ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/09 12h00 GMT

អង់គ្លេស៖ នាយករដ្ឋមន្ត្រីថ្មី ប្រឈម​នឹង​បញ្ហាចាស់​-ថ្មី ពីរ​ធំ​

អង់គ្លេស៖ នាយករដ្ឋមន្ត្រីថ្មី ប្រឈម​នឹង​បញ្ហាចាស់​-ថ្មី ពីរ​ធំ​
 
លោក Boris Johnson នាយករដ្ឋមន្ត្រីថ្មី ប្រឈមនឹងបញ្ហាចាស់-ថ្មី ពីរធំ REUTERS/Toby Melville

នៅអង់គ្លេស  សមាជិក​បក្ស​អភិរក្ស​និយម​អង់គ្លេស បាន​បោះឆ្នោត​ផ្ទៃ​ក្នុង​បក្ស សម្រេច​ជ្រើស​រើស​យក​លោក​​ Boris Johnson ធ្វើ​ជាបេក្ខជន​​នាយករដ្ឋមន្ត្រីថ្មីរបស់ អង់គ្លេស។ លោក​​ Boris Johnson គឺជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស តែ​លោក​សម្រេច​​សុំ​លាលែង​ពីតំណែង ពីព្រោះតែ​​មិន​ពេញ​ចិត្ត​នឹង​ដំណោះស្រាយ​ស្តីពីការ​ចាកចេញពី​អឺរ៉ុប របស់​លោកស្រី​នាយករដ្ឋមន្ត្រី Theresa May

នៅពេលនេះ លោក​​ Boris Johnson ក៏​ត្រូវ​ប្រឈម​មុខ​នឹង​ដំណាក់​ដ៏​លំបាក​លំបិន​បន្ត​ពី​លោកស្រី​ May។ ពោល​គឺ​លោក​សល់​ពេល​ខ្លី​មែនទែន​ ដើម្បី​ចរចា​លែងលះពី​សហភាព​អឺរ៉ុប ដែល​បើតាម​គ្រោង​គឺនៅ​ចុង​ខែ​តុលា ដ៏​ខ្លី​ខាងមុខ​នេះ។ ក្រៅពីនេះ សំណុំ​រឿង​ចម្រូង​ចម្រាស់រវាង​​អ៊ីរ៉ង់និងអង់គ្លេស ក៏​ជា​បញ្ហា​ដ៏​ក្តៅ​គគុក​ ដែល​លោកនាយករដ្ឋមន្ត្រីថ្មី ត្រូវ​តទល់។

តើ​គេ​ស្គាល់​អ្វីខ្លះពី​លោក​ Boris Johnson?

លោក Boris Johnson គឺជា​អ្ន​កនយោបាយ​ ដែល​រៀន​ចេញពីOxford ​សាលា​ល្បី​របស់អង់គ្លេស។ លោក​កើត​ នៅ​ញូវយក សហរដ្ឋ​អាមេរិក ក្នុង​ត្រកូល​អភិជន ជិតស្និទ​នឹង​សែ​រាជវង្ស​អង់គ្លេស និង​សែ​ស្តេច​នៅ​អឺរ៉ុប​ ។ កាល​ពី​យុវវ័យ ក្រោយ​រៀន​ចប់ផ្នែក​អក្សរសាស្ត្រ​និង​ទស្សនវិជ្ជាភ្លាម លោក​​បាន​ប្រលូក​ការងារ​​ជាអ្នក​កាសែត គឺធ្វើ​ការ​ឱ្យ​ The Times ក៏ប៉ុន្តែ​ត្រូវ​កាសែត​នេះបណ្តេញ​ចោល ពីព្រោះថា លោក​ធ្វើការ​ខុស​វិជ្ជា​ជីវៈ​អ្នកសារព័ត៌មាន​ ដោយ​ប្រឌិតសាច់​រឿង​និង​សម្រង់​សម្តី​អ្ន​ក​ផ្តល់​បទសម្ភាសន៍​ ខុស។ ក្រោយ​មក លោក​រត់ទៅ​ធ្វើការ​ នៅ​កាសែត Daily Telegraph និង The Spectator រហូត​ក្លាយ​ជា​នាយកនិពន្ធ​ទទួល​បន្ទុក​សរសេរអត្ថបទ​វិភា​គនយោបាយ។ រួ​ចហើយ​ លោកក៏​ប្រលូក​ខ្លួន​ក្នុង​ឆាក​ជិវិត​នយោ​បាយ​​របស់​អង់គ្លេស​​តែម្តង។  លោកបាន​​ជាប់​ឆ្នោត​ជាអ្នក​តំណាង​រាស្ត្រ​ និង​តមកទៀត ជា​ចៅ​ហ្វាយ​​ក្រុងឡុង មុន​នឹង​ក្លាយ​ជា​ ​រដ្ឋមន្ត្រីក្រសួង​ការ​បរទេស តែ​លោក​បាន​សុំ​លាលែង​កាលពីឆ្នាំ​មុន​។

នៅក្នុង​អាជីព​នយោបាយ​និង​រឿង​ជីវិត​ផ្ទាល់ខ្លួន​ គឺ​លោកនេះ ពោរពេញ​ដោយ​រឿង​អាស្រូវ​។ លោក​ Boris Johnson មាន​ប្រពន្ធ​និង​កូន​បួន​នាក់ទៅហើយ តែ​លោក​បាន​ប្រព្រឹត្ត​ចំណង​ស្នេហាជាមួយ​អ្នក​កាសែត​ស្រី​ម្នាក់​ ដល់​មាន​ផ្ទៃពោះ និង​ត្រូវ​យក​កូន​ចេញ​។ គេ​កត់​សម្គាល់ឃើញ​​ថា​ លោក​ជាមន្ត្រីដែលចាយ​វាយ​កញ្ចប់​ថវិកាខ្ជះខ្ជាយ​​ច្រើន ហើយនិង​ធ្លាប់ជា​​អ្នក​នយោបាយ​កុហក​បោកប្រាស់។ ជាក់ស្តែង​ ​នៅឆ្នាំ​២០១៦ ក្នុង​យុទ្ធធានាការ​​ប្រជាមតិ​ លោក​កុហក​បំភ្លៃ​ថា អង់គ្លេស​បាន​ចំណាយ​លុយ​ ជាង​៣៥០លាន​ផោន​ រៀង​រាល់​សប្តាហ៍ ទៅឱ្យ​សហភាព​អឺរ៉ុប។ ក៏ប៉ុន្តែ បើ​តាម​វិក្កយបត្រ​ ដែលបង្ហាញ​ដោយសហភាព​អឺរ៉ុប​ គឺ ​អង់គ្លេស​ ចំណាយ​តិច​ជាងនេះ​ដល់ទៅ​ជាង​២ដងកន្លះ​ គឺត្រឹមតែ​១៣៥លាន​ថោនតែប៉ុណ្ណោះ រៀង​រាល់​ខែ​ ក្នុង​ចន្លោះ​ឆ្នាំ​២០១០ និង២០១៤​។

ជាទូទៅ អ្នក​វិភាគ​ យល់ឃើញថា លោក Boris Johnson ជាបុរស​ឈ្លាសវៃ, ម៉ត់ចត់ ចេះបត់បែន និង​ជាមនុសុ្ស​​ប្រាកដ​និយម។ ក៏ប៉ុន្តេ គាត់នេះ ជាមនុស្ស​ដែល​​ប្រើគ្រប់​មធ្យោបាយ ដើម្បី​សម្រេច​បំណងដែល​ជា​មហិច្ចតា​របស់ខ្លួន​​។​

​អង់គ្លេស​សល់​ពេល​តិចតួចបំផុត​ សម្រាប់​ចរចា​លែង​លះ​ពី​សហភាព​អឺរ៉ុប​ ​

នាយករដ្ឋមន្ត្រី​ថ្មី សល់ពេល​មិន​ច្រើន​ទេ។ តាម​គ្រោង លោក​ Boris Johnson ប្រកាស​ខ្លួន​ឯងដែរថា អង់គ្លេស​ត្រូវ​ចេញ​ឱ្យ​ដាច់​ពី​សហភាព​អឺរ៉ុប នៅ​ដាច់ខែ​តុលា​ខាង​មុខ​នេះ។ បើ​ចេញ​មិនបាន​ទេ គឺជា​បរាជ័យ​មួយ​ហើយ។ ក៏ប៉ុន្តែ បើ​យើង​ពិនិត្យ​មើលពី​​ពេលវេលា​វិញ គឺវា​តិចតួចណាស់ គឺតែ​មាន​ពេល​ពីរបីខែប៉ុណ្ណោះ​។ ក្នុង​ដំណាក់​កាល​នេះ ទាំង​សមាជិក​សភាអង់គ្លេស​ខ្លួន​ឯង និង​ទាំង​សមាជិក​សភា​របស់​សហភាព​អឺរ៉ុប ក៏ត្រូវឈប់​សម្រាកវិស្សមកាល​រដូវក្តៅ​ថែមទៀត។ ដូច្នេះ គេ​រំពឹងគិត​​ថា លោក​មានពេល​តែប៉ុន្មាន​សប្តាហ៍​តែប៉ុណ្ណោះ​សម្រាប់​ជួបមុខ​​ចរចាជាមួយ​​គ្នា។ ពេល​វេលា​តែប៉ុន្មាន​ខែ​នេះ គឺ​​ខ្លី​បែបនេះ ​គេប្រមើលទៅ​ គឺថាការ​​ចរចា​ ទំនង​ជាគ្មាន​​បាន​ផលអ្វី​ធំដុំ​ទេ។ គេយល់ដូច្នេះ​ ពីព្រោះថា លោកស្រីនាយករដ្ឋមន្ត្រី Theresa May ខំប្រឹង​ណាស់ និង​ប្រើពេល​អស់ ប្រហែល​​មួយ​ឆ្នាំកន្លះឯណោះ​ តែ​ទីបំផុត​នៅតែ​សភា​អង់គ្លេស បដិសេធ​ច្រាន​ចោល​ដល់ទៅ​៣ដង​។

តើ​លោក​ Boris Johnson ចង់​ដោះស្រាយ​វិបត្តិ​ Brexit តាមរបៀបណា​?​

ការ​ពិត ជំហរ​របស់​លោក Boris Johnson គឺ​លោក​ ចង់​ឱ្យ​អង់គ្លេស​លែងលះ​ឱ្យ​ដាច់​ស្រេច​ពី​សហភាព​អឺរ៉ុប។ យុទ្ធសាស្ត្រ​របស់គាត់ បើ​តាម​គេវិភាគ​ទៅ អាច​មា​នសេណារីយ៉ូបី! ទី១ លោកអាចច្រានចោល​កិច្ច​ព្រមព្រៀង​ដែល​រៀបចំ​ដោយ​នាយករដ្ឋមន្ត្រីចាស់ ហើយ​​ត្រូវ​ចរចា​ជាថ្មី​។ ក៏ប៉ុន្តែ​​​លោកអាច​នឹងគ្មាន​ពេល​គ្រប់​គ្រាន់។ ហើយ​ចំណែក ប្រតិភូ​របស់​សហភាព​អឺរ៉ូ ក៏ទំនង​ដូចគ្នា​គ្មាន​បាន​ត្រៀមខ្លួន​សម្រាប់​ចរចា​អ្វីថ្មីដែរ។

ទី២ គឺលោក Boris Johnson អាច​កែកុន​ចំណុច​ខ្លះ ពី​កិច្ច​ព្រមព្រៀង​ដែល​រៀបចំ​ដោយ​លោកស្រី​ Theresa May ហើយ​សុំ​ឱ្យ​សភា​អង់គ្លេស ផ្តល់​ក្តី​ទុកចិត្ត។ ក៏ប៉ុន្តែ ផ្លូវនេះ គឺ​មិន​ងាយ​ទេ ព្រោះ​កន្លងមក ធ្លាប់​មាន​ចំណោទ​រឿងសិទ្ធិរបស់​ប្រជាពលរដ្ឋ​, រឿង​សន្តិសុខ, ព្រំដែន​, ពន្ធទំនិញ និង​ការទូត។

ប្រសិន​បើ​អ្វីៗ​លំបាកទៅរួចពេក នោះ​​ជម្រើ​សទី​៣ចុងក្រោយ របស់​លោក Boris Johnson គឺមាន​តែ អង់គ្លេស​ត្រូវ​ដើរចេញពី​អឺរ៉ុប ដោយ​គ្មាន​កិច្ច​ព្រមព្រៀមអ្វីទាំងអស់​​​តែម្តង។ ជម្រើស​ចុងក្រោយ​នេះ គឺ​លំបាក​ណាស់​ និង​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​សេដ្ឋកិច្ច​អង់គ្លេស និង​អនាគត​អង់គ្លេស​ទាំងមូល​! ហើយ​ការ​ប្រឈម​ចំពោះ​ការ​សម្រេច​នេះ គឺតំបន់​ ​អៀងឡង់ខាងជើង​ ដែល​ដាច់​ខាត​មិន​ផ្តាច់​ការ​ដោះដូរ​សេរីជាមួយ​សហភាព​អឺរ៉ុប​នោះទេ។

បញ្ហា​ឈឺក្បាល​ និង​ផ្លូវ​ស្មុគស្មាញនៅ​មាន​វែង​ឆ្ងាយ​ទៀត សម្រាប់​​លោក Boris Johnson។ ធ្ងន់ធ្ងរ​ជាង​នេះទៅទៀត​ គឺនៅ​មាន​វិបត្តិដ៏​ចម្រូងចម្រាស់​ជាមួយអ៊ីរ៉ង់ ដែលកំពុងតែជា​បច្ចុប្បន្នភាព​ដ៏​ក្តៅគគុក។ អ៊ីរ៉ង​និង​អង់គ្លេស កំពុងតែ​​ឈ្លោះ​គ្នា ពីព្រោះតែ​រឿង​​ចាប់​កប៉ាល​ដឹកប្រេង​គ្នាទៅវិញទៅមក​។ សំណុំ​រឿង​ក្តៅ​គគុកទាំងពីរ​​នេះ នឹង​ធ្លាក់​ជាបន្ទុក​ធ្ងន់​សម្រាប់​នាយករដ្ឋមន្ត្រី​ថ្មី៕​

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ