អានតួអត្ថបទ
អារ៉ាប់រួម

យន្តហោះ​ប៊ូអ៊ីង៧៧៧​ឆេះ​ពេល​ចុះចត​នៅ​ទីក្រុង​ឌុយបៃ

យន្តហោះ​មួយគ្រឿង ​ធុន​ប៊ូអ៊ីង ៧៧៧ របស់​ក្រុមហ៊ុន Emirates ត្រូវ​ឆេះ​ស្ទើរតែ​អស់មួយតួខ្លួន នៅ​ពេល​ចុះចត​នៅ​ឯ​ព្រលាន​យន្ត​ហោះអន្តរជាតិ​ក្រុង​ឌុយបៃ ប្រទេស​អារ៉ាប់រួម កាលពីថ្ងៃពុធ។ គ្រោះថ្នាក់​នេះ​មិនបាន​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​ និង​របួស​នោះទេ ដោយសារ​តែ​អ្នក​ដំណើរ​ទាំង​៣០០នាក់​ត្រូវ​បាន​គេ​ជន្លៀស​ចេញ​ពី​យន្តហោះ​ទាន់ពេលវេលា។

យន្តហោះ​ធុនប៊ូអ៊ីង ៧៧៧ ដែល​ត្រូវ​ភ្លើងឆេះ នៅ​ពេល​ចុះចត​នៅ​ព្រលាន​យន្តហោះ​ក្រុង​ឌុយបៃ ថ្ងៃទី៣ សីហា ២០១៦
យន្តហោះ​ធុនប៊ូអ៊ីង ៧៧៧ ដែល​ត្រូវ​ភ្លើងឆេះ នៅ​ពេល​ចុះចត​នៅ​ព្រលាន​យន្តហោះ​ក្រុង​ឌុយបៃ ថ្ងៃទី៣ សីហា ២០១៦ Reuters
ផ្សាយពាណិជ្ជកម្ម

យោងតាម​ការ​ប្រកាស​ឲ្យដឹង​របស់​ក្រុមហ៊ុន Emirates ហេតុការណ៍​បាន​កើតឡើង​នៅ​ម៉ោង ១២ និង​៤៥នាទី ម៉ោង​ក្នុងស្រុក (ត្រូវ​នឹង​ម៉ោង ៣និង៤៥នាទី​រសៀល នៅ​ក្នុងប្រទេស​កម្ពុជា)។ យន្តហោះ​ធុន​ប៊ូអ៊ីង៧៧៧​នេះ ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌា ដោយ​មាន​ដឹកអ្នកដំណើរ​ចំនួន ២៨២នាក់ និង​អ្ន​កបើក​បរ ព្រមទាំង​បុគ្គលិក​បម្រើការ​លើ​យន្តហោះ​ ចំនួន ១៨នាក់ (សរុប ៣០០នាក់)។

យន្តហោះ​នេះ​ត្រូវ​ភ្លើងឆេះ​យ៉ាងសន្ធោរសន្ធៅ នៅ​ពេល​ចុះចត​ទៅដល់​ព្រលានយន្តហោះ ក៏ប៉ុន្តែ ភ្លាមៗ មនុស្ស​ទាំង ៣០០នាក់ ដែល​ភាគច្រើន​ជា​ពលរដ្ឋ​ឥណ្ឌា ត្រូវ​បាន​គេ​ជន្លៀស​ចេញ​អស់​ពី​យន្តហោះ មុននឹង​តួយន្តហោះ​ត្រូវ​ភ្លើងឆេះ​អស់​មួយផ្នែក​លើ ចាប់តាំង​ពី​ក្បាល​ដល់​កន្ទុយ។

​រហូត​មក​ទល់​នឹង​ពេលនេះ គេនៅមិនទាន់​ដឹង​ច្បាស់លាស់​នៅឡើយទេ អំពី​មូលហេតុ ដែល​នាំឲ្យ​មាន​អគ្គិភ័យ​នេះ។ ក៏ប៉ុន្តែ អ្នក​ជំនាញ​ខាង​អាកាសចរណ៍​បាន​ធ្វើការ​សន្និដ្ឋាន ដោយ​ផ្អែក​លើ​វីដេអូ ដែល​គេ​ថតបាន​ពី​ហេតុការណ៍​នេះ​ថា កង់​ផ្នែក​ខាង​មុខ​របស់​យន្តហោះ​ទំនង​ជា​ត្រូវ​បាក់​នៅ​ពេល​ចុះចត​ដល់​ដី ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​តួយន្តហោះ​ត្រូវ​អូសកកិត​នឹងដី ទើប​ធ្វើ​ឲ្យ​ភ្លើងឆេះឡើង​បែបនេះ។

ក្រសួង​អាកាសចរណ៍ស៊ីវិល​អារ៉ាប់រួម​បាន​ប្រកាស​ឲ្យដឹង​ថា ​ការស៊ើបអង្កេត​បាន​ចាប់បើក​ធ្វើ ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន Emirates និង​ព្រលាន​យន្តហោះ​ក្រុង​ឌុយបៃ ដើម្បី​ស្វែងរក​មូលហេតុ ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​យន្តហោះ​នេះ។ ក្រុមហ៊ុន​ប៊ូអ៊ីង​វិញ​បាន​ចេញសេចក្តីថ្លែងការណ៍មួយ​ភ្លាមៗបញ្ជាក់ថា ខ្លួន​ត្រៀម​បញ្ជូន​អ្នក​ជំនាញ​ឲ្យ​ជួយ​ក្នុងការ​ស៊ើបអង្កេត​នេះ ប្រសិនបើ​មាន​ការ​ស្នើសុំ។

គួរបញ្ជាក់ថា ទៅតាម​ទំនៀមទម្លាប់ ការ​ស៊ើបអង្កេត​លើ​ករណី​គ្រោះថ្នាក់​យន្តហោះ​បែបនេះ គឺ​ជា​សមត្ថកិច្ច​របស់​ប្រទេស​ដែល​ជាទីតាំង​នៃ​គ្រោះថ្នាក់ ប៉ុន្តែ អាច​មាន​ការ​ចូលរួម​សហការ​ពី​​សំណាក់​ប្រទេស​ដែល​ម្ចាស់​​ក្រុមហ៊ុន​អាកាសចរណ៍ ប្រទេស​ដែល​ជា​ម្ចាស់ក្រុមហ៊ុន​ផលិតយន្តហោះ និង​ប្រទេស​ផ្សេងទៀត ដែល​មាន​ពលរដ្ឋ​ស្ថិត​ក្នុង​ចំណោម​ជនរងគ្រោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ