អានតួអត្ថបទ
ចិន

ផ្តន្ទាទោស​លោកស្រី​ហ្កាវ យូ ជា​សញ្ញាថ្មី​ដែល​បញ្ជាក់​ពី​យុទ្ធនាការ​ព្រមាន និង​បំបិទ​មាត់​ក្រុមប្រឆំាង​របស់​រដ្ឋអំណាច​ចិន

នៅ​ថ្ងៃ​សុក្រ ទី១៧ មេសា​នេះ អ្នកកាសែត​ចិន​ដ៏​ល្បី​ឈ្មោះ​ម្នាក់ គឺ​លោកស្រី​ហ្កាវ យូ (Gao Yu) ត្រូវ​បាន​តុលាការ​ចិន​កាត់ទោស​ឲ្យ​ជាប់​ក្នុង​ពន្ធធនាគារ​ចំនួន ៧ឆ្នំា​ពី​បទបាន​ទម្លាយ​ព័ត៌មាន​សម្ងាត់​របស់​គណបក្សកុម្មុយនិស្ត​ទៅ​កាន់​បរទេស។ មាន​អាយុ ៧១ឆ្នំា លោកស្រី​ហ្កាវ យូ​បាន​ច្រានចោល​រាល់​ការ​ចោទប្រកាន់​របស់​តុលាការ និង​ថា លោកស្រី​ជា​មនុស្ស​គ្មាន​ទោស​ទេ។ ចំណែក​មេធាវី​របស់​លោកស្រី​បាន​ចាត់​ទុក​ដំណើរការ​កាត់​ទោស​កូនក្តី​របស់​ខ្លួន​ថា ជា​និមិត្តរូប​ដែល​បញ្ជាក់​ពី​ការ​ដែល​រដ្ឋអំណាច​បន្ត​យុទ្ធនាការ​រឹតបន្តឹង និង​បំបិទមាត់​ក្រុមប្រឆំាង​ដោយ​យក​តុលាការ​ធ្វើ​ជា​ឧបករណ៍។

តុលាការចិន​បាន​កាត់ទោស​លោកស្រីហ្កាវ យូ​ឲ្យ​ជាប់​គុក ៧ឆ្នំា ពីបទ​បាន​ទម្លាយ និង​​បញ្ជូន​ឯកសារ​​សម្ងាត់​របស់​គណបក្ស​កុម្មុយនិស្ត​ចិន​ទៅ​បរទេស ថ្ងៃទី១៧ មេសា ២០១៥
តុលាការចិន​បាន​កាត់ទោស​លោកស្រីហ្កាវ យូ​ឲ្យ​ជាប់​គុក ៧ឆ្នំា ពីបទ​បាន​ទម្លាយ និង​​បញ្ជូន​ឯកសារ​​សម្ងាត់​របស់​គណបក្ស​កុម្មុយនិស្ត​ចិន​ទៅ​បរទេស ថ្ងៃទី១៧ មេសា ២០១៥ Reuters
ផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ន​មាន​អាយុ ៧១ឆ្នំា លោកស្រី​ហា្កវ យូ មាន​អាជីពដើម​ជា​អ្នកកាសែត និង​ដែល​លោកស្រី​បាន​បម្រើការ​ឲ្យ​កាសែតផ្លូវការ​របស់​រដ្ឋាភិបាល​អស់​រយៈពេល​ជា​ច្រើន​ឆ្នំា។ ប៉ុន្តែ​នៅ​ក្នុង​ឆ្នំា ១៩៨៩ ពោល​ចំ​ពេល​ដែល​មាន​ចលនាបះបោរ​របស់​និស្សិត​ចិន​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នៅ​ទីលាន​ជៀនអាន់ម៉េន​ក្នុង​ទីក្រុង​ប៉េកំាង លោកស្រី​ហ្កាវ យូ​បាន​ចេញ​មុខ​គំាទ្រ​ចលនា​បះបោរ​របស់​និស្សិត។ គឺ​ជា​ទង្វើ​ដែល​បាន​ធ្វើ​ឲ្យ​លោកស្រី​ហ្កាវ យូ​ស្គាល់​រសជាតិ​ពន្ធធនាគារ​ជា​លើក​ដំបូង។ នៅ​ក្រោយ​ចេញ​ពី​គុក លោកស្រី​ហ្កាវ យូ​ក៏​បាន​បន្ត​អាជីព​ជា​អ្នកកាសែត តែ​ធ្វើ​ការ​ឲ្យ​កាសែត​នៅ​ក្រៅ​ទឹកដី​ចិន។

ក្នុង​ឆ្នំា ១៩៩៤ លោកស្រី​ហ្កាវ យូ​ត្រូវ​បាន​តុលាការចិន​កាត់ទោស​ដាក់​ក្នុង​ពន្ធធនាគារ​ចំនួន ៦ឆ្នំា​ពីបទ​បាន​ទម្លាយ​ព័ត៌មាន​សម្ងាត់​របស់​រដ្ឋ។ តែ​ដោយសារ​បញ្ហា​សុខភាព តុលាការ​ក៏​បាន​ដោះលែង​លោកស្រី​ឲ្យ​មាន​សេរីភាព​វិញ​ក្នុង​ឆ្នំា ១៩៩៩។ តំាង​ពី​ពេល​នោះ ឈ្មោះ​លោកស្រី​ត្រូវ​បាន​គេ​និយាយ​ច្រើន និង​ចាប់​អារម្មណ៍​ខ្លំាង​ក្នុង​នាម​ជា​អ្នក​ដែល​ហ៊ាន​ចេញ​មុខ​រិះគន់​ប្រឆំាង​រដ្ឋាភិបាល​ចិន។ អ៊ីចឹង​ហើយ​បាន​ជា​ក្នុង​ឆ្នំា ១៩៩៧ លោកស្រី​ហ្កាវ យូ​ទទួល​បាន​ពានរង្វាន់​ពិភពលោក​ស្តីពី​សិទ្ធិសេរីភាព​សារព័ត៌មាន​ពី​អង្គការ Unesco។ ក្រៅ​ពី​ពានរង្វាន់​សិទ្ធិសេរីភាព​សារព័ត៌មាន​ពិភពលោក លោកស្រី​ហ្កាវ យូ​ក៏​ទទួល​បាន​ពានរង្វាន់​អន្តរជាតិ​ផ្សេង​ទៀត​ជា​ច្រើន​ដែរ។

ចិន​បន្ត​ដាក់​គំនាប និង​បំបិទ​មាត់​ក្រុមប្រឆំាង​ដើម្បី​រក្សា​អំណាច​បក្ស

លោកស្រី​ហ្កាវ យូ​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ជា​ថ្មី​កាល​ពី​ដំណាច់​ខែ​មេសា ឆ្នំា ២០១៤ ពោល​ប៉ុន្មាន​ថ្ងៃ​មុន​ថ្ងៃ​ខួបគម្រប់ ២៥ឆ្នំា​នៃ​ចលនា​បះបោរ​របស់​និស្សិតចិន​នៅ​ទីលាន​ជៀនអាន់ម៉េន​កាល​ពី​ឆ្នំា ១៩៨៩។ លោកស្រី​ត្រូវ​បាន​គេ​ចោទ​ជា​ថ្មី​ពី​បទ​បាន​ទម្លាយ និង​បញ្ជូន​ឯកសារសម្ងាត់​របស់​គណបក្ស​កុម្មុយនិស្ត​ទៅ​បរទេស។ នៅ​ថ្ងៃទី៨ ឧសភា ឆ្នំា ២០១៤ លោកស្រី​បាន​ឆ្លើយ​សារភាព​ពី​ទង្វើ​របស់​ខ្លួន​តាម​ទូរទស្សន៍។ បន្ទាប់​មក​ក្នុង​ខែ​វិច្ឆិកា ឆ្នំា ២០១៤ ដដែល តុលាការ​ក៏​បាន​បើក​សវនាការ​កាត់ទោស​លោកស្រី​ជា​លក្ខណៈ​សម្ងាត់ ពោល​មិន​បាន​អនុញ្ញាត​ឲ្យ​អ្នកកាសែត​បរទេស​ចូល​ស្តាប់​ទេ។ មួយ​វិញ​ទៀត គេ​ក៏​មិន​អាច​ដឹង​ថា តើ​ឯកសារ​សម្ងាត់​របស់​គណបក្សកុម្មុយនិស្ត​ចិន​នោះ​មាន​អ្វី​ខ្លះ និង​ថា តើ​លោកស្រី​ហ្កាវ យូ​បាន​បញ្ជូន​ទៅ​ឲ្យ​អ្នកណា​ខ្លះ​ដែរ។

អង្គការ​ការពារ​សិទ្ធិមនុស្ស Human Rights Watch បាន​ឲ្យ​ដឹង​ថា តុលាការ​បាន​ចោទ​លោកស្រី​ពី​បទ​បាន​បញ្ជូន​ឯកសារ​សម្ងាត់​ទៅ​ឲ្យ​គេហទំព័រ​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក។ ចំណែក​អង្គការ​អ្នកយកព័ត៌មាន​គ្មាន​ព្រំដែន​បាន​បញ្ជាក់​ថា ឯកសារ​សម្ងាត់​នោះ គឺ​ជា​កំណត់ត្រា​ផ្ទៃក្នុង​របស់​បក្សកុម្មុយនិស្ត​ដែល​គេ​ហៅថា​ឯកសារទី៩។ យ៉ាង​ណា​ក៏​ដោយ លោកស្រី​ហ្កាវ យូ​បាន​ច្រាន​ការ​ចោទប្រកាន់​ទំាង​អស់​របស់​តុលាការ និង​ថា ការ​ដែល​លោកស្រី​បាន​ឆ្លើយ​សារភាព ក៏​ដោយសារ​មាន​គេ​ចាប់​បង្ខំ​ឲ្យ​លោកស្រី​ឆ្លើយ ព្រោះ​បើ​មិន​ឆ្លើយ​ទេ ប៉ូលិស​នឹង​ចាប់​ឃុំ​កូនប្រុស​របស់​លោកស្រី​ម្នាក់​ទៀត។

ប្រតិកម្ម​ប្រឆំាង​នឹង​ការ​កាត់ទោស​លោកស្រី​ហ្កាវ យូ​មាន​ច្រើន ពិសេស​ពី​ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​ដែល​គេ​ចាត់​ទុក​ការ​កាត់ទោស​លោកស្រី​ហ្កាវ យូ​ពេល​នេះ​ថា ជា​សញ្ញា​ថ្មី​មួយ​ទៀត​ដែល​បញ្ជាក់​ពី​យុទ្ធនាការ​ព្រមាន និង​បំបិទមាត់​ក្រុមប្រឆំាង​ពី​រដ្ឋាភិបាល​ចិន​ក្នុង​បំណង​រក្សា​អំណាច​របស់​គណបក្សកុម្មុនិស្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ