អានតួអត្ថបទ
អូស្ត្រាលី

អូស្ត្រាលី បិទជំរុំ​ជន​ភៀស​ខ្លួន​ នៅកោះ Nauru ប៉ុន្តែ​ជន​ភៀស​ខ្លួន​នៅតែ​​មិនព្រម​ចាកចេញ

ថ្ងៃទី​៣១តុលានេះ គឺ​ដល់​ថ្ងៃ​​កំណត់​​ដែល​រដ្ឋាភិបាល​អូស្ត្រាលី​​ ត្រូវ​បិទ​ជំរុំ​ជន​ភៀសខ្លួន​ នៅ​​កោះ​Nauru និង​នៅ​ជំរុំកោះ​​ Manus។ ក៏ប៉ុន្តែ​អ្នកភៀស​ខ្លួន​​ជាង​៦០០នាក់​ នៅ​ទីនោះ​ បាន​​ក្រាញននៀល​មិន​ព្រម​ចាក​ចេញ​នោះទេ​ ព្រោះ​មិន​ដឹង​ត្រូវ​ទៅរស់​នៅ​ទីណា​។ ជន​ភៀស​ខ្លួន​នៅទីនោះ បាន​រៀប​រាប់​ប្រាប់​កាសែត​បារាំងAFP ថា «ប្រព័ន្ធ​ទឹក​ភ្លើង គឺ​ត្រូវ​កាត់​ផ្តាច់​អស់​ពី​ជំរុំ Nauru និងManus នៅ​ត្រឹម​ម៉ោង​៥ល្ងាច ម៉ោង​នៅក្នុង​ស្រុក​។ បុគ្គលិក ដែល​​ធ្វើ​ការ​នៅ​ក្នុង​ជំរុំ​កោះ​ទាំងពីរ​នោះ បាន​ចាក​ចេញ​អស់​ហើយ»។ នៅឡើយ​តែ​ជន​ភៀស​ខ្លួន​តែប៉ុណ្ណោះ ដែល​បដិសេធ​មិន​ព្រម​ចាក​ចេញ។​

កោះ Naura ថតពីលើ តាម​រយៈ សាតឺលីត
កោះ Naura ថតពីលើ តាម​រយៈ សាតឺលីត @WC
ផ្សាយពាណិជ្ជកម្ម

ជាការ​កត់​សម្គាល់ តាំងតែ​ពី​ប៉ុន្មានថ្ងៃមុន​មកម្ល៉េះ ដែល​​គ្រឿងសម្ភារៈប្រើប្រាស់ផ្សេងៗ​សម្រាប់​​ផ្គត់ផ្គង់​ជន​ភៀសខ្លួន ក៏ត្រូវ​កាត់​ផ្តាច់ ហើយ​ចំណែក​​ស្បៀង​អាហារ​ ត្រូវ​កាត់​បន្ថយ​​បណ្តើរៗរហូត​មក​។ អ្នក​ភៀសខ្លួន​ភាគ​ច្រើន ជា​ជន​ជាតិ​ឥណ្ឌា អ៊ីរ៉ាក់ អ៊ឺរង់ សូម៉ាលី អាហ្គានីស្ថាន និង​វៀត​ណាម​​ជា​ដើម បាន​អះអាងតាំង​ដំបូង​ហើយ​ថា ពួក​គេ​នឹង​មិន​ចាក​ចេញពី​ជំរុំ​ជ្រក​កោន​នោះឡើយ។ ដ្បិតថា បន្ទាប់ពីធ្វើ​ដំណើរកាត់​សមុទ្រ​និង​​ហែល​ឆ្លង​ឧបសគ្គ​មកដល់ទីនោះ ​​ពួក​គេ​មិន​ដឹង​ជា​ទៅរស់​នៅ​ទីណាទៀតទេ ដែល​អាច​មា​នសុវត្ថិភាព និង​អាច​កសាង​ជីវិ​ត​ថ្មី​។​

សូម​ជ្រាបថា Nauru ជាកោះតូច មាន​ផ្ទៃ​ដី​ជាង​២០គីឡូម៉ែត្រ និង មាន​ប្រជាជន​ជាង​១ម៉ឺន​នាក់ តែ​មា​នអ្នក​ភៀស​ខ្លួនរាប់​រយនាក់។​ ប្រឈម​មុខ​នឹង​វិបត្តិ​ជន​ភៀស​ខ្លួន​ដ៏​ចម្រូង​ចម្រាសនេះ​ ​អូស្ត្រាលី បាន​អនុវត្ត​នយោបាយ​​ រឹង​ថ្អឹង​កាន់តែ​ខ្លាំង​ ដោយ​យល់​ព្រម​ដល់​សិទ្ធិ​ជ្រក​កោន​ដល់​ជន​ភៀស​ខ្លួន​ ទាំង​នោះលើយ​​។

សូម​ជម្រាប​ថា កន្លង​មក​ រដ្ឋាភិបាល​អូស្ត្រាលី បាន​ខំសាក​ល្បង​ដោះស្រាយវិបត្តិ​នេះ​​ ដោយ​សុំ​ឲ្យ​ប្រជាជន​របស់​ខ្លួន​ទទួល​យក​ជន​ភៀសខ្លួន​ខ្លះ​ ឲ្យ​ទៅរស់​នៅ​តាម​ផ្ទះ​របស់ពួក​គេ​។ ក៏ប៉ុន្តែ មាន​ពលរដ្ឋ​តិច​តួច​បំផុត​ ដែលបាន​​ស្មគ្រ​ចិត្ត​ ​ព្រម​ទទួលយក​​។ លើសពីនេះ រដ្ឋាភិបាល​អូស្ត្រាលី​ បាន​ខំ​​ចរចា​ជាមួយ​រដ្ឋាភិបាល​ប្រទេស​​ផ្សេង​ៗ​ទៀត ដើម្បី​ឲ្យ​ទទួល​យក​ជន​ភៀស​ខ្លួន​ ពី​​កោះ​​ Nauru។ ក្នុង​នោះ​ មាន​ប្រទេស​កម្ពុជា និង​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋបាលរបស់​​លោក អូបាម៉ា។​ ពី​ដំបូង​ឡើយ រដ្ឋាភិបាល​អាមេរិក ​អាណត្តិ​របស់​​លោក អូបាម៉ា បាន​​សន្យា​ទទួល​យក​មនុស្ស ជាង​៥០នាក់ តែ​សម្រេច​សម្រួច​ទៅ គឺ​មាន​តែ​ជាង​២០នាក់​ប៉ុណ្ណោះ ដែល​បាន​ចេញ​ទៅរស់នៅ​សហរដ្ឋអាមេរិក។​ ចំណេកនៅកម្ពុជា អ្នក​ភៀសខ្លួន​ពី​​កោះ​​ Nauru ខ្លះ បាន​​បន្ត​រស់​នៅទីក្រុង​ភ្នំពេញ​ តែអ្នក​​ខ្លះទៀត បាន​សុំ​ចេញទៅ​ប្រទេស​ដើម​របស់​ពួក​គេវិញ​​។

គួរបញ្ជាក់ថា ​លក្ខខណ្ឌរស់នៅ និង​ស្ថានភាពជីវភាព​របស់​ជន​ភៀសខ្លួន​ នៅ​លើកោះ Nauru និងនៅជំរុំកោះ Manus គឺត្រូវ​អង្គការ​ការពារ​សិទ្ធិមនុស្ស ដូច​ជា Human Rights Watch និង​ ស្នង​ការ​សិទ្ធិមនុស្សរបស់​អង្គ​ការ​​សហប្រជាជាតិ តែងតែ​រិះគន់​ជា​ញឹក​ញយ ពី​ការ​មិន​យក​ចិត្តទុកដាក់​​របស់​រដ្ឋាភិបាល​អូស្ត្រាលី​។ គ្រូ​ពេទ្យ​ចិត្ត​សាស្ត្រ របស់​អង្គការ​ទាំង​នេះ ក៏បាន​កត់​សម្គាស់ឃើញ​​ថា ស្ថានភាព​ផ្លូវ​ចិត្ត​របស់​ជនភៀសខ្លួនទាំង​នោះ​ គឺ​លំបាក​ខ្លាំងណាស់ រហូតដល់អ្នក​ខ្លះ​មាន​បំណង​ចង់​សម្លាប់​ខ្លួន​​ទៀត​ផង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ