អានតួអត្ថបទ
បារាំង

ប៉ូលិស​បារាំង​តាម​ប្រមាញ់​ឃាតករ​សម្លាប់​គ្រូ និង​សិស្ស​ជ្វីវ នៅ​Toulouse

នៅថ្ងៃនេះ គ្រប់​សាលារៀននៅទូទាំង​​ប្រទេស​បារាំង ​ត្រូវ​រក្សា​ភាពស្ងៀមស្ងាត់​រយៈពេល​មួយ​នាទីដើម្បី​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារសព​ជនជាតិ​ជ្វីវ ដែល​ត្រូវ​បាន​ឃាតករ​បាញ់សម្លាប់ កាលពីព្រឹកថ្ងៃ​ចន្ទ ទី ១៩ មីនា នៅ​ខេត្ត​ Toulouse ​ ដែល​ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​បារាំង។ ព្រឹត្តិការណ៍​បាញ់សម្លាប់​គ្រូ និង​សិស្ស​ជ្វីវ​នៅ​ ក្នុង​ប្រទេស​បារាំង​បាន​បង្ក​ឲ្យ​​មាន​ប្រតិកម្ម​មិនសុខចិត្ត យ៉ាងភ្លូកទឹក ភ្លូកដី​​ ពី​​សហគមន៍ជ្វីវ​ក្នុង​ពិភពលោក និង​សហគមន៍​​​​អន្តរជាតិ​​ជាទូទៅ ដោយ​រាប់តាំងពី​​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បុរី​វ៉ាទីកង់ សេតវិមាន ប្រេស៊ីល សហភាព​អឺរ៉ុប​ទាំងមូល។ នៅថ្ងៃអង្គារ​​នេះ សាកសព​របស់​ជនរងគ្រោះបារាំង​ទាំងបួន​​​ ដែល​មាន​សញ្ជាតិ​អ៊ីស្រាអែល​នឹង​ត្រូវ​ដឹក​តាម​យន្តហោះ​ទៅ​បញ្ចុះ​ក្នុង​ទឹកដី​អ៊ីស្រាអែល។ តាំងពី​ថ្ងៃ​ម្សិលមិញ ប្រព័ន្ធផ្សព្វផ្សាយ​អ៊ីស្រាអែល​​បាន​ផ្អាក​កម្មវិធី​ផ្សាយ​ប្រចាំ​ថ្ងៃ​របស់ខ្លួន និង​ងាក​មក​ផ្តោត​លើ​ព្រឹត្តិការណ៍​បាញ់សម្លាប់​ជនជាតិ​ជ្វីវ ក្នុង​ប្រទេស​បារាំង។ លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល Benjamin Netanyahu ដែល​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​បារាំង​ស្វែងរក​ចាប់ឃាតករ​ បាន​លើកឡើង​ផងថា ​គំនិត​​ស្អប់​ជនជាតិ​ជ្វីវអាច​ជាមូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​ឃាតករ​លើកដៃ​បាញ់សម្លាប់គ្រូនិង​សិស្ស​ជនជាតិ​ជ្វីវ​នៅបារាំង។

ប៉ូលិស​ជំនាញ​កំពុង​ពិនិត្យ​មើល​ដាន​ឃាតករ​នៅកន្លែង​ដែល​មាន​ការបាញ់ប្រហារ​ទៅលើ​គ្រូ និង​កូនសិស្ស​នៅមុខ​សាលាជ្វីវ
ប៉ូលិស​ជំនាញ​កំពុង​ពិនិត្យ​មើល​ដាន​ឃាតករ​នៅកន្លែង​ដែល​មាន​ការបាញ់ប្រហារ​ទៅលើ​គ្រូ និង​កូនសិស្ស​នៅមុខ​សាលាជ្វីវ © REUTERS
ផ្សាយពាណិជ្ជកម្ម

 

លោក​ប្រធានាធិបតីបារាំង​បាន​ប្រកាស​ចាត់ទុក​ព្រឹត្តិការណ៍​សម្លាប់​គ្រូបង្រៀន និង​កូន​សិស្ស​ជ្វីវ​បួននាក់​​ កាលពីថ្ងៃចន្ទ​​ម្សិលមិញ​ថា ជាសោកនាកដកម្ម​ជាតិ និង​បាន​បញ្ជា​ឲ្យ​គេ​ដាក់​ខេត្ត​Toulouse នៅក្នុងដំណាក់កាល​​ក្រហម គឺ​កម្រិត​ប្រកាស​អាសន្ន​ខ្ពស់​បំផុត​ដែល​មិន​ធ្លាប់​មាន​ពីមុនមក។

​តាំងពី​ល្ងាច​ថ្ងៃម្សិលមិញ ​​ប៉ូលិស​បារាំង​បាន​បើក​ប្រតិបត្តិ​​ទ្រង់ទ្រាយ​ធំមួយ​ ដើម្បី​​ប្រមាញ់​តាម​ចាប់​ឃាតករ​ដែល ប៉ូលិស​បង្រ្កាប​បារាំងចំនួន ១៤​កងអង្គភាព​ត្រូវ​បាន​ពង្រាយ​ នៅតាម​វិហារ និង​សហគមន៍​ជ្វីវ​នៅក្នុង​តំបន់​​ភាគខាងជើង​បារាំង​ទាំងមូល។ ចំណែក​ប៉ូលិស​យុត្តិធម៌បារាំង​ជិត ២០០​នាក់​ដែល​មាន​ជំនាញ​ខាង​គំនូស​ព្រាង​មុខឃាតករ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ Toulouse ​នៅថ្ងៃអង្គារនេះ។

រហូតមកដល់​ម៉ោងនេះ ប៉ូលិស​បាន​ទាញ​សន្និដ្ឋាន​បណ្តើរៗ​ថា ឃាតករ​បាញ់សម្លាប់​គ្រូ និង​សិស្ស​ជ្វីវ​​​​ អាច​​ជាប់ពាក់ព័ន្ធ​នឹង​ការបាញ់​សម្លាប់​ទាហាន​លោត​ឆ័ត្រ​យោង​បារាំង​បីនាក់ កាលពី​​ជាងមួយ​សប្តាហ៍​មុន​នេះនៅខេត្ត​ Toulouse និង​Mautauban ព្រោះ​ថា អាវុធ​មួយ​ដើម​ដែល​ឃាតករ​ប្រើដើម្បី​បាញ់រះ​ទៅលើ​សិស្សសាលា​ ដូចគ្នា​នឹង​ប្រភេទ​អាវុធដែល​ឃាតករយក​ទៅ​បាញ់សម្លាប់​ទាហាន​លោត​ឆ័ត្រយោងបារាំង។ ម្យ៉ាងទៀត បើតាម​ប៉ូលិស​ ឃាតករ​អាច​ជា​ទាហាន​ព្រោះ បើ​មើល​តាម​លក្ខណៈ​បាញ់​ទៅលើ​ជនរងគ្រោះ គឺ​ឃាតករ​បាញ់ត្រង់ក្នុង​ចម្ងាយ ១០ម៉ែត្រ និង​បាញ់រះដូច​ទម្លាប់​របស់​ទាហាន​។​

ទាក់ទង​នឹង​ករណី​បាញ់សម្លាប់​ទាហាន​​នៅ Toulouse  គេ​ក៏​កំពុង​ស៊ើប​រក​អតីត​ទាហាន​បីនាក់​របស់​កងវរសេនាធំ​ទី ១៧ ដែល​ត្រូវ​បាន​ថ្នាក់​លើ​ស្តីបន្ទោស និង​ដាក់​ទណ្ឌកម្ម​ខ្លាំង​ពីបទ​បាន​ថតរូប និង​ធ្វើ​គំនាប់​គោរពតាម​ហ៊ីត្លែ ដែល​គេ​ចាត់ទុក​ជាកាយវិការ​គាំទ្រ​ពួកណាហ្ស៊ី។ ទាហាន​ទាំងបីនាក់​គឺ​ជា​ជនជាតិ​បារាំង និង​ជា​ក្រុម​ណាហ៊្សីថ្មីដែល​ស្អប់​ជនបរទេស។ អំណះអំណាង​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​គេ​ស្លុតចិត្ត គឺ​ទាហាន​លោតឆ័ត្រយោង​ទាំងបីនាក់​ដែល​ត្រូវ​ឃាតករ​បាញ់សម្លាប់ គឺ​ជាជនជាតិ​​បារាំង​ដើមកំណើត​អារ៉ាប់។

ក្នុង​ការសន្និដ្ឋាន​ជាជំហាន​ដំបូង ការរើសអើង​ ប្រកាន់​ពូជសាសន៍ និង​ការស្អប់​ពួកជ្វីវ​អាច​ជា​មូលហេតុ​មួយ​ដែរ​នៃ​ការបាញ់សម្លាប់​គ្រូ និង​សិស្ស​សាលា​ជ្វីវ។ ហើយ​ឧក្រិដ្ឋកម្ម​លើកនេះ​អាច​បង្ក​ដោយ​​ពួក​ស្តាំជ្រុលនិយម និង​ពួក​ណាហ្ស៊ី​ជំនាន់​ថ្មី​​​ ព្រោះ​វា​បាន​កើត​ឡើង​នៅ​សាលារៀន​​របស់​​ជនជាតិជ្វីវ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ