អានតួអត្ថបទ
យន្តហោះ

ការ​សិក្សា​៖ មនុស្ស​​ស្លាប់ ជាង​៥០០នាក់ ​ដោយ​គ្រោះថ្នាក់​យន្តហោះ​ នៅឆ្នាំ២០១៨

នៅឆ្នាំ​២០១៨​ គឺមាន​មនុស្ស​​ជាង​៥០០នាក់ បាន​ស្លាប់​ដោយសារតែ​គ្រោះថ្នាក់​យន្តហោះ។ គឺជា​ចំនួន​កើន​ឡើង​យ៉ាងគំហុក​បើ​ធៀប​នៅនឹង​ឆ្នាំ​២០១៧។ បើ​ទោះបី​ជា​យ៉ា​ង​នេះក្តី​ ការ​ធ្វើ​ដំណើរ​តាមផ្លូវអាកាស គឺ​​នៅតែជា​មធ្យោបាយ​ដ៏​សុវត្ថិភាព​បំផុត។ នេះបើតាម​របាយការណ៍ការ​សិក្សា​ថ្មី​មួយរបស់​ បណ្តាញ​សុវត្ថិភាព​អាកាសចរណ៍​ ដែល​មានមូលដ្ឋាន​នៅក្រុង​ ឡាអេ ប្រទេស​ហូឡង់​។

យន្តហោះ Airbus A-380 ជាយន្តហោះធំ​បំផុត​លំដាប់​ទី​៣ នៅក្នុងប្រវត្តិសាស្ត្រ​ហោះហើរ
យន្តហោះ Airbus A-380 ជាយន្តហោះធំ​បំផុត​លំដាប់​ទី​៣ នៅក្នុងប្រវត្តិសាស្ត្រ​ហោះហើរ (Photo: Marc Verney/RFI)
ផ្សាយពាណិជ្ជកម្ម

នៅ​ឆ្នាំ​ចាស់កន្លងទៅនេះ គ្រោះថ្នាក់​យន្តហោះ  បាន​កើត​មាន​នៅបណ្តាប្រទេស​មួយ​ចំនួន ដូច​ជា គុយបា រុស្ស៊ី អ៊ីរ៉ង់ នេប៉ាល់ និង​នៅ​ឥណ្ឌូនេស៊ី​ ជា​ដើម។ ក្នុង​ចំណោម​គ្រោះថ្នាក់​ទាំង​នេះ គឺយន្ត​ហោះ​ខ្លះ បាន​ធ្លាក់​ចូល​ទឹក​សមុទ្រ ខ្លះទៀត ធ្លាក់​នៅពេល​ដែល​ហោះ​​ទៅជិតដល់​គោល​ដៅ​ចុះ​ចត​ទៅហើយ។​ យន្តហោះ​ដែល​រងគ្រោះថ្នាក់​ស្លាប់​មនុស្សទាំង​​នោះ គឺ​ជា​ប្រភេទ​ក្រុម​ហ៊ុន​ដែល​ស្ថិត​ក្នុង​«បញ្ជី​ខ្មៅ» របស់​សហភាព​អឺរ៉ុប។ បើ​តាម​របាយការណ៍​សិក្សា ​ គ្រោះថ្នាក់​ធ្លាក់​យន្ត​ហោះ​ភាគ​ច្រើន គឺមូលហេតុ​​បណ្តាល​មកពី​ការ​បាត់​បង់​ម្ចាស់ការ​។

ជារួម​ នៅ​ឆ្នាំ​២០១៨  ​​គ្រោះថ្នាក់​យន្ត​ហោះ​ មាន​​ចំនួន​១៥ដង ហើយ​​សម្លាប់​មនុស្ស​​ចំនួន​​៥៥៦នាក់។ ប្រធាន​សមាគម​បណ្តាញ​សុវត្ថិភាព​អាកាសចរណ៍ លោក Harro Ranter ​​ បាន​សង្កត់ធ្ងន់ថា ​ចំនួន​គ្រោះថ្នាក់​១៥ដង​នេះ បើ​ប្រៀប​កាល​ពី​១០ឆ្នាំមុនវិញនោះ​ គឺ​ចំនួន​អ្នក​ស្លាប់​ ច្បាស់​ជា​កើនលើស​នេះ​ឆ្ងាយ​ណាស់​។ ការ​បាត់​បង់​ជីវិត​តិចតួច​ដូច្នេះ​ គឺ​ដោយ​សារ​តែមាន​ការ​ជឿន​លឿន​នៃប្រព័ន្ធ​រក្សា​សុវត្ថិភាព។ ​

ទោះ​បី​យ៉ាង​ណា​ក្តី បើ​គេ​​ប្រៀបធៀប​ទៅ​ឆ្នាំ២០១៧ គឺ​មាន​មនុស្ស​ស្លាប់​តែ​១៣នាក់​ប៉ុណ្ណោះ​។ ឆ្នាំ​២០១៧ ជា​ឆ្នាំ​ដែល​មាន​សុវត្ថិភាព​បំផុត សម្រាប់​ការ​ធ្វើ​ដំណើរ​ផ្លូវ​អាកាស បើ​រាប់​ក្នុង​រយៈ​កាល​៧ទសវត្សរ៍​​មកនេះ​។ ក៏ប៉ុន្តែ ឆ្នាំ​២០១៨ ជា​ឆ្នាំដែល​មាន​ការធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​​ច្រើន​បំផុត​ បើ​សរុប​ទូទាំង​ពិភពលោក មាន​ជើង​ហោះហើរ ​ប្រមាណ ៣៧.៨០០.០០០ ជើង​ហោះហើរ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ