អានតួអត្ថបទ
កូរ៉េខាងជើង-នុយក្លេអ៊ែរ

កូរ៉េខាងជើង​បាញ់​គ្រាប់​មីស៊ីល ​ធ្វើឲ្យ​ផ្អើល​សហគមន៍​អន្តរជាតិ​សា​ជា​ថ្មី

មួយខែ​មិនទាន់​រំលង​ផុត​ស្រួលបួល​ផង​ ដែល​កូរ៉េ​ខាង​ជើង​បាន​ធ្វើការ​សាកល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ​ នៅ​ថ្ងៃ​អាទិត្យ​នេះ ​របប​ផ្តាច់ការ​នេះ ​បាន​ធ្វើការ​បាញ់​បង្ហោះ​គ្រាប់​មីស៊ីល​មួយ​គ្រាប់​ទៀត។ តាម​ការ​បញ្ជាក់​អះអាង​ពី​របប​ព្យុងយ៉ាង ​ នេះ​ជា​ការ​បាញ់​មីស៊ីល​ ដើម្បី​បង្ហោះ​ផ្កាយរណប​ទៅ​លើ​អវកាស ​ ក៏​ប៉ុន្តែ​អ្វី​ដែល​សហគមន៍​អន្តរជាតិ​សង្ស័យ​នោះ ​តាម​ពិត​វា​គឺ​ជា​ការ​បាញ់​សាកល្បង​គ្រាប់​មីស៊ីល​ចំងាយ​ឆ្ងាយ ​ប្រភេទ​បាលីស្ទីក​ទៅវិញ​ទេ។ ប្រតិកម្ម​ថ្កោលទោស ​បាន​ធ្លាក់​ចេញ​ជា​បន្តបន្ទាប់​ ពី​សំណាក់​ប្រទេស​ជិតខាង​ និង​ប្រទេស​មហា​អំណាច។

រូបភាព​បាញ់​បង្ហោះ​កាំជ្រួចមីស៊ីល​ ត្រូវ​​បាន​​ផ្សព្វ​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​រដ្ឋ​កូរ៉េ​ខាង​ត្បូួូង នៅថ្ងៃទី ៧ កុម្ភៈ ២០១៦
រូបភាព​បាញ់​បង្ហោះ​កាំជ្រួចមីស៊ីល​ ត្រូវ​​បាន​​ផ្សព្វ​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​រដ្ឋ​កូរ៉េ​ខាង​ត្បូួូង នៅថ្ងៃទី ៧ កុម្ភៈ ២០១៦ REUTERS/Kim Hong-Ji
ផ្សាយពាណិជ្ជកម្ម

ប្រតិកម្មអន្តរជាតិ ​និង​ទណ្ឌកម្ម៖

ដោយ​មិន​បង្អង់យូរ​ សហគមន៍​អន្តរជាតិ ​បាន​ធ្វើការ​ថ្កោលទោស​ជា​បន្តបន្ទាប់​ ​ទៅ​លើ​របប​ផ្តាច់​ការ​គីម ជុងអ៊ុន។ គ្រាន់តែ​មីស៊ីល​បាន​បាញ់​បង្ហោះ​ភ្លាម​ ៣០នាទី​ក្រោយ​មក​លោក​ស៊ិន ហ្សូអាបេ ​នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​មាន​ប្រតិកម្ម​ថ្កោលទោស​មុន​គេ។ លោក​មាន​ប្រសាសន៍​ថា​ នេះ​គឺ​ជា​ទង្វើ​ដែល​មិន​អាច​ទទួល​យក​បាន ​ ហើយ​វា​ជា​ទង្វើ​ដែល​រំលោភ​ទៅលើ​សេចក្តី​សម្រេចចិត្ត​របស់​អង្គការ​សហ​ប្រជាជាតិ។ ដូចគ្នា​ដែរ ​លោក ​ចន ឃែរី ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ បាន​បញ្ជាក់​ថា ​ការ​បាញ់​គ្រាប់​មីស៊ីល​បាលីស្ទីក​របស់​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​នេះ ​ គឺ​ជា​ការ​បំពាន​ទៅ​លើ​សេចក្តី​សម្រេចចិត្ត​របស់​អង្គការ​សហប្រជាជាតិ​ទាំងស្រុង។ ​លោកស្រី ​ ប៉ាក់ គិនហឺ ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ​ បាន​អំពាវនាវ ​ថា​ត្រូវតែ​ដាក់​ទណ្ឌកម្ម​របប​ព្យុងយ៉ាង​ ឲ្យ​ចាស់​ដៃ។

ចំនែក​ខាង​អឺរ៉ុប​វិញ ​ បារាំង​និង​អង់គ្លេស ​ក៏បាន​ថ្កោលទោស​កូរ៉េ​ខាងជើង​យ៉ាង​ធ្ងន់ធ្ងរ​ដែរ ​ ដោយ​បាន​សំណូមពរ​ឲ្យ​សហគមន៍​អន្តរជាតិ ​ចាត់​វិធានការ​ដាក់​ពិន័យ​កូរ៉េ​ខាងជើង​ជា​បន្ទាន់ ​ព្រោះនេះ​ជា​ទង្វើ​ផ្គើន​ម្តងហើយ ​ម្តង​ទៀត​របស់​កូរ៉េ​ខាងជើង។ ដោយឡែក ​រដ្ឋមន្ត្រី​ការបរទេស​ចិន ​បាន​ថ្លែង​ពាក្យ​ថា ​ គួរ​ឲ្យសោកស្តាយ​ណាស់ ​ដែល​កូរ៉េ​ខាងជើង​សម្រេច​ធ្វើ​ដូច្នេះ។ ចិន​ អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ទាំងអស់​រក្សា​ការស្ងៀម​ស្ងាត់ ​កុំយក​កំហឹង​ទល់​កំហល់ ​ ហើយ​ងៀក​មក​ពិភាក្សា​គ្នា​រក​វិធី​ដោះស្រាយ ​និង​បញ្ចុះបញ្ចូល​កូរ៉េ​ខាងជើង។

ក្រុមប្រឹក្សា​សន្តិសុខ ​និង​ធ្វើការ​ប្រជុំ​បន្ទាន់​មួយ​ នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ​តែ​ម្តង ​នៅ​ទីក្រុង​ញូយ៉ក​ ដើម្បី​ដាក់​វិធានការ​ឲ្យ​បាន​ឆាប់។ ទាំង​ជប៉ុន ​កូរ៉េ​ខាងត្បូង​ បារាំង​ និង​អាមេរិក​ ម្នាក់ៗ​ប្តេជ្ញាថា​ត្រូវ​តែ​ដាក់​ទណ្ឌកម្ម​ឲ្យ​បាន​ធ្ងន់។

ជាការ​បាញ់​សាកល្បង ​ដោយ​ជោគជ័យ ​រឺ​មិន​ជោគជ័យ?

គ្រាប់មីស៊ីល​កូរ៉េខាង​ជើង មើល​ឃើញ​ពី​​ព្រំដែន​ចិន ថត​ដោយ​​ភ្នាក់ងារ​ Kyodo
គ្រាប់មីស៊ីល​កូរ៉េខាង​ជើង មើល​ឃើញ​ពី​​ព្រំដែន​ចិន ថត​ដោយ​​ភ្នាក់ងារ​ Kyodo REUTERS/Kyodo

នេះ​ជា​ចំណុច​ដែល​គេ​កំពុងតែ​មាន​មន្ទិល​សង្ស័យ។ កូរ៉េ​ខាង​ជើង​អះអាង​ថា​ ការ​បាញ់​កាំជ្រួច​មីស៊ីល​នេះ ​ជា​ការ​បាញ់​យាន​ធម្មតា​ដើម្បី​នាំយក​ផ្កាយ​រណប​ទៅ​ដាក់​នៅ​ក្នុង​លំហ​អវកាស​ នៅ​ខ្សែ​អកប៊ីត ​របស់​ផែនដី។ ក៏​ប៉ុន្តែ​អ្វី​ដែល​អ្នក​ជំនាញ​អន្តរជាតិ​សង្ស័យ​គេ​ថា ​តាម​ពិត​វា​គឺ​ជា​ការ​បាញ់​សាកល្បង​គ្រាប់​មីស៊ីល​ចំងាយ​ឆ្ងាយ ​ប្រភេទ​បាលីស្ទីក។ គ្រាប់​មីស៊ីល​ដែល​កូរ៉េ​ខាងជើង​បាញ់​នៅ​ព្រឹក​នេះ ​ គឺ​អាច​រត់​បាន​ចំងាយ​១ម៉ឺន​គីឡូម៉ែត្រ​ឯណោះ។ រាល់​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ រឺ​ក៏​កំជ្រួច​មីស៊ីល​បាលីស្ទីក​នេះ ​ ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​ធ្វើការ​ហាមឃាត់ ​ មិន​ឲ្យ​កូរ៉េ​ខាង​ជើង​ធ្វើជា​ដាច់​ខាត។

មក​ត្រឹម​ពេល​នេះ ​​គេ​នៅ​មិន​ទាន់​ច្បាស់​ថា​ការ​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទីក​នេះ ​ បាន​ជោគជ័យ​ ​រឺ​ក៏បរាជ័យ​ទេ។ តាម​ការ​រាយការណ៍ ​តួខ្លួន​មីស៊ីល​បាន​ធ្លាក់​នៅ​ក្នុង​សមុទ្រ ​ហើយ​ផ្នែក​ទីពីរ ​បាន​ធ្លាក់​នៅ​លើកោះ​ដាច់​ស្រយ៉ាល​មួយ​របស់​កូរ៉េ​ខាងត្បូង។​ អ្វី​ដែល​គេ​មិនទាន់​ច្បាស់​គឺ​ថា ​ក្បាលគ្រាប់​ដែល​តាម​ការ​អះអាង​របស់​របប​ព្យុងយ៉ាង​គឺ​ជា​ផ្កាយរណប​នោះ ​ បាន​ឡើង​ចូល​ទៅ​ដល់​ខ្សែ​អកប៊ីត ​មែន​រឺ​ក៏​អត់​ទេ។ ទូរទស្សន៍​រដ្ឋ​កូរ៉េ​ខាងជើង ​បាន​ផ្សាយ​ថា​យាន ​Kwangmyong ទី៤​ បាន​នាំយក​ផ្កាយរណប​ទៅ​លើអវកាស ​បាន​ដោយ​ជោគជ័យ។ ចំណែក​ ខាង​ភ្នាក់ងារ​អវកាស​អាមេរិក​ បាន​ផ្តល់​ដំណឹង​ថា ​គេ​សង្កេត​ឃើញ​មាន​យាន​មួយ​ហោះ​ចូល​ក្នុង​ខ្សែ​អកប៊ីត​មែន ​ក៏​ប៉ុន្តែ​គេ​មិន​ប្រាកដ​ទេ​ថា​ យាន​នោះ​បាន​ព្រលែង​ផ្កាយ​រណប​ឲ្យ​ស្ថិត​ក្នុង​ខ្សែ​អកប៊ីត ​បាន​សម្រេច​មែន​​រឺ​ក៏​អត់។

យក​ផ្កាយរណប​ទៅដាក់​លើ​ខ្សែ​អកប៊ីត ​មិនមែន​ជា​រឿង​ងាយ៖
យ៉ាងណាក៏ដោយ​ បើ​តាម​ការ​វិភាគ​យ៉ាង​ល្អិតល្អន់ ​ពី​អ្នក​ជំនាញ ​គេ​ពិបាក​នឹង​ជឿ​ណាស់​ថា​ កូរ៉េ​ខាងជើង​អាច​ធ្វើ​វា​ដោយ​បាន​សម្រេច។ ទីមួយ ​យើង​អាច​ទទួល​ស្គាល់​ថា ​កូរ៉េ​ខាង​ជើង​បាន​បាញ់​សាកល្បង​គ្រាប់​មីស៊ីល​ក្នុង​ចំងាយឆ្ងាយ​ បាន​ជោគជ័យ​មែន​ចុះ ​ ក៏​ប៉ុន្តែ​ដំណាក់កាល​ចុង​ក្រោយ ​ ដែល​យាន​នេះ​ត្រូវ​ហោះ​ចូល​ទៅ​ដល់​ក្នុង​គន្លង​ខ្សែ​អកប៊ីត​ របស់​ផែន​ដី ​គឺ​ជា​ការ​លំបាក​ណាស់ ​ហើយ​បើ​តាម​ការ​ស្មាន ​បច្ចេកវិទ្យា​របស់​កូរ៉េ​ខាងជើង​បច្ចុប្បន្ន​ក្នុង​វិស័យ​នេះ ​ គឺ​នៅ​មាន​កំរិតទាប​ មិនទាន់​អាច​ធ្វើ​បាន​ទេ។

ប៉ុន្តែអ្វី​ដែល​គេ​ព្រួយបារម្ភ​ គឺ​គ្រាប់​មីស៊ីល​នេះ​ អាច​ជា​គ្រាប់​មីស៊ីល​បាលីស្ទីក​ចំងាយឆ្ងាយ​ ដែល​កូរ៉េ​ខាងជើង​អាច​កែច្នៃវា​ ដើម្បី​បំពាក់​ក្បាល​គ្រាប់​បែក​នុយក្លែអ៊ែរ ​ហើយ​បន្ទាប់​មក​បាញ់​ឆ្លងទ្វីប​ អាច​ទៅ​ដល់​ទឹកដី​អាមេរិក​និង​អឺរ៉ុប។ ត្រង់​នេះ​ហើយ​ ដែល​ជា​បញ្ហា។

កូរ៉េខាងត្បូង​និង​អាមេរិក ​ចង់ដាក់​តាំង​ប្រព័ន្ធ​ចាប់​គ្រាប់​មីស៊ីល ​នៅ​កូរ៉េ​ខាងត្បូង៖
តាមការ​ផ្តល់​ដំណឹង ​អាមេរិក​ និង​កូរ៉េ​ខាងត្បូង ​នឹង​ចាប់​ផ្តើម​ធ្វើការ​ពិភាក្សាគ្នា ​ដើម្បី​ដាក់តាំង​ប្រព័ន្ធ​បំផ្លាញ​គ្រាប់​មីស៊ីល​បែប​ទំនើប​ ​ឈ្មោះ ​ THAAD (Terminal High Altitude Area Defense) ​ដែល​ជា​បច្ចេកវិទ្យា​របស់​អាមេរិក ​នៅ​លើ​ដី​កូរ៉េ​ខាងត្បូង។ ប្រព័ន្ធនេះ ​និង​អាច​ចាប់​គ្រប់​ គ្រាប់​មីស៊ីល ​ទាំងអស់​ដែល​ត្រូវបាញ់​ចេញ​ពី​ក្នុង​តំបន់។ ការ​ចរចា​របៀប​នេះ ​ធ្លាប់​បរាជ័យ​ច្រើន​ដង​មក​ហើយ​ដោយសារ​តែ​ចិន​ បាន​បដិសេធ​ដាច់​អហង្ការ។ ចិន​មិន​ចង់​ឃើញ​ប្រព័ន្ធ​ចាប់គ្រាប់​មីស៊ីល​របស់​អាមេរិក​ មក​នៅ​ក្បែរ​ដី​ខ្លួន​ទេ ​ ព្រោះថា​ខ្លួន​ក៏​ប្រហែល​ជា​មាន​គ្រាប់​មីស៊ីល​ដែរ។

កាលពី​ដើម​ខែ​មករា ​កូរ៉េ​ខាង​ជើង​បាន​បាញ់​សាកល្បង​គ្រាប់​នុយក្លេអ៊ែរ​ ប្រភេទ​អ៊ីដ្រូហ្សែន។​ មហាអំណាច​នៅ​មិន​ទាន់​ត្រូវរូវ​គ្នា​ដាក់​ទណ្ឌកម្ម​ផង ​ ឥឡូវ​ថ្ងៃ​នេះ ​លោក​បង​គីម ជុងអ៊ុន ​បាញ់​សាកគ្រាប់​មីស៊ីល​មួយ​ថែម​ទៀត។ ការ​យឺតយ៉ាវ ​រឺ​ក៏​ភាព​អប្រសិទ្ធិភាព​នៃ​ទណ្ឌកម្ម​ទាំង​នេះ ​ គឺ​មាន​មូលហេតុ​មួយ​ធំ ​ គឺ​បណ្តាល​មក​ពី ​គោលជំហរ​របស់​ចិន។ ចិន​មាន​នយោបាយ​ខោកក្បាល​អង្អែល​ខ្នង។ ចិន​ថ្កោលទោស​កូរ៉េ​ខាងជើង​នៅ​ខាង​មុខ​មែន ​ ក៏​ប៉ុន្តែ​ចិន​មិន​ចង់​ឲ្យ​របប​ព្យុងយ៉ាង​រលំ​រលាយ​ទេ។ ហេតុអី ​ព្រោះថា​បើ​គេ​ដាក់ទណ្ឌកម្ម​ខ្លាំង​លើ​កូរ៉េ​ខាងជើង ​របប​នេះ​អាច​រលំ ​ហើយ​មិន​យូរ​មិន​ឆាប់ ​កូរ៉េ​ទាំងពីរ ​និង​រួបរួម​គ្នា​វិញ។ អញ្ចឹង​មាន​ន័យ​ថា ​ កូរ៉េ​ពីរ​នាក់​បង​ប្អូន​ក្លាយ​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក ​ ដែល​ការ​នេះ ​គឺ​វា​ធ្វើ​ឲ្យ​ចិន​បាត់បង់​អំណាច​ឥទ្ធិពល​ នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

គីម ជុងអ៊ុន ​សម្ញែង​អាវុធ ​ដើម្បី​រក្សា​អំណាច៖

គីន ជុងអ៊ុន ខំប្រឹងងើយសម្លឹងមើលគ្រាប់​មីស៊ីល នៅលើ​មេឃ ថ្ងៃ​ទី ៧ កុម្ភៈ ២០១៦
គីន ជុងអ៊ុន ខំប្រឹងងើយសម្លឹងមើលគ្រាប់​មីស៊ីល នៅលើ​មេឃ ថ្ងៃ​ទី ៧ កុម្ភៈ ២០១៦ REUTERS/Kyodo


ក្រៅពី​ចង់​បញ្ចេញ​សាច់ដុំ​ប្រាប់​ពិភពលោក ​កូរ៉េ​ខាងជើង​ធ្វើការ​បាញ់​សាក​គ្រាប់​មីស៊ីល ​និង​គ្រាប់​នុយក្លេអ៊ែរ ​ផ្ទួនៗ​គ្នា​បែប​នេះ ​ក៏​មាន​មូលហេតុ​ផ្ទៃ​ក្នុង​ដែរ។ ទីមួយ​ទណ្ឌកម្ម​អន្តរជាតិ​លើ​ការ​បាញ់គ្រាប់​នុយ​ក្លេអ៊ែល ​នៅ​មិនទាន់​ដាក់ ​ ដូច្នេះ​បើ​បាញ់​ថែម​មួយ​ទៀត​ គឺ​ចំណេញ​ទណ្ឌកម្ម។ មាន​ន័យ​ថា ​បាញ់​សាក​អាវុធ​ពីរ​ដង​ តែ​ត្រូវ​គេ​ដាក់​ទណ្ឌកម្ម​តែ​ម្តង​ទេ។ មូលហេតុ​ផ្ទៃក្នុង​មួយ​ទៀត ​ គឺ​ថា​គីម ជុងអ៊ុន ​ចង់​សម្តែង​ថា​ខ្លួន​ជា​មេដឹកនាំ​កំពូល​របស់​កូរ៉េ​ខាងជើង​ ជា​ទាយាទ​ស្របច្បាប់​តែ​មួយ​គត់​របស់​គីម អ៊ីលស៊ុង ​ និង​គីម ជុងអ៊ីល។

គួរបញ្ជាក់ថា​ ​នៅ​ខែ​ឧសភា​ខាង​មុខ​នេះ ​ នឹង​មាន​បើក​មហាសន្និបាទ​ដ៏​ធំ​មួយ​ របស់​គណបក្ស​កុម្មុយនីស្ត​កូរ៉េ​ខាងជើង ​ ដែល​មហា​សន្និបាទ​របៀប​នេះ ​ខាន​ធ្វើ​យូរ​ហើយ​តាំង​ពី​ឆ្នាំ​៨០​មក។ នៅក្នុង​ផ្ទៃ​ក្នុង​បក្សកុម្មុយនីស្តិ​កូរ៉េ​ខាង​ជើង ​ មិន​អត់​ទេ ​អ្នក​ដែល​ចង់​ទម្លាក់​មេដឹកនាំ​ផ្តាច់ការ​ត្រកូល​គីម​នេះ ​ ព្រោះ​ថា​កន្លង​មក​យើង​ឃើញ​ហើយ​ថា ​មាន​អ្នក​ត្រូវ​គេ​យក​ទៅ​កសាង​ បាត់​ខ្លួន​ម្តង​មួយៗ។ ដូច្នេះ​ការ​សម្ញែង​សមត្ថភាព​យោធា​របស់​គីម ជុងអ៊ុន ​គឺ​ជា​អាវុធ​នយោបាយ​ក្នុង​ស្រុក ​ដើម្បី​ប្រមូល​មនុស្ស​ឲ្យ​ដើរ​តាម​ខ្លួន​ ហើយ​រក្សា​អំណាច​តែ​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ