អានតួអត្ថបទ

ជប៉ុន៖ លោក​ស៊ិនហ្សូ អាបេ ​ជាប់ឆ្នោត​ជា​ប្រធាន​បក្ស​ម្តងទៀត

លោកស៊ិនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន ទើបតែត្រូវបានសមាជិកគណបក្សរបស់លោក បោះឆ្នោតតែងតាំង ឲ្យធ្វើជាប្រធានដឹកនាំគណបក្សនេះតទៅទៀត។ ការជាប់ឆ្នោតជាថ្មីនេះ មានន័យថា លោកស៊ិនហ្សូ អាបេ អាចនឹងស្ថិតនៅអង្គុយកៅអីនាយករដ្ឋមន្ត្រីជប៉ុន ជាបន្តទៀត យ៉ាងហោចណាស់ ដល់ឆ្នាំ២០២១ ហើយក៏មានន័យថា លោកនឹងក្លាយជានាយករដ្ឋមន្ត្រីជប៉ុន ដែលកាន់តំណែងនេះបានយូរជាងគេ ក្នុងប្រវត្តិសាស្ត្រជប៉ុន។

លោក Shinzo Abe នាយករដ្ឋមន្ត្រី​ ប្រធានបក្ស សេរីប្រជាធិបតតេយ្យ
លោក Shinzo Abe នាយករដ្ឋមន្ត្រី​ ប្រធានបក្ស សេរីប្រជាធិបតតេយ្យ REUTERS/Toru Hanai
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃព្រហស្បតិ៍ ទី២០កញ្ញានេះ គណបក្ស សេរីប្រជាធិបតេយ្យ ដែលជាគណបក្សអភិរក្សនិយម របស់ជប៉ុន បានសម្រេចបោះឆ្នោត ជ្រើលរើសលោក ស៊ិនហ្សូ អាបេ ឲ្យធ្វើជាប្រធានដឹកនាំបក្សបន្តទៀត។ លោកអាបេ បានទទួលសម្លេងឆ្នោត ៥៥៣សម្លេង ក្នុងចំណោមសម្លេងឆ្នោតទាំងអស់ ៨០៧សម្លេង។

ក្រោយទទួលលទ្ធផលឆ្នោត លោកអាបេ បានថ្លែងអរគុណ ចំពោះកា​រផ្តល់ទំនុកចិត្ត ហើយបានប្តេជ្ញាថានឹងសម្រេចគោលដៅគូសវា និងការសន្យានានារបស់រដ្ឋាភិបាល។ ក្នុងចំណោមការប្តេជ្ញាទាំងនោះ លោកអាបេ បានសង្កត់ធ្ងន់លើចំណុចមួយ គឺការធ្វើកំណែទម្រងរដ្ឋធម្មនុញ្ញជប៉ុន។ ជាការធ្វើ​កំណែទម្រង់ ដែល​លោកលើកឡើងថា ចាំបាច់ ដើម្បីពង្រឹងសន្តិសុខ និងកិត្តិយសជប៉ុន។ កម្មវត្ថុនៃកំណែទម្រង់ ដែលលោកអាបេចង់បាននោះ គឺធ្វើឲ្យជប៉ុន អាច​វិល​ត្រលប់​ទៅមានកងទ័ពជាតិឡើង​វិញ។

យ៉ាងណាក៏ដោយ លោកស៊ិនហ្សូ អាបេ ដែលបានចូលកាន់តំណែង ជានាយករដ្ឋមន្ត្រីជប៉ុន តាំងតែពីឆ្នាំ២០១២មក បានទទួលស្គាល់ពីការងារ ដែលត្រូវតែប្រឹងប្រែង សម្រាប់២-៣ឆ្នាំខាងមុខ។ លោកអាបេ បានលើកឡើង ថារដ្ឋាភិបាល​លោក នឹងប្រឹងប្រែង ធ្វើកំណែ​ទម្រង់​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ឲ្យ​ប្រសើរ ដើម្បីទប់ទល់ជាមួយគ្រោះមហន្តរាយធម្មជាតិ ដែលកាន់តែញឹកញាប់ និងធ្ងន់ធ្ងរ។ ឆ្នាំ២០១៩ ជប៉ុន និងត្រូវរៀបចំជំនួបកំពូល G20 ដែល​នេះ​គឺ​ជា​លើក​ទីមួយ​សម្រាប់ជប៉ុន។ ហើយឆ្នាំបន្ទាប់ទៀត ជប៉ុន ត្រូវធ្វើជាម្ចាស់ផ្ទះ រៀបចំកីឡាអូឡាំពិក និងកីឡាបារ៉ាឡាំពិក។

គួរកត់សំគាល់ថា ចំពោះមុខនឹងជោគជ័យ ក្នុងការបោះឆ្នោតក្នុងបក្សនេះ លោកអាបេ មិនមែន​មានសុទ្ធតែអ្នកគាំទ្រស្រលាញ់ទាំងអស់នោះទេ។ លោក Shinichi Nishikawa សាស្ត្រាចារ្យ​​វិទ្យាសាស្ត្រ​នយោបាយ នៅសកលវិទ្យាល័យ Meiji ក្រុងតូក្យូ បានលើកឡើងថា គណបក្សសេរីប្រជាធិបតេយ្យ បច្ចុប្បន្ន​មានការបែងចែកជាបក្សពួកតូចៗ។ អ្នកនយោបាយតូចតាចមួយចំនួនធំ មិនពេញចិត្តនឹងលោកអាបេទេ តែត្រូវបង្ខំចិត្តគោរពទៅតាមការសម្រេច របស់មេក្រុមរៀងៗខ្លួន ដែលពួកគេសុទ្ធតែជាមិត្តភ័ក្តស្និទនឹងលោកអាបេ។

ផ្ទុយទៅវិញ ក្នុងចំណោមសម្លេងឆ្នោតទាំង៤០៥សម្លេង ដែលតំណាងឲ្យសកម្មជននយោបាយតូចតាច គឺលោកអាបេ អាចគៀងគបានប្រមាណតែ២២៤សម្លេង​ប៉ុណ្ណោះ ចំណែកគូប្រជែងលោក គឺលោក Shigeru Ishiba បានចំនួន១៨១សម្លេង។ នេះមានន័យថា សម្រាប់​សកម្មជនបក្សប្រមាណជា១លាននាក់ទូទាំងប្រទេស គឺលោក Shigeru Ishiba ជាមនុស្សដ៏សំខាន់ម្នាក់ ក្នុងបក្ស និងក្នុងឆាកនយោបាយជប៉ុន។ ទន្ទឹមគ្នានេះ ប្រជាប្រិយភាពរបស់លោកអាបេ ក្នុង​ចំណោមប្រជាជនជប៉ុនទូទៅ ក៏បានធ្លាក់ចុះដែរ ដោយសារតែមានរឿងអាស្រូវជាច្រើន បានលេចឮ ថាលោកស៊ុនហ្សូ អាបេ គឺជាមនុស្សបក្សពួកនិយម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ