ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/09 12h00 GMT
អាស៊ី

តើ​ស្រីលង្កា​មាន​សារៈសំខាន់​អ្វី​នៅក្នុង​ភូមិសាស្រ្ត​នយោបាយ​អាមេរិក?

media  
លោក ចន ឃែរី ពេល​ចូលជួប​ប្រធានាធិបតី​ស្រីលង្កា លោក Maithripala Sirisena ថ្ងៃ​សៅរ៍ ២ឧសភា ២០១៥ REUTERS/Andrew Harnik

លោក ចន ឃែរី រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​បាន​ចាប់ផ្តើម​ទស្សនកិច្ច​ជាផ្លូវការ​នៅ​ក្នុង​ប្រទេស​ស្រីលង្កា នៅថ្ងៃ​សៅរ៍​នេះ។ ជា​ដំណើរទស្សនកិច្ច ដើម្បី​ស្តារ​ទំនាក់ទំនង​នឹង​គ្នា​ឡើងវិញ ក្រោយ​ពី​ឆ្លងកាត់​នូវ​ភាព​ប្រេះឆា អស់រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងទៅនេះ។ សម្រាប់​អាមេរិក ដែលមាន​នយោបាយ​ការបរទេស​ផ្តោត​អាទិភាព​ចម្បង​នៅ​អាស៊ី ស្រីលង្កា​គឺ​ជា​ប្រទេស​ដ៏​មាន​សារៈសំខាន់​មួយ។

អស់រយៈពេល​ជាច្រើន​ឆ្នាំមកហើយ ដែល​ទំនាក់ទំនង អាមេរិក-ស្រីលង្កា ត្រូវ​ឆ្លងកាត់​នូវ​ភាពចម្រូងចម្រាស​ខ្លាំង ដោយសារ​តែ​បញ្ហា​សិទ្ធិមនុស្ស។ សហរដ្ឋ​អាមេរិក ក៏ដូចជា​បណ្តា​ប្រទេស​លោកខាងលិច​ជាច្រើន​ផ្សេងទៀត​ ហើយ​បូករួម​ទាំង​​អ.ស.ប​ផង​​សុទ្ធតែ​បាននាំគ្នា​រិះគន់​​​​របៀបដឹកនាំ​របស់​លោក​អតីត​ប្រធានាធិបតី​ស្រីលង្កា Mahinda Rajapakse ដែល​គេមើលឃើញ​ថា ជា​ការ​ដឹកនាំតាមបែបផ្តាច់ការ និង​ពោរពេញ​ទៅដោយ​អំពើពុករលួយ។ លើសពីនេះ​ទៅទៀត គេ​ក៏​បាន​នាំគ្នា​​រិះគន់​ផងដែរ អំពី​​អំពើ​ហិង្សា​របស់​រដ្ឋាភិបាល​លោក​ Rajapakse នៅ​ក្នុង​សង្រ្គាម​ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​ខ្លាំ​តាមិល និង​ភាព​​យឺតយ៉ាវ​ក្នុងដំណើរការ​ផ្សះផ្សា​ជាមួយ​ក្រុម​ជនជាតិ​ភាគតិច​តាមិល នៅ​ក្រោយ​ពេល​សង្រ្គាម​ស៊ីវិល​ត្រូវ​បញ្ចប់ កាល​ពី​ឆ្នាំ​២០០៩។

នៅ​ពេលនេះ លោក Rajapakse ត្រូវ​ចាកចេញ​ពី​អំណាច ក្រោយ​ពី​ចាញ់ឆ្នោត កាល​ពី​ដើម​ឆ្នាំ២០១៥ ហើយ​ស្រីលង្កា​កំពុងតែ​បោះជំហាន​ទៅរក​លទ្ធិប្រជាធិបតេយ្យ ទើប​សហរដ្ឋ​អាមេរិក​​ប្រញាប់ប្រញាល់​វិលត្រឡប់​មក​ផ្សាភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​ស្រីលង្កា​ឡើងវិញ។
 
ស្រីលង្កា​ជា​ប្រទេស​តូចតាច​និង​ក្រីក្រ​ដែល​មិនសូវ​មាន​អ្នកណា​ស្គាល់ ក៏ប៉ុន្តែ តាមពិត​ជា​ប្រទេស​ដែល​មាន​សារៈសំខាន់​​ខាង​ភូមិសាស្រ្ត​នយោបាយ ហើយ​​ដែល​ប្រទេស​មហាអំណាច​សំខាន់ៗចំនួន៣ នាំគ្នា​ប្រជែង​ដណ្តើម​ឥទ្ធិពល គឺ​ ចិន ឥណ្ឌា និង​​សហរដ្ឋ​អាមេរិក។
 
លក្ខណៈពិសេស​របស់​ស្រីលង្កា គឺ ទីតាំង​ភូមិសាស្រ្ត។ ស្រីលង្កា​មាន​ទីតាំង​ស្ថិត​នៅ​​ជាប់​នឹង​មហាសមុទ្រ​ឥណ្ឌា ដែល​ជា​​​​ច្រកផ្លូវ​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​ដ៏សំខាន់ តភ្ជាប់​ពី​អឺរ៉ុប កាត់តាម​មជ្ឈិមបូព៌ា ​អាស៊ីខាង​ត្បូង និង​​អាស៊ី​អាគ្នេយ៍ ចាក់ចេញ​ទៅ​ ​ចិន និង​ជប៉ុន នៅ​អាស៊ី​បូព៌ា។ បច្ចប្បន្ន​នេះ​ការដឹកជញ្ជូន​ទំនិញ​តាម​កប៉ាល់​ប្រហែល​ជា​ ៥០% និង​ការ​ដឹកជញ្ជូន​ប្រេងប្រហែល​ជា ៧០% នៃ​ចរាចរណ៍​ផ្លូវសមុទ្រ​សរុប​នៅ​ទូទាំង​ពិភពលោក គឺ​ត្រូវ​ឆ្លងកាត់​តាម​មហាសមុទ្រ​ឥណ្ឌា ក្បែរ​ប្រទេស​ស្រីលង្កា។ ដូច្នេះ ប្រទេស​មហាអំណាច​ណា ដែល​ចង់​ត្រួតត្រា​មហាសមុទ្រ​ឥណ្ឌា គឺ​សុទ្ធតែ​ចង់​ពង្រឹង​ឥទ្ធិពល​នៅ​ស្រីលង្កា។
 
កន្លងមក គេ​សង្កេតឃើញ​ថា ការប្រកួតប្រជែងគ្នា​ខ្លាំង​ជាងគេ នៅ​ស្រីលង្កា គឺ​រវាង​ចិន និង​ឥណ្ឌា។ ជាទូទៅ ឥណ្ឌា​តែងតែ​ចាត់ទុក​ស្រីលង្កា​ថា​ជាដែន​ឥទ្ធិពល​ផ្តាច់មុខ​របស់​ឥណ្ឌា។ ចំណែក​ចិន​វិញ ក៏​កំពុងតែ​វាយលុក​ពង្រឹង​ឥទ្ធិពល​នៅ​ស្រីលង្កា​នេះ​យ៉ាងខ្លាំង​ដែរ ពីព្រោះ​​ស្រីលង្កា​គឺ​ជា​​ផ្នែកមួយ​នៃ​យុទ្ធសាស្រ្ត​របស់​ចិន ដែល​គេ​ឲ្យ​ឈ្មោះ​ថា “Collier de Perles” (ជា​ភាសា​ខ្មែរ "​ខ្សែ ក គុជខ្យង”)​ គឺ​ការ​ពង្រឹងវត្តមាន​នាវា​របស់​ចិន តាមរយៈការ​ទិញ ជួល ឬ​​ការ​ផ្តល់​លុយ​ដើម្បី​សាងសង់​កំពង់​ផែ នៅតាម​ប្រទេសមួយ​ចំនួន ដែល​នៅ​ជាប់​ឆ្នេរ​សមុទ្រ ចាប់តាំង​ពី​សមុទ្រ​ចិន​ខាង​ត្បូង កាត់តាម​មហាសមុទ្រ​ឥណ្ឌា​ រហូតដល់​តំបន់​ដើមបូព៌ា។ យុទ្ធសាស្រ្ត​នេះ មាន​គោលដៅ​​រក្សា​សុវត្ថិភាព​នាវាចរណ៍​​របស់​ចិន​ផង និង​ជា​យុទ្ធសាស្រ្ត​ ដើម្បី​ឡោមព័ទ្ធ​ឥណ្ឌា​ផងដែរ។
 
ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ គេឃើញ​ថា នៅ​ពេល​ដែល​រដ្ឋាភិបាល​របស់​លោក Rajapakse ទទួលរងនូវ​ការ​រិះគន់​​ពី​​អាមេរិក និង​ប្រទេស​លោកខាងលិច រដ្ឋាភិបាល​ក្រុង​កូឡុំបូ​​បាន​ងាក​ទៅ​រកចិន ហើយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​​​បាន​ពង្រីក​ឥទ្ធិពលយ៉ាងខ្លាំង​​នៅ​ស្រីលង្កា តាមរយៈ​ការ​ផ្តល់​ជំនួយ និង​ការ​បោះទុន​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ។ ជាថ្នូរមកវិញចិន​​បាន​ទទួល​សិទ្ធិ​ប្រើប្រាស់​កំពង់ផែដ៏ធំ​លំដាប់ទី២​របស់​ស្រីលង្កា ហើយ​បច្ចុប្បន្ន​បាន​ទទួល​សិទ្ធិ​វិនិយោគ​លើ​កំពង់ផែ​កាន់តែ​ធំមួយ​ទៀត នៅ​ទីក្រុង​កុឡុំបូ។ តាមគម្រោង​ជា​យុទ្ធសាស្រ្ត​រយៈពេលវែង ចិន​ចង់​បង្កើត​មូលដ្ឋាន​ទ័ព​ជើងទឹក​​នៅ​ឯ​កំពង់ផែ​ស្រីលង្កា​នេះ​តែម្តង។
 
សម្រាប់​សហរដ្ឋ​អាមេរិក ការស្តារឡើងវិញ​នូវ​​ទំនាក់ទំនង​ជាមួយ​ស្រីលង្កា គឺ​ជាចំណុច​គន្លឹះមួយ ដើម្បី​ធ្វើ​យ៉ាងណា​ចៀសវាង​កុំ​ឲ្យ​​ស្រីលង្កា​​ត្រូវ​របូត​ទៅ​ក្នុង​ដៃចិន ដែល​អាច​នឹង​បង្ក​បញ្ហា​ដល់​យុទ្ធសាស្រ្ត​អាមេរិក នៅ​អាស៊ី៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ