អានតួអត្ថបទ
កូរ៉េខាងជើង-កូរ៉េខាងត្បូង

មេដឹកនាំ​កូរ៉េខាងជើង​ និង​ខាងត្បូង ​នឹង​រួមគ្នា​ ដាំ​ដើមឈើ​តំណាង​សន្តិភាព

នៅថ្ងៃសុក្រទី២៧មេសានេះ លោកមូន ជាអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង និងលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង នឹងជួបប្រជុំគ្នា ដើម្បីចាប់ផ្តើមនិយាយ ពីដំណើរការជម្រុះចោលកម្មវិធីនុយក្លេអ៊ែរ ព្រមទាំងការឈានទៅកសាងសន្តិភាពពិតប្រាកដ រវាងប្រទេសបងប្អូនទាំង២នេះ។ តាមការគ្រោងទុក មេដឹកនាំទាំងពីរ នឹងរួមគ្នា ដាំដើមឈើមួយដើម និម្មិតរូប តំណាងឲ្យសន្តិភាព។

និស្សិត លើកបដា រូបលោក Moon Jae-in និង Kim Jong Un តំណាងសន្តិភាព​ផ្សះផ្សាគ្នា។  ថ្ងៃទី​២៦មេសា ២០១៨
និស្សិត លើកបដា រូបលោក Moon Jae-in និង Kim Jong Un តំណាងសន្តិភាព​ផ្សះផ្សាគ្នា។ ថ្ងៃទី​២៦មេសា ២០១៨ REUTERS/Jorge Si
ផ្សាយពាណិជ្ជកម្ម

ជាង១០ឆ្នាំមកហើយ ដែលពុំធ្លាប់មានកិច្ចប្រជុំ ផ្លូវការ ក្នុងក្របខណ្ឌនៃថ្នាក់ដឹកនាំប្រទេស រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងទេ។ យោងតាមប្រសាសន៍របស់លោក Im Jong Soek អគ្គនាយកខុទ្ទកាល័យ នៃប្រធានាធិបតីកូរ៉េខាងត្បូង បានឲ្យដឹងថា កិច្ចប្រជុំនៅថ្ងៃសុក្រស្អែកនេះ គឺមេដឹកនាំទាំងពីរ នឹងផ្តោតសំខាន់ ទៅលើដំណើរការឈានទៅជម្រុះចោល នូវកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង ព្រមទាំងកម្មវត្ថុចុងក្រោយ គឺការកសាងសន្តិភាពពិតប្រាកដ រវាងគ្នា។

លោក Im Jong Soek ដដែលបានលើកឡើងថា​ ភាគីកូរ៉េខាងជើង បានបញ្ជូនមេទាហានធំៗរបស់ខ្លួន ឲ្យ​មក​ចូលរួមដែរ ដែលនេះសបង្ហាញឲ្យឃើញថា ថ្នាក់ដឹកនាំកូរ៉េខាងជើង បានផ្តល់តំលៃដល់ការនិយាយចរចាគ្នានេះ។

សូមបញ្ជាក់ថា កិច្ចប្រជុំនៅថ្ងៃសុក្រ ទី២៧មេសា រវាងកូរ៉េទាំង២ នឹងធ្វើឡើងនៅក្នុងភូមិ Panmunjeom ដែលជាតំបន់គ្មានអាវុធ ស្ថិតនៅចន្លោះព្រំដែន រវាងកូរ៉េទាំងពីរ។ គឺទីនេះហើយ ដែលភាគីទាំងសងខាង បានចុះហត្ថលេខា ដាក់អាវុធ នៅឆ្នាំ១៩៥៣។

លោកគីម ជុងអ៊ុន នឹងដឹកនាំគណប្រតិភូ មានគ្នា៩នាក់ ដែលក្នុងនោះមានជាអាថទិ៍ ប្អូនស្រីលោក ឈ្មោះ Kim Yo Jong ដែលធ្លាប់បានដឹកនាំគណប្រតិភូទៅកូរ៉េខាងត្បូង កាលពីខែកុម្ភៈកន្លងទៅ និងលោក Kim Yong Chol អគ្គនាយកនៃនាយកដ្ឋានកិច្ចការអន្តរកូរ៉េ។

កិច្ចពិភាក្សាផ្លូវការ រវាងមេដឹកនាំទាំងសងខាង នឹងចាប់ផ្តើមបើក នៅវេលាម៉ោងប្រមាណជា​១០ និង៣០នាទីព្រឹក។ តាមការគ្រោងទុក មេដឹកនាំទាំង២ នឹងរួមគ្នា ដាំដើមស្រល់មួយដើម ជានិម្មិតរូបតំណាងឲ្យសន្តិភាព។ ហើយនៅចុងបញ្ចប់ មេដឹកនាំទាំងពីរ​ នឹងចុះហត្ថលេខាលើកតិកាសញ្ញាមួយ ព្រមទាំងធ្វើការប្រកាសរួមគ្នា អំពីលទ្ធផលនៃជំនួបប្រជុំ ដ៏កម្រនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ