អានតួអត្ថបទ
ប៊ែលហ្ស៊ិក

ចាប់ខ្លួន​មនុស្ស២នាក់​ពាក់ព័ន្ធ​នឹង​គម្រោងការណ៍​ភេរវកម្ម​នៅ​ប៊ែលហ្ស៊ិក

អាជ្ញាធរ​ប៊ែលហ្ស៊ិក​បាន​ឲ្យដឹង​នៅថ្ងៃ​សៅរ៍​ថា ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស ២នាក់ ដែល​ជាប់សង្ស័យ​ថា​កំពុងរៀបចំ​គម្រោងការណ៍​វាយប្រហារ​ភេរវកម្ម នៅ​ប៊ែលហ្ស៊ិក។ ការចាប់ខ្លួន​នេះ​ត្រូ​វបាន​ធ្វើឡើង នៅ​ក្នុង​ពេល​ដែល​បារាំង និង​អាល្លឺម៉ង់ ត្រូវ​ទទួល​រង​នូវ​ការ​វាយប្រហារ​ភេរវកម្ម​ជា​បន្តបន្ទាប់ នៅ​ក្នុងរយៈពេល​ប៉ុន្មានថ្ងៃ​ចុងក្រោយ​នេះ ហើយ​ប៊ែលហ្ស៊ិក​ខ្លួនឯងផ្ទាល់​ក៏ធ្លាប់​​​ទទួលរង​ការ​វាយប្រហារ​ភេរវកម្ម​ដ៏ធ្ងន់ធ្ងរមួយផងដែរ គឺ​ការ​វាយប្រហារ​ទៅលើ​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុង​ព្រុចស៊ែល កាលពីខែមីនា​កន្លងទៅ។

ប៉ូលិស​ប៊ែលហ្ស៊ិក​ឈរល្បាត​នៅ​ពីមុខ​ស្ថានទូត​បារាំង​ប្រចាំ​ទីក្រុង​ព្រុចស៊ែល
ប៉ូលិស​ប៊ែលហ្ស៊ិក​ឈរល្បាត​នៅ​ពីមុខ​ស្ថានទូត​បារាំង​ប្រចាំ​ទីក្រុង​ព្រុចស៊ែល REUTERS/Francois Lenoir
ផ្សាយពាណិជ្ជកម្ម

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រាជអាជ្ញា​ប៊ែលហ្ស៊ិក ជនសង្ស័យ​ទាំងពីរ​រូប គឺ​ជា​បងប្អូន​បង្កើត​នឹងគ្នា ហើយ​ត្រូវ​បាន​ចាប់ខ្លួន កាលពីថ្ងៃ​សុក្រ ក្រោយពី​ប៉ូលិស​បាន​ចូល​ឆែកឆេរ​លំនៅឋាន​របស់​ពួកគេ។

ការស៊ើបអង្កេត​បឋម​បាន​បង្ហាញ​ថា ជនសង្ស័យ​ទាំងពីរ​រូបនេះ​ប្រហែល​ជា​មាន​គម្រោងការណ៍​វាយប្រហារ​ភេរវកម្ម នៅ​ក្នុង​ប្រទេ​សប៊ែលហ្ស៊ិក ក៏ប៉ុន្តែ រហូត​មក​ទល់​នឹង​ពេលនេះ ការឆែកឆេរ​លំនៅឋាន​ជនសង្ស័យ ព្រមទាំង​ទីតាំង​ពាក់ព័ន្ធ​ជាច្រើន​កន្លែងទៀត មិនបាន​រកឃើញ​អាវុធ ឬ​គ្រឿងផ្ទុះ​ណាមួយ​នោះទេ។

ព្រះរាជអាជ្ញាប៊ែលហ្ស៊ិក​ក៏​បាន​បញ្ជាក់​ឲ្យដឹង​ផងដែរ​ថា នៅ​ក្នុង​ដំណាក់​កាល​ស៊ើបអង្កេត​បឋម​នេះ គេ​ក៏​មិនបាន​រកឃើញ​ការជាប់ពាក់ព័ន្ធ​ណាមួយ​ដែរ រវាង​ជនសង្ស័យ​ទាំងពីរ​រូប និង​ការ​វាយប្រហារ​ភេរវកម្ម​ នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុង​ព្រុចស៊ែល កាលពីថ្ងៃ​ទី២២​មីនា​កន្លងទៅ។

គួរបញ្ជាក់ថា អស់រយៈពេល​ជាច្រើន​ខែមកហើយ ដែលប៊ែលហ្ស៊ិក​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្នុង​ការប្រកាស​អាសន្ន​ភេរវកម្ម។ ប៊ែលហ្ស៊ិក​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ជម្រក​ដ៏សំខាន់​មួយ នៃ​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​ស្និទ្ធ​នឹង​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម។ ក្រុម​ភេរវជនដែល​ធ្វើការ​វាយប្រហារ​នៅ​ប៉ារីស កាលពីថ្ងៃ​ទី១៣​វិច្ឆិកា​ឆ្នាំ​២០១៥​កន្លងទៅនេះ ក៏​មាន​ប្រភព​ដើមចេញ​ពី​ប្រទេស​ប៊ែលហ្ស៊ិក​នេះ​ដែរ។

ចាប់តាំង​ពី​ភេរវកម្ម​នៅ​ប៉ារិស និង​ជាពិសេស ចាប់តាំង​ពី​មាន​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុង​ព្រុចស៊ែល កាលពីថ្ងៃ​ទី២២​មីនា​មក ប៉ូលិស​ប៊ែលហ្ស៊ិក​បាន​បង្កើន​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម ដោយ​បាន​ឆែកឆេរ​ទីតាំង​រាប់សិបកន្លែង ដែល​គេ​សង្ស័យ​ថា​មាន​ជាប់ពាក់ព័ន្ធ​នឹង​ក្រុម​អ៊ីស្លាម​ជ្រុលនិយម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ