ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 06/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 05/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 05/12 12h00 GMT
អឺរ៉ុប

សភាអង់គ្លេស សម្រេច​លើកពេល​បោះឆ្នោតចំពោះ​កិច្ចព្រមព្រៀង Brexit

media  
ពលរដ្ឋ​អង់គ្លេស​រាប់​ពាន់នាក់នៅក្រៅសភា ទាមទារ​ឱ្យ​ធ្វើ​ប្រជាមតិ​ឡើងវិញ។ REUTERS/Tom Nicholson

នៅថ្ងៃសៅរ៍ ទី​១៩តុលា សភាតំណាងរាស្ត្រ​អង់គ្លេស សម្រេច​លើកពេល​​បោះឆ្នោត ដើម្បីផ្តល់​សេចក្តី​សម្រេចយល់ព្រម ឬមិនយល់ព្រមលើកិច្ចព្រមព្រៀង Brexit។ ការ​សម្រេច​ដូច្នេះ គឺ​ដោយ​សារតែ​រងសម្ពាធ​យ៉ាង​ខ្លាំង ទាំង​ក្នុង​និងទាំង​សភា​។ ភ្លាមៗ លោក​នាយករដ្ឋមន្ត្រី បូរីស ចន​សុន ដែល​ជាអ្នក​ទទួល​បន្ទុក​រៀបចំ​កិច្ចព្រមព្រៀង​នេះ បាន​ប្រតិកម្ម​ខ្លាំងថា «លោក​នឹង​មិនចរចា​អ្វីទៀត​ទាំងអស់​ជាមួយ​សហភាពអឺរ៉ុប។ លោក​សុខចិត្ត​​ឱ្យ​អង់គ្លេស​ដើរ​ចេញ​ពី​សហភាពអឺរ៉ុប ដោយ​គ្មាន​កិច្ចព្រមព្រៀង»។​

នាយករដ្ឋមន្ត្រី បូរីស ចន​សុន ក្តៅស្លឹកត្រចៀក ដែល​មិន​អាច​បញ្ចុះបញ្ចូល​អង្គសភា​ឱ្យ​បោះឆ្នោត​គាំទ្រ​សេចក្តីព្រមព្រៀង​ដែល​លោក​រៀបចំ ក៏​ប្រតិកម្ម​ភ្លាមភ្លែត​នៅទីបំផុត​ថា លោក​នឹងមិន​​លើក​សំណើ​ព្រមព្រៀង​អ្វី​ថ្មី យកទៅ​ជជែក​ចរចា​ជាមួយ​ថ្នាក់​ដឹកនាំ​អឺរ៉ុប​ទៀត​នោះឡើយ។ ហើយដរាប​ណា​លោក​នៅ​ជា​នាយករដ្ឋមន្ត្រី គឺ​​លោក​នៅតែ​ប្រកាន់​ជំហរនៅដដែល​លើ​កិច្ច​ព្រមព្រៀង​ដែល​លោក​បាន​ប្រឹង​រៀបចំ​អស់​ជាង​៨៩ថ្ងៃ​មកនេះ។ ផ្ទុយ​មកវិញ បើ​តាម​យោបល់​របស់​លោក បូរីស ចនសុន, ប្រសិនបើ​មាន​កិច្ចព្រមព្រៀង​ណា​ផ្សេងដែល​ធ្វើឡើងទៀតនោះ​ នោះ​គឺ​វា​នឹង​មិន​ល្អ​សម្រាប់​អង់គ្លេស​នោះទេ, ហើយ​ក៏​អាក្រក់​ចំពោះ​សហភាព​អឺរ៉ុប និងមិន​ផ្តល់​ផលល្អ​ដល់​ដំណើរ​ការ​ប្រជាធិបតេយ្យ​នោះ​​ដែរ។​ នេះបើ​តាម​នាយករដ្ឋមន្ត្រីអង់គ្លេស។​

ក្រោយ​ការ​ជជែក​ដេញ​ដោល​គ្នា​យ៉ាង​តឹង​សរសៃក សភា​អង់គ្លេស​សម្រេច​លើកពេល​បោះឆ្នោត​ផ្តល់​សេចក្តីសម្រេច​ ថា​ព្រម​ឬមិនព្រម ចំពោះ​កិច្ចព្រមព្រៀង​រៀបចំ​ដោយ​រដ្ឋាភិបាល ពីព្រោះថា​​​​ចង់​ទុក​ពេល​បន្ថែម​ទៀត​ដើម្បីសិក្សាពិចារណា​​ឱ្យ​លម្អិត​។ ការ​ប៉ះ​សម្តី​គ្នា​មា​នយ៉ាងក្តៅគគុក​នៅក្នុង​សភា ចំណែក​នៅ​ខាងក្រៅ​សភា​វិញ ក៏​មាន​ការ​ជួប​ជុំ​ធ្វើ​បាតុកម្ម​តវ៉ា​យ៉ាង​អធិកអធម​ដ៏ខ្លាំងក្លា​ណាស់​ដែរ។ មនុស្ស​រាប់​ពាន់​នាក់បាតុកម្ម​ដើរ​តាម​ផ្លូវ​និង​ម្តុំគ្នា​​នៅ​ក្រៅ​របង​សភា ​ប្រឆាំង​នឹង​ការលែងលះ​ពី​សហភាព​អឺរ៉ុប បាន​ស្រែក​ប្រកាស​ទាមទារ​ឱ្យ​រៀបចំ​ការ​បោះឆ្នោត​ធ្វើ​ប្រជាមតិ​ជាមថ្មីម្តងទៀត។

ការ​ធ្វើ​ប្រជាមតិសម្រេចចាកចេញពីសហគមន៍អឺរ៉ុប កាលពីឆ្នាំ២០១៦ បាន​ធ្វើ​ឱ្យ​សង្គមអង់គ្លេស បែកបាក់ប្រេះឆាគ្នាខ្លាំង តាំងតែពីក្នុងសភា ក្នុងជួររដ្ឋាភិបាល រហូតដល់ពលរដ្ឋសាមញ្ញ។ ពលរដ្ឋខ្លះ ខកចិត្ត និងនឹកគិតថាខ្លួនចាញ់បោកអ្នកនយោបាយ។  ជាង​៣ឆ្នាំកន្លះមកនេះ ពលរដ្ឋម្ចាស់ឆ្នោត រស់នៅក្នុងក្តីអស់សង្ឃឹម ខឹងសម្បារ និងភាពមិនច្បាស់លាស់ចំពោះអនាគត។ ភាពមិន​ច្បាស់​នេះ គឺ​កាន់តែ​លេច​ខ្លាំងឡើង ដ្បិតថា​ នៅពេល​ដែល​ជិត​ពេល​កំណត់​នៅ​ចុង​ខែ​តុលានេះទៅហើយ​ អង់គ្លេស​នៅមិនទាន់​អាច​រកឃើញ​កិច្ចព្រមព្រៀង​ច្បាស់​លាស់​ណាមួយ​នៅឡើយទេ​​៕​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ