អានតួអត្ថបទ
អាស៊ីប៉ាស៊ីហ្វិក

បញ្ហា​កង្វះ​ចំណីអាហារ​​កំពុង​គំរាមកំហែង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​

អង្គការ​កសិកម្ម​និង​ចំណីអាហារ​របស់​អង្គការ​សហប្រជាជាតិ​​ហៅកាត់ថា អង្គការ​FAO បាន​ព្រមាន​​នៅថ្ងៃ​ចន្ទ​នេះថា ចាប់ពី​ពេល​នេះ​រហូត​ដល់ឆ្នាំ​​២០៥០ ប្រសិន​បើ​​ការផលិត​ចំណី​អាហារ​​ក្នុង​ពិភពលោក​​ មិនអាច​កើន​បាន​៦០ភាគរយបន្ថែម​​​​ទេនោះ​​ ភាព​​ចលាចល​សង្គម និង​សង្គ្រាម​ស៊ីវិល​អាច​នឹង​ផ្ទុះ​ឡើងបាន។ បច្ចុប្បន្ន​នេះ ​​មនុស្ស​៨៤២​លាននាក់​​​ ​នៅ​ទូទាំង​ពិភពលោក កំពុង​ខ្វះខាត​ចំណី​អាហារ​បរិភោគ។ ជាក់ស្តែង ប៉ាគីស្ថាន​ទើបតែបាន​ប្រកាស​​ នៅ​ថ្ងៃចន្ទ​នេះ​​ថា ក្នុង​​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ កុមារ​៦២នាក់​នៅ​តំបន់​ដាច់ស្រយាល​ភាគខាងត្បូង​ប៉ាគីស្ថាន បាន​ស្លាប់​ដោយសារ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ។

កុមារ​កូរ៉េខាងជើង​ដែល​រងគ្រោះ​ដោយ​ភាព​អន់ឃ្លាន
កុមារ​កូរ៉េខាងជើង​ដែល​រងគ្រោះ​ដោយ​ភាព​អន់ឃ្លាន DR
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ចន្ទ​នេះ យោងតាម​ការ​ប្រកាស​របស់​អង្គការ​កសិកម្ម​និង​ចំណីអាហារ​របស់​អង្គការ​សហប្រជាជាតិ​ ហៅកាត់ថា​ អង្គការ​FAOនោះ​ គេ​ត្រូវធ្វើយ៉ាងណា​ផលិត​ចំណីអាហារ​អោយ​បានបរិមាណ​​​៦០ភាគរយ​បន្ថែមទៀត នៅ​ទូទាំង​ពិភពលោក ចាប់ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ​២០៥០ ដើម្បី​កុំអោយ​​បញ្ហា​កង្វះ​ចំណីអាហារ​ បង្ក​ទៅជា​ភាព​ចលាចល​ក្នុង​សង្គម រឺក៏​សង្គ្រាម​ស៊ីវិល​បាន។ អង្គការ​ ​ FAO ធ្វើការ​​គណនា​បែប​នេះ​ ដោយ​ផ្អែក​លើ​កំណើន​ប្រជាជន​ពិភពលោក ដែល​អាច​កើន​ហួស​ពី​៩ពាន់លាននាក់ នៅ​ឆ្នាំ​២០៥០។ អង្គការ​ក៏ផ្តោត​លើការកើនឡើង​របស់​​​​អ្នកបរិភោគ​​​ដែល​ត្រូវការ​​​ហូបចុក​អាហារ​ដែល​ផ្តល់​ថាមពល​ខ្ពស់​ផងដែរ។

ក្នុង​ពិភពលោក​ បច្ចុប្បន្ន​ មានមនុស្ស​៨៤២លាននាក់ កំពុង​រង​ការ​​ខ្វះខាត​ចំណីអាហារ​បរិភោគ ក្នុងនោះ​មាន​២ភាគ៣ ជា​ប្រជាជន​រស់នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ កុមារ​​អាយុ​ក្រោម​៥ឆ្នាំ គិតជា​តួលេខ មាន​ម្នាក់​ក្នុង​ចំណោម​៤នាក់ កំពុង​រង​បញ្ហា​​កង្វះ​អាហារូបត្ថម្ភ។ ជាក់ស្តែង ក្នុង​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយនេះ កុមារ​៦២នាក់​នៅ​តំបន់​ដាច់ស្រយាល​ភាគខាងត្បូង​ប៉ាគីស្ថាន​បានស្លាប់​ដោយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​នេះ។

យោងតាម​អង្គការ​​ FAO ប្រទេស​កំពុង​អភិវឌ្ឍន៍​នានា​ ​ត្រូវការ​​​ផលិត​ផល​កសិកម្ម​បន្ថែម​អោយបាន​​៧៧ភាគរយ បើ​មិន​ដូច្នោះទេ ​​ បញ្ហា​កង្វះ​អាហារូបត្ថម្ភ​​រ៉ាំរ៉ៃ​នឹង​វាយប្រហារ​​មនុស្ស​៥០០លាននាក់ នៅ​អាស៊ីប៉ាស៊ីហ្វិក។ អង្គការ​​ FAO បានផ្តល់​គំនិត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ គេ​អាច​បង្កើន​​ទំហំ​ដីដែល​ត្រូវភ្ជួរ​អោយ​បាន​ទូលំទូលាយ​ថែមទៀត រឺក៏​អាច​​ធ្វើការ​បង្កើន​ការផលិត​​​​ថែមទៀត។ នៅពេល​នេះ អ្នកបច្ចេកទេស​​កសិកម្ម​​ចំណីអាហារ​ កំពុង​បារម្ភ​ខ្លាច​ការផលិត​មិនអាច​ឆ្លើយតប​តាម​តំរូវការ​បរិភោគ​បាន។

គួររំលឹកឡើងវិញ​ថា ក្នុងទសវត្ស​ឆ្នាំ​១៩៨០ ការផលិត​​ស្រូវនិង​អង្ករ​​​ក្នុង​ដី​មួយហិចតា មាន​ការកើនឡើងប្រចាំឆ្នាំ​ ដល់​ទៅ​៣,៥ភាគរយ។ ប៉ុន្តែ ក្នុង​២០ឆ្នាំ​ចុងក្រោយនេះ ​តួលេខ​នេះ​បាន​ថយ​​​ចុះ​ ០,៦ ទៅ​០,៨ភាគរយ​​វិញ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ