ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/11 12h00 GMT
អាស៊ី

រដ្ឋាភិបាលថៃ​ចង់​ក្រសោប​គ្រប់គ្រង​ខ្លឹមសារ នៅក្នុង​អ៊ីនធ័រនែត?

media  
វិបសៃតិ៍​របស់​រដ្ឋាភិបាល​ថៃ ជាប់គាំង មិនអាច​ចូលមើល​បាន​អស់​មួយ​រយៈ​ខ្លី នៅយប់​ថ្ងៃ​ពុធទី ៣០ កញ្ញា ២០១៥

រដ្ឋាភិបាល​ថៃ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​បាន​ប្រកាស​នេះ ថា វិបសៃតិ៍​ជាច្រើន​របស់​រដ្ឋាភិបាល​បាន​ជាប់គាំង មួយ​រយៈពេល​ខ្លី ដោយសារ​ស្នាដៃ​របស់​ក្រុម​ដែល​ប្រឆាំង​នឹង​គម្រោង​ត្រួតពិនិត្យ​អ៊ីនធ័រនែត​របស់​រដ្ឋាភិបាល។ ញត្តិប្រឆាំង និង​ចលនា​តស៊ូ​មតិ បាន​កើតមាន​ព្រោងព្រាត នៅ​ប្រទេស​ថៃ បន្ទាប់ពី​រដ្ឋាភិបាល​បាន​សរសេរ នៅ​លើ​វិបសៃតិ៍​ពី​ផែនការ​បង្កើត​ច្រកចេញចូល​អ៊ីនធ័រនែត​តែមួយ។ សម្រាប់​អ្នកប្រើប្រាស់​អ៊ីនធ័រនែត តាមរយៈ​ផែនការ​ថ្មីនេះ រដ្ឋាភិបាល ចង់ត្រួតពិនិត្យ គ្រប់គ្រង​ការប្រើប្រាស់​អ៊ីនធ័រនែត​ក្នុង​ប្រទេស​ថៃ។

 

មន្រ្តី​រដ្ឋាភិបាល​ថៃ បាន​ច្រានចោល​ព័ត៌មាន​ដែល​ថា វិបសៃតិ៍ របស់​រដ្ឋាភិបាល រង​ការវាយ​ប្រហារ​ពី​ចោរអ៊ីនធ័រនែត។ តាម​ក្រសួងព័ត៌មាន និង​ទំនាក់ទំនង​បច្ចេកវិទ្យា វិបសៃតិ៍​របស់​រដ្ឋាភិបាល មួយ​ចំនួន បាន​ជាប់គាំង មួយ​រយៈ​ខ្លី ដោយសារ​តែ​ការសម្រុក ចូល​ចុច វិបសៃតិ៍ ពីសំណាក់​ក្រុមប្រឆាំង ប៉ុន្តែ មិនមែន​ដោយសារ​ការវាយប្រហារ​ពី​ចោរ​អ៊ីនធ័រនែត​នោះទេ។

 
នៅក្នុង​សន្និសីទ​កាសែត រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ថៃ លោក​អុតាម៉ា សាវ៉ាណាយ៉ា បាន​និយាយថា ការចុចចូល​មើល​វិបសៃតិ៍ មាន​ដល់​ទៅ ១សែន​ដង នៅ យប់​ថ្ងៃ​ពុធ រហូត​ធ្វើ​ឲ្យ​ប្រព័ន្ធ​អ៊ីនធ័រនែត​របស់​ក្រសួង​ត្រូវ​ជាប់គាំង។ តាម​រដ្ឋមន្រ្តី​ថៃ​ដដែល នេះ​ជា​សកម្មភាព​ជា​និមិត្តរូប ដែល​ក្រុមប្រឆាំង​ប្រើ ដើម្បី​បង្ហាញ ពីការ​ជំទាស់​របស់ពួកគេ ទៅ​នឹង​គម្រោងការ​របស់​រដ្ឋាភិបាល​ដែល​ចង់​ត្រលប់​ទៅ​បង្កើត​ខ្សែ ច្រក​ចេញចូល អ៊ីនធ័រនែត​តែមួយ រវាង​ពិភពលោក និង​ប្រទេស​ថៃ។

គិត​នៅត្រឹម​ថ្ងៃ​ព្រហស្បតិ៍ មាន​មនុស្ស​ជាង ១សែន ៣​ម៉ឺននាក់ បាន​ចុះ​ហត្ថលេខា​លើ​ញត្តិ​នៅក្នុង​វិបសៃតិ៍​មួយ​ឈ្មោះថា Change.org។ វិបសៃតិ៍​ត្រូវបាន​បង្កើតឡើង ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លះបង់​ចោល​ផែនការ​បង្កើត​ខ្សែច្រកចេញ​តែមួយ ដែល​ក្រុមអ្នកប្រើប្រាស់​អ៊ីនធ័រនែត​ចាត់ទុក​ថា ជា​ជញ្ជាំង ឧបករណ៍​នយោបាយ ដែល​រដ្ឋាភិបាល​ប្រើ​សម្រាប់​ត្រួតពិនិត្យ ខ្លឹមសារ និង​បិទខ្ទប់​មិន​ឲ្យ​ចុះផ្សាយ​អត្ថបទ​ប្រឆាំង​នឹង​ខ្លួន នៅ​តាម​អ៊ីនធ័រនែត។

ដំបូងឡើយ ប្រទេស​ថៃ មាន​ច្រកចេញ​អ៊ីនធ័រនែត​តែមួយ ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល។ ប៉ុន្តែ នៅ​ឆ្នាំ ២០០៦ រដ្ឋាភិបាល​បាន​បើកផ្លូវ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​មាន​សិទ្ធិ មាន​ច្រកចេញ​ចូល​អ៊ីនធ័រនែត ទៅ​ពិភពលោក ដែរ ដើម្បី​ជំរុញ វិស័យ​ព័ត៌មាន​វិទ្យា​ថៃ។ តាម​រដ្ឋមន្រ្តី​ក្រសួង ព័ត៌មាន ទោះជា​មាន​ផែនការ​បង្កើត ឲ្យ​មាន​ខ្សែ​ចេញចូល​អ៊ីនធ័រនែត​តែមួយ រដ្ឋាភិបាល​នឹង​មិនលូកដៃ​ចូល​ក្នុង​កិច្ចការឯកជន​របស់​អ្នកប្រើប្រាស់​អ៊ីនធ័រនែត។ ប៉ុន្តែ យ៉ាងណាក៏ដោយ លោក​ទទួលស្គាល់​ថា លោក​នាយក​រដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា កំពុង​បារម្ភ​ពី​ការប្រើប្រាស់​អ៊ីនធ័រនែត​មិនត្រឹមត្រូវ ជាពិសេស​ពី​សំណាក់​ក្រុមយុវជន។

នៅ​ប្រទេស​ថៃ ជាទី​ដែល​បាតុកម្ម​តវ៉ា ឬ​ការជួបជុំ​បញ្ចេញមតិ ត្រូវ​បាន​ហាមឃាត់ ពី​សំណាក់​របបសឹក​ថៃ អ៊ីនធ័រនែត​ជា​កន្លែង​បញ្ចេញមតិ សំខាន់​មួយ សម្រាប់​យុវជន និង​ក្រុមប្រឆាំង។ ប៉ុន្តែ ចាប់តាំង​ពី​យោធា​ធ្វើ​រដ្ឋប្រហារ ចូល​ដឹកនាំ​ប្រទេស​ថៃ ការបង្រ្កាប ចាប់​ដាក់ឃុំ អ្នកប្រើប្រាស់​អ៊ីនធ័រនែត បាន​កើនឡើង គួរ​ឲ្យ​កត់សំគាល់។ ជាក់ស្តែង កាលពី​ចុងខែ​សីហា អ្នកប្រើប្រាស់​អ៊ីនធ័រនែត​ថៃ​ម្នាក់​ត្រូវ​បាន​តុលាការ​ថៃ ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគា ៣០ឆ្នាំ ពី​បទ​សរសេរ​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ នៅក្នុង​ទំព័រ​សង្គម​ហ្វេសប៊ុក​របស់ខ្លួន៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ