អានតួអត្ថបទ
កម្ពុជា

កសិករ​ឆ្នើម​ឆ្នាំ ២០១៣ លើក​តម្កើង​របៀប​ធ្វើ​កសិកម្ម​របស់​ប្រជាជន​

កម្មវិធី​កសិករ​ឆ្នើម ដែល​គាំទ្រ​ដោយ​អង្គការ USAID, ADB និង GIZ បាន​រៀបចំ​ជាថ្មី​ម្តងទៀត​ នៅ​ថ្ងៃទី ២៦មករា ឆ្នាំ នៅ​ក្នុងខេត្ត​ពោធិសាត់។ ជា​កម្មវិធី ដែល​បង្កើត​ឡើង ក្នុង​គោល​បំណង លើក​កម្ពស់​ការ​ចិញ្ចឹម​សត្វ និង​ការ​ដាំដុះ​របស់​កសិករ​ខ្មែរ តាម​រយៈការ​ប្រកួត​ប្រជែងរបៀប​ធ្វើ​កសិកម្ម​ទាំងនេះ។

សកម្មភាព ក្នុង​កម្មវិធី​កសិករ​ឆ្នើម ២០១៣​
សកម្មភាព ក្នុង​កម្មវិធី​កសិករ​ឆ្នើម ២០១៣​ Website
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ខេត្ត​ពោធិសាត់​ កាលពី​ថ្ងៃទី ២៦មករា មានការ​រៀបចំ​កម្មវិធី​ប្រកួត​ប្រជែង​ របៀប​ចិញ្ចឹម​សត្វ និង​ដាំដំណាំ​មួយ ដែល​មាន​ឈ្មោះថា កសិករ​ឆ្នើម ឆ្នាំ ២០១៣។ ជាកម្មវិធី​ ដែល​បង្កើត​ឡើង ក្នុង​គោល​បំណង ​លើក​តំលៃ​កសិករ​ខ្មែរ ដើម្បី​ឲ្យ​កសិករ​ទាំងអស់​បាន​មក​ជួប​ជុំ​គ្នា ចែក​រំលែក​បទពិសោធន៍ ហើយ​យល់ដឹងពី​របៀប​ដាំដុះ​ និង​ការ​ចិញ្ចឹម​សត្វថ្មីៗ។ នេះ​បើ​តាម​កញ្ញា នាង សុភីណា អ្នក​គ្រប់គ្រង​កម្មវិធី​កសិករ​ឆ្នើម​ ឆ្នាំ​២០១៣នេះ។

កសិករ​ចំនួន​១៨១នាក់ បាន​មក​ប្រមូល​ផ្តុំគ្នា នៅ​សាលាគរុកោសល្យ ក្នុង​ទីរួម​ខេត្ត​ពោធិសាត់ តាំងពី​ព្រឹក​ព្រលឹម។ បន្ទាប់​មក​ បេក្ខជន ដែល​ជា​កសិករ​ទាំងនោះ​ បាន​ស្តាប់​ការ​ណែនាំពី​ក្រុម​អ្នក​ជំនាញ ពីរបៀប​ដាំដុះ​ ចិញ្ចឹម​សត្វ និង​ការ​ធ្វើ​ជីកំប៉ុស។ ក្រោយម​ក អ្នក​ជំនាញ​ បាន​ផ្តល់​វេទិកា សំណួរ​​-ចម្លើយ​ ដល់​អ្នក​ចូលរួម។ ចប់​ពីការ​ចែក​រំលែក​របស់​អ្នក​ជំនាញ កសិករ​ត្រូវ​ចាប់​ផ្តើម​ប្រកួត​ប្រជែង​សមត្ថភាព​ដាំដុះ និង​ចិញ្ចឹម​សត្វ ដើម្បីចំរាញ់​យក​តែកសិករ​ចំនួន ២៥នាក់ តែប៉ុណ្ណោះ ដែល​ទទួល​បាន​ជ័យ​លាភី ក្លាយ​ជា​កសិករឆ្នើម ឆ្នាំ ២០១៣នេះ។ ការ​ជ្រើស​រើស​ជ័យលាភី គឺ​ក្រោម​ការ​ដាក់​ពិន្ទុ និង​កាត់សេចក្តី​ពី​គណៈកម្មការ​ ដែល​មាន​ជំនាញ និង​បទពិសោធន៏ ក្នុង​ផ្នែក​កសិកម្ម។ កសិករ​ដែល​បាន​ទទួល​ជ័យ​លាភី ២៥នាក់ ក៏​ត្រូវ​ឡើង​មក​ចែក​រំលែក បទ​ពិសោធន៏​របស់​ពួកគេ បន្ទាប់​ពី​កា​រ​ប្រកាស​លទ្ធផល​ផងដែរ។

កម្មវិធីនេះ ក៏​មាន​ការ​ចូលរួម ពីលោក កុយ សុខា ប្រធាន​មន្ទីរ​កសិកម្ម នៅ​ក្នុង​ខេត្ត​ពោធិ៏សាត់​ផងដែរ។​ ចំពោះ​ជ័យលាភី ទាំង២៥​នាក់ ទទួល​បានប្រាក់​រង្វាន់ និង​វត្ថុ​អនុស្សាវរីយ៏ ដែល​សរុប​មាន​ទឹក​ប្រាក់ ៨ពាន់ដុល្លារ​អាមេរិក។

តាម​កញ្ញា នាង សុភីណា កម្មវិធីកសិករ​ឆ្នើម ឆ្នាំ២០១៣នេះ បាន​ធ្វើឡើង ក្នុង​ខេត្ត​ចំនួន ៣ ដែល​រួម​មាន​ខេត្ត កំពង់​ឆ្នាំង កំពង់​ធំ និង​ខេត្ត​ពោធិ៍សាត់។ កម្មវិធីនេះ នឹងនៅ​តែបន្តធ្វើ​នៅ​ឆ្នាំ ២០១៤ទៀត ហើយ​ក៏គ្រោង​នឹង​ពង្រី​ក​ ទៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗទៀត​ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ