ជប៉ុនចង់ចាប់បើកអាជីវកម្មនេសាទបាឡែន ជាចំហ នៅឆ្នាំថ្មីនេះ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៥២
ថ្ងៃពុធ ទី២៦ធ្នូនេះ ជប៉ុនប្រកាសពីចេតនាចង់ដកខ្លួនដើរចេញពីអង្គការអន្តរជាតិការពារបាឡែន។ ពីព្រោះ ជប៉ុនចង់ចាប់បើកឱ្យមានឡើងវិញនូវអាជីវកម្មនេសាទបាឡែន នៅខែកក្កដា ឆ្នាំ២០១៩ខាងមុខ។ ការសម្រេចចិត្តរបស់ជប៉ុនបែបនេះ ធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រទេសនិងអង្គការអ្នកការពារបរិស្ថាន ជាច្រើន។
ហេតុអ្វីបានជាជប៉ុន ចង់ចាប់ផ្តើមការនេសាទបាឡែនឡើងវិញនៅពេលនេះ?
នៅក្រដាស ជប៉ុនពិតជាបានយល់ព្រមឈប់នេសាទបាឡែន ប្រមាណជា៣០ឆ្នាំមកហើយ។ ប៉ុន្តែបើនិយាយឲ្យជាក់ស្តែងទៅ ជប៉ុនមិនដែលទាំងឈប់ ឬផ្អាកការនេសាទបាឡែន នេះផងទេ។ នៅអំលុង១៩៨៦ អង្គការអន្តរជាតិការពារបាឡែន បានចេញបំរាមហាមឃាត់រាល់ការនេសាទបាឡែនក្នុងបំណងអាជីវកម្ម គឺលើកលែងតែនេសាទសម្រាប់យកទៅសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រតែប៉ុណ្ណោះ។
ជប៉ុន តែងតែយកលេសពីការនេសាទសម្រាប់គម្រោងស្រាវជ្រាវវិទ្យសាស្ត្រនេះ ទៅនេសាទបាឡែន ជាប្រចាំរហូតមក។ ក៏ប៉ុន្តែនៅពីក្រោយខ្នង គឺជប៉ុននេសាទបាឡែនសម្រាប់គោលដៅពាណិជ្ជកម្មអាជីវកម្ម។ នៅរដូវនេសាទឆ្នាំមុន ជប៉ុន បានសម្លាប់បាឡែន ប្រមាណ៦០០ក្បាល។
ការដែលជប៉ុននេសាទបាឡែននេះ! គឺពិតណាស់ ជប៉ុនមានចេតនាធ្វើអាជីវកម្ម ពីព្រោះគុណភាពសាច់បាឡែន ជប៉ុនជឿថាមានកម្រិតប្រូតេអ៊ីនខ្លស់។ បើតាមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជប៉ុនដែលតែងតែអះអាងកន្លងមក ការនេសាទបាឡែន គឺវាជាទម្លាប់ប្រពៃណីនិងវប្បធម៌ជប៉ុន ព្រមទាំងជាអត្តសញ្ញាណជនជាតិជប៉ុន ដែលមាន រាប់រយឆ្នាំមកហើយ។ ប្រសិនបើហាមឃាត់មិនឲ្យនេសាទត្រីបាឡែនេះ គឺហាក់បីដូចជា ប្រឆាំងនឹងវប្បធម៌និងអត្តសញ្ញាណជាតិជប៉ុនដូច្នោះដែរ។
សមាជិកជាច្រើនរបស់បក្សសេរីប្រជាធិបតេយ្យ ដែលជាបក្សកាន់អំណាច និងអ្នកនាំពាក្យរដ្ឋាភិបាល បានថ្លែងអបអរថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលជប៉ុននេះ គឺនាំមកនូវភាពរីកចម្រើនដល់វប្បធម៌ជប៉ុន ហើយគេសង្ឃឹមថា ការសម្រេចនេះនឹងបន្តផ្ទេរផលប្រយោជន៍ដល់ជនជំនាន់ក្រោយ។
ជប៉ុនត្រូវរងការរិះគន់យ៉ាងខ្លាំង
ការសម្រេចចិត្តរបស់ជប៉ុនចង់ចាប់បើកឲ្យមានអាជីវកម្មនេសាទបាឡែននៅពេលនេះ គឺធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រទេសជាច្រើន ដូចជាអូស្ត្រាលី អាមេរិក និងសហភាពអឺរ៉ុបដែលផ្តុំដោយប្រទេសជាច្រើន ព្រមទាំងអង្គការអ្នកការពារបរិស្ថាន ជាច្រើនផ្សេងទៀត។
ភ្លាមៗក្រោយការប្រកាសរបស់ជប៉ុន! រដ្ឋាភិបាលអូស្ត្រាលី បានសម្តែងក្តីសោកស្តាយជាខ្លាំងចំពោះទង្វើរបស់ជប៉ុន និងស្នើឲ្យជប៉ុនពិនិត្យមើល ដេកគិតឡើងវិញ។
ចំណែក រដ្ឋមន្ត្រីការបរទេសរបស់ណូវេសេឡង់ ក៏បានរិះគន់ថា ទម្លាប់ប្រពៃណីនេសាទបាឡែនរបស់ជប៉ុន គឺច្រើនលើសលប់ និងថែមទាំងអត់ប្រយោជន៍។
អ្នកខ្លះទៀត គិតថា ជប៉ុនប្រកាសដំណឹងចាប់ផ្តើមនេសាទបាឡែនដ៏ចម្រូងចម្រាស់ ចំឱកាសនេះ គឺចង់បំភាន់ភ្នែកអន្តរជាតិ។ ពីព្រោះថា ពិភពលោកកំពុងតែវក់វីនឹងបុណ្យណូអែលបុណ្យចូលឆ្នាំថ្មី វក់វីនឹងទិញទំនិញ ទិញកាដូជូនគ្នា ហើយសប្បាយរីករាយនឹងការជួបជុំសម្រាកលំហែកាយជួបជុំក្រុមគ្រួសារ។ សារព័ត៌មានអន្តរជាតិ ក៏ភាគច្រើនសម្រាក និងមិនសូវផ្តោតខ្លាំងលើករណីនេះ ដូច្នេះហើយបានជាជប៉ុនសម្រេចប្រកាសដំណឹង នៅក្នុងរដូវកាលបុណ្យទានយ៉ាងដូច្នេះ។
ក៏ប៉ុន្តែ អ្នកទទួលខុសត្រូវរបស់អង្គការការពារបរិស្ថាន Greenpeace ប្រចាំប្រទេសជប៉ុន ថា ជប៉ុនមិនអាចបោកប្រាស់ពិភពលោកបានទេ។ អន្តជាតិមើលឃើញពីការសម្រេចចិត្តរបស់ជប៉ុន ដែលកំពុងតែបំផ្លាញធនធានសមុទ្រដ៏អស្ចារ្យរបស់មនុស្សជាតិ។ ថែមពីនេះ អង្គការអាមេរិក Humane Society បានចោទជប៉ុនយ៉ាងធ្ងន់ថា ជាតិមួយដែលជាចោរសមុទ្រលួចបាឡែន។
ទោះបីជារងការរិះគន់ចាស់ដៃយ៉ាងណាក្តី មន្ត្រីជាន់ខ្ពស់ជប៉ុន ទទួលបន្ទុកកសិកម្មនិងនេសាទ បានថ្លែងការពារខ្លួនថា ជប៉ុននឹងគោរពតាមកូតាកំណត់ចំនួននេសាទបាឡែន ដូចដែលអង្គការអន្តជាតិបានកំណត់។ ជប៉ុននឹងមិនឈ្លានពាននេសាទចូលដែនសមុទ្ររបស់គេនោះទេ ពោលគឺជប៉ុននឹងនេសាទត្រឹមតំបន់ដែនសមុទ្រដែលជាកម្មសិទ្ធផ្តាច់មុខរបស់ខ្លួនតែប៉ុណ្ណោះ។
សូមអាន៖ ការសម្រេចរបស់តុលាការក្រុងឡាអេ ឆ្នាំ២០១៤
តើគេអាចទុកចិត្តជប៉ុន ចំពោះការសន្យានេះបានដែរឬទេ?
រាប់ទសវត្សរ៍មកហើយ បើទោះបីជាជប៉ុនបានចូលជាសមាជិកអង្គការអន្តរជាតិការពារត្រីប៉ាឡែន (Commision Baleinière Internationale) នៅដើមទសវត្សរ៍១៩៥០ ហើយថែម ទាំងបានចុះកិច្ចព្រមព្រៀងស្តីពីបំរាមមិនឲ្យនេសាទបាឡែន នៅឆ្នាំ១៩៨៨ ទៅហើយក្តី ក៏ជប៉ុននៅតែរកច្រកផ្លូវសម្រាប់នេសាទ បានតែរហូតមក។
នៅឆ្នាំ២០១៤ តុលាការអន្តរជាតិក្រុងឡាអេ ក៏បានកាត់ទោសជប៉ុន ពីរឿងនេសាទបាឡែននេះដែរ។ ក៏ប៉ុន្តែ សម្រេចសម្រួចទៅ ជប៉ុន នៅតែអាចលបលួចនេសាទបានតែដដែល។
ជប៉ុនក៏បានដឹងខ្លួនឯងយ៉ាងច្បាស់ថា ការធ្វើដូច្នេះ មិនល្អ ចំពោះមុខមាត់របស់ខ្លួនលើឆាកអន្តរជាតិទេ តែជប៉ុននៅតែធ្វើ។ នៅក្នុងពេលនេះទៀត អ្នកទទួលខុសត្រូវភ្នាក់ងារនេសាទជប៉ុន ក៏បានលើកឡើងដែរថា ការដកខ្លួនចេញពីអង្គការអន្តរជាតិការពារបាឡែន គឺមិនមែនជាជម្រើសល្អនោះទេ ក៏ប៉ុន្តែ វាគឺអ្វីដែលជប៉ុនចង់បាន សម្រាប់សម្រេចគោលបំណងធំ ក្នុងទិសដៅអាជីវកម្ម។
ម្យ៉ងវិញទៀត! នៅក្នុង អង្គការអន្តរជាតិការពារបាឡែន ដែលមានសមាជិក ៨៩ ប្រទេស គឺជប៉ុន ជាអ្នកចេញលុយផ្តល់ជំនួយវិភាគទានធំជាងគេ។ បើជប៉ុនដកខ្លួនចេញ អង្គការនេះ ក៏លំបាកនឹងធ្វើការដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ