ​បញ្ជូន​ទៅ​ប្រទេស​ចិន។

កន្លងមក ជនជាតិ​អ៊ុយហ្គួរ ជាច្រើន​រយនាក់ ដែល​បាន​លួចចាកចេញ​ពី​ការគាបសង្កត់​របស់​អាជ្ញាធរ​ចិន នៅ​ខេត្ត​ស៊ីនជាំង បានធ្វើដំណើរ​ឆ្លងកាត់​អាស៊ី​ខាងត្បូង សំដៅ ប្រទេស​តួកគី។ ប៉ុន្តែ ក្រោម​សម្ពាធ​របស់ទីក្រុង​ប៉េកាំង ថៃ កម្ពុជា ម៉ាឡេស៊ី និង​ប៉ាគីស្ថាន​បាន​ចាប់បញ្ជូន ពួកគេ ទៅ ឲ្យ​ប្រទេស​ចិនវិញ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ