អានតួអត្ថបទ

ហុងកុង៖ បាតុកម្ម​ប្រឆាំង​នឹង​ជនជាតិ​ចិន ដែល​រកស៊ី​រត់ពន្ធ​ទំនិញ​ឆ្លងដែន

កាលពីថ្ងៃសៅរ៍ទី១៣កក្កដា ប្រជាជនហុងកុង បានធ្វើបាតុកម្ម ក្នុងសង្កាត់ភាគខាងជើង ជាប់នឹងព្រំដែនជាមួយចិនដីគោក ដើម្បីប្រឆាំងនឹងក្រុម​ជនជាតិចិន​ ដែលមករស់នៅ និងរកស៊ីនាំទំនិញគេចពន្ធឆ្លងដែន។ នគរបាលចិន បានប្រើកម្លាំងបំបែកហ្វូងបាតុករ បង្ករឲ្យមានការប្រឈមមុខដាក់គ្នាដោយហិង្សា។ គួរកត់សម្គាល់ថា​ បាតុកម្មនេះ គឺជា​ទំរងថ្មីមួយទៀត នៃការតវ៉ា របស់ប្រជាជនហុងកុង ដែលកើតទុក្ខមិនសុខចិត្ត​និងរដ្ឋអំណាចចិនដីគោក​ ក៏ដូចជាជនជាតិចិន ដែល​ឆក់ឱកាសកេងចំណេញ តាមរយៈការបើកផ្លូវទំនាក់ទំនង រវាងចិននិងហុងកុង។

នគរបាលហុងកុង កំពុងតែវាយបំបែក​ហ្វូងបាតុករ នៅសង្កាត់ Sheung Shui ជាប់ព្រំដែនចិន​ដីគោក។ ថ្ងៃទី​១៣​កក្កដា ២០១៩
នគរបាលហុងកុង កំពុងតែវាយបំបែក​ហ្វូងបាតុករ នៅសង្កាត់ Sheung Shui ជាប់ព្រំដែនចិន​ដីគោក។ ថ្ងៃទី​១៣​កក្កដា ២០១៩ REUTERS/Tyrone Siu
ផ្សាយពាណិជ្ជកម្ម

បាតុកម្មរបស់ប្រជាជនហុងកុង បានធ្វើឡើង នៅសង្កាត់ Sheung Shui ភាគខាងជើងហុងកុង ជាប់នឹងព្រំដែនចិនដីគោក។ កម្មវត្ថុរបស់បាតុករ ដែលភាគច្រើនសុទ្ធតែជាយុវជន គឺប្រឆាំងតវ៉ា ចំពោះការមកតាំងទីស្នាក់នៅយ៉ាងគំហុក របស់ជនជាតិចិនដែលរកស៊ីគេចពន្ធ នាំទំនិញឆ្លងដែនដោយខុសច្បាប់។ បាតុកម្មនៅថ្ងៃសៅរ៍ ទី​១៣កក្កដានេះ បានឈានទៅដល់ការប្រឈមមុខដាក់គ្នា រវាងបាតុករ​ និងសមត្ថកិច្ច។ នគរបាលបានប្រើបំពង់ឧស្ម័នបង្ហូរទឹកភ្នែក ដំបងឆក់ ដើម្បីវាយបំបែកហ្វូងបាតុករ។

សូមរំលឹកថា បន្ទាប់ពី​ហុងកុង ត្រូវបានទទួលស្គាល់ជាតំបន់ស្វ័យត្នរបស់ចិន សង្កាត់​Sheung Shui ដែលស្ថិតនៅ​ជាប់ព្រំដែនចិនដីគោក បានក្លាយទៅច្រកចេញចូល និងស្នាក់​នៅ​របស់ជនជាតិចិន ដែលរកស៊ីនាំទំនិញគេចពន្ធ។ បន្តិចម្តងៗ សង្កាត់នេះ បានក្លាយទៅជាភូមិរបស់ក្រុម​អ្នកជួញទំនិញគេចពន្ធ នាំទំនិញគុណភាពល្អៗពីហុងកុង ឆ្លងទៅចិនដីគោកយ៉ាងព្រោងព្រាត។ ប្រការនេះ បានធ្វើឲ្យមានការតវ៉ា ពីសំណាក់ប្រជាជន​ហុងកុង ដែលលើកឡើងថា តម្រូវការទំនិញរបស់ចិន​ដីគោក មានច្រើនហួសហេតុពេក ដែលធ្វើឲ្យពុំមានទំនិញលក់គ្រប់គ្រាន់នៅហុងកុង ហើយជាងនេះ ការមកដល់យ៉ាងគំហុក របស់ពួកចិនរកស៊ីគេចពន្ធទាំងនោះ បានធ្វើឲ្យថ្លៃឈ្នួលផ្ទះឡើងថ្លៃ ព្រមទាំងអំពើហិង្សាផ្សេងៗ។

គួតកត់សំគាល់ថា នេះគឺជាការតវ៉ាថ្មីមួយទៀត របស់​ប្រជាជនហុងកុង ដែលកាន់តែមិនពេញចិត្ត​ ទៅនឹងវត្តមានរបស់ជនជាតិចិនដីគោក នៅហុងកុង។ ការតវ៉ានេះ គឺវាផ្សារភ្ជាប់ទៅនឹង​ការតវ៉ាប្រឆាំងនឹង នយោបាយក្តោបក្តាប់អំណាច បំបិទសិទ្ធិសេរីភាព​ពីសំណាក់រដ្ឋអំណាចចិនប៉េកាំង មកលើជីវភាព​របស់ប្រជាជនហុងកុង។ ថ្វីត្បិតតែលោកស្រី ការី ឡាំ ប្រមុខរដ្ឋបាលក្រុងហុងកុង បានប្រកាសថា គម្រោង​ច្បាប់​ធ្វើបត្យាប័ន មានស្លាប់ទៅវិញទៅហើយក្តី តែបាតុករហុងកុង នៅតែបន្តការតវ៉ា ទាមទារឲ្យលោកស្រីចុះចេញពីតំណែង។

យ៉ាងណាមិញ គេសង្កេតឃើញ មានទំរង់តវ៉ាថ្មីមួយទៀតរបស់ប្រជាជនហុងកុង គឺការអំពាវនាវតៗគ្នា ឲ្យ​ទៅដក់សាច់ប្រាក់ ចេញពីគណនីធនាគារចិន។ សកម្ម​ជនហុងកុង អះអាងថា ទំរង់តវ៉ាថ្មីនេះ គ្មាន​ឥទ្ធិពលធំដំ ហើយក៏គ្មាន​បំណង ធ្វើឲ្យធនាគារចិនរលំឡើយ។ តែការតវ៉ារបៀបនេះ គឺជានិម្មិតរូប បង្ហាញ​ថា​ប្រជាជនហុងកុង មិនចុះចាញ់ មិនញញើតនឹង​កណ្តាប់ដៃ​នយោបាយ​ ឬហិរញ្ញវត្ថុរបស់ចិនប៉េកាំងទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ