អានតួអត្ថបទ
មេរោគ​Zika

Zika៖ ករណី​ឆ្លងរាល​ដាល​ក្នុងស្រុក និង​ស្លាប់​ទីមួយ​​នៅ​ម៉ាឡេស៊ី

អាជ្ញាធរ​ម៉ាឡេស៊ី ​ទើប​បាន​ប្រកាស ​កាល​ពី​ថ្ងៃ​ទី​ ៣ ​កញ្ញា​ថា ​មាន​ករណី​ឆ្លង​រាលដាល​ក្នុង​ស្រុក​ទីមួយ​ នៃ​មេរោគ​ហ្ស៊ីកា​ ដោយ​អ្នក​ជម្ងឺ ​បាន​ស្លាប់​ទៅ​ហើយ។ ករណី​ឆ្លង​ក្នុង​ស្រុក​បែប​នេះ​មាន​ន័យ​ថា ​មេរោគ​ហ្ស៊ីកា ​បាន​ចាប់ផ្តើម​ឆ្លង​រាលដាល​ពី​មនុស្ស​ដំបូង​ ដែល​បាន​នាំ​មេរោគ​នេះ​ពី​ក្រៅ​ប្រទេស​រួច​មក​ហើយ។ រដ្ឋមន្ត្រី​សុខាភិបាល​ម៉ាឡេស៊ី ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ និង​អាជ្ញាធរ ​មាន​ការ​ប្រុង​ប្រយ័ត្ន ​និង​ត្រូវ​អនុវត្ត​ផែនការ​បង្ការ ​​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​​រាលដាល​កាន់​តែ​ខ្លាំង។

សត្វមូស​ប្រភេទ Aedes Aegyptis​ ដែល​​ជា​ភ្នាក់ងារ​​ចម្លង​មេរោគ​ហ្ស៊ីកា(Zika)​
សត្វមូស​ប្រភេទ Aedes Aegyptis​ ដែល​​ជា​ភ្នាក់ងារ​​ចម្លង​មេរោគ​ហ្ស៊ីកា(Zika)​ Reuters
ផ្សាយពាណិជ្ជកម្ម

យោង​តាម​ការ​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី ​មាន​បុរស​អាយុ​៦១​ឆ្នាំ​ម្នាក់ ​រស់​នៅ​ក្នុង​រដ្ឋ​Sabah ​ភាគ​ខាងកើត​ម៉ាឡេស៊ី ​បានស្លាប់​ កាលពី​រសៀល​ថ្ងៃ​សៅរ៍​ទី ​៣កញ្ញា​ បន្ទាប់​ពី​បាន​ឆ្លង​មេរោគ​ហ្ស៊ីកា ​Zika។ តាមការ​បញ្ជាក់ ​នេះ​ជា​ករណី​ឆ្លង​ក្នុង​ស្រុក​លើក​ទីមួយ ​ ដោយសារ​តែ​បុរស​នេះ ​មិន​បាន​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅ​ប្រទេស​ទេ ​ ក្នុង​ពេល​កន្លង​មកថ្មីៗ​នេះ។ ដូច្នេះ​មាន​ន័យ​ថា​ ​មេរោគ​ហ្ស៊ីកា ​ដែល​ឆ្លង​ពី​ប្រទេស​ផ្សេង ​ដោយសារ​សត្វ​មូស​ ​រឺដោយសារ​មនុស្ស​ផ្ទុក​មេរោគ​បាន​នាំមក ​ គឺ​បាន​រាលដាល​មក​ដល់​អ្នក​រស់​នៅ​ក្នុង​ស្រុក​រួច​ទៅ​ហើយ។ ករណី​ស្លាប់​អ្នក​ជម្ងឺ​ភ្លាមៗ​នេះ​ ក៏អាច​បណ្តាល​មកពី​អ្នក​ជម្ងឺ​មាន​វ័យចាស់​ ហើយ​កត្តា​សុខភាព​ទន់ខ្សោយ​ខ្លាំង។

 
សូម​រំលឹក​ផង​ដែរ​ថា ​កាល​ពី​៣​ថ្ងៃ​មុន​នេះ ​មាន​ករណី​ឆ្លង​មេរោគ​ហ្ស៊ីកា​នេះ​ ជា​លើក​ទីមួយ ​ទៅ​លើ​ស្ត្រី​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ ​ដោយ​ស្ត្រី​នោះ​ ទើប​បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​សឹង្ហបុរី។ តាម​ការ​ប៉ាន់ស្មាន​ ស្រ្តី​នោះ​បាន​ឆ្លង​មេរោគ​ហ្ស៊ីកា ​នៅ​ប្រទេស​សឹង្ហបុរី ​ ​ជា​ទី​ដែល​មាន​អ្នក​ឆ្លង​មេរោគ​នេះ ​ដល់​ទៅ​២១៥​នាក់។

សូម​បញ្ជាក់​ថា ​ មេរោគ​ហ្ស៊ីកា ​អាច​ចម្លង​បាន​ដោយ​សារ​សត្វមូស​មួយ​ប្រភេទ​ឈ្មោះ ​Aedes aegypti។ មេរោគ​នេះ​ក៏​អាច​ចម្លង​បាន​តាម​ការ​រួមភេទ​ផងដែរ។ ជា​ទូទៅ ​អ្នក​ដែល​ឆ្លង​មេរោគ​នេះ ​ ពុំមាន​ស្តែង​ចេញ​នូវ​រោគ​សញ្ញា​អ្វី​ ជា​ទី​កត់​សម្គាល់​ទេ ​ ដែល​នេះ​ហើយ​វា​អាច​ជា​គ្រោះថ្នាក់ ​ព្រោះ​អ្នក​ជំងឺ​អាច​ចម្លង​ទៅ​មនុស្ស​ម្នាក់ទៀត​ ទាំង​មិន​ដឹង​ខ្លួន​ ថាខ្លួន​មាន​ផ្ទុក​មេរោគ​នេះ។

ដោយឡែក​ ប្រទេស​ម៉ាឡេស៊ី ​ដែលជា​ប្រទេស​តំបន់​ត្រូពិក​ដែរ​នេះ ​ក៏​ធ្លាប់​ទទួល​រង​នូវ​ការ​រីក​រាលដាល​នៃ​ជំងឺ​គ្រុន​ឈាម​ផង​ដែរ ​កាល​ពី​ឆ្នាំ​២០១០។ លោក​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​សុខាភិបាល ​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ម៉ដ្ឋចត់ ​ស្តី​ពី​វិធី​បង្ការ​ការពារ​ ការ​ឆ្លង​រាល​ដាល ​ និង​ជាពិសេស ​ត្រូវ​កម្ចាត់​ចោល​រាល់​ប្រភព​និង​ជម្រក​សត្វ​មូស។

សូម​បញ្ជាក់​ថា ​យោងតាម​តួលេខ​របស់​អង្គការ​សុខភាព​ពិភពលោក ​ មេរោគ​ហ្ស៊ីកា ​បាន​ឆ្លង​ទៅ​កាន់​ប្រទេស​ចំនួន​៦៧ ​ចាប់តាំង​ពី​ឆ្នាំ​២០១៥​មក។ តាម​ការ​ស្រាវជ្រាវ ​មេរោគ​នេះ ​អាច​មាន​គ្រោះថ្នាក់​បំផុត ​ចំពោះ​ស្រ្តី​មាន​ផ្ទៃពោះ​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ទារក​មាន​ការ​វិវឌ្ឍន៍​ខុស​ប្រក្រតី ​ដោយ​អាច​មាន​ទំហំ​លលាដ៍ក្បាល​ ​និង​ខួរក្បាល​តូច​ខុស​ពី​ធម្មតា។
រហូត​មកត្រឹម​ពេល​នេះ​​ គេនៅ​ពុំ​ទាន់​ស្រាវជ្រាវ​រក​ឃើញ​ថ្នាំ​វ៉ាក់សាំង​ ដើម្បី​បង្ការ​មេរោគ​នេះ​ទេ។​ ក៏ប៉ុន្តែ​​កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ​ ក្រុម​ការងារ​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ ​របស់​បារាំង ​បាន​ស្រាវជ្រាវ​រក​ឃើញ​អង់ទីក័រ​ ពីរ​ប្រភេទ ​ដែល​អាច​មាន​តួនាទី​ការពារ​សិរីរាង្គ​មនុស្ស​ ប្រឆាំង​នឹង​មេរោគ​ហ្ស៊ីកា​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ