អានតួអត្ថបទ
កូរ៉េខាងជើង-កូរ៉េខាងត្បូង

កូរ៉េខាងត្បូង ​ដាក់​បន្ថែម​ទណ្ឌកម្ម​ដាច់​ដោយ​ឡែក ​ទៅលើ​កូរ៉េ​ខាង​ជើង

យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង បានឲ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូង ទើបបានសម្រេច ដាក់ទណ្ឌកម្មដាច់ដោយឡែកផ្សេងទៀត ទៅលើកូរ៉េខាងជើង។ កូរ៉េខាងត្បូងសម្រេចដាក់ទណ្ឌកម្មនេះ ថ្វីបើមានការអំពាវនាវ ពីសំណាក់មន្ត្រីជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ ដែល​បានបំពេញទស្សនកិច្ច​៥ថ្ងៃ នៅកូរ៉េខាងជើង ហើយដែលបានលើកឡើងថា សហគមអន្តរជាតិត្រូវតែប្រុងប្រយ័ត្ន មិនត្រូវរុញកូរ៉េខាងជើង ឲ្យ​ទ័លច្រកទេ។ ទណ្ឌកម្មថ្មីរបស់កូរ៉េខាងត្បូង នាពេលនេះ នឹងមិនបានផលអ្វីទេ ក្រៅតែធ្វើឲ្យរបបព្យុងយ៉ាង ខឹងកាន់តែខ្លាំង។

ប្រធានាធិបតី កូរ៉េខាងត្បូង Moon Jae-in
ប្រធានាធិបតី កូរ៉េខាងត្បូង Moon Jae-in Reuters/路透社
ផ្សាយពាណិជ្ជកម្ម

នេះគឺជាបញ្ជីទណ្ឌកម្មដាច់ដោយឡែក ទី២ហើយ ដែលកូរ៉េខាងត្បូង បានសម្រេចដាក់ទៅលើកូរ៉េខាងជើង ក្នុងរយៈពេល១ខែចុងក្រោយនេះ។ បើយោងតាមទីភ្នាក់ងារព័ត៌មាន Yonhap ដែលបានស្រង់សំដី របស់មន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ទណ្ឌកម្មថ្មីនេះ គឺសំដៅទៅលើក្រុមហ៊ុនសហគ្រាសកូរ៉េខាងជើង ប្រមាណជា២០​ ដែលក្នុងនោះមានភាគច្រើនជាធនគារ។ ក្រៅពីនោះ នៅមានមនុស្សប្រមាណ១២នាក់ ដែលភាគជ្រើនជាថៅកែធនាគារជនជាតិកូរ៉េខាងជើង ដែលនឹងត្រូវជាប់ឈ្មោះ ក្នុងបញ្ជីខ្មៅ។

ទណ្ឌកម្មនេះ ក៏បានហាមឃាត់ ក្រុមហ៊ុន ឬក៏អ្នកជំនួញកូរ៉េខាងត្បូងទាំងអស់​ មិនទាក់ទង រកស៊ីជាមួយក្រុមហ៊ុនកូរ៉េខាងជើង ឬបុគ្គល ដែលជាប់ក្នុងបញ្ជីទណ្ឌកម្មនេះទេ។ ទីភ្នាក់ងារ ព័ត៌មានផ្លូវការកូរ៉េខាងត្បូងដដែល បានបញ្ជាក់ថា ក្រុមហ៊ុន ឬសហគ្រាស ព្រមទាំងបុគ្គល ដែលជាប់ក្នុងបញ្ជីខ្មៅនេះ សុទ្ធតែជាអ្នកដែលបានចូលរួម ដោយផ្ទាល់ ឬដោយប្រយោល ក្នុងការផ្គត់ផ្គង់សម្ភារៈ និងប្រភពថវិកា ទៅឲ្យកូរ៉េខាងជើង ដើម្បីយកទៅផលិតអាវុធនុយក្លេអ៊ែរ។ ក្រុមហ៊ុន ឬមនុស្សទាំងនោះខ្លះ ក៏បានចូលរួម ក្នុងជំនួញផ្លូវងងឹត គេចវេសពីទណ្ឌកម្មអន្តរជាតិទៀតផង។

គួរបញ្ជាក់ថា កាលពីសប្តាហ៍កន្លងទៅ លោក Jeffrey Feltman អគ្គលេខារងនៃអង្គការសហប្រជាជាតិ បានទៅដល់កូរ៉េខាងជើង រយៈពេល៥ថ្ងៃ ដើម្បីស្ទង់កំដៅ និងព្យាយាមបើកផ្លូវចរចា។ ពេលត្រលប់មកវិញ  លោកបានអំពាវនាវថា ការប្រឈមមុខដាក់គ្នាដោយអាវុធ គឺជារឿងធ្ងន់ធ្ងរបំផុត ហើយត្រូវតែចៀសវៀង ឲ្យខាងតែបាន។ ភាគីទាំងអស់ មិនគួររុញច្រាន ឬបង្ខំឲ្យកូរ៉េខាងជើងទ័លច្រកឡើយ។

ជាងនេះទៅទៀត បើយោងតាមតួលេខនៃការដោះដូរពាណិជ្ជកម្មដ៏ស្តួចស្តើង រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង មានន័យថាទណ្ឌកម្មរបស់កូរ៉េខាងត្បូងនេះ គ្រាន់តែជានិម្មិតរូបប៉ុណ្ណោះ ហើយពុំមានផលប៉ះពាល់ណាមួយជាដុំកំភួនឡើយ។ ផ្ទុយទៅវិញ ទណ្ឌកម្មនេះ នឹងរឹតតែធ្វើឲ្យរបបផ្តាច់ការព្យុងយ៉ា ខឹងសំបារ ច្រលោតកាន់តែខ្លាំង ទៅវិញទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ