អានតួអត្ថបទ

តើចិន កំពុងផលិតនាវាផ្ទុកយន្តហោះចម្បាំងទី៣ឬ?

ប្រទេស​ចិន​កំពុង​សាងសង់​នាវា​​​​ផ្ទុកយន្តហោះចម្បាំង​ថ្មី​មួយទៀត។ នេះ​បើតាម​រូបភាព​ផ្កាយរណប ដែលទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reutersបាន​ទទួល​ពី ​វិទ្យាស្ថាន​ដើម្បី​យុទ្ធសាស្រ្ត និង​ការសិក្សា​អន្តរជាតិ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ។ រូបភាព​ផ្កាយរណប​របស់​វិទ្យាសា្ថន​អាមេរិកាំង បាន​បង្ហាញថា នាវាផ្ទុកយន្តហោះ​ចម្បាំង​ថ្មី ដែល​​ចិនកំពុង​សាងសង់​នៅ​​ការដ្ឋាន​ជើងទឹក​ក្បែរ​ទីក្រុង​សៀងហៃ ​មានទំហំ​ ប៉ុនតារាង​បាល់ទាត់ និង​ធំជាង​នាវា​ផ្ទុក​យន្តហោះចម្បាំង​របស់​បារាំងទៅទៀត​។

រូបថតផ្កាយ​រណប បង្ហាញ​ពី​ការដ្ឋាន​​សាងសង់​​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ទី៣ របស់​ចិន។ ថ្ងៃទី​១៧ មេសា ២០១៩
រូបថតផ្កាយ​រណប បង្ហាញ​ពី​ការដ្ឋាន​​សាងសង់​​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ទី៣ របស់​ចិន។ ថ្ងៃទី​១៧ មេសា ២០១៩ Reuters
ផ្សាយពាណិជ្ជកម្ម

រូបភាព​ផ្កាយរណប​ ដែល​វិទ្យាសា្ថន​អាមេរិកាំង CSIS ថត​បាន កាលពី​ខែ​មេសា​ កន្លងទៅ​បានបង្ហាញ​ពី​សកម្មភាព​ដ៏មមាញឹក​ជុំវិញ​សំណង់​នាវាដ៏ធំមួយ នៅ​ការដ្ឋាន​ជើងទឹក​​ Jiangnan នៅរយៈពេល​៦ខែ​ចុងក្រោយនេះ។ រូបភាពផ្កាយរណប​របស់​វិទ្យាស្ថានអាមេរិក​​ធ្វើ​ឲ្យ​គេ​ជឿថា ប្រទេស​ចិន​កំពុង​សាងសង់​នាវា​ផ្ទុកយន្តហោះ​ចម្បាំង​ថ្មី ដែល​នឹង​មាន​​ទំហំ​ធំ​ជាង នាវាផ្ទុកយន្តហោះ​ចម្បាំង​ ទាំងពីរ​មុន​របស់​ចិន។

ក្រសួងការពារ​ជាតិ​ចិន​មិន​បាន​ឆ្លើយ​បញ្ជាក់ព័ត៌មាន​នេះ ទៅតាម​ការសុំ​របស់​​ទីភ្នាក់ងារ​Reuters នោះទេ។ ប្រទេស​ចិន​ផ្ទាល់​ក៏មិន​ដែល​បង្ហាញ​ថា ខ្លួន​កំពុង​សាងសង់​នាវា​ផ្ទុកយន្តហោះចម្បាំង​ទី​៣នោះដែរ។ មួយវិញទៀត នៅ​ប្រទេស​ចិន ព័ត៌មាន​ទាក់ទង​នឹង​កម្មវិធី​សាងសង់​នាវាចម្បាំង ត្រូវ​បាន​ចាត់ចូល​ជា​កិច្ចការ​សម្ងាត់​របស់​កងទ័ព។

គ្រប់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ប្រទេស​លោកខាងលិច​ និង​ប្រទេស​នៅ អាស៊ី ដែល​កំពុង​ពើបប្រទះ​នឹង​​​នយោបាយ​វាតទីនិយម​ ​​របស់​កងទ័ពជើងទឹក​ចិន​ បាន​តាមដាន​យ៉ាង​​យកចិត្ត​ទុកដាក់ ដើម្បី​បានព័ត៌មាន​លម្អិត​ទាក់ទង​អនាគត ​នាវា​ផ្ទុកយន្តហោះចម្បាំង​ចិន ដែល​ស្តែង​ឲ្យ​ឃើញ​ពីការពង្រឹង​សមត្ថភាព​​របស់​កងទ័ព​ចិន នៅ​ក្នុង​មហាសមុទ្រ។

រហូតមកដល់​ពេលនេះ ចិន​មាន​នាវា​ផ្ទុកយន្តហោះ​ចម្បាំង​ពីរ ដែលមួយ​​គ្រឿង​ជា​នាវាផ្ទុកយន្តហោះ​ចាស់ ទិញ​ពី​ប្រទេស​អ៊ុយក្រែន នៅ​ឆ្នាំ ១៩៩៨ ដែល​ចិន​យក​មក​កែលម្អ​ថ្មី​ឡើងវិញ ហើយ​និង​មួយគ្រឿងទៀត ជា​នាវា​ផ្ទុកយន្តហោះ​ចម្បាំង​ថ្មីស្រឡាង ដែល​ចិន​សាងសង់​ដោយ​ខ្លួនឯង ដោយ​យក​គំរូ​ពី​នាវា​អ៊ុយក្រែន និងដែល​កំពុង​ដាក់​សាកល្បង​ឲ្យ​ដំណើរការ​នៅឡើយ។ នាវា​ផ្ទុកយន្តហោះចម្បាំង​ទាំងពីរ​មុន​របស់​ចិន គឺ​អាច​ផ្ទុក​យន្តហោះ​​ចម្បាំង​បានតែ ២៥គ្រឿង​ប៉ុណ្ណោះ ក្នុង​នាវានីមួយៗ ចំណែក ប្រព័ន្ធប៉ោលវាត់​បញ្ជូន​យន្តហោះ​ទៀតសោត​ក៏មាន​សមត្ថភាព មាន​កំណត់ មិន​អាចប្រើ​សម្រាប់​យន្តហោះ​គ្រប់ប្រភេទឡើយ។ គេ​វាយតម្លៃថា នាវាផ្ទុកយន្តហោះ ថ្មី ទី​៣​របស់​ចិន នឹង​មាន​ទំហំធំជាង​នាវា​ពីរមុន និង​ធំជាងនាវា​ផ្ទុកយន្តហោះ​ចម្បាំង​បារាំង Charles De Gaulle ដែល​មានទម្ងន់ ជាង ៤ម៉ឺនតោន (៤២ ៥០០​តោន) ប៉ុន្តែ នៅតែ​តូច មិនអាច​ប្រជែង​ជាមួយ នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាមេរិកាំង Mastodonnes ដែល​មានទម្ងន់​ដល់ទៅ​១សែនតោន។ 

នាវា​ផ្ទុកយន្តហោះចម្បាំង​ថ្មី ទី៣ ដែល​ចិន​បង្កើត សាងសង់​ដោយ​ខ្លួនឯង ជាផ្នែក​មួយ​នៃ​នយោបាយ​ធ្វើ​​ទំនើបកម្ម​កងទ័ព របស់​​លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង។ វាកើតមាន​ឡើង​នៅ​ចំពេល​ដែល​ចិន​កំពុង​តែមិន​ពេញចិត្ត និង​ប្រឆាំង​​​កាន់តែខ្លាំង​នឹង​វត្តមាននាវាចម្បាំង​របស់​ប្រទេស​លោកខាងលិច នាំមុខ​ដោយ​អាមេរិក នៅ​សមុទ្រ​ចិន​ខាងត្បូង។​

​កន្លងមក ​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុង​ស្រុក​ចិនធ្លាប់​បាន​ចុះផ្សាយ​ថា ទីក្រុង​ប៉េកាំងមាន​គម្រោង​ចង់​បំពាក់ នាវា​ផ្ទុកយន្តហោះចម្បាំង​ ចំនួន​៦គ្រឿង ឲ្យ​កងទ័ព​ជើងទឹក​របស់ខ្លួន នៅពេល អាមេរិក​មាន​នាវា​ប្រភេទ​នេះ​ដល់ទៅ ១០គ្រឿង​ឯណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ