អានតួអត្ថបទ
អង់គ្លេស

នាយករដ្ឋមន្ត្រី​អង់គ្លេស ប្តេជ្ញា​សើរើ​ប្រព័ន្ធ​ដាក់​​ទោស​ចំពោះ​បទល្មើស​​ភេរវកម្ម​

មួយ​ថ្ងៃ​ក្រោយ​ភេរវកម្ម​វាយ​ប្រហារ​ដោយ​កាំបិត​ នៅ​កណ្តាល​ក្រុង​ឡុងឌ្រឺ លោក Boris Johnson នាយករដ្ឋមន្ត្រី​អង់គ្លេសដែល​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ដោយ​ផ្ទាល់ បា​នប្រកាស​ជាសាធារណថា ប្រព័ន្ធ​លើកលែងទោស​និង​បន្ធូរ​បន្ថយទោសរបស់​អង់គ្លេស​ ត្រូវតែ​ពិនិត្យ​សើរើមើលឡើងវិញ ហើយ​និងត្រូ​វកម្រិត​ទោស​ធ្ងន់ធ្ងរ​បំផុត ចំពោះ​បទល្មើស​ភេរវ​កម្ម​​។ ការ​ប្តេជ្ញារបស់​ប្រមុខ​រដ្ឋាភិបាល​អង់គ្លេសយ៉ាងដូច្នេះ គឺក្រោយ​ពេល​ដែល​ខ្មាន់​កាំបិត​ម្នាក់ ជាអតីត​អ្នក​ទោសនិង​​ត្រូវ​ដោះលែង​ឱ្យ​រស់​នៅ​ក្រៅឃុំ ហើយបែរជា​យក​កំាំបិត​ដើរ​ចាក់​មនុស្ស​ ស្លាប់​ពីរនាក់ និង​របួស​បីនាក់ កាលពី​ថ្ងៃសុក្រ​ទី​២៩វិច្ឆិកា កន្លងទៅនេះ។ 

លោកនាយករដ្ឋមន្ត្រី​អង់គ្លេស​ចុះ​ទៅ​ពិនិត្យ​នៅកន្លែង​កើតហេតុ។
លោកនាយករដ្ឋមន្ត្រី​អង់គ្លេស​ចុះ​ទៅ​ពិនិត្យ​នៅកន្លែង​កើតហេតុ។ REUTERS/Simon Dawson/Pool
ផ្សាយពាណិជ្ជកម្ម

នាពេលកន្លង​មក តាម​ច្បាប់​ទម្លាប់​ ​របស់​អង់គ្លេស ចំពោះ​ពិរុទ្ធជន​ដែល​ត្រូវ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ និង​បា​នអនុវត្តទោស​ជា​ច្រើន​ឆ្នាំនៅគុក​​រួច​មកហើយនេះ គឺ​អាច​ត្រូវ​បាន​ទទួល​ការ​បន្ធូរ​បន្ថយ​ទោសខ្លះ រហូត​ដល់​អនុញ្ញាត​ដោះលែង​ឱ្យ​រស់​នៅ​ក្រៅឃុំ​ផង ដោយ​ត្រូវ​​ឋិត​ក្នុង​លក្ខខណ្ឌ​តាម​ដាន​ត្រួត​ពិនិត្យ​ជា​បន្ត​របស់​សមត្ថកិច្ច​។ ទម្លាប់​នេះ បា​នត្រូវ​អនុវត្ត​ជាស្វ័យ​ប្រវត្តិ​យូរ​មកហើយ​។ រឿងនេះ​ ក៏​ស្ថិត​នៅក្នុង​ករណី​របស់​ខ្មាន់​កាំបិត Usman Khan ដែល​ចាក់​មនុស្ស​ស្លាប់​ កាលពីថ្ងៃ​សុក្រទី២៩វិច្ឆិកា។ រូប​គេ​ត្រូវ​តុលាការអង់គ្លេស​ បាន​​កាត់ទោសឱ្យ​ជាប់​ឃុំ​ ចំនួន​១៦ឆ្នាំ កាលពី​ឆ្នាំ​២០១២ ពី​បទ​ល្មើស​ចូលរួម​សកម្មភាព​​ភេរវកម្ម​ ប្រុង​បំផ្ទុះ​គ្រាប់បែក​ ប៉ុន្តែ​ទទួល​ទោសក្នុង​មន្ទីរឃុំឃាំង​​បា​នត្រឹមតែ​៦ឆ្នាំប៉ុណ្ណោះ យុវជន​ដែល​មាន​ពុកមាត់​ស្រមូម Usman Khan ក៏បាន​ត្រូវ​ដោះលែង​ឱ្យ​មាន​សេរីភាព​បណ្តោះ​អាសន្ន​ កាលពី​​ឆ្នាំ​ទៅមិញនេះ ហើយ​រូប​គេ​ក៏​បាន​​ប្រព្រឹត្ត​សកម្មភាព​សម្លាប់​មនុស្ស​ជាថ្មី​។

តាម​រយៈ​ករណី​ជាក់​ស្តែង​មួយនេះ នាយករដ្ឋមន្ត្រីអង់គ្លេស បាន​រិះគន់ប្រព័ន្ធ​​ច្បាប់​ទម្លាប់​អង់គ្លេស ក្នុង​ការ​បន្ធូរបន្ថយ​ទោស​យ៉ាងដូច្នេះ។ លោក Boris Johnson ប្រកាសជា​ឱឡារិកថា អតីត​ជន​ល្មើស​ណា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋធ្ងន់ធ្ងរ និង​ជាពិសេស​បទល្មើស​ភេរវជកម្ម​តែម្តង និង​ដែល​បា​នត្រូវ​ដោះលែង​ឱ្យ​នៅ​ក្រៅឃុំ​រួចហើយ គឺ​នឹង​ត្រូវ​ពិនិត្យ​សើរើមើលឡើងវិញ។ ម្យ៉ាងវិញទៀត ចំពោះ​ករណី​ដាក់​ទោស​ចំពោះ​បទល្មើស​ភេរវកម្ម និង​បទល្មើសឧក្រិដ្ឋ​ហិង្សា​ធ្ងន់ធ្ងរ​ គឺ​ត្រូវតែ​មាន​ការ​កម្រិត​ទោសទណ្ឌ​ឱ្យ​ធ្ងន់​បំផុត ឬ​ក៏​ត្រូវ​ដាក់ទោស​អស់​មួយ​ជីវិត​តែម្តង​ បើ​អាច​ធ្វើទៅបាន។ បើ​តាម​នាយករដ្ឋមន្ត្រីអង់គ្លេស ការ​ធ្វើ​ដូច្នេះ គឺ​ដើម្បី​ការពារសុវត្ថិភាព​របស់​​សាធារណជន​ផ្សេងៗទៀត​។​ លោក Boris Johnson ក៏​សម្រេចថា គណ​បក្ស​អភិរក្ស​និយម​របស់​លោក នឹង​យក​រឿង​នេះ ជា​គោលនយោបាយ​មួយ ជា​កិច្ចសន្យា​មួយ​ សម្រាប់​ការ​បោះឆ្នោត​សភា​អង់គ្លេស នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ