អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កិច្ចពិភាក្សា​​​សន្តិភាព​​ភូមា៖​​​លោកស្រី​​ស៊ូជី​​​​សន្យា​​​ប្រែក្លាយ​​ភូមា​​​ជា​​​រដ្ឋ​​សហព័ន្ធ​​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​ថ្ងៃ​ដំបូង​នៃ​​កិច្ច​ចរចា​​សន្តិភាព​ រវាង​រដ្ឋាភិបាល​ភូមា​ជាមួយក្រុមឧទ្ទាម​ នៅ​ទីក្រុង​ណៃពីដ៏​​ ថ្ងៃពុធនេះ ​ប្រមុខការទូត​​​ភូមា​ លោកស្រី​អ៊ុងសាន ស៊ូជី បាន​សន្យា​ថា​នឹង​ប្រែ​ក្លាយ​ប្រទេស​ភូមា អោយ​ទៅជា​រដ្ឋសហព័ន្ធ ​ក្រោយ​​ពេល​ដែល​​ក្រុមឧទ្ទាម​ជនជាតិភាគតិច ​ចុះហត្ថលេខា​លើកិច្ច​ព្រមព្រៀង​សន្តិភាព ដើម្បី​​បិទបញ្ចប់​ការប្រយុទ្ធជាមួយ​កងទ័ព​ ជិត​៧០ឆ្នាំ​មកនេះ។ 

រដ្ឋាភិបាល​ភូមា និង​​ភាគីចរចា​​ជនជាតិភាគតិច​ ថតរូប​រួមគ្នា ក្រោយពេល​បើក​កិច្ចពិភាក្សា​ ​​ថ្ងៃ​៣១សីហា ឆ្នាំ២០១៦។
រដ្ឋាភិបាល​ភូមា និង​​ភាគីចរចា​​ជនជាតិភាគតិច​ ថតរូប​រួមគ្នា ក្រោយពេល​បើក​កិច្ចពិភាក្សា​ ​​ថ្ងៃ​៣១សីហា ឆ្នាំ២០១៦។ REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

លោកស្រី​ស៊ូជី ​លើកឡើងថា ​កិច្ចព្រមព្រៀង​លើ​បទឈប់បាញ់​ថ្នាក់ជាតិ ជា​ជំហាន​ដំបូង​ឆ្ពោះ​ទៅ​រក​សុខសន្តិភាព។

កិច្ចពិភាក្សា​សន្តិភាពភូមា​​​ ​​​​​បើកធ្វើរហូត​ដល់​ចុងសប្តាហ៍ ដោយ​មាន​វត្តមាន​​តំណាង​ជនជាតិ​ភាគតិច​​៧០០នាក់ និង​វត្តមាន​​ប្រធាន​អង្គការសហប្រជាជាតិ​ បាន់ គីមូន។ ម្សិលមិញ ​លោក​បាន់ គីមូន​ បាន​ឆ្លៀត​សុំ​រដ្ឋាភិបាល​ភូមា​អោយ​ផ្តល់សញ្ជាតិ​ភូមា ដល់​ប្រជាជន​កាន់សាសនា​អ៊ីស្លាម​​រ៉ូហ៊ីងយ៉ា។

អំណាច​កងទ័ព​ជាគន្លឹះ​ធំ​នៃ​​​​កិច្ចពិភាក្សា​សន្តិភាពភូមា​
​លោកស្រី ​ស៊ូជី​​ សន្យា​ធ្វើអោយ​ភូមា​ក្លាយជា​រដ្ឋសហព័ន្ធ តែ​​ ​​រដ្ឋាភិបាល​​​​ត្រូវធ្វើ​កំណែទម្រង់​យ៉ាងណាៗ​នោះ លោកស្រី​ស៊ូជី​ហាក់​នៅ​មិនទាន់​ហ៊ាន​បង្ហើប​អោយដឹងច្បាស់​នៅឡើយ។ តែ​អាទិភាពរដ្ឋាភិបាល​ ​​ក្រោយ​មាន​សន្តិភាព គឺ​រដ្ឋសហព័ន្ធ ដូច្នេះ ​ភាគី​ចរចា​និមួយៗ​ ​​​ ពិតជា​​ផ្តោត​លើ​​រដ្ឋសហព័ន្ធ​នេះហើយ។ សម្រាប់ដំណើរការ​រដ្ឋ​សហព័ន្ធ​​ យើងឃើញថា ​តំបន់​ផ្សេងៗ​នៅ​ភូមា មាន​សភា​ក្នុងស្រុក​របស់គេ​រួច​ស្រាប់​ហើយ ហើយ​ថែមទាំង​មាន​គណបក្ស​​តំណាងជនជាតិ​ភាគតិច​ទៀតផង។ បញ្ហា​​​​ស្ថិតត្រង់ថា រដ្ឋបាល​​ក្នុងស្រុក​នៅមិនទាន់​​​ប្រសិទ្ធភាព​ការងារ​នៅ​ឡើយទេ។  

ដូចយើង​ដឹងហើយ ​​ភូមា​ក្លាយជារដ្ឋសហព័ន្ធបាន​ លុះត្រា​​គ្រប់ភាគី​ក្នុងស្រុក ទាំង​កងទ័ព ទាំងគ្រប់​ក្រុមឧទ្ទាម ឈប់ប្រយុទ្ធ​គ្នា​​សិន។ រដ្ឋាភិបាល​អាណត្តិមុន​​​សម្រេច​បានកិច្ច​ព្រមព្រៀង​​សន្តិភាព​ជាមួយ​ក្រុមឧទ្ទាម​ចំនួន​៨។ តែនៅ​មិនទាន់​ស្រុះស្រួលគ្នា​​​ជាមួយ​​ក្រុមឧទ្ទាម​​ធំៗ​ផ្សេងទៀតទេ។ ​ការប្រយុទ្ធ​គ្នា​ ​​តែងមាន​​ញឹកញាប់ ​តាំង​ពី​ភូមា​ទទួល​បាន​ឯករាជ្យ​​​ពី​អង់គ្លេស​ ​​ឆ្នាំ១៩៤៨។ ​ក្រុមឧទ្ទាម​ជនជាតិ​ភាគតិច​​ជាច្រើន​បាន​តស៊ូ​ប្រដាប់អាវុធ ទាមទារ​ភាព​ស្វ័យយត​​តាម​តំបន់​ដែលគេ​រស់នៅ។

ជាក់ស្តែង ​ម្សិលមិញ​នេះ​​ កងទ័ព​និង​ក្រុមឧទ្ទាម​បាន​ប្រយុទ្ធ​គ្នា​ជាថ្មីទៀត នៅ​តំបន់​ឆាន​ភាគ​ខាងកើត​ និង​តំបន់កាឈីន​ភាគខាងជើង។ ក្រុមឧទ្ទាម​ចោទ​ថា កងទ័ព​ជា​អ្នកបើក​ការ​វាយប្រហារ​មុន។ ​​បើ​កងទ័ព​បើក​ការវាយប្រហារ​លើ​ក្រុមឧទ្ទាម​មែន ​តើ​គេអាច​ទុកចិត្ត​រដ្ឋាភិបាល​ភូមា​​យ៉ាងម៉េច​កើត​ សម្រាប់​អនាគត​រដ្ឋសហព័ន្ធ​ បើ​រដ្ឋាភិបាល​​​ទប់ស្កាត់​កងទ័ព​មិនជាប់​ផងនោះ !

ត្រង់​​ចំណុច​នេះ យើងឃើញថា កងទ័ព​ភូមា​នៅតែ​មាន​អំណាច​ខ្លាំង ក្នុងស្រុក។ រដ្ឋាភិបាល​បក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ​របស់​លោកស្រី​ស៊ូជី បាន​ឈ្នះឆ្នោត​ លើ​រដ្ឋាភិបាល​ចាស់​កើតចេញ​​ពី​​អតីត​របប​សឹក​កាលពី​ឆ្នាំ២០១៥ក៏​ពិតមែន តែ​ពេល​ឡើង​​កាន់​អំណាច កងទ័ព​នៅ​តែ​មាន​ប្រៀបជាងជានិច្ច។​កងទ័ព​​កាន់កាប់​ក្រសួង​សំខាន់ៗ​ មាន​ក្រសួងការពារជាតិ មហាផ្ទៃ និងព្រំដែន។ កងទ័ព​មាន​កៅអី​២៥ភាគរយ​នៅ​សភា។ ការ​សម្រេច​បើក​ការវាយ​ប្រហារ​លើ​ក្រុមឧទ្ទាម ក៏​គឺ​កងទ័ព​ជា​អ្នកសម្រេច។

ដូច្នេះ ​កិច្ចពិភាក្សា​សន្តិភាព​ ត្រូវ​តែ​​លើកយក​​អំណាច​កងទ័ពមក​ជជែកគ្នា​​​ មិនដូច្នោះ​ទេ ការប្រយុទ្ធ​នៅតែ​អាច​កើតមាន ហើយ​ស្រួលមិនស្រួល ក្រុមឧទ្ទាម​អាច​ដើរចេញ​ពី​តុ​​​ចរចា​នេះផង​ក៏ថា​បាន។

​បើ​រដ្ឋាភិបាល​និងក្រុមឧទ្ទាម​សម្រេច​បាន​កិច្ចព្រមព្រៀងសន្តិភាព​ តើ​អ្នកណា​ខ្លះ​​ទទួល​​ប្រយោជន៍​ពិ​​កិច្ចព្រមព្រៀង​នេះ​ ?
​​ភូមា​ត្រូវការ​ពេលយូរ​ទៀតណាស់ ដើម្បី​សម្រេច​បាន​កិច្ចព្រមព្រៀង​ជាមួយ​គ្រប់ក្រុមឧទ្ទាម​ជនជាតិភាគតិច មិនងាយ​សម្រេច​បាន​ក្នុងពេល​ដ៏ខ្លីទេ។ កុំភ្លេច​ថា ភូមា​មាន​ជនជាតិ​ភាគតិច​ដល់ទៅ​១៣៥ គឺច្រើនណាស់។

ប៉ុន្តែ បើ​​កិច្ចព្រមព្រៀង​សន្តិភាព​សម្រេច​បាន​ហើយនោះ គឺ​ប្រជាជន​ទាំងមូល​ជា​អ្នក​​ទទួលបាន​ប្រយោជន៍ ព្រោះសន្តិភាពនេះ ជា​អាទិភាព​ក្នុង​ការអភិវឌ្ឈភូមាអោយរីកចម្រើន ពិសេស​ផ្នែក​សេដ្ឋកិច្ច រឺ​ពាណិជ្ជកម្មតែម្តង។

យើងឃើញ​ថា តាម​តំបន់​ដែល​ក្រុមឧទ្ទាម​កាន់កាប់ តាម​ព្រំដែនភាគខាងជើង និង​ខាងកើត ​ជាប់ចិន រឺ​ក៏ឡាវ​នោះ សំបូរ​ធនធាន​ត្បូងថ្ម និង​ឈើ​មានតម្លៃណាស់។ នៅទីនោះ ​ក្រុមឧទ្ទាម និង​កងទ័ព​បាន​រកស៊ីជួញដូរ​ធនធាន​ធម្មជាតិ​ទាំងនេះ។ ​បើ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ក្រុមឧទ្ទាម​ អាចសម្រេច​បាន នោះ​​​​​រដ្ឋាភិបាល​ភូមាក៏អាច​នឹង​​​រៀបចំ​ការគ្រប់គ្រង​តាម​តំបន់​​ទាំងនោះ​ឡើងវិញ​ដែរ។ ​

បើ​ភូមា​អាច​​បិទបញ្ចប់ការប្រយុទ្ធ​រវាង​កងទ័ព​និង​ក្រុមឧទ្ទាម​ជិត​៧០ឆ្នាំមកនេះ ចិន​ដែលជា​មិត្ត​ និងជា​ដៃគូ​ពាណិជ្ជកម្ម​ចំបង​របស់ភូមា ក៏បាន​ផលចំណេញ​ដែរ។ ការប៉ះទង្គិច​តាម​ព្រំដែន​ភូមា ពិសេស​​នៅតំបន់​ឆាន ភាគខាងកើត ​ក្បែរ​ទឹកដី​ចិននេះ ​​មិនបាន​ធ្វើអោយ​ចិន​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ​ ព្រោះ​វា​ជំរុញ​អោយ​មា​នភាព​អាណាធិបតេយ្យ​តាមព្រំដែន ហើយ​ជំរុញ​អោយ​មាន​​ការ​ជួញដូរ​​​​ត្បូងថ្ម និង​ឈើ​មានតម្លៃ​ខុសច្បាប់​ ​កាន់តែច្រើន ប៉ះពាល់​ដល់​ការរកស៊ី​ដែល​ត្រឹមត្រូវ​តាម​ច្បាប់។

ប្រទេស​លោកខាងលិច អាមេរិក រឺ​ឥណ្ឌា ដែល​កំពុង​ប្រជែងគ្នា​ជាមួយ​ចិននៅភូមា​​​ ​ក៏អាច​​ទទួល​​ប្រយោជន៍​ដូចគ្នា គឺគេ​អាច​ទៅរកស៊ី​ស្ងប់ចិត្ត​ ក្នុង​ប្រទេស​មួយ​ដែល​មានសុខ​​សន្តិភាព​នៅ​អាស៊ី​អាគ្នេយ៍​យើង។

កិច្ចពិភាក្សា​មិន​លើកពី​​បញ្ហា​ជនជាតិ​រ៉ូហ៊ីងយ៉ា​

ប្រជាជន​រ៉ូហ៊ីងយ៉ា​​កាន់​សាសនា​អ៊ីស្លាម​ មិនមែន​ជា​អ្នកតស៊ូ​ប្រដាប៉អាវុធ​ ​គំរាម​សន្តិសុខ​ភូមា​ទេ។ ដូច្នេះ គេ​មិនលើក​យករឿងជនជាតិ​រ៉ូហ៊ីងយ៉ា​មក​​ពិភាក្សា​គ្នា​ទេ។ តែម្សិលមិញ ​​លោក​បាន់ គីមូន ប្រធាន​អង្គការ​សហប្រជាជាតិ​ ក៏​មិនភ្លេច​​សុំអោយ​រដ្ឋាភិបាល​ផ្តល់សញ្ជាតិ​ដល់​ពួកគេ​ដែរ ព្រោះ​ពួកគេ​រស់​ក្នុង​ទឹកដី​ភូមា​ រាប់តំណ​មកហើយ។

ពួកគេ​​រងការ​ធ្វើទុក្ខបុកម្នេញ​ រើសអើង ប្រជាជន​អ្នកកាន់​ពុទ្ធសាសនា​​ក្នុងស្រុក។ តាំងពីមាន​ហិង្សា​សហគមន៍​ឆ្នាំ២០១២មក ប្រជាជន​រ៉ូហ៊ីងយ៉ា​ភាគច្រើន​ នាំគ្នា​​រស់នៅ​តាមជំរំ​ភាគ​ខាងលិច​​​ប្រទេស។ រឿងរ៉ូហ៊ីងយ៉ា​​មិនអាច​លេងសើច​​ទេ ព្រោះ​វា​បង្ក​​ភាព​តានតឹង​​ក្នុង​សង្គម​ភូមា។ ​លោកស្រី​ស៊ូជី​បាន​សុំអោយ​អតីត​ប្រធាន​អង្គការ​សហប្រជាជាតិ លោក​កូហ្វ៊ី អាណាន់ ជួយ​ដោះស្រាយ​បញ្ហា​នេះ។ លោក​អាណាន់​នឹង​មកដល់​ភូមា ដើមខែ​កញ្ញា​នេះ​ហើយ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ