អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

Brexit: នាយករដ្ឋមន្ត្រី​អង់គ្លេស ចង់ដាក់​សំណើ​ថ្មីបែង​ចែក​«ព្រំដែនពីរ»​រវាង​អង់គ្លេស​និង​អៀរឡង់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នាយករដ្ឋមន្ត្រី​អង់គ្លេស លោកបូរីសចនសុនប្រកាស នៅថ្ងៃពុធ​ ទី​២តុលា អំពីសំណើកិច្ចព្រមព្រៀងថ្មី ជាមួយអឺរ៉ុប ជុំវិញ Brexit។ ​លោក ចនសុន ចង់ដាក់​សំណើ​កិច្ចព្រម​ព្រៀង​ថ្មី បែង​ចែក​ព្រំដែន​ពន្ធ​គយ​រវាង​អង់គ្លេស​និង​អៀរឡង់​​។ គួរ​ជ្រាប​ថា​ សំណើ​​បែង​ចែក​ព្រំដែន​ពន្ធគយនៅ​អៀរឡង់​ខាង​ជើង​​​នេះ គឺត្រូវ​ធ្វើ​ឱ្យ​អតីត​នាយករដ្ឋមន្ត្រី​លោកស្រី Theresa May បរាជ័យ​ជាច្រើន​លើក​មក​ហើយ រហូត​ដល់​ទីបំផុត​ ត្រូវ​សុំ​លាលែង​ពីតំណែង។ នៅពេល​នេះ នាយករដ្ឋមន្ត្រីថ្មី លោកបូរីសចនសុន ចង់​ដើរ​លំនាំគន្លង​ចាស់ឬយ៉ាងណា?​ ហើយ​តើ​ទីបំផុត​ទៅ អង់គ្លេស ត្រូវតែ​ដើរ​ចេញពី​សហភាព​អឺរ៉ុបដោយ​គ្មាន​កិច្ចព្រម​ព្រៀង​ ​មែន​ដែរឬទេ?

នាយករដ្ឋមន្ត្រី​អង់គ្លេស លោក បូរីស ចនសុន កំពុង​ថ្លែង​នៅ​សមាជ​ប្រចាំឆ្នាំ​របស់បក្ស​អ្នកអភិរក្ស​និយម។
នាយករដ្ឋមន្ត្រី​អង់គ្លេស លោក បូរីស ចនសុន កំពុង​ថ្លែង​នៅ​សមាជ​ប្រចាំឆ្នាំ​របស់បក្ស​អ្នកអភិរក្ស​និយម។ Reuters
ផ្សាយពាណិជ្ជកម្ម

តាម​ទម្លាប់​ នៅ​ថ្ងៃពុធ នាយករដ្ឋមន្ត្រី​អង់គ្លេស ត្រូវ​ថ្លែង​ការ​ណ៍​ និង​ឆ្លើយ​សំណួរ​ដែល​ចោទឡើង​ដោយ​អ្ន​កតំណាង​រាស្ត្រ​នៅ​ចំពោះ​មុខ​សភា ក៏ប៉ុន្តែ​​លោក បូរីស​ ចនសុន មិន​ទៅ​ចូលរួមនៅសភា​​ទេ ដោយ​បញ្ចូន​រដ្ឋមន្ត្រី​ការបរទេស​ឱ្យទៅប្រឈម​មុខ​សភា​ជំនួស​រូប​លោក ហើយ​លោក​ ចនសុន ​ទៅ​ថ្លែងការណ៍​ដោយផ្ទាល់​ នៅ​ចំពោះ​មុខ​សមាជ​ប្រចាំ​ឆ្នាំ របស់​បក្សអ្នក​​អភិរក្ស​និយម របស់​លោក ឯ​ទីក្រុង ​Manchester។  នៅ​ក្នុង​សមាជ​បក្ស​នេះ ហើយ​ដែល​លោក ចនសុន ​ថ្លែង​សុន្ទរកថា​ពី​គម្រោង​សំណើ​ថ្មី ស្តីពី​ការ​ចាកចេញពី​សហគមអឺរ៉ុប​។ ​កាសែត​ The Telegraph ដែល​ស្និត​នឹង​គណ​បក្ស​របស់​លោក ចន សុន ក៏​បាន​ចុះ​ផ្សាយ​ខ្លឹម​សារ​ត្រួសៗ​រួច​ហើយទៅ។

«​ព្រំដែន​ពីរ»

​បើ​ពិនិត្យ​មើល​ខ្លឹមសារ​របស់​កាសែត The Telegraph  គឺ​គេ​ឃើញ​ថា មាន​ការបែង​ចែក​ព្រំដែន​ពីរ​។ ទី១ ព្រំដែន​អង់គ្លេស​ជាមួយ​សហភាព​អឺរ៉ុប ដែល​មាន​ព្រំដែន​ជាមួយ​គ្នាតែ​មួយ​គត់​ ខាង​​ដី​គោក​ ជាប់​ព្រំប្រទល់​គ្នា​ប្រមាណ​៥០០គីឡូម៉ែត្រ​ ត្រង់​នៅ​ប្រទេស​អៀរឡង់​ និង​អៀរឡង់​ខាង​ជើង​នេះ។ ​ការ​ខណ្ឌ​ព្រំ​ដែន​មួយ​ទៀត គឺ​ព្រំដែន​ទឹក​។ នៅក្នុង​នោះ នាយករដ្ឋមន្ត្រីអង់គ្លេស មាន​គម្រោង​ចង់ដាក់សំណើបែងចែកព្រំដែនពន្ធគយរវាងអង់គ្លេសនិងអៀរឡង់ខាងជើង​។  ហើយ​និង ចង់​ដាក់​អៀរឡង់​ខាង​ជើង ឱ្យ​ស្ថិត​នៅក្នុង«លក្ខន្តិកៈពិសេស»​ រយៈ​ពេល​៤ឆ្នាំ​តទៅមុខ​ទៀត គឺពីពេល​នេះ បន្តរហូត​ដល់​ឆ្នាំ​២០២៥​។

នៅក្នុង​ន័យ​នេះ បើ​តាម​ការពន្យល់​របស់​កាសែត​អង់គ្លេស​ដែល​ស្និត​នឹង​រដ្ឋាភិបាលអង់គ្លេស​ គឺ​លោក ចនសុន នឹង​ទុក​ឱ្យ​អៀរឡង់​ខាង​ជើង ​ នៅ​ក្នុង​រង្វង់​សហភាព​អឺរ៉ុប​ដដែល​សិន​ ដែលអៀរឡង់​ខាង​ជើងនិង​សហគមអឺរ៉ុប​ ​អាច​នាំចេញ​ចូល​ទំនិញ​បែប​ទីផ្សារ​សេរី បែប​ទីផ្សារ​តែមួយ​ដដែល​ចុះ។ ក៏ប៉ុន្តែ អង់គ្លេស​នឹង​ដាក់​ព្រំដែន​គយគន្ធ​​ និង​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ទំនិញ នៅ​ព្រំ​ដែន​ទឹក​មួយ​ទៀត​ នៅ​ចន្លោះ​ពី​ដែន​ទឹក​នៃ​ខេត្ត​របស់​អង់គ្លេស​ និង​ដែន​គោក​របស់​អៀរឡង់​ខាង​ជើង។

ការ​ឆ្កឹះ​ដំបៅ​ចាស់​រវាង​អៀរឡង់ខាង​ជើង ​និងប្រទេស​អៀរឡង់​ ដែល​បា​នស្គាល់​សង្គ្រាម​រ៉ាំរ៉ៃ​​ជាមួយ​នឹងគ្នា​ច្រើន​ អស់​ជា​ទសវត្សរ៍​មក​ហើយ​?​

ព្រំដែន​អៀរឡង់​នេះហើយ​ជា​ចំណោទខ្លាំង។ ដែនដី​នេះ​ ធ្លាប់ជាដើមហេតុនៃជម្លោះទាមទារបង្រួបបង្រួមទឹកដីអៀរឡង់ ជាជម្លោះស៊ីវិលផង និងសាសនាផង អស់រយៈពេលជាង៣០ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៦០មក គឺ​ទើបតែ​បាន​បានដោះស្រាយចប់​តាមរយៈកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ១៩៩៨តែប៉ុណ្ណោះ​។ ប្រសិន​បើ​មាន​ការ​បែង​ចែក​ព្រំដែន​ឡើងវិញ​​នោះ នោះគឺ​ដំបៅ​ចាស់​ ទំនង​ជា​អាច​នឹង​វិល​ត្រឡប់​មក​វិញ។

ក៏ប៉ុន្តែ បើ​តាម​ការ​យល់​ឃើញ​របស់​លោក ចនសុន ការ​​ដាក់​អៀរឡង់​ខាង​ជើង ឱ្យ​ស្ថិត​នៅក្នុង«លក្ខន្តិកៈពិសេស»​ រហូត​ដល់​ឆ្នាំ​២០២៥​​ គឺ​ជា​ពេល​វេលា​សមស្រប​មួយ​។ នៅក្នុងអំឡុង​​ពេល​នេះ អង់គ្លេស​អាច​លែង​លះ​ដាច់​ស្រេចពីសហភាព​អឺរ៉ុប ហើយចាំ​ដល់​​នៅពេល​ឆ្នាំ​២០២៥មកដល់ សភា​អៀរឡង់ខាង​ជើង​ នឹង​ត្រូវ​ជា​អ្នក​សម្រេច​បន្តទៅទៀត ដោយ​ខ្លួនឯង ថា​ត្រូវ​បន្ត​ស្ថិត​នៅ​ក្រោម​«លក្ខន្តិកៈពិសេស»​ បន្តទៅទៀត​ ឬក៏​យ៉ាងណា​។

ការ​សម្រេច​ចិត្ត​ដូច្នេះ គឺ​ជា​ហានិភ័យ​មួយ​សម្បើម​! ពោល​គឺ​អាច​ប្រឈម​នឹង​ការ​ប្រកាសឯករាជ្យ​ពី​អៀរឡង់​ខាង​ជើង ចូលរួប​រួម​​ជាមួយ​ប្រទេស​អៀរឡង់តែ​ម្ត​ង​​ ក៏​អាច​ថា​បាន។

 

បើ​ទោះ​បី​ជា​សភា​មិន​យល់​ស្រប ហើយ​បើ​ទោះ​បី​ជា​សហភាព​អឺរ៉ុប មិនអើពើ ក៏​លោក ចនសុន នៅតែ​រក្សា​ជំហរ​បែប​នេះ​ដដែល តើ​​មែនទេ?

ជំហរ​របស់​លោក​ បូរីស ចនសុន គឺនៅរឹង មិន​ប្តូរទេ ដូចដើម​តែរហូតមក​!​ គឺថា ត្រូវ​ចាក​ចេញលែង​លះ​​ពី​សហភាព​អឺរ៉ុប បើ​ទោះបីគ្មាន​កិច្ច​ព្រម​ព្រៀង​ក៏ដោយ។ ​លោកនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ យល់ថា សំណើថ្មី​របស់​គាត់​​នេះ គឺ«ជាលើក​​ចុង​ក្រោយ​ហើយ បើ​មិន​ទទួល​យកទេ គឺ​មាន​តែ​ដើរ​ចេញ​ដោយ​គ្មាន​កិច្ចព្រម​ព្រៀង​អ្វី​ទាំងអស់»។ ក៏ប៉ុន្តែ​ចំពោះ​រូប​លោក​និង​ក្រុម​បក្ស​ពួក ការ​លើកគម្រោង​ស្នើ​ថ្មីនេះ គឺ​វា​ល្អ​និង​សក្តិសម​​នឹង​ស្ថានការណ៍ជាក់ស្តែង​​។​ នៅ​ក្នុង​សុន្ទរកថា ថ្ងៃពុធទី​២តុលា លោក ចនសុន ក៏​បានកត់​សម្គាល់​ដោយ​​ឃើញ​ច្បាស់​ដោយ​ខ្លួន​ឯង​ ដែរថា ការ​ដក​ខ្លួន​ចេញពី​សហភាព​អឺរ៉ុប មក​ត្រឹមពេល​​នេះ គឺសល់តែ​២៩ថ្ងៃទៀត​ប៉ុណ្ណោះ ហើយ​​សេណារីយ៉ូ​ពីរឿង​គ្មាន​កិច្ចព្រមព្រៀង គឺឃើញ​កាន់តែ​ច្បាស់ឡើងៗ។​

ការ​ចេញ​ចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង គឺ​ប្រឈម​នឹង​ហានិភ័យ​នៃការ​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ រហូត​ដល់​ផ្នែក​សង្គម​កិច្ច​ទៀត​ផង។ នាពេល​កន្លងទៅថ្មីៗនេះ​ អាជ្ញាធរអង់គ្លេស បានជូន​ដំណឹង​រួច​ហើយ​ដល់​ពលរដ្ឋ​ខ្លួន​ ថា​ ផលប៉ះពាល់​ ក្នុងរយៈពេលខ្លី គឺ​នៅក្នុងវិស័យគន្លឹះចំនួន ១២ ដូចជា ការផ្គត់ផ្គង់ទឹកស្អាត ចំណីអាហារ សុខភាព ការដឹកជញ្ជូន ខ្សែបន្ទាត់ព្រំដែន ហើយនិងសណ្តាប់ធ្នាប់សាធារណៈ នៅក្រោយ អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ដោយគ្មានកិច្ចព្រមព្រៀង។

ទោះ​យ៉ាងណាក្តី លោក​ បូរីស ចនសុន នឹង​ត្រូវ​ជជែកគ្នាតាម​ទូរសព្ទ​​ជាមួយ​ ​លោក Jean-Claude Juncker នៅ​យប់ ថ្ងៃទី​២តុលា ព្រោះ​លោកប្រធាន​សហភាព​អឺរ៉ុប ចង់​ដឹង​លម្អិត​ពី​សំណើថ្មី របស់​នាយករដ្ឋមន្ត្រី​អង់គ្លេស ​​នេះដែរ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ