អានតួអត្ថបទ
អេហ្ស៊ីប

គ្រាប់បែក​ផ្ទុះ​នៅមុខ​តុលាការ​អេហ្ស៊ីប​ ក្នុង​ថ្ងៃបោះឆ្នោត​ប្រជាមតិ​លើ​រដ្ឋធម្មនុញ្ញ​

នៅ​អេហ្ស៊ីប ថ្ងៃ​អង្គារ​នេះ ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​មួយ​ បានកើតឡើង នៅ​ចំ​ពី​មុខ​តុលាការ​ទីក្រុង​គែរ ប៉ុន្តែ​ ​គ្រាប់បែក​​មានកម្រិត​​​ខ្សោយ ​មិន​បាន​បណ្តាល​អោយ​មាន​ជនរងគ្រោះ​នោះទេ។ ​ការផ្ទុះ​គ្រាប់បែក​​នេះ ថ្ងៃ​អង្គារ​នេះ គឺ​ចំថ្ងៃ​ដែល​​​អេហ្ស៊ីប​​​ ធ្វើការ​​បោះឆ្នោត​ប្រជាមតិលើ​​​រដ្ឋធម្មនុញ្ញ​ ក្នុង​ប្រទេស។ គិតចាប់ពី​អតីត​ប្រធានាធិបតី​ហូសស្ន៊ី មូប៉ារ៉ាក់ ត្រូវ​ទំលាក់​ចេញ​ពី​អំណាច​ នៅ​ដើមឆ្នាំ២០១១​មក នេះ​ជា​លើកទី​បី​ហើយ​ ដែល​ប្រជាជន​អេហ្ស៊ីប​ត្រូវ​បាន​អំពាវនាវ​អោយ​បញ្ចេញ​មតិ​លើ​គំរោង​​រដ្ឋធម្មនុញ្ញ។

បុរស​អេហ្ស៊ីប​ម្នាក់​អង្គុយ​លើ​គំនរ​​ក្រដាស​សន្លឹកឆ្នោត ដែល​រៀបចំ​សម្រាប់​ការបោះឆ្នោត​ប្រជាមតិ​ថ្ងៃ​អង្គារ​នេះ។​​
បុរស​អេហ្ស៊ីប​ម្នាក់​អង្គុយ​លើ​គំនរ​​ក្រដាស​សន្លឹកឆ្នោត ដែល​រៀបចំ​សម្រាប់​ការបោះឆ្នោត​ប្រជាមតិ​ថ្ងៃ​អង្គារ​នេះ។​​ REUTERS/Al Youm Al Saabi
ផ្សាយពាណិជ្ជកម្ម

គ្រាប់បែក​ដែល​ភេរវជន​ប្រើ​ដើម្បីបំផ្ទុះ​​ នៅ​មុខតុលាការ​ក្រុងគែរ អេហ្ស៊ីប ព្រឹក​ថ្ងៃ​អង្គារ​នេះ ជាគ្រាប់បែក​កម្រិត​ខ្សោយ។ គ្រាប់បៃក​បានផ្ទុះ​​ឡើង​ ​ក្នុង​សង្កាត់​ដ៏មានប្រជាប្រិយ​ភាព​មួយ នៅ​​ខាងត្បូង​ក្រុងគែរ។ ភេរវកម្ម​នេះ​​កើតឡើង​ចំថ្ងៃ​ដែល​ប្រជាជន​អេហ្ស៊ីប​៥៣លាននាក់ ត្រូវ​បោះឆ្នោត​ប្រជាមតិ​លើ​​រដ្ឋធម្មនុញ្ញ ក្នុង​ប្រទេស។ ការបោះឆ្នោត​នេះ មាន​រយៈពេល​២ថ្ងៃ ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​តេស្ត​សាកល្បង​​ វាស់​កម្រិត​​ប្រជាប្រិយភាព​របស់រដ្ឋាភិបាល​ស្តីទី​ ​​ដឹកនាំ​ដោយ​​​​​ប្រមុខទ័ព​អេហ្ស៊ីប គឺ​លោក អាប់ឌែល ហ្វាតាល់ អាល់ស៊ីសស៊ី។

ដើម្បីពង្រឹង​សន្តិសុខ​ក្នុង​ថ្ងៃបោះឆ្នោត​ប្រជាមតិ​រ​ដ្ឋធម្មនុញ្ញ​នេះ រដ្ឋាភិបាល​ស្តីទី​អេហ្ស៊ីប​បាន​ប្រកាស​​ពង្រាយ​​ទាហាន​១សែន៦ម៉ឺននាក់ និងប៉ូលិស​២សែននាក់ នៅ​ទូទាំង​ប្រទេស។ អង្គការ​សិទ្ធិមនុស្ស​មួយចំនួន​​បរិហារ​ថា ការបោះឆ្នោត​ប្រជាមតិ​លើ​រដ្ឋធម្មនុញ្ញ​​ ​នេះ រៀបចំ​ឡើង​​ដោយមាន​​ការ​ភ័យខ្លាច ខ្លាច​ថា​​មានការ​បង្ក្រាប​លើ​ចលនា​​ប្រឆាំងណាមួយ​។ គួររំលឹកថា កងទ័ព​អេហ្ស៊ីប​ធ្លាប់ប្រើ​ហិង្សា​​បង្ក្រាប​បាតុកម្ម​របស់​សកម្មជន​ភាតរអ៊ីស្លាម ដែល​គាំទ្រ​អតីត​ប្រធានាធិបតី​មរស៊ី​។​​ ​​មនុស្ស​ជាងមួយពាន់​នាក់​បាន​ស្លាប់ ក្នុង​អំពើហិង្សា​បង្ក្រាប​កន្លងមក។ បាតុករ​គាំទ្រ​អតីតប្រធានាធិបតី​មរស៊ី រាប់ពាន់នាក់​ត្រូវបាន​ឃុំខ្លួន ហើយ​​មួយចំនួន​តូច​នៅតែ​បន្ត​បាតុកម្ម​ខ្លួន​ជាប្រចាំ។

ទោះ​យ៉ាងនេះ​ក្តី ប្រជាជន​អេហ្ស៊ីប​ភាគច្រើន​បានគាំទ្រ​រដ្ឋាភិបាល​ស្តីទី​ដឹកនាំ​ដោយ​ប្រមុខទ័ព​អាល់ស៊ីសស៊ី។ គួររំលឹកថា លោកអាល់ស៊ីសស៊ី​ ​បាន​ដឹកនាំ​រដ្ឋប្រហារ​យោធា​ ទំលាក់​អតីត​ប្រធានាធិបតី មរស៊ី កាលពី​ដើមខែកក្កដា ឆ្នាំ២០១៣។ ​បច្ចុប្បន្ន បុរស​ខ្លាំង​រូបនេះ ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រមុខការពារជាតិ​អេហ្ស៊ីប។ លោក​អាល់ស៊ីសស៊ី បានអំពាវនាវ​អោយ​ប្រជាជន​ចូលរួម​បោះឆ្នោតគាំទ្រ​រដ្ឋធម្មនុញ្ញ​អោយ​បាន​​សន្ធឹកសន្ធាប់។ លោក​​​លើកឡើង​ថា ប្រសិន​បើ​ប្រជាជន​ទាមទារ​​ ហើយ​ប្រសិន​​កងទ័ព​គាំទ្រ​បេក្ខភាព​លោក ​​លោក​នឹង​ដាក់បេក្ខភាព​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​ ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​ ក្នុង​៦ខែ​ខាងមុខ​នេះ។         ​

គំរោង​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី ​សម្រាប់​ការបោះឆ្នោត​ប្រជាមតិ​នេះ ត្រូវបានតាក់តែង​ឡើង​ដោយ​គណៈកម្មការ​​មួយ ចាត់តាំង​ដោយ​រដ្ឋាភិបាល​ស្តីទី​អេហ្ស៊ីប។ គំរោង​នេះ​​បាន​ទាត់ចោល​​ខសំខាន់​នានា ដែល​អតីត​ប្រធានាធិបតី​មរស៊ី បាន​ដាក់បញ្ចូល ជា​ខសំខាន់​ពង្រឹង​កាតព្វកិច្ច​សាសនា​ក្នុង​ប្រទេស។ ​គំរោង​រដ្ឋធម្មនុញ្ញ​​ថ្មីនេះ ​ កែប្រែតិចតួច​ណាស់​នូវ​អំណាច​ស្ថាប័ន​នានា និង​អំណាច​ប្រធានាធិបតី។ គំរោង​នេះ បាន​​ពង្រឹង​អំណាច​​​អ្នកដឹកនាំ​យោធា​មួយចំនួន​ផងដែរ។ គណបក្ស​ភាតរអ៊ីស្លាម​របស់​អតីត​ប្រធានាធិបតី​មរស៊ី បាន​អំពាវនាវ​​​អោយ​ធ្វើ​ពហិការ​​​មិនចូលរួម​បោះឆ្នោតប្រជាមតិ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ