អានតួអត្ថបទ
កូរ៉េខាងត្បូង

លិច​សាឡាង​នៅ​កូរ៉េខាងត្បូង៖១ឆ្នំា​ក្រោយ​មក ទុក្ខសោក និង​ការ​ឈឺចាប់​កំពុង​បន្ត​មាន​

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ មេសា​នេះ ជា​ខួប ១ឆ្នំា​គត់​នៃ​ការ​លិច​សាឡាង​នៅ​កូរ៉េខាងត្បូង​កាល​ពី​ថ្ងៃទី១៦ មេសា ឆ្នំា ២០១៤។ ព្រឹត្តិការណ៍​​លិច​សាឡាង​កាល​ណោះ​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ៣០៤នាក់ ក្នុង​នោះ​មាន​សិស្ស​សាលា​ចំនួន ២៥០នាក់។ គឺ​ជា​សោកនាដកម្ម​សមុទ្រ​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​កូរ៉េខាងត្បូង​មិន​ធ្លាប់​ជួប​ប្រទះ​ទេ​ក្នុង​រយៈពេល ៤០ឆ្នំា​កន្លង​ទៅ។ នៅ​ក្នុង​ខួប​១ឆ្នំា​ថ្ងៃ​នេះ លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង​ប៉ាក់ គុនហេ​បាន​សន្យា​ថា លោកស្រី​នឹង​ធ្វើ​អ្វីៗ​គ្រប់បែប​យ៉ាង​ទំាង​អស់​ដើម្បី​ស្រង់​សាឡាង​ចេញ​ពី​សមុទ្រ។

លិច​សាឡាង​នៅ​កូរ៉េខាងត្បូង៖១ឆ្នំា​ក្រោយ​មក ទុក្ខសោក និង​ការ​ឈឺចាប់​កំពុង​បន្ត​មាន​
លិច​សាឡាង​នៅ​កូរ៉េខាងត្បូង៖១ឆ្នំា​ក្រោយ​មក ទុក្ខសោក និង​ការ​ឈឺចាប់​កំពុង​បន្ត​មាន​ Reuters
ផ្សាយពាណិជ្ជកម្ម

កាល​ពី​មួយ​ឆ្នំា​មុន ពោល​ក្នុង​ថ្ងៃទី១៦ មេសា ឆ្នំា ២០១៤ សាឡាង​ដែល​ដឹក​មនុស្ស ៤៧៦នាក់ ក្នុង​នោះ​មាន​សិស្សសាលា​មក​ពី​សាលា​តែ​មួយ​ចំនួន ៣២៥នាក់​បាន​ផ្អៀង​លិច​ក្នុង​សមុទ្រ។ ព្រឹត្តិការណ៍​លិច​កាល​ណោះ​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន ៣០៤នាក់ ក្នុង​នោះ​មាន​សិស្ស​សាលា​ចំនួន ២៥០នាក់។ មួយ​ឆ្នំា​ក្រោយ​មក​នៅ​ថ្ងៃ​នេះ ខ្មោច​សាឡាង​កំពុង​បន្ត​ដេក​ក្នុង​សមុទ្រ ហើយ​លោកស្រី​ប្រធានាធិបតី​ប៉ាក់ គុនហេ​ដែល​បាន​ទៅ​ដល់​ទីកន្លែង​កើត​ហេតុ​បាន​សន្យា​ជា​ថ្មី​ថា លោកស្រី​នឹង​ចាត់​វិធានការ​គ្រប់បែប​យ៉ាង​ទំាង​អស់​ដើម្បី​ស្រង់​សាឡាង​ដែល​មាន​ទម្ងន់ ៦ ៨២៥តោន​ចេញ​ពី​សមុទ្រ។ តម្លៃ​នៃ​ប្រតិបត្តិការ​ស្រង់​ខ្មោច​សាឡាង​ចេញ​ពី​សមុទ្រ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា នឹង​ត្រូវ​ចាយ​លុយ​អស់​ជាង ១០០លាន​ដុល្លារ។

ក៏​ប៉ុន្តែ ពាក្យ​សន្យា​របស់​លោកស្រី​ប៉ាន់ គុនហេ​ហាក់​ដូច​ជា​មិន​អាច​រំងាប់​កំហឹង​របស់​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ទេ ព្រោះ​ថា មួយ​ឆ្នំា​ក្រោយ​មក គេ​នៅ​តែ​មិន​ទាន់​អាច​ដឹង​ការ​ពិត​ជុំ​វិញ​រឿង​លិច​សាឡាង​នោះ​នៅ​ឡើយ ហើយ​ការ​ស៊ើបអង្កេត​ទៀត​សោត​ក៏​មិន​ដឹង​ជា​មាន​ដំណើរ​ការ​ដល់​ណា​ដែរ។ មួយ​ឆ្នំា​ក្រោយ​មក ក្រុម​គ្រួសារ​ជនរងគ្រោះ​កំពុង​បន្ត​រងចំា​ការ​ពិត និង​យុត្តិធម៌។ អ្វី​ដែល​ពួក​គេ​បាន និង​កំពុង​បន្ត​ទាមទារ​ពេល​នេះ គឺ​សុំ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ​ជុំវិញ​ព្រឹត្តិការណ៍​លិច​សាឡាង​នោះ។

គួរ​រម្លឹក​ជូន​ថា​នៅ​ក្រោយ​ការ​លិច​សាឡាង​នោះ​ភ្លាម មាន​ហេតុផល​ជា​ច្រើន​បាន​បញ្ជាក់​ថា មក​ពី​សាឡាង​នោះ​ដឹក​ហួស​ចំណុះ ការ​ធ្វេសប្រហែស​របស់​បុគ្គលិក​បម្រើការ​ក្នុង​សាឡាង ឬ​ក៏​ថា ការ​ជួសជុល​ពង្រីក​សាឡាង​នោះ​មិន​គោរព​តាម​ក្បួនខ្នាត​ត្រឹមត្រូវ​ដែល​បណ្តាល​ឲ្យ​សាឡាង​នោះ​បាត់​លំនឹង។ បន្ទាប់​មក ក៏​មាន​លេច​ចេញ​នូវ​ព័ត៌មាន​ទាក់ទង​នឹង​វិធានការ​សុវត្ថិភាព និង​សន្តិសុខ​របស់​សាឡាង​ដែល​រដ្ឋអំណាច​បាន​ព្រងើយកន្តើយ​ព្រោះ​តែ​ទទួល​សំណូកសូកប៉ាន់។ បន្ទាប់​មក​ទៀត គឺ​ទាក់ទង​នឹង​ភាព​យឺតយ៉ាវ​នៅ​ក្នុង​ប្រតិបត្តិការ​ជួយ​សង្រ្គោះ។

នៅ​ថ្ងៃ​នេះ មាន​ប្រជាជន​កូរ៉េ​រាប់ពាន់​នាក់​បាន​ទៅ​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​ជនរង​គ្រោះ​ទំាង ៣០៤នាក់​ដែល​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ព្រឹត្តិការណ៍​លិច​សាឡាង​កាល​ពី​ថ្ងៃទី១៦ មេសា ឆ្នំា ២០១៤។ មួយ​ឆ្នំា​ក្រោយ​មក មាន​សាសព​តែ ២៩៥នាក់​ប៉ុណ្ណោះ​ដែល​ក្រុម​អ្នកជួយសង្រ្គោះ​ស្រង់​បាន​ក្នុង​ចំណោម​សាកសព​ទំាង ៣០៤នាក់ ចំណែក​សាកសព​នៅ​សល់​ចំនួន ៩នាក់​ហាក់​ដូច​ជា​គ្មាន​ថ្ងៃ​នឹង​រក​ឃើញ​ទេ ព្រោះ​ប្រតិបត្តិការ​ស្វែង​រក​បាន​បិទបញ្ចប់​តំាង​ពី​ខែ​វិច្ឆិកា​មក​ម្ល៉េះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ