អានតួអត្ថបទ
ប៉ាគីស្ថាន-អាហ្វហ្កានីស្ថាន

មេទ័ព​ប៉ាគីស្ថាន​ទៅ​អាហ្វហ្កានីស្ថាន​ដើម្បី​ជជែក​ពី​កិច្ចសហប្រតិបត្តិការ​ប្រឆំាង​នឹង​ភេរវនិយម

 មេទ័ព​ប៉ាគីស្ថាន​លោក​ឧត្តមសេនីយ​រ៉ាហ៊ែល ស្ហារី្វ​បាន​ទៅ​ទស្សនកិច្ច​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​នៅ​រសៀល​ថ្ងៃពុធ ទី១៧ ធ្នូ។ គោលដៅ​នៃ​ទស្សនកិច្ច​គឺ​ដើម្បី​ជជែក​ជាមួយ​រដ្ឋអំណាច​ក្រុង​កាប៊ូល​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធប្រឆំាង​នឹង​ភេរវនិយម។ ទស្សនកិច្ច​របស់​មេទ័ព​ប៉ាគីស្ថាន​នៅ​អាហ្វហ្កានីស្ថាន​ពេល​នេះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​មាន​ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​នៅ​ក្នុង​សាលារៀន​មួយ​ស្ថិត​ក្នុង​ទីក្រុង​ប៉េសាវ៉ា ប្រទេស​ប៉ាគីស្ថាន​ដោយ​បាន​សម្លាប់​ជីវិត​មនុស្ស​អស់ ១៤៨នាក់​ដែល​ភាគច្រើន​ជា​ក្មេងសិស្សសាលា។ 

មេទ័ព​ប៉ាគីស្ថាន​ ឧត្តមសេនីយ​រ៉ាហ៊ែល ស្ហារី្វ
មេទ័ព​ប៉ាគីស្ថាន​ ឧត្តមសេនីយ​រ៉ាហ៊ែល ស្ហារី្វ REUTERS/Mian Khursheed
ផ្សាយពាណិជ្ជកម្ម

 

មេទ័ព​ប៉ាគីស្ថាន​ដ៏​មាន​ឥទ្ធិពល​ម្នាក់ គឺ​ឧត្តមសេនីយ​រ៉ាហ៊ែល ស្ហារី្វ​មិន​បាន​ទៅ​អាហ្វហ្កានីស្ថាន​តែ​ម្នាក់​ឯង​ទេ តែ​អមដំណើរ​ទៅ​ជាមួយ​ដោយ​ប្រមុខ​ក្រសួង​ស៊ើបការសម្ងាត់។ នៅ​ក្នុង​ទីក្រុង​កាប៊ូល ឧត្តមសេនីយ​រ៉ាហ៊ែល ស្ហារី្វ​ត្រូវ​ជួប​សន្ទនា​ជាមួយ​លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​ហ្គានី និង​មេបញ្ជាការ​កម្លំាង​អូតង់​លោក​កំប៊ែល ហើយ​ប្រធានបទ​សំខាន់​នោះ គឺ​ជជែក​ពី​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទំាង​ពីរ​ក្នុង​ការ​ប្រយុទ្ធប្រឆំាង​នឹង​ភេរវនិយម។ គួរ​ជម្រាប​ជូន​ថា ជា​រឿយៗ ទីក្រុង​កាប៊ូល និង​អ៊ីស្លាម៉ាបាត​តែងតែ​ចោទ​គ្នា​ទៅ​វិញ ទៅ​មក​ថា ជា​អ្នក​គំាទ្រ ឬ​មួយ​ក៏​អនុញ្ញាត​ឲ្យ​ក្រុមឧទ្ទាម​តាលីបង់​ជ្រកកោន​ក្នុង​ទឹកដី​ខ្លួន​ដើម្បី​រៀបចំ​អំពើ​ភេរវកម្ម​ឆ្លង​ដែន។ តែ​តំាង​ពី​លោក​ហ្គានី​បាន​ឡើង​កាន់​តំណែង​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​មក ការ​ដំឡើង​សម្លេង​ដាក់​គ្នា​ហាក់​ដូច​ជា​បាន​ធ្លាក់​ចុះ​ច្រើន និង​ដែល​ថ្នាក់ដឹកនំា​នៃ​ប្រទេស​ទំាង​ពីរ​ថែម​បាន​លើក​ឡើង​ពី​ចំណុច​ចាប់​ផ្តើម​ថ្មី​នៅ​ក្នុង​ទំនាក់ទំនង​រវាង​គ្នា​ទៀត​ផង។

សម្រាប់​រដ្ឋអំណាច​ប៉ាគីស្ថាន​គឺ​ច្បាស់​ណាស់ មាន​សកម្មជន​មួយ​ភាគធំ​របស់​ចលនា​តាលីបង់​ប៉ាគីស្ថាន​ហៅ​កាត់​ថា TTP ពិសេស​មេកើយ​របស់​វា គឺ​ម៉ូឡា ហ្វាលូឡា​កំពុង​ភៀសខ្លួន​ជ្រកកោន​នៅ​តំបន់​ព្រៃភ្នំ​ក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន និង​ដែល​ម៉ូឡា ហ្វាលូឡា​រូប​នេះ​ជា​អ្នក​រៀបចំ​ការវាយប្រហារ​លើ​សាលារៀន​ក្នុង​ទីក្រុង​ប៉េសាវ៉ា​នៃ​ប្រទេស​ប៉ាគីស្ថាន​កាល​ពី​ថ្ងៃ​អង្គារ ទី១៦ ធ្នូ និង​ដែល​កំពុង​បន្ត​រៀបចំ​ផែនការ​វាយប្រហារ​នៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​ទឹកដី​ប៉ាគីស្ថាន។ នេះ​សំណុំរឿង​គន្លឹះ​ដែល​ឧត្តមសេនីយ​ប៉ាគីស្ថាន​រ៉ាហ៊ែល ស្ហារី្វ​ត្រូវ​លើក​ទៅ​ជជែក​ជាមួយ​មេទ័ព​អាហ្វហ្កានីស្ថាន។ ទន្ទឹម​គ្នា​នេះ មេទ័ព​ប៉ាគីស្ថាន​ចង់​ឲ្យ​មាន​កិច្ចសហប្រតិបត្តិ​យ៉ាង​ស្អិតរមួត​រវាង​កងទ័ព និង​ក្រសួង​ស៊ើបការសម្ងាត់​នៃ​ប្រទេស​ជិតខាង​ទំាង​ពីរ​ក្នុង​ការ​កំទេច​រចនាសម្ព័ន្ធ​តាលីបង់​ឲ្យ​ដល់​ឫសគល់ ពិសេស​ចង់​ឲ្យ​រដ្ឋអំណាច​ក្រុង​កាប៊ូល​ចាប់​ខ្លួន​រូប​ម៉ូឡា ហ្វាលូឡា និង​សកម្មជន​របស់​គេ រួច​បញ្ជូន​ទៅ​ឲ្យ​រដ្ឋអំណាច​អ៊ីស្លាម៉ាបាត​ដើម្បី​កាត់ទោស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ