អានតួអត្ថបទ
បង់ក្លាដែស

បង់ក្លាដែស រៀប​ចំ​បោះ​ឆ្នោត​ជាតិ ដោយ​បិទ​ប្រព័ន្ធអ៊ីនធ័រនែត​មួយ​រយៈ

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី​៣០ធ្នូ ពលរដ្ឋ​បង់ក្លាដែស​ ត្រូវ​អញ្ជើញ​ទៅ​បោះឆ្នោតជាតិ​។ ថ្ងៃ​សៅរ៍​ មួយ​ថ្ងៃ​មុនពេល​​បោះឆ្នោត​ចូល​មកដល់ រដ្ឋ​អំណាច​បង់ដែស​ ​ប្រកាស​​​ពង្រាយ​កងទ័ព និងមន្ត្រី​នគរ​បាល​ ប្រមាណ​៦សែន​នាក់ ដើម្បី​ឲ្យ​រក្សា​ការពារសន្តិសុខ នៅ​​​ការិយាល័យ​​​បោះ​ឆ្នោត ​ចំនួន៤ម៉ឺន​កន្លែង​។ អាជ្ញាធរ​​ថែម​​ទាំង​បិទ​​ប្រព័ន្ធអ៊ីនធ័រនែត​មួយ​រយៈ​​ ដើម្បី​កុំឲ្យ​​មាន​ការ​ផ្សាយ​ពាក្យ​ចចាម​អារាម​​ជុំវិញ​ការ​បោះឆ្នោត​។​ ក៏ប៉ុន្តែ អ្នក​សង្កេត​​ការណ៍​​ ​មើលឃើញថា បក្ស​កាន់អំណាច​បង់ក្លាដែស​ កំពុងតែ​បិទ​ខ្ទប់​សំឡេង​ប្រឆាំង​​មិន​ឲ្យ​ងើប​​មុខ​រួច។​

អ្នក​គាំទ្រ​បក្ស​កាន់​អំណាច Awami League ​កំពុង​ហែក្បួន​ឃោសនា នៅក្រុង Dhaka
អ្នក​គាំទ្រ​បក្ស​កាន់​អំណាច Awami League ​កំពុង​ហែក្បួន​ឃោសនា នៅក្រុង Dhaka REUTERS/Mohammad Ponir Hossain
ផ្សាយពាណិជ្ជកម្ម

​សមត្ថកិច្ច​បង់ក្លាដែស យក​ចិត្ត​ទុកដាក់​ជាទីបំផុត ខាង​បិទខ្ទប់​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម។ តាំង​តែ​ពីថ្ងៃ​ព្រហស្បតិ៍ទី​២៧ធ្នូ​​មក​ម្ល៉េះ ដែល​បណ្តាញ​អ៊ីនធ័រនែត​តាម​ទូរសព្ទ​ដៃ ត្រូវ​រអាក់​រអួល ឬ​ដើរ​យឺត​យក​តែមែនទែន​។ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ម្នាក់ ប្រាប់​កាសែត​បារាំង​ថា ​បណ្តាញ​អ៊ីនធ័រនែត​តាម​ទូរសព្ទ​ដៃ ត្រូវ​បន្ថយល្បឿន​និង​ធ្វើ​ឲ្យ​ខ្សោយ ហើយ​នឹង​ត្រូវ​បិទ​ខ្ទប់​តែម្តង។​ រដ្ឋាភិបាល​ស្នើ​សុំ​ឲ្យ​បិទ​រយៈពេល​៣៣ម៉ោង​ ដើម្បី​រឹត​បណ្តឹងសណ្តាប់ធ្នាប់​ ជៀស​វាង​​ ខ្លាច​ក្រែង​មា​នការ​ចែក​ចាយ​ព័ត៌មាន​មិនពិត ឬ​ពាក្យ​ចចាមអារាម​ជុំវិញ​ដំណើរ​ការ​បោះឆ្នោត​ និង​លទ្ធផល​ឆ្នោត​។ ​ប្រព័ន្ធ​អ៊ីនធ័រនែត​តាម​ទូរសព្ទ​នឹង​ត្រូវ​បើក​ឲ្យ​ប្រើ​ស្រួល​បួល​ឡើងវិញ នៅថ្ងៃ​ចន្ទទី​៣១ធ្នូ នៅពេល​ដែល​ដំណើរ​ការ​បោះឆ្នោត​បាន​ចប់​រួច​រាល់​។​

នៅ​បង់ក្លាដែស មាន​ពលរដ្ឋ​ប្រមាណ​១៦៥លាន។ ​ក្នុងចំណោម​ពលរដ្ឋ​ទាំង​​នោះ ​ មាន​ជាង​​៩១លាននាក់​ ដែល​ប្រើ​ប្រាស់​អ៊ីនធ័រនែត ហើយ​៨៦លាននាក់​ដែល​ប្រើ​អ៊ីន​ធ័រ​នែត​តាម​ទូរសព្ទដៃ។​

ក្រៅ​ពី​បិទ​ខ្ទប់​ប្រព័ន្ធ​ផ្សព្វផ្សាយ រដ្ឋាភិបាល​បង់​ក្លាដែស ក៏​​បាន​ចាប់សកម្មជននយោបាយ​​ដែល​​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ញាត់​​ពន្ធនាគារ​ផង​ដែរ។ អ្នក​ស្រី Khaleda Zia ដែល​ជា​អ្នក​នយោបាយ​ប្រឆាំង​ដ៏​លេច​ធ្លោ ត្រូវ​ជាប់​ឃុំ​ពីបទ​ពុក​រលួយ ហើយ​សកម្មជន​គាំទ្រ​បក្ស​ប្រឆាំង ចំនួន​​១ម៉ឺន​៤ពាន់​នាក់ ត្រូវ​​ចាប់​ឃុំ​ខ្លួន រាប់​ចាប់តែ​ពីថ្ងៃទី​៨វិច្ឆិកា ខែមុន​នេះមក​។ ​គួរ​ជ្រាបថា ការ​ប៉ះទង្គិច​ហិង្សា​ក្នុង​ពេល​យុទ្ធនាការបោះឆ្នោត ជាង​មួយ​ខែ​មកនេះ គឺ ធ្វើ​ឲ្យ​មនុស្ស​១៣នាក់ បាត់​បង់​ជីវិត​។

បើ​តាម​ការ​ខ្ទង់​មតិ​ចុង​ក្រោយ​ លោកស្រី​នាយករដ្ឋមន្ត្រី Sheikh Hasina អាច​នឹង​ត្រូវ​ឈ្នះ​ឆ្នោត កាន់​អំណាច​មួយ​អាណត្តិ​ទៀត​​ គឺ​ជាគម្រប់​អាណត្តិ​ទី​៤។​ អ្នកវិភាគ​នយោបាយ​ បាន​លើកឡើងថា នាយករដ្ឋមន្ត្រី​បង់ក្លាដែស​បច្ចុប្បន្ន ធ្វើអ្វីៗ​គ្រប់​យ៉ាង​ដើម្បី​បាន​អំណាច ហើយ​និង​ហ៊ាន​ធ្វើគ្រប់​មធ្យោបាយ​ដើម្បី​រក្សា​អំណាច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ