អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អូស្ត្រាលី​បន្តឹង​ច្បាប់​ដើម្បី​បញ្ចប់​ក្តីស្រមៃ​របស់​ជនភៀស​ខ្លួន​ដែល​ចង់​សុំសិទ្ធិ​ជ្រកកោន

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់ពី​ត្រូវ​ពិភាក្សា​យ៉ាង​តឹងសសៃក នៅ​ព្រឹទ្ធសភា កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី ៤ ធ្នូ នៅទីបំផុត វិសោធនកម្ម​ច្បាប់អន្តោប្រវេសន៍​ដែល​ស្នើ​ដោយ​រដ្ឋាភិបាល ត្រូវ​បាន​រដ្ឋសភា​អូស្ត្រាលី​បោះឆ្នោត អនុម័ត​គាំទ្រ នៅព្រឹកថ្ងៃ​សុក្រ​ទី៥​ធ្នូ។ ច្បាប់​អន្តោប្រវេសន៍​ដែល​តឹង​រួចទៅហើយ ត្រូវ​បាន​រដ្ឋាភិបាល​អូស្ត្រាលី​ទាមទារ​ឲ្យ​ធ្វើ​វិសោធនកម្ម ដើម្បី​រឹតបន្តឹង​បន្ថែម​នយោបាយ​ជនភៀសខ្លួន ដែល​ជា​សំណុំរឿង​ដ៏​ចម្រូង​ចម្រាស នៅ​អូស្ត្រាលី។ សម្រាប់​លោក​នាយក​រដ្ឋមន្រ្តី​តូនី អាបូត ការបោះឆ្នោត​គាំទ្រ​របស់​សភា​ទៅលើ​វិសោធនកម្ម​ច្បាប់​អន្តោប្រវេសន៍ ជា​ជោគជ័យ​របស់​អូស្ត្រាលី​សម្រាប់​ទប់ស្កាត់​ការហូរចូល​នៃ​ជនភៀសខ្លួន​តាម​ផ្លូវ​សមុទ្រ។  

ផ្សាយពាណិជ្ជកម្ម

ច្បាប់អន្តោប្រវេសន៍​របស់​អូស្រាលី​ធ្លាប់​តែ​តឹងរួច មែនហើយ ប៉ុន្តែ នៅមិនទាន់​តឹងរ៉ឹង​​មែនទែន ដើម្បី​បំពេញ​ចិត្ត​នាយករដ្ឋមន្រ្តី​អូស្ត្រាលី បច្ចុប្បន្ន​នេះទេ។ លោក​តូនី អាបូត​បាន​ឈ្នះឆ្នោត ដោយសារ​លោក​បាន​ជាប់​សន្យា​ទៅ​ប្រជាជន​អូស្ត្រាលីថា នឹង​រឹតបន្តឹង​នយោបាយ​គ្រប់គ្រង​ជនអន្តោប្រវេសន៍ ដែល​ប្រជាជន​អូស្ត្រាលី​ចាត់ទុក​ថា ជាអ្នកទៅ​ដណ្តើមការងារ​ពី​ប្រជាជន​អូស្រ្តាលី។ ចាប់តាំង​ពី​ចូល​កាន់​តំណែង នៅ​ឆ្នាំ ២០១៣ លោក​បាន​រឹតបន្តឹង​ជាបន្តបន្ទាប់ ច្បាប់អន្តោប្រវេសន៍។ កាលពីពេល​ថ្មីៗនេះ លោក​បាន​ស្នើ​វិសោធនកម្ម​ច្បាប់​អន្តោប្រវេសន៍ ដោយ​បាន​ដាក់​បញ្ចូល​វិធាន​មួយ​ចំនួន ដែល​ធ្លាប់​ជា​វិធាន​ដ៏​ចម្រូងចម្រាស ក្នុង​អាណត្តិ​រដ្ឋាភិបាល​អភិរក្ស​មុនៗ កាល​ពី​៧​ឆ្នាំមុន។

 
វិសោធនកម្ម​ច្បាប់​នៅថ្ងៃនេះ បាន​និយាយ​ពី​ការផ្តល់​ទិដ្ឋាការ រយៈពេល​បណ្តោះអាសន្ន​មួយ ដល់​ជនអន្តោប្រវេសន៍ ដែល​រដ្ឋាភិបាល​អូស្ត្រាលី​ទទួល​ស្គាល់​ថា ជា​ជនភៀសខ្លួន​ពិតប្រាកដ។ មានន័យថា ច្បាប់​នេះ​នឹង​អនុញ្ញាត​ឲ្យ​ជនភៀសខ្លួន ដែល​ចង់​សុំ​សិទ្ធិ​ជ្រកកោន នៅ​អូស្រ្តាលី បាន​ទទួល​ទិដ្ឋាការ​រស់នៅ​ក្នុង​ទឹកដី​អូស្ត្រាលី រយៈពេល​បណ្តោះអាសន្ន តែ​ពី​៣ ទៅ​៥​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ ពួកគេ​មិន​អាច​ទទួល​សិទ្ធិ​រស់នៅ​អូស្ត្រាលី ជា​អចិន្ត្រៃយ៍​នោះទេ។ បន្ទាប់ពី​អស់​ទិដ្ឋាការ​បណ្តោះអាសន្ន រដ្ឋាភិបាល​អូស្ត្រាលី​នឹង​ពិចារណា ទៅលើ​ស្ថានភាព​របស់​ជនភៀសខ្លួន និង​ស្ថានភាព​របស់​ប្រទេស​កំណើត​របស់​ជនភៀសខ្លួន។ ប្រសិន​បើ​ស្ថានភាព​ប្រទេស​កំណើត​របស់​ជនភៀសខ្លួន​មាន​លក្ខណៈ​ល្អប្រសើរ ឬ​ជនភៀសខ្លួន​លែង​ទទួល​ការគំរាមកំហែង​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន នោះ​អាជ្ញាធរ​អូស្រា្តលី​នឹង​អាច​បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ​បណ្តោះអាសន្ន និង​អាច​បញ្ជូន​ជនភៀសខ្លួន​ទៅ​ប្រទេស​កំណើត​វិញ។

សម្រាប់​ក្រុមអ្នកការពារ​សិទ្ធិមនុស្ស វិធានការ​ថ្មីនេះ​​នេះ​អាចបើក​ផ្លូវ​ឲ្យ​គេ​ចាប់បញ្ជូន​ជនរងគ្រោះ​ទៅ​មេ​ពេជ្ឃឃាដ​កាប់សម្លាប់​នោះទេ ព្រោះថា ជនភៀសខ្លួន​ភាគច្រើន មក​ពី​អ៊ីរ៉ាក់ អ៊ីរ៉ង់ ឬ​អាហ្វហ្កានីស្ថាន សុទ្ធ​តែ​ធ្លាប់​បាន​ទទួល​រង​ការធ្វើ​ទុកម្នេញ​ក្នុង​ប្រទេស​កំណើត​របស់ខ្លួន​រួចហើយ មុន​នឹង​ហ៊ាន​​ប្រថុយជីវិត ធ្វើដំណើរ​តាម​ទូក​ចូល​ដែនទឹក​អូស្ត្រាលី នោះ។

នៅក្រោយ​សភា​បោះឆ្នោត​គាំទ្រ​វិសោធនកម្ម​ច្បាប់ លោក​តូនី អាបូត បាន​និយាយ​ថា នេះ​ជា​ជោគជ័យ​មួយ​សម្រាប់​អូស្ត្រាលី។ សម្រាប់​លោក​នាយករដ្ឋមន្រ្តី​ដ៏​អភិរក្សនិយម​មួយនេះ អូស្ត្រាលី​បាន​សម្រេច គោលការណ៍​សំខាន់​បី ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ទូក​ដឹក​ជនបរទេស ធ្វើដំណើរ​សំដៅ​អូស្ត្រាលី។ ទីមួយ គឺការត្រួតពិនិត្យ​ពាក្យសុំ​សិទ្ធិជ្រកកោណ ត្រូវ​ធ្វើឡើង​នៅក្រៅទឹកដី​អូស្ត្រាលី។ ទីពីរ គឺការបង្កើន​ការងារ​របស់​នាវាល្បាត​អូស្ត្រាលី ដើម្បី​បង្កា ទប់ស្កាត់ កុំ​ឲ្យ​ទូក​ដឹក​ជនបរទេស អាច​បើកចូល​ក្នុង​ដែន​ទឹក​របស់​អូស្ត្រាលី។

ចំណែក​គោលការណ៍​ទីបី គឺ​ការផ្តល់​ទិដ្ឋាការ​បណ្តោះអាសន្ន​នេះ​តែម្តង ដែល​សភា​ទើប​បោះឆ្នោត​អនុម័ត​នៅថ្ងៃនេះ។ សម្រាប់​រដ្ឋាភិបាល​អូស្ត្រាលី ចំណាត់ការ​ទាំងបី​នេះ​ល្មម​អាច​បំបាក់​ទឹកចិត្ត​កុំ​ឲ្យ​ពួកឈ្មួញ​បាន​ចំណេញ ពីការជួញដូរ ដឹកមនុស្ស​ចូល​ក្នុង​ទឹកដី​អូស្ត្រាលី។

តាម​រដ្ឋមន្រ្តី​អន្តោប្រវេសន៍​អូស្ត្រាលី កងទ័ព​អូស្ត្រាលី​ធ្លាប់​ស្ទាក់​ឃាត់ទូក ដឹក​ជន​បរទេស ចំនួន ១២​ទូក មិន​ឲ្យ​ចូល​ទាន់ ក្នុង​ដែន​ទឹក​អូស្ត្រាលី។ កាលពី​ខែវិច្ឆិកា​កន្លងទៅ រដ្ឋមន្រ្តី​អន្តោប្រវេសន៍ អូស្ត្រាលី​បាន​ប្រកាស មិន​ទទួល​ឲ្យ​ចូល​ទឹកដី​អូស្ត្រាលី នូវ​រាល់​ជនភៀសខ្លួន ដែល​មក​ដល់​ជំរំ​ប្រទេស​ឥណ្ឌូណេស៊ី ចាប់ពី​ខែ​កក្កដា នោះបើ​ទោះបី​ជា ពួកគេ​ទាំងនោះ​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​ចាត់ទុក​ថា ជនរងគ្រោះ និង​ដែលអាច​សុំ​សិទ្ធិជ្រកកោណ​នយោបាយ នៅអូស្ត្រាលី ក៏ដោយ។

សម្បទាន ឬ​នយោបាយ​បោកបញ្ឆោត?
ដើម្បី​ឲ្យ​ព្រឹទ្ធសភា​បោះឆ្នោត​គាំទ្រ​វិសោធនកម្ម​ច្បាប់ រដ្ឋាភិបាល​អូស្ត្រាលី​បាន​ធ្វើ​សម្បទាន​មួយ​ចំនួន ដូចជា នឹង​អនុញ្ញាត​ឲ្យ​អ្នកសុំ​សិទ្ធិជ្រកកោណ​ចំនួន ១៥០០​នាក់ ដែល​ក្នុង​នោះ​មាន​កុមារ ៤៧០នាក់ និង​ដែល​កំពុង​រស់នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន ឲ្យ​ចូល​ទៅរស់នៅ​ដោយ​មាន​សេរីភាព លើ​កោះ​Chrisman ដែល​ជា​កោះ​របស់​ប្រទេស​អូស្ត្រាលី។ រដ្ឋាភិបាល​បាន​សន្យា​ផងដែរ​ថា នឹង​បង្កើន​កូតា​ទទួល​ជនភៀសខ្លួន​ក្នុង​មួយឆ្នាំៗ ពី​ចំនួន ៧៥០០​នាក់ នៅ​ឆ្នាំ​នេះ ទៅ ដល់ ចំនួន ១៨ ៧៥០​នាក់ ក្នុង​ឆ្នាំ ២០១៨។

តាម​សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង គឺ​លោក​Tony Burkeរដ្ឋាភិបាល​របស់លោក​តូនី អាបូត​បាន​សន្យា​ធ្វើ​សម្បទាន ដើម្បី​ឲ្យ​វិសោធនកម្ម​អាច​ចេញ​រួច​ពី​សភា ប៉ុន្តែ រដ្ឋាភិបាល​អាច​នឹង​ប្រែក្រឡាស់​មិន​ធ្វើ​តាម​ការសន្យា។ ពោល​គឺ​រដ្ឋាភិបាល​នឹង​យក​បញ្ហា​ជនអន្តោប្រវេសន៍​មក​ធ្វើ​ជាកូនអុក ដើម្បី​ទាមទារ​ឲ្យ​សភា​គាំទ្រ​ច្បាប់​ថ្មីៗ​ដែល​ខ្លួន​ចង់បាន ម្តងហើយ ម្តងទៀត។

យ៉ាងណាក៏ដោយ ការរឹតបន្តឹង​ច្បាប់​អន្តោប្រវេសន៍​របស់​អូស្ត្រាលី​ត្រូវ​បាន​គេ​មើលឃើញថា ជាអាវុធ​ដែល​រដ្ឋាភិបាល​អូស្ត្រាលី​ប្រើ​សម្រាប់​បំផ្លាញ​ក្តីស្រមៃ​របស់​ជនភៀសខ្លួន ដែល​ធ្លាប់​តែ​គិត​ថា ចង់​គេច​ពី​កន្លែង​គ្រោះថ្នាក់ និង​ទៅ​ស្វែងរក​សុខ នៅ​ប្រទេស​ឋានសួគ៍​អូស្ត្រាលី។ សម្រាប់​ក្រុមអ្នកការពារ​សិទ្ធិមនុស្ស ទិដ្ឋការ​បណ្តោះអាសន្ន នឹង​នៅ​តែ​ធ្វើ​ឲ្យ​ជនភៀសខ្លួន​រស់នៅ​ក្នុង​ស្ថានភាព​មិនច្បាស់លាស់ គ្មាន​គោលដៅ​ពិតប្រាកដ និង​គ្មាន​ថ្ងៃ​បាន​សាង​អនាគត​ភ្លឺស្វាង នៅក្នុង​ទឹកដី​អូស្ត្រាលី​នោះទេ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ