អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ជនជាតិ​រ៉ូហ៊ីងយ៉ា​ជា​នរណា​បានជា​គ្មាន​ប្រទេសណា​ចង់​ទទួល​ឲ្យនៅ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អស់រយៈពេល​ជាច្រើន​ថ្ងៃ​មកហើយ ដែល​វិបត្តិ​ជនអន្តោប្រវេសន៍​ខុសច្បាប់​បាន​ផ្ទុះឡើង​យ៉ាងខ្លាំង នៅ​ក្នុង​តំបន់​អាស៊ាន។ ទូកដឹកជនអន្តោប្រវេសន៍​ខុសច្បាប់​រាប់រយនាក់ ភាគច្រើន​គឺ​ជា​ជនជាតិ​រ៉ូហ៊ីងយ៉ា ត្រូវ​បាន​ប្រទេស​ក្នុង​តំបន់​រុញច្រាន​ឲ្យ​គ្នា​ទៅវិញទៅមក ដោយ​មិនមាន​ប្រទេស​ណា​ចង់​ទទួល​ពួកគេ​ឲ្យ​ចូល​សំចត។ តើ​ជនជាតិ​រ៉ូហ៊ីងយ៉ា​នេះ​ជា​នរណា? តើ​ហេតុអ្វី​បាន​ជា​គ្មាន​ប្រទេស​ណា​ចង់​ទទួល​ឲ្យ​ពួកគេ​នៅបែបនេះ?

រ៉ូហ៊ីងយ៉ា​ត្រូវ​បាន​អ.ស.ប​ចាត់ទុក​ជា​ជនជាតិ​ភាគតិច​ដែល​ទទួល​រង​នូវការ​ធ្វើ​ទុក្ខបុកម្នេញ​ខ្លាំង​ជាងគេ​បំផុត​នៅលើ​ពិភពលោក
រ៉ូហ៊ីងយ៉ា​ត្រូវ​បាន​អ.ស.ប​ចាត់ទុក​ជា​ជនជាតិ​ភាគតិច​ដែល​ទទួល​រង​នូវការ​ធ្វើ​ទុក្ខបុកម្នេញ​ខ្លាំង​ជាងគេ​បំផុត​នៅលើ​ពិភពលោក REUTERS/Beawiharta
ផ្សាយពាណិជ្ជកម្ម

រ៉ូហ៊ីងយ៉ា គឺ​ជា​អម្បូរជនជាតិ​ភាគតិច​កាន់សាសនា​អ៊ីស្លាម ដែល​ភាគច្រើន​រស់នៅ​ក្នុង​រដ្ឋ​អារ៉ាកាន់ ប្រទេស​ភូមា ក៏ប៉ុន្តែ មិនត្រូវ​បាន​ភូមា​​ទទួលស្គាល់​​សិទ្ធិ​​ជា​ជនជាតិ​ភាគតិច​នោះទេ។ ផ្ទុយទៅវិញ អាជ្ញាធរ​ភូមា​តែងតែ​ចាត់ទុក​ពួក​រ៉ូហ៊ីងយ៉ា​ថា​ជា​ជន​បរទេស ដែល​ធ្វើ​អន្តោប្រវេសន៍​ពី​បង់ក្លាដែស​មក​រស់​នៅ​ក្នុង​ប្រទេស​ភូមា កាល​ពី​ក្នុង​សម័យកាល​ដែល​ភូមា​ស្ថិត​ក្រោម​អាណានិគម​អង់គ្លេស។ នៅ​ក្នុងហេតុផល​នេះ​ហើយ​បាន​ជា​ភូមា​មិនព្រម​ផ្តល់​សញ្ជាតិ​ភូមា​ឲ្យ​​ពួករ៉ូហ៊ីងយ៉ា​ បើទោះបី​ជា​ពួកគេ​កើត និង​រស់នៅ​ក្នុង​ប្រទេស​ភូមា​រាប់ជំនាន់​មកហើយ​ក៏ដោយ។

លើសពីនេះ​ទៅទៀត ជារឿយៗ គេតែងតែឃើញ​​មាន​ការ​ផ្ទុះអំពើ​ហិង្សា​ រវាង​ពួក​រ៉ូហ៊ីងយ៉ា ដែល​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម ជាមួយ​នឹង​អ្នក​កាន់​ពុទ្ធសាសនា ដែល​ជា​សាសនា​ភាគច្រើន​លើសលុប​នៅ​ភូមា។ អំពើ​ហិង្សា​ដែល​បាន​ផ្ទុះឡើង​ខ្លាំង ចាប់តាំង​ពី​ឆ្នាំ​២០១២ នៅក្រោយ​​ពេល​ដែល​របបសឹក​ត្រូវ​ដួលរលំ ជំនួស​មក​វិញ​ដោយ​រដ្ឋាភិបាល​ពាក់កណ្តាល​ស៊ីវិល ហើយ​​ដែល​​​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ និង​ការ​ជួបជុំគ្នា​ជា​សាធារណៈ​ត្រូវ​បាន​អាជ្ញាធរ​បើក​ចំហ​ខ្លះៗឡើងវិញ។

និយាយ​ជា​រួម ជនជាតិ​រ៉ូហ៊ីងយ៉ា​គឺ​ជា​ប្រជាជន​គ្មាន​មាតុភូមិ គ្មាន​សញ្ជាតិ គ្មាន​សិទ្ធិសេរីភាព​ពេញលេញ ដែល​ត្រូវ​បាន​អ.ស.ប​ចាត់ទុក​ថា​ជា​ជនជាតិ​ភាគតិច​ដែល​ទទួលរងនូវការ​ធ្វើ​ទុក្ខ​បុកម្នេញ​ខ្លាំងជាងគេ​បំផុត​នៅលើ​ពិភពលោក។ ប្រឈមមុខ​នឹង​ការធ្វើ​ទុក្ខបុកម្នេញ​នេះ​ហើយ​បាន​ជា​ពួករ៉ូហ៊ីងយ៉ា​នាំគ្នា​រត់ចេញ​ពី​ភូមា ភៀសខ្លួន​ទៅស្វែងរក​ជីវិត​ដ៏ប្រសើរ​មួយ នៅ​ឯ​ប្រទេស​ដទៃ ជាពិសេស គឺ​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី ដែល​ជា​ប្រទេស​​​កាន់​សាសនា​អ៊ីស្លាម​ដូចគ្នា ហើយ​ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន​នៅ​ក្នុង​តំបន់។

យោងតាម​តួលេខ​របស់​អ.ស.ប នៅ​ក្នុង​រយៈពេល​៣ឆ្នាំ​កន្លងទៅនេះ មានជនជាតិ​រ៉ូហ៊ីងយ៉ា​ជាង ១២ម៉ឺននាក់ បាន​នាំគ្នា​រត់ភៀសខ្លួន​តាមទូក​ទៅ​ស្វែងរក​សិទ្ធិជ្រកកោន​នៅ​ឯ​បរទេស ហើយ​ចលនា​ភៀសខ្លួន​នេះ​បាន​កើនឡើង​មួយទ្វេជាពីរ នៅ​ដើម​ឆ្នាំ​២០១៥​នេះ។

ជាទូទៅ ពួក​​រ៉ូហ៊ីងយ៉ា​ច្រើនរត់ភៀសខ្លួន​តាមរយៈ​បណ្តាញ​ឈ្មួញ​ជួញដូរ​មនុស្ស ដោយ​ធ្វើ​ដំណើរ​តាមទូក​​ចេញ​ពី​ភូមា ទៅ​ខេត្ត​ប៉ែក​ខាង​ត្បូង​ប្រទេស​ថៃ រួចហើយ​ឆ្លងព្រំដែន​គោក​ចូល​ទៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ ក៏ប៉ុន្តែ ចាប់តាំង​ពី​មាន​យុទ្ធនាការ​បង្រ្កាប​ពី​សំណាក់​របបសឹកថៃ ក្រុមឈ្មួញ​ជួញដូរមនុស្ស​ក៏​មានការ​ភ័យខ្លាច ហើយ​នាំគ្នា​រត់គេចខ្លួន ដោយ​ទុក​ចោល​ជនអន្តោប្រវេសន៍​ឲ្យ​រសាត់​អណ្តែត​តាមទូក ប្រឈមមុខ​នឹង​រលក​សមុទ្រ ព្រមទាំង​ការ​ដាច់ស្បៀង ហើយ​គ្មាន​ប្រទេស​ណា​ចង់​ទទួល​ឲ្យ​ពួកគេ​ចូល​សំចត។

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ គេ​សង្កេតឃើញ​ថា ទាំង​ថៃ ទាំង​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី សុទ្ធតែ​បាន​នាំគ្នា​ស្ទាក់ចាប់​ទូក​ដឹកជនអន្តោប្រវេសន៍​រ៉ូហ៊ីងយ៉ាមិន​ឲ្យ​ចូល​ច្រាំង ដោយ​រុញច្រាន​ទូក​ទាំងនេះ​ពី​ប្រទេស​មួយទៅ​ប្រទេស​មួយ។ ការរុញច្រាន​ទូក​ដឹកជនអន្តោប្រវេសន៍​ឲ្យ​ចេញ​ទៅ​ទីសមុទ្រ​បែបនេះ គឺ​ជា​ទង្វើ​ដែល​រំលោភ​ទៅលើ​អនុសញ្ញា​អ.ស.ប​ឆ្នាំ​១៩៥១ ស្តីពី​ជនភៀសខ្លួន។ ក៏ប៉ុន្តែ ទាំងថៃ ទាំង​ម៉ាឡេស៊ី និង​ទាំង​ឥណ្ឌូណេស៊ី សុទ្ធតែ​ជា​ប្រទេស​មិនចុះហត្ថលេខា​លើ​អនុសញ្ញា​នេះ។

សំណួរ​សួរថា​តើ​ហេតុអ្វី​បាន​ជា​ប្រទេស​ទាំងអស់​នេះគ្មានអ្នកណា​ស្ម័គ្រចិត្ត​ជួយសង្រ្គោះ​ពួក​រ៉ូហ៊ីងយ៉ា​បែបនេះ?

ចំពោះ​ថៃ ដែល​ជា​ប្រទេស​មាន​ប្រជាជន​ភាគច្រើន​កាន់​ពុទ្ធសាសនា ហើយ​កំពុង​ប្រឈមមុខ​នឹង​ចលនា​ឧទ្ទាម​អ៊ីស្លាម​ផ្តាច់ទឹកដី នៅ​ខេត្ត​ប៉ែក​ខាង​ត្បូង ការទទួល​យក​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា អាច​ជា​រឿង​មួយ​ដ៏រសើប​សម្រាប់​រដ្ឋាភិបាល។ ក៏ប៉ុន្តែ ចំពោះ​​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ីវិញ ដែល​សុទ្ធជា​ប្រទេស​មាន​ប្រជាជន​កាន់សាសនា​អ៊ីស្លាម ហេតុអ្វី​បាន​ជា​​​រុញច្រាន​អ្នក​កាន់​សាសនា​អ៊ីស្លាម​ដូចគ្នា​ឲ្យ​រសាត់​តាមទូក​ប្រឈមមុខនឹង​សេចក្តីស្លាប់​បែបនេះ​ទៅវិញ?

តាមការពិត គេ​អាច​យល់បាន​ថា អ្វី​ដែល​ជា​ក្តីបារម្ភ​ដ៏ធំបំផុត​របស់​បណ្តា​ប្រទេស​អស់ទាំងនេះ គឺ​នៅត្រង់​ថា ប្រសិនបើ​គេ​ជួយសង្រ្គោះ​ជនអន្តោប្រវេសន៍​ទាំងអស់​នេះ​ចេញ​ពី​ទីសមុទ្រ​ឲ្យ​ចូល​មក​សំចត​នៅលើ​ទឹកដី​របស់​ពួកគេ​ហើយ ពួកគេ​អាច​​នឹង​ត្រូវ​ជាប់កាតព្វកិច្ច​ផ្តល់សិទ្ធិ​ជ្រកកោន​នយោបាយ​ដល់​ពួកគេ។ សម្រាប់​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី ការផ្តល់​សិទ្ធិ​ជ្រកកោន​នយោបាយ​ដល់​ជនជាតិ​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​អ៊ីស្លាម​ប៉ុន្មាន​រយនាក់​នេះ ហាក់ដូចជា​មិនមែន​ជា​បន្ទុក​ធ្ងន់ធ្ងរប៉ុន្មានទេ ក៏ប៉ុន្តែ បញ្ហា​ចោទ​កាន់តែ​ធំមួយ​ទៀត គឺ​គេ​បារម្ភ​ខ្លាច​ថា ការ​​ផ្តល់​សិទ្ធិជ្រកកោន​ដល់​មនុស្ស​មួយក្រុម​នេះ​អាច​នឹង​ជា​ការ​បើក​ផ្លូវ​នាំ​​ឲ្យ​​មាន​លំហូរ​ជន​អន្តោប្រវេសន៍​កាន់តែ​ច្រើន​ថែមទៀត​ចូល​ទៅ​ក្នុង​ប្រទេស​របស់​ពួកគេ ពីព្រោះ​ថា ប្រសិនបើ​ភូមា ​ដែល​ជា​ប្រភពដើម​នៃ​បញ្ហា​ នៅតែ​បន្ត​អនុវត្ត​នយោបាយ​តឹងរ៉ឹង​ទៅលើ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​​ដូច​សព្វថ្ងៃ​នេះ​ទៀត ​​ជនជាតិ​រ៉ូហ៊ីងយ៉ា​រាប់សិបម៉ឺននាក់​ផ្សេងទៀតប្រាកដ​ជា​នឹង​ស្វះស្វែង​រត់​ភៀសខ្លួន​ចេញ​ទៅ​រក​ប្រទេស​ណា​ដែល​សុខចិត្ត​ទទួល​ពួកគេ​ជា​មិនខាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ