ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 06/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 06/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 06/12 12h00 GMT

ហេតុអ្វី​ជប៉ុន​មិនអាច​ផ្សះផ្សា​ជាមួយ​ប្រទេស​ជិតខាងបានដូចអាល្លឺម៉ង់?

ហេតុអ្វី​ជប៉ុន​មិនអាច​ផ្សះផ្សា​ជាមួយ​ប្រទេស​ជិតខាងបានដូចអាល្លឺម៉ង់?
 
លោកស្រី​អង់ហ្គេឡា មែរកិល ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ និង​លោក​ស្ហ៊ីនហ្សូ អាបេ ប្រមុខ​រដ្ឋាភិបាល​ជប៉ុន ថ្ងៃ​ទី៩ មីនា ២០១៥ REUTERS/Toru Hanai

កាលពីថ្ងៃ​ចន្ទ នៅ​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន លោកស្រី​អង់ហ្គេឡា មែរកិល ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់​បាន​លើកឡើង​ថា ជប៉ុន​គួរតែ​ទទួលស្គាល់​ការពិត​នៃ​ប្រវត្តិសាស្រ្ត​ ដើម្បី​ឈាន​ទៅ​ផ្សះផ្សា​ជាមួយ​ប្រទេស​ជិតខាង។ ការផ្តល់​ប្រឹក្សា​នេះ​គឺ​ធ្វើឡើង​ក្នុងនាម​លោកស្រី​ជា​ប្រមុខដឹកនាំ​ប្រទេស​មួយ​ដែល​មាន​ប្រវត្តិ​ដូច​ជប៉ុន​នៅ​ក្នុង​សង្រ្គាម​លោក​លើកទី២ ក៏ប៉ុន្តែ បច្ចុប្បន្ន​នេះ​បាន​ផ្សះផ្សា​ជាមួយ​ប្រទេស​ជិតខាង​ប្រកប​ដោយ​ជោគជ័យ ខុសពី​ជប៉ុន​ដែល​នៅតែ​បន្ត​ជាប់ជម្លោះ​អតីតកាល​ជាមួយ​ចិន និង​កូរ៉េ ដែល​ជា​អតីត​គូសត្រូវ។ តើ​ហេតុអ្វី​បាន​ជា​ជប៉ុន​ពិបាក​នឹង​ផ្សះផ្សា​ជាមួយ​ប្រទេស​ជិតខាង​បែបនេះ?

នៅ​ក្នុង​សង្រ្គាម​លោក​លើកទី២ អាល្លឺម៉ង់ និង​ជប៉ុន គឺ​ជា​សម្ព័ន្ធមិត្ត​នឹងគ្នា ហើយ​ប្រទេស​ទាំងពីរ​នេះ​សុទ្ធតែ​មាន​ប្រវត្តិ​ជា​ប្រទេស​ដែល​ប្រើ​អំណាច​យោធា​ ដើម្បី​​ឈ្លានពាន​ និង​កាប់សម្លាប់​ប្រជាជន​នៅ​តាម​បណ្តា​ប្រទេស​ជិតខាង​ដូចគ្នា​ គឺ​អាល្លឺម៉ង់​ឈ្លានពា​ន​នៅ​អឺរ៉ុប ចំណែក​ជប៉ុន​ឈ្លានពាន​នៅ​អាស៊ី។

ជប៉ុន​បាន​ចូល​ឈ្លានពាន​កាន់កាប់​ប្រទេស​ចិន និង​កូរ៉េ តាំង​ពីមុន​សង្រ្គាម​លោក​លើកទី២ ហើយ​នៅ​ក្នុង​អំឡុង​​ពេល​ឈ្លានពាន​នេះ​អ្នក​ប្រវត្តិសាស្រ្ត​បាន​កត់ត្រាទុក​នូវ​អំពើ​ឃោរឃៅ​ជាច្រើន ដែល​កងទ័ព​ជប៉ុន​បាន​ធ្វើ​ ជាពិសេស​ចំពោះ​ប្រជាជន​ចិន ដែល​មាន​ជនស៊ីវិល​ស្លាប់​​ប្រមាណ​ពី ៧លាន ទៅ១១លាននាក់ នៅ​ក្នុង​អំឡុង​សង្រ្គាម​លោក​លើកទី២។

នៅ​អឺរ៉ុប​វិញ អាល្លឺម៉ង់​ក្រោម​ការ​ដឹកនាំ​របស់​ហ៊ីត្លែរ​បាន​ចូល​ឈ្លានពាន​កាន់កាប់​ប្រទេស​ប៉ូឡូញ នៅ​ឆ្នាំ​១៩៣៩ ដែល​ជា​ចំណុច​ចាប់ផ្តើម​នៃ​សង្រ្គាម​លោក​លើកទី២ ហើយ​បន្ទាប់​មក​ទៀត បាន​ចូល​ឈ្លានពាន​កាន់កាប់​ប្រទេស​បារាំង នៅ​ឆ្នាំ​១៩៤០។ ប្រទេស​ទាំងពីរ​នេះ​ត្រូវ​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​អាល្លឺម៉ង់ ពេញ​ក្នុង​អំឡុង​សង្រ្គាមលោក​លើកទី២ ហើយ​​នៅ​ក្នុង​អំឡុង​ពេលនោះ ជនស៊ីវិល​ប៉ូឡូញ​ប្រមាណ​ជា ៦លាន​នាក់​ត្រូវ​បាត់បង់​ជីវិត ក្នុងនោះ មាន​ ៣លាន​នាក់​ជា​ជនជាតិជ្វីហ្វ ដែល​ត្រូវ​​បាត់បង់​ជីវិត​ដោយ​នយោបាយ​ប្រល័យ​ពូជសាសន៍​ជ្វីហ្វ ដាក់ចេញ​ដោយ​អាល្លឺម៉ង់។

ក៏ប៉ុន្តែ នៅ​ក្រោយ​សង្រ្គាម គេ​សង្កេតឃើញ​ថា អាល្លឺម៉ង់​បាន​ទទួលស្គាល់​កំហុស​របស់ខ្លួន​ពីអតីតកាល ថ្លែង​សុំទោស​ជា​សាធារណៈ ព្រមទាំង​បាន​ផ្តល់​សំណង​ដល់​ជនរងគ្រោះ រហូត​ឈាន​ទៅ​​​ផ្សះផ្សា​គ្នា​ជាមួយ​ប្រទេស​ជិតខាង និង​​បាន​ប្រែក្លាយ​ប្រទេស​ជា​អតីត​គូសត្រូវ​ឲ្យ​ទៅ​ជា​សម្ព័ន្ធមិត្ត។ បច្ចុប្បន្ន​នេះ អាល្លឺម៉ង់ បារាំង និង​ប៉ូឡូញ គឺ​ជា​ដៃគូ​នៅ​ក្នុង​សហភាព​អឺរ៉ុប និង​ជា​សម្ព័ន្ធមិត្ត​យោធា​​នៅ​ក្នុង​អង្គការ​អូតង់។ បារាំង និង​អាល្លឺម៉ង់វិញ​បច្ចុប្បន្ន​នេះ​មាន​ទំនាក់ទំនង​យ៉ាង​ល្អ​នឹងគ្នា រហូត​​ឈានទៅ​ធ្វើ​​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​រួមគ្នា​ ម្តងទៅពីរដង​ក្នុងមួយឆ្នាំ ជារៀងរាល់​ឆ្នាំ​ចាប់តាំង​ពី​ឆ្នាំ​២០០៣​មក។
 

លោកស្រី​អង់ហ្គេឡា មែរកិល ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ និង​លោក​ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតី​បារាំង REUTERS/Pascal Rossignol

ផ្ទុយពីនេះ​ទៅវិញ គេ​សង្កេតឃើញ​ថា ជប៉ុន ចិន និង​កូរ៉េ នៅតែ​បន្ត​មើល​មុខគ្នា​មិនចំ​ ដោយសារ​តែ​ជម្លោះ​ពីអតីតកាល។

នៅ​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន លោកស្រី​អង់ហ្គេឡា មែរកិល បាន​លើកឡើង​អំពី​បទពិសោធន៍​របស់​អាល្លឺម៉ង់​ថា ជោគជ័យ​នៃ​ការ​ផ្សះផ្សា​​គឺ​បាន​មក​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងសងខាង។ អាល្លឺម៉ង់​ហ៊ាន​ប្រឈមមុខ​នឹង​ការពិត​នៃ​ប្រវត្តិសាស្រ្ត ដោយមិន​គេច មិន​បង្វែរ ឬ​បំភ្លៃ ចំណែក​ឯ​ប្រទេស​ជិតខាង​របស់​អាល្លឺម៉ង់​វិញ​ក៏​មាន​ការយោគ​យល់​​សុខចិត្ត​អត់ឱន​ទោស​កំហុស​ពី​អតីតកាល​របស់​អាល្លឺម៉ង់។ បើ​ស្តាប់​មើល​ទៅ នេះ​ហាក់ដូចជា​រឿង​សាមញ្ញសោះ តើ​ហេតុអ្វី​បាន​ជា​ជប៉ុន ចិន និង​កូរ៉េ​មិន​អាច​ធ្វើ​បាន?

តាមពិត បើ​សិន​ជា​គេ​ពិនិត្យ​មើល​ឲ្យស៊ីជម្រៅ គេ​សង្កេតឃើញ​ថា ករណី​អាល្លឺម៉ង់ និង​ជប៉ុន ថ្វីដ្បិត​តែ​មាន​ចំណុច​ខ្លះ​ដូចគ្នា ក៏ប៉ុន្តែ ក៏​មាន​ភាព​ខុសគ្នា​ធំៗ​មួយ​ចំនួន​ដែរ។

នៅ​អាល្លឺម៉ង់​ឥទ្ធិពល​របស់​គណបក្ស​ណាហ្ស៊ី​ត្រូវ​បាន​គេ​លុបបំបាត់​ចោល​ទាំងស្រុង​ពី​ឆាក​នយោបាយ​ ហើយ​ស្ថាប័ន​នយោបាយ​របស់​អាល្លឺម៉ង់​ក្រោយ​សម័យ​សង្រ្គាម​មាន​ជាប់ពាក់ព័ន្ធ​តិចតួច​នឹង​ពិរុទ្ធភាព​នៃ​សម័យ​សង្រ្គាម។ ហេតុដូច្នេះ​ហើយ​បាន​ជា​មេដឹកនាំ​អាល្លឺម៉ង់​ជំនាន់​ក្រោយ ដែល​មិន​ជាប់ពាក់ព័ន្ធ​នឹង​សង្រ្គាម មិនខ្លាច​នឹង​បរិហារ​រិះគន់​ទង្វើ​របស់​ហ៊ីត្លែរ។ នៅ​ជប៉ុនវិញ ឥទ្ធិពល​នៃ​​ផ្នត់គំនិត​យោធា​និយម​ពី​សម័យ​សង្រ្គាម​មិន​ត្រូវ​បាន​គេ​បោសសម្អាតចោល ដូចជា​ការ​លុបបំបាត់​ឥទ្ធិពល​ណាហ្ស៊ី​នៅ​អាល្លឺម៉ង់​នោះទេ ហើយ​អ្នក​នយោបាយ​ជប៉ុន​មួយ​ចំនួន ជាពិសេស​ក្រុម​អ្នក​អភិរក្ស​និយម មាន​ការ​ជាប់ពាក់ព័ន្ធ​ខ្លាំង​នឹង​រដ្ឋាភិបាល​ជប៉ុន​សម័យ​សង្រ្គាម។ ឧទាហរណ៍​ លោក​ស្ហ៊ីនហ្សូ អាបេ មាន​ជីតា​ជា​អតីត​រដ្ឋមន្រ្តី​ជប៉ុន​នៅ​មុន និង​ក្នុង​អំឡុង​សង្រ្គាម​លោក​លើកទី២ ហើយ​ត្រូវ​ធ្លាប់​ត្រូវ​បាន​តុលាការ​អន្តរជាតិ​ក្រុង​តូក្យូ​ចាប់​ឃុំខ្លួន ដោយ​ចោទប្រកាន់​ពី​បទឧក្រិដ្ឋកម្ម​សង្រ្គាម។ ការ​ជាប់​ពាក់ព័ន្ធ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មេដឹកនាំ​ជប៉ុន​ជំនាន់​ក្រោយ​នៅ​មាន​ការ​ប្រទាញប្រទង់គ្នា​ ហើយ​មិនសូវ​ហ៊ាន​បរិហារ​ឧក្រិដ្ឋកម្ម​​ដែល​ប្រព្រឹត្ត​ដោយ​មេដឹកនាំ​ជំនាន់​មុន។

នៅ​អាល្លឺម៉ង់ គេ​នាំគ្នា​គិត​ថា ឧក្រិដ្ឋកម្ម​កាល​ពី​សម័យ​សង្រ្គាម​​ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​មនុស្ស​មួយ​ក្រុម​តែ​ប៉ុណ្ណោះ គឺ​គណបក្ស​ណាហ្ស៊ី​របស់​ហ៊ីត្លែរ ហើយ​វា​មិនមែន​ជា​ទោសកំហុស​របស់​ប្រជាជាតិ​អាល្លឺម៉ង់​ទំាំងមូលនោះទេ។ ដូច្នេះ​វា​មិនមែន​ជា​រឿង​ដែល​គួរ​ឲ្យ​អាម៉ាស់​របស់​ជាតិ​នោះទេ ដែល​អាល្លឺម៉ង់​​ទទួល​ស្គាល់​ការ​ពិត និង​បរិហារ​រិះគន់​ឧក្រិដ្ឋកម្ម​នេះ។ នៅ​ជប៉ុនវិញ អ្វី​ដែល​បាន​កើតឡើង កាល​ពី​សម័យ​សង្រ្គាម​ត្រូវ​បាន​​មេដឹកនាំ និង​ប្រជាជន​ជប៉ុន​ទូទៅ​នាំគ្នា​ចាត់ទុក​ថា​ជា​ភាព​អាម៉ាស់​របស់​ប្រជាជាតិ​ជប៉ុន​ទាំងមូល។

ចំណុច​ខុសគ្នា​ដ៏​សំខាន់​មួយ​ទៀត រវាង​ករណី​អាល្លឺម៉ង់ និង​ជប៉ុន គឹ​នៅត្រង់​ប្រទេស​ជិតខាង។ ប្រទេស​ជិតខាង​អាល្លឺម៉ង់ គឺ​ទាំង​ប៉ូឡូញ និង​ទាំង​បារាំង សុទ្ធតែ​ប្រកាន់​យក​របបដឹកនាំ​តាមបែប​ប្រជាធិបតេយ្យ ហើយ​ប្រជាជន​មាន​សិទ្ធិសេរីភាព​ក្នុងការ​ជជែក​ដេញដោល​គ្នា មាន​សិទ្ធិ​ទទួល​បាន​ព័ត៌មាន និង​ការ​អប់រំ​អំពី​ប្រវត្តិសាស្រ្ត ដែល​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​គំនិត​ជាតិនិយម។ ហេតុដូច្នេះ​ហើយ​បាន​ជា​ប្រទេស​អស់ទាំងនេះ​មិនសូវ​ប្រកាន់​នូវ​គំនិត​ចងគំនុំ​ចំពោះ​អាល្លឺម៉ង់។ ចិនវិញ ដែល​ជា​គូសត្រូវ​របស់​ជប៉ុន គឺ​ជា​ប្រទេស​ដែល​ប្រកាន់​យក​របបដឹកនាំ​តាមបែប​កុម្មុយនិស្ត​ផ្តាច់ការ ហើយ​ជាទូទៅ ការ​បញ្ឆេះ​គំនិត​ជាតិនិយម​ត្រូវ​បាន​បក្ស​កុម្មុយនិស្ត​ចិន​យក​មក​ធ្វើ​ជា​ឧបករណ៍​ ដើម្បី​បម្រើ​នយោបាយ​ក្នុងស្រុក។

សរុបមកវិញ ភាព​រារែក​របស់​ជប៉ុន​ក្នុងការ​ប្រឈមមុខ​នឹង​ការពិត​ប្រវត្តិសាស្រ្ត បូករួម​ជាមួយ​នឹង​ការ​យក​ហេតុការណ៍​ប្រវត្តិសាស្រ្ត​មក​បញ្ឆេះ​ចលនា​ជាតិនិយម ដើម្បី​បម្រើ​នយោបាយ​ក្នុងស្រុកដោយ​បក្ស​កុម្មុយនិស្ត​ចិន គឺ​ជា​កត្តា​សំខាន់ ដែល​ធ្វើ​ឲ្យ​ការផ្សះផ្សា​គ្នា​ពិបាក​នឹង​ធ្វើ​ទៅ​បាន​ដោយ​ស៊ីជម្រៅ រវាង​អតីត​ប្រទេស​គូសត្រូវ​សម័យសង្រ្គាម​ទាំងពីរ​នេះ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    តើ​អ្វីទៅ​ដែល​ជំរុញ​ឲ្យ​លោក​ស្ហ៊ីនហ្សូអាបេ​ដាក់ចេញ​នូវ​នយោបាយ​ជាតិនិយម?

    ស្វែងយល់បន្ថែម

  • ប្រវត្តិសាស្រ្ត​ពិភពលោក

    សង្រ្គាមលោក​លើកទី២៖ ​សកម្មភាព​យោធា​ជប៉ុន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍

    ស្វែងយល់បន្ថែម

  • ប្រវត្តិសាស្រ្ត​ពិភពលោក

    ការ​ផ្ទុះឡើង​នៃ​សង្រ្គាមលោក​លើកទី២​ខែ​កញ្ញា​ឆ្នាំ​១៩៣៩

    ស្វែងយល់បន្ថែម

  • ប្រវត្តិសាស្រ្ត​ពិភពលោក

    សង្រ្គាមលោក​លើកទី២៖ ​ហ៊ីត្លែរ​ចូល​ឈ្លានពាន​កាន់កាប់​ប្រទេស​បារាំង

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ